39.4 C
Phnom Penh

លោក ហ៊ុន សែន លើក​​ឡើង​ថា នឹង​មិន​ដឹកនាំ​ប្រទេស​រហូត​ដល់​អាយុ​៩០​ឆ្នាំ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​កែប្រែ​ពីអ្វី​ដែល​ខ្លួន​ធ្លាប់អួត​អាង​ថា នឹង​ធ្វើ​ជាមេដឹកនាំប្រទេស​កម្ពុជា​​ដល់​​អស់​​ជីវិត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ទំនង​ជាចូល​និវត្ត​​នៅ​ពេល​ណាមួយ​​មុន​លោក​ឈាន​ចូល​អាយុ​៩០​ឆ្នាំ។

ថ្លែង​នៅ​ក្នុង​​​សាល​សន្និសីទ​ចតុមុខ​​ក្នុង​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន អាយុ​៦២​ឆ្នាំ ​ដែល​បាន​ធ្វើ​​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ បាន​កែប្រែ​ពី​អ្វី ដែល​លោក​ធ្លាប់​លើក​ឡើង​ថា នឹង​ដឹកនាំ​ប្រទេស​៣០​ឆ្នាំ​ទៅមុខ​ទៀត​។

លោក​បានមាន​ប្រសាសន៍​ថា “ម៉ែអាណា​! ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដល់​៩០​ឆ្នាំ​នោះ វា​មិន​ដែល​!”។

បន្ទាប់​មកទៀត​លោក​បាន​​មាន​ប្រសាសន៍​ឡើង​វិញ​ពី​អ្វី​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​​កាលពី​ឆ្នាំ​២០០៧ នៅ​ពេល​លោក​បាន​​ប្ដេជ្ញា​ថា​​នឹង​កាន់​អំណាច​រហូត​ដល់​អាយុ​៩០​ឆ្នាំ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អត្ថ​បទ​កាសែត​មួយ​ ដែល​អំពាវ​នាវ​ឲ្យ​លោក​ចូល​និវត្ត​​។

លោក​ ហ៊ុន សែន បាន​​រៀបរាប់​ឡើង​វិញ​ថា “កាល​ហ្នឹង​ខ្ញុំ​​​វា​​មួម៉ៅ​​។ ខ្ញុំ​​​និយាយ​ថា ខ្ញុំ​នៅ​ក្មេង​​ ស្រាប់​តែ​មាន​ម្នាក់​នោះ​​គេ​​​​ថា ​​​​លោក ហ៊ុន សែន មិនគួរ​​យក​អាយុ​​មក​ធ្វើ​ជា​លក្ខខណ្ឌ​​នៃ​ការ​ចូល​និវត្ត​ទេ​​”។ លោក​បាន​រៀបរាប់​បន្ត​ថា “កាល​ហ្នឹង​ ខ្ញុំ​បាន​ប្រកាស់​ថា ខ្ញុំ​​ធ្វើ​​នាយក​រដ្ឋ​មន្ត្រី​​ដល់​ខ្ញុំ​អាយុ​៩០​ឆ្នាំ​ឯណោះ​ ព្រោះ​​រឿង​​អី​​ដែល​លោក​ឯង​​មកបង្គាប់​​បញ្ជា​ខ្ញុំ​? ព្រោះ​បញ្ហា​​វា​ស្ថិត​ត្រង់​ថា​ប្រជាពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​តើ​​”។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ថា នឹង​កាន់​អំណាច​រហូត​ដល់​អាយុ​៧៤​ឆ្នាំ អំឡុង​​​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣ ពោល​គឺ​ពីរ​ខែ​មុន​ពេល​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​អាសនៈ​យ៉ាង​ច្រើន​ក្នុង​កា​របោះ​ឆ្នោត​ជាតិ​៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស