38.8 C
Phnom Penh

ថៃ​​​ពន្យារ​​​ឱសានវាទ​​​សម្រាប់​​​ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍​​​ដែល​​​ប្រើ​​​ប្រាស់​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបា​​​ល​​​មួយ​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍​​​​​​​​​ជាង​​​៦០០.០០០​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ​​​ដែល​​​ប្រឈម​​​នឹង​​​ការនិរទេស​​​​​​ចេញ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​ នៅ​​​ពេល​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​របស់​​​ពួក​​​គេ​​​ផុត​​​សុពល​​​ភាព​​​នោះ​​​ពេល​​​នេះ​​​​​​មាន​​​ពេល​​​រហូត​​​ដល់​​​ដំណាច់​​​ខែ​​​មិថុនា ដើម្បី​​​ដាក់​​​ពាក្យ​​​ស្នើ​​​សុំ​​​បន្ត​​​សុពល​​​ភាព​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។

កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​ ពោល​​​គឺ​​​មួយ​​​ខែ​​​ក្រោយ​​​ពី​​​កង​​​ទ័ព​​​របស់​​​ថៃ​​​បាន​​​ទម្លាក់​​​រដ្ឋាភិបាល​​​ដែល​​​ជាប់​​​ឆ្នោត​​​តាម​​​បែប​​​លទ្ធិប្រជាធិបតេយ្យ​​​របស់​​​ប្រទេស​​​េនះ​​​ ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ប្រមាណ​​​២២៥.០០០​​​នាក់​​​ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​ដោយ​​​​​​ខ្លាច​​​ថា រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ដែល​​​ឡើង​​​កាន់​​អំណាច​​​ថ្មី​​​មាន​​​បំណង​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ខុស​​​ច្បាប់​​​។

ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ថ្កោល​​​ទោស​​​របស់​​​អន្តរជាតិ ពេល​​​នោះ​​​ប្រទេស​​​ថៃ​​​ និង​​​កម្ពុជា បាន​​​បង្កើត​​​មជ្ឈមណ្ឌល​​​ផ្តល់​​​សេវាតាម​​​បណ្តោយ​​​ព្រំដែន​​​ដើម្បី​​​ចេញ​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​ឲ្យ​​​ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍។

ពល​​​ករ​​​ទេ​​​សន្តរ​​​ប្រវេសន៍កម្ពុជា​​​ប្រមាណ​​​១លាន​​​នាក់​​​បាន​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ដោយ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​ ទទួល​​​បាន​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​ទាំង​​​នោះ​​​នឹង​​​ត្រូ​​​វផុត​​​សុពល​​​ភាព​​​នៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​មីនា។

លោកស្រី អូមសីុន ប៊ុន​​​ឡឺត (Omsin Boonlert) មន្ត្រី​​​ផ្នែក​​​តស៊ូ​​​​​​មតិ​​​នៅ​​​​​​បណ្តាញ​​​ទេសន្តរប្រវេសន៍​​​មេគង្គ (Mekong Migration Network) ដែល​​​ឃ្លាំ​​​មើល​​​ទេសន្តរប្រវេសន៍​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​តំបន់​​​ទេ​​​សន្តរ​​​ប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុ​​​ម៉េល​​​មួយ​​​ថា អង្គការ​​​របស់​​​លោក​​​ស្រី​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​កម្ពុជា​​​ជាង​​​៦០០.០០០នាក់​​​​​​ប្រើ​​​ប្រាស់​​​លិខិត​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​ដែល​​​នឹង​​​ត្រូវ​​​ផុត​​​សុពល​​​ភាព​​​នៅ​​​ខែ​​​នេះ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​មួ​​​យ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​វីនរ៉ក់ អីុនធើណេសិនណល (Winrock International) ជា​​​អង្គកា​​​រមិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​ដែល​​​លើក​​​កម្ពស់​​​ទេសន្តរប្រវេសន៍​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​ បាន​​​លើក​​​ឡើង​​​ថា កាល​​​ពីថ្ងៃ​​​ទី​​​៣​​​ ខែ​​​មីនា គណៈ​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​បាន​​​អនុម័ត​​​ផែន​​​ការ​​​ថ្មី​​​មួយ​​​ដែល​​​នឹង​​​អនុញ្ញាត​​​ឲ្យអ្នក​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​បណ្តោះអាសន្ន​​​ដាក់​​​ពាក្យ​​​​​​ស្នើ​​​សុំ​​​ពន្យារ​​​សុពល​​​ភាព​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។

លោក​​​ស្រី សារ៉ា ភាហ្សាណូ (Sara Piazzano) ប្រធាន​​​ភាគី​​​នៅ​​​អង្គការ​​​វីន​​​រ៉ក់ អីុនធើណេសិនណល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​ពន្យារ​​​សុពល​​​ភាព​​​នេះ ពល​​​ករ​​​ចាំ​​​បាច់​​​ត្រូវ​​​ទទួល​​​បានការ​​​​​​ឧបត្ថម្ភ​​​គាំទ្រ​​​ពី​​​និយោជក​​​ ហើយ​​​ចុះ​​​ឈ្មោះ​​​ជា​​​មួ​​យ​​​អាជ្ញាធរ​​​ត្រឹម​​​ដំណាច់​​​ខែ​​​មិថុនា។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ច្បាស់​​​ណាស់​​​ថា ពួក​​​គេ​​​កំពុង​​​និយាយ​​​ថា ‘បើ​​​គ្មាន​​​ការ​​​ចុះ​​​ឈ្មោះ​​​ យើង​​​នឹង​​​និរទេស​​​ចេញ’។ ប៉ុន្តែ វា​​​ក៏​​​បង្ហាញ​​​ច្បាស់​​​ដែរ​​​ថា ពួកគេ​​​កំពុង​​​ព្យាយាម​​​ចុះឈ្មោះ​​​ឲ្យ​​​បាន​​​ច្រើន​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

​​​លោកស្រី​​​លើក​​​ឡើង​​​ថា ពល​​​ករ​​​មាន​​​ពេល​​​រហូតដល់​​​ទៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​មីនា ឆ្នាំ​​​២០១៦​​​ ដើម្បី​​​ឆ្លង​​​កាត់​​​​​​ដំណើរ​​​ការ​​​ត្រួត​​​ពិនិត្យ​​​សញ្ជាតិ​​​ដែល​​​បញ្ជាក់​​​​​​ថា ពួកគេ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​​​​។ ប្រសិន​​​បើ​​​ដំណើរការ​​​​​​ពិនិត្យ​​​បញ្ចប់​​​មុន​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​មីនា​​​ឆ្នាំក្រោយ​​​ ពល​​​ករ​​​អាច​​​ដាក់​​​ពាក្យ​​​ស្នើ​​​សុ​​​ំ​​​លិខិត​​​អនុញ្ញាត​​​ការងារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​មួយ​​​ទៀត​​​បាន​​​៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស