29.6 C
Phnom Penh

គ្រូម្នាក់​​​ត្រូវ​​​ផ្លាស់​​​ទៅ​​​កន្លែង​​​ផ្សេង​​​ បន្ទាប់​​​ពី​​​គ្រូ​​​បង្រៀន​​​ផ្សេង​​​ៗ​​​ទៀត​​​ធ្វើ​​​កូដ​​​កម្ម​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​​​ការ​​​ធ្វើ​​​កូដក​​​ម្ម​​​មួយ​​​ថ្ងៃ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​ គ្រូ​​​បង្រៀន​​​ប្រហែល​​​១៧០​​​នាក់​​​បាន​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​វិទ្យាល័យ​​​មួយ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​កាល​​​ពី​​​ម្សិលមិញ ខណៈ​​​គ្រូ​​​បង្រៀន​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​វា​​យ​​​នាយក​​​រង​​​នៅ​​​ពិធី​​​មង្គល​​​ការ​​​មួយ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ ត្រូវ​​​បាន​​​ប្តូរ​​​ទៅ​​​កាន់​​​មន្ទីរ​​​អប់​​​រំ​​​ខេត្ត​​​។

លោក ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ ជាន សន គ្រូបង្រៀន​​​ភាសា​​​អង់គ្លេស​​​នៅ​​​វិទ្យាល័យ​​​១០​​​ មករា ១៩៧៩ ដែល​​​តាម​​​ចោទ​​​ថា បាន​​​វាយ​​​​​​លោក​​​ លី ប៊ុន​​​សុផុននី នៅក្នុង​​​ពិធី​​​មង្គល​​​ការ​​​មួយ​​​កាល​​​ពី​​​ដើម​​​​​​ខែ​​​មករា​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ជា​​​បណ្តោះ​​​អាសន្ន​​​ទៅ​​​កាន់​​​មន្ទីរ​​​អប់​​​រំខេត្ត​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​សម្រេច​​​បញ្ជូន​​​ [ជាន សន]​​​​​​ ទៅ​​​កន្លែង​​​ផ្សេង​​​ ព្រោះ​​​យើង​​​មិន​​​ចង់​​​ខ្ជះខ្ជាយ​​ពេល​​​វេលា​​​រៀន​​​សូត្រ​​​របស់​​​សិស្ស​​​បន្ត​​​ទៀត​​​ឡើយ​​​ ប៉ុន្តែ នេះ​​​មិន​​​មែន​​​ជា​​​ការ​​​សម្រេច​​​ចុង​​​ក្រោយ​​​ទេ​​​”។

លោក​​​ ជួន ណារ៉ុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​ លោក អុ៊ង សិរីឌី ប្រធាន​​​​​​មន្ទីរ​​​អប់​​​រំ​​​ស៊ើប​​​អង្កេតករណី​​​វាយ​​​តប់​​​នេះ​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​នៅ​​​តែ​​​​​​ត្រូវ​​​ការ​​​ស្វែង​​​រក​​​យុត្តិធម៌​​​សម្រាប់​​​បុរស​​​ទាំង​​​ពីរ​​​​​​នេះ​​​ ហើយ​​​យើង​​​ត្រូវ​​​ការ​​​ឲ្យ​​​គ្រូ​​​​​​មក​​​បង្រៀន​​​សិស្ស​​​។ តើ​​​ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា នរណា​​​ខុស​​​ នរណា​​​ត្រូវ​​​យ៉ាង​​​ម៉េច​​​ទៅ​​​?”។

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ គ្រូ​​បង្រៀន​​​នៅ​​​វិទ្យាល័យ​​​នេះ​​​បាន​​​ធ្វើ​​​កូដកម្ម​​​មិន​​​ចូល​​​បង្រៀន​​​ដើម្បី​​​គាំទ្រ​​​លោក សុផុននី ដែល​​​តាម​​​ការ​​​រាយការណ៍​​​ថា ក៏ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​មាតា​​​បិតា​​​សិស្ស​​​​​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​នោះ​​​។

លោក ជាន សន បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា លោក​​​ជា​​​អ្នក​​​វាយ​​​នាយក​​​រង​​​មុន​​​នៅ​​​ពិធី​​​មង្គល​​​ការ​​​ដោយ​​​អះ​​​អាង​​​ថា អ្នក​​​រួម​​​ការ​​​ងារ​​​​​​រូប​​​នេះ​​​ទេ​​​ដែល​​​ជា​​​អ្នក​​​​​​វាយ​​​ខ្លួន​​​​​​​​ដោយសារ​​​ការ​​​​​​ច្រណែន​​​ បន្ទាប់​​​ពី​​​​​​ខ្លួន​​​ទទួល​​​បាន​​​ចំណាត់​​​ថ្នាក់​​​ល្អ​ជាង​​​គេ​​​​​ក្នុង​​​ការ​​​ស្ទាប់​​​ស្ទង់មតិ​​​នៅវិទ្យាល័យ​​​​​​។

លោក ជាន សន បាន​​​និយាយ​​​ថា “ហេតុផល​​​ដែល​​​នាយករង​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​ខ្ញុំ​​​ព្រោះ​​​គាត់​​​​​​មិន​​​ឈ្នះ​​​នៅ​​​ក្នុង​​​ការ​​​ស្ទាប​​​ស្ទង់​​​មតិ​​​ដែល​​​គ្រូ​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​​​​វាយ​​​តម្លៃ​​​គ្រូ​​​ផ្សេង​​​ៗ​​​ទៀត ហើយ​​​ខ្ញុំ​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​១”។

លោក គឹម ឡេង នាយក​​​វិទ្យាល័យ​​​នេះ​​​បាន​​​បញ្ជាក់​​​ថា គ្រូបង្រៀន​​​បាន​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​ថា លោក ជាន សន ត្រូវ​​​បាន​​​ផ្តល់​​​ការ​​​ងារ​​​ឲ្យ​​​នៅ​​​ក្នុង​​​ការិយាល័យ​​​កីឡា​​​នៅ​​​មន្ទីរ​​​អប់​​​រំ​​​។

លោក ព្រំ ប៊ុនលី គ្រូបង្រៀន​​​ម្នាក់​​​ទៀត​​​នៅ​​​វិទ្យាល័យ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​ផ្លាស់​​​លោក ជាន សន ឲ្យទៅ​​​កន្លែង​​​ផ្សេង។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ដែល​​​គាត់​​​ [លោក ជាន សន] ត្រូវ​​​បាន​​​ផ្លាស់​​​ចេញ​​​ពី​​​វិទ្យាល័យ​​​នេះ ព្រោះ​​​ឥឡូវ​​​នេះ​​​សាលា​​​ចាំបាច់​​​ត្រូវ​​​រក្សា​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ខ្លួន​​​”៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស