លោក ញ៉ែម អេន អតីតជាងថតរូបនៅពន្ធនាគារស-២១ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហាមមិនឲ្យលក់សៀវភៅថ្មីរបស់លោកនៅខាងក្នុងបរិវេណអតីតមន្ទីរសន្តិសុខដ៏ល្បីឈ្មោះក្នុងសម័យខ្មែរក្រហមមួយនេះឡើយ នេះបើយោងតាមលិខិតមួយច្បាប់ទទួលបានពីក្រសួងនេះកាលពីម្សិលមិញ។
នៅក្នុងលិខិតចុះថ្ងៃទី៣ ខែមីនា ផ្ញើជូនលោក ញ៉ែម អេន ដែលរូបថតជនរងគ្រោះប្រមាណ១២.០០០នាក់ដែលលោកបានថតនៅអតីតមន្ទីរស-២១ ត្រូវបានព្យួរជាជួរតាមជញ្ជាំងអតីតមន្ទីរសន្តិសុខដែលសព្វថ្ងៃក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនេះ ក្រសួងបានលើកឡើងថា ការអះអាងគួរឲ្យសង្ស័យរបស់ជាងថតរូបម្នាក់នេះថា ខ្លួនជាជនរងគ្រោះក្នុងរបបនេះ និងការដែលអាចប្រើប្រាស់រូបថតលួចពីគេយកមកបោះពុម្ពផ្សាយក្នុងសៀវភៅដែលមានចំណងជើងថា “កំណត់ប្រវត្តិផ្ទាល់ខ្លួនរបស់ ញ៉ែម អេន នៅមន្ទីរស-២១” (Nhem En’s Personal Memoir At S-21 ) គឺជាមូលហេតុនៃការហាមប្រាមនេះ។

លិខិតនោះមានខ្លឹមសារដូច្នេះថា ” ក្រសួងមិនអនុញ្ញាតឲ្យអ្នកដែលមិនមែនជាជនរងគ្រោះពិតប្រាកដលក់ស្នាដៃរបស់ខ្លួននៅក្នុងពន្ធនាគារទួលស្លែងឡើយ”។ លិខិតនេះក៏បានលើកឡើងដែរថា គេមិនដឹងច្បាប់ថា តើលោក ញ៉ែម អេន ពិតជាបានថតរូបទាំងអស់ដែលលោកប្រើប្រាស់នៅក្នុងសៀវភៅនេះដោយផ្ទាល់ ឬយ៉ាងណាឡើយ។
កាលពីម្សិលមិញ លោក ញ៉ែម អេន បាននិយាយនៅក្នុងតូបលក់សៀវភៅមួយទល់មុខសារមន្ទីរទួលស្លែងថា លោកបានសុំការអនុញ្ញាតលក់សៀវភៅរបស់លោកនៅក្នុងបរិវេណពន្ធនាគារនេះ ដើម្បីឲ្យលោកមានឱកាសអាចជួប និងនិយាយជាមួយភ្ញៀវទេសចរនៅទីនោះបាន។
លោកបានមានប្រសាសន៍ថា ប្រសិនបើលោកមិនត្រូវបានអនុញ្ញាតឲ្យលក់សៀវភៅកំណត់ប្រវត្តិរបស់លោកនៅទីនោះទេ ក៏គួរតែហាមអតីតអ្នកទោស ជុំ មុី និង ប៊ូ ម៉េង មិនឲ្យលក់ដូចគ្នា។
លោកបានលើកឡើងថា ” នេះគឺជាការរើសអើង។ បើគេមិនអនុញ្ញាតឲ្យខ្ញុំលក់នៅខាងក្នុងទេ អ៊ីចឹងសូមហាមអ្នកគ្រប់គ្នាដែលកំពុងលក់ដូរក្នុងបរិវេណស-២១ សូម្បីអ្នកលក់ភេសជ្ជៈក៏ដោយ។ ខ្ញុំចង់សួរថា តើជនរងគ្រោះមានតែ ជុំ មុី និង ប៊ូ ម៉េង ទេឬ? មានជនរងគ្រោះជាច្រើននៅទូទាំងប្រទេស”។
លោក ញ៉ែម អេន ដែលមានវ័យជំទង់ពេលលោកប្រចាំការនៅពន្ធនាគារនេះក្នុងឆ្នាំ១៩៧៦ បដិសេធថា លោកមិនបានលួចរូបថតដែលមិនមែនជាស្នាដៃរបស់លោកឡើយ ហើយបានសម្ដែងការខកចិត្តចំពោះបម្រាមលើការលក់សៀវភៅរបស់លោក។
លោកបានថ្លែងថា ” ខ្ញុំជាអតីតអ្នកនៅទួលស្លែង ដូច្នេះបើខ្ញុំមិនអាចជួបជាមួយភ្ញៀវទេសចរបានទេនោះ មានតែខ្ញុំជួបខ្មោច? ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ។ ខ្ញុំមិនដែលចុះផ្សាយរូបថតណាដែលខ្ញុំមិនបានថតទេ”។ លោកបានបន្តថា លោកថតរូបបានប្រហែល២លានប៉ុស្តិ៍ នៅក្នុងអាជីពរបស់លោក។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មន្ត្រីបានសម្រេចចិត្តហាមប្រាមការលក់សៀវភៅរបស់លោក ញ៉ែម អេន ដោយសារតែមិនទាន់មានការលាតត្រដាងថា លោកជាជនរងគ្រោះម្នាក់ដែរក្នុងរបបខ្មែរក្រហម។
លោកបានមានប្រសាសន៍ថា ” យើងមិនទាន់ទុកគាត់ជាជនរងគ្រោះនៅឡើយទេ ហើយក៏មិនទាន់មានការបង្ហាញថា គាត់ជាជនរងគ្រោះដែរ។ គាត់គឺជាមន្ត្រីដែលធ្វើការឲ្យរបបនេះ”។
លោក ជុំ មីុ ដែលលក់សៀវភៅមានចំណងជើងថា “អ្នករស់រាន” (Survivor) របស់លោកពីខាងក្នុងសារមន្ទីរទួលស្លែង បានមានប្រសាសន៍ថា លោកគាំទ្រសេចក្ដីសម្រេចរបស់ក្រសួង។ដោយហៅឈ្មោះក្រៅរបស់ កាំង ហ្កេកអ៊ាវ ដែលជាអ្នកត្រួតត្រាពន្ធនាគារនេះ និងដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងឆ្នាំ២០១០ លោក ជុំ មីុ បានមានប្រសាសន៍ថា ” [លោក អេន] គឺជាមនុស្សក្លែងក្លាយ គាត់គឺជាកម្មាភិបាល។ គាត់មិនមែនជាជនរងគ្រោះទេ គាត់គឺជាកូនចៅរបស់ ឌុច។ ខ្ញុំមិនដែលឃើញគាត់រងការធ្វើទារុណកម្មទេនៅទួលស្លែង”៕ សុខុម