29.6 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​អតីត​​​ព្រះសង្ឃ​​​ដែល​​​ជាប់​​​ពន្ធនាគារ​​ពី​​​បទ​​​ចូល​​​រួម​​​ ក្នុង​​​​​​សមាគម​​​ជន​​​ទុច្ចរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​ម្នាក់​​​បាន​​​លើកឡើង​​​ថា ព្រះសង្ឃ​​​ដែល​​​ត្រូវ​​​បាន​​​ផ្សឹក​​​មួយ​​​អង្គ​​​ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដាក់​​​ពន្ធនាគារ​​​មួយ​​​ឆ្នាំ​​​​​​ពី​​​បទ​​​រារាំង​​​ក្រុម​​​​​​មន្ត្រី​​​​អំឡុង​​​ការ​​​ចាប់​​​ខ្លួន​​​​​​សកម្ម​​​ជន​​​​​​ និង​​​ឥស្សរជន​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​រាជ​​​ធានី ភ្នំពេញ​​​កាលពី​​​ឆ្នាំ​​​មុន​​​នោះ កាលពី​​​ម្សិល​​​មិញ​​​​​​ត្រូវ​​​បាន​​​ធ្វើការ​​​សាកសួរ​​​ជុំវិញ​​​​​​​​​ការ​​​ចោទប្រកាន់​​​បន្ថែម​​​ពី​​​បទ “​​​ចូលរួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត”។

លោក សឹង​​​ ហៃ អាយុ ២៨ឆ្នាំ​​​ ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស ចាប់​​​តាំងពី​​​ត្រូវ​​បាន​​​ផ្តន្ទា​​​ទោស​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២ ខែ​​​​​​វិច្ឆិកា ​​​មួយ​​​ថ្ងៃ​​​បន្ទាប់ពី​​​​​​គាត់​​​បាន​​​ចូល​​​រួម​​​​​តវ៉ា​​​នៅមុខ​​​​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​សកម្មជន​​​​​​ប្រឆាំង​​​ការ​​​បណ្តេញចេញពីដី៧នាក់​​​​​​ពី​​​តំបន់​​​បឹង​​​កក់។

ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ទៀត​​​ត្រូវ​​​បាន​​ចោទប្រកាន់​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​​​​ពី​​​បទ​​​ “ចូល​​​រួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត” ដោយ​​​បាន​​​ដឹក​​​​​​បាវ​​​ទង់​​​ជាតិ​​​ទៅ​​​កន្លែង​​​តវ៉ា​​​ ហើយ​​​លោក សឹង ហៃ ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​តុលាការ​​​កាលពី​​​ម្សិល​​​មិញ​​​ដើម្បី​​​ធ្វើការ​​​សាកសួរ​​​​​​ជុំវិញ​​​ការ​​​ចោទប្រកាន់​​​ថា គាត់​​ជាអ្នក​​​​​​ផ្តល់​​​ដង​​​ទង់​​​ជាតិ​​​ទាំង​​​នោះ។

មុន​​​ពេល​​​នគរបាល​​​រុញ​​​ចេញ​​​ផុត​​​ពី​​​ក្រសែភ្នែក លោក សឹង​​​ ហៃ ​​​បាន​​​ស្រែក​​​សំដៅ​​​អ្នក​​​យក​​​ព័ត៌មាន​​​ខណៈ​​​ពេល​​​ចេញពី​​​បន្ទប់​​​តុលាការ​​​ថា “ខ្ញុំ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​មក​​​សាកសួរ​​​​​​ទាក់ទង​​​​​​ការ​​​ចូលរួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត”។

លោក អំ សំអាត អ្នកគ្រប់គ្រង​​​ជាន់ខ្ពស់​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គ​​​កា​​​រ​​​លីកា​​​ដូ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សឹង ហៃ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ចូល​​​រួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត​​​កាលពី​​​ខែ​​​វិច្ឆិកា បន្តិច​​​​​​បន្ទាប់ពី​​​​​​ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ទៀត​​​​​​បាន​​​ប្រាប់​​​ថា គាត់​​​ជា​​​អ្នក​​​ផ្តល់​​​ដង​​​ទង់​​​ជាតិ ប៉ុន្តែ​​​ថា ​​​ការ​​​ចោទប្រកាន់​​​លើ​​​គាត់​​​​​​ត្រូវ​​​បាន​​បញ្ជាក់​​​ជា​​​សាធារណៈ​​​កាលពី​​​ម្សិលមិញ។

ក្រៅពី​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​​​​មន្ត្រី​​​សាធារណៈ លោក សឹង ហៃ ​​​ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​កាលពី​​​ឆ្នាំមុន​​​ថា បាន​​​​​​គ្រង​​​ស្បង់​​​ចីវរ​​​​​​និង​​​ប្រើ​​​​​​ឆាយា​​​ខុស​​​ច្បាប់​​​ផង​​​ដែរ។ លោក សំអាត​​​ បាន
មាន​​​ប្រសាសន៍​​​ថា អង្គការ​​​លីកា​​​ដូ​​​​​​បាន​​​តំណាង​​​លោក សឹង​​​ ហៃ ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​ពីរ​​​នេះ ហើយ​​​ទំនងជា​​​ផ្តល់​​​មេធាវី​​​​​​ដល់​​​គាត់​​​សម្រាប់​​​បទចោទ​​​ប្រកាន់​​​នេះ។

លោក​​​ សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”​​​ពេល​​​នេះ ការ​​​ចោទ​​​ប្រកាន់​​​ទី​​​៣ គឺ​​​ការ​​​ចូល​​​រួម​​​ក្នុង​​​សមាគម​​​ជន​​​ទុច្ចរិត​​។ យើង​​​នឹង​​​ជួប​​​គាត់​​​​​​ដើម្បី​​​ពិចារណា​​​ផ្តល់​​​​​​មេធាវី​​​​​​ដល់​​​គាត់​​​​​​ ពីព្រោះ​​​នេះ​​​គឺ​​​ជា​​​បទល្មើស​​​ថ្មី​​​​​​ និង​​​ជា​​​ការ​​​ចោទប្រកាន់​​​បន្ថែម”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​យើង​​​ប្រហែល​​​ជា​​​ស្នើ​​​ឲ្យ​​​មេធាវី​​​ដែល​​​ការ​​​ពារ​​​គាត់​​​ក្នុង​​​ករណី​​​ពីរ​​​មុន​​​​​​ការ​​​ពារ​​​គាត់​​​ក្នុង​​​ករណី​​​ទី​​​៣នេះ​​​ដែរ”។

លោក សឹង​​​ ហៃ ​​​ដែល​​​ជា​​ខ្មែរ​​​ក្រោម​​​ កាលពី​​​ដើម​​​​​​ឆ្នាំមុន ​​​បាន​​​ដុត​​​​​​ទង់​​​ជាតិ​​​វៀត​​​ណាម​​​​​​​​​អំឡុង​​​ការ​​​តវ៉ា​​​​​​នៅ​​​ខាងក្រៅ​​​​​​ស្ថានទូត​​​របស់​​​ប្រទេស​​​នេះ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ហើយ​​​បាន​​​ចាត់​​​ទុក​​​​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា​​​ថា ជា​​​ “អាយ៉ង” ​​​របស់​​​វៀតណាម៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស