32.5 C
Phnom Penh

ច្បាប់​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​​ត្រូវ​បាន​អនុម័ត​ដោយ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួនពីរ​ជា​ឯកច្ឆ័ន​្ទ ដោយ​បើក​ផ្លូវ​ឲ្យ​​មាន​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប.) ដែល​មាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នា​​ពាក់​កណ្ដាល​ខែមេសា។AAA21B2592

បន្ទាប់ពី​​កិច្ចពិភាក្សា​រយៈពេល​៧ខែ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​​ដើម្បី​បង្កើត​​ គ.ជ.ប.ថ្មី និង​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ចាស់​ សមាជិក​សភា​ចំនួន​១០៣​រូប​ក្នុង​ចំណោម​សមាជិក​សភា​ចំនួន​១២៣​រូប​ បាន​ចូល​រួម​សម័យ​ប្រជុំ​សភា​ពិសេស​មួយ​កាលពី​ម្សិលមិញ ដើម្បី​បោះ​ឆ្នោត​អនុម័ត​ច្បាប់​ទាំងពីរ​នេះ​។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​ងើប​ឡើង​ ហើយ​ស្នើ​ឲ្យ​សមាជិក​សភា​កុំ​ពិភាក្សា​ដេញ​ដោល​គ្នា​អំពី​ច្បាប់​​ថ្មីទាំងពីរ​នេះ ដែល​លោក​​បាន​សម្រេច​ជា​ចុង​ក្រោយជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​កិច្ច​ពិភាក្សា​ដាច់​ដោយ​ឡែក​កាលពី​ឆ្នាំ​មុន និង​ខែ​មុន​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ជឿជាក់​ថា រដ្ឋសភា​ និង​ប្រជាជនទាំងមូលនឹង​ទទួល​ស្គាល់​​​យ៉ាងច្បាស់នូវសមិទ្ធផល​នៃ​ក្រុម​ការ​ងារ​មកពី​គណបក្ស​ទាំងពីរ​ ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ដោយជោគជ័យ​​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ខ្លឹមសារ​នៃ​ច្បាប់ទាំងពីរ​នេះ​ត្រូវ​បាន​ពិភាក្សា​​​ហ្មត់ចត់​និងពេញលេញដូច្នេះ នៅ​ថ្ងៃ​នេះ​​រដ្ឋសភា​មិន​ចាំបាច់​លើក​ឡើង​​ពី​ចំណុច​នេះ​ឬ​ចំណុច​នោះ​សម្រាប់​ការ​ពិភាក្សា​ទៀត​ទេ ព្រោះ​ថា ក្រុម​ការ​ងារ​​បាន​​ធ្វើ​ការ​យ៉ាង​ស៊ីជម្រៅ​។ អ៊ីចឹង ​ថ្ងៃនេះគឺ​​គ្រាន់​តែ​ជា​ថ្ងៃ​​អបអរ​ លើ​លទ្ធផល​ [នៃ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំ​មុន​] លេច​ចេញជា​រូប​រាងគឺសេចក្កី​ស្នើ​ច្បាប់ទាំងពីរ​នេះ​”។

បន្ទាប់​មក​ លោក ប៉ែន បញ្ញា សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​ប្រធាន​គណៈ​កម្មការនីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ បាន​អាន​ច្បាប់​​ថ្មី​ស្ដីពី គ.ជ.ប.​ ​មុនពេល​សមាជិក​សភា​ចំនួន​១០៣​រូប​មកពី​គណបក្សទាំងពីរ​បោះ​ឆ្នោត​អនុម័ត​។

លោកស្រី​ គ្រួច សំអាន ដែល​ជា​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​ដែរ​នោះ​​បានជួយ​លោក ប៉ែន បញ្ញា ក្នុង​ការ​អាន​ច្បាប់​ថ្មី​​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​​ មុនពេល​​ច្បាប់​នេះ​​ត្រូវ​បាន​បោះ​ឆ្នោត​អនុម័ត​ដោយ​សមាជិក​សភា​ទាំង​អស់​ចំនួន​១០១​រូប​ ដែល​មាន​វត្តមាន​​ក្នុង​សម័យ​ប្រជុំ​សភា​​នៅពេល​រសៀល​​។​

អង្គការ​សង្គម​ស៊ីវិល​ស្ទើ​រទាំងអស់​បាន​រិះគន់​ច្បាប់​ថ្មីទាំងពីរ​នេះ ចំពោះ​​ការ​បញ្ចូល​បទប្បញ្ញត្តិ​ដែល​ហាម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​ឲ្យ “ប្រមាថ” ឬ​បង្ហាញ​ភាព​លម្អៀង​ចំពោះគណបក្ស​ណាមួយ​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បាន​ការ​ពារ​ច្បាប់​ទាំង​ពីរ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​។

ក្នុង​ចំណោម​បទប្បញ្ញត្តិ​ផ្សេងៗ​ទៀត អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​អាច​ត្រូវ​បាន​ពិន័យ​ពីបទ​ “រំខាន​” មន្ត្រី​ដែល​បំពេញ​​ការ​ងារ​​នៅ​ថ្ងៃ​បោះ​ឆ្នោត គណបក្ស​អាច​ត្រូវ​បាន​ដក​សិទ្ធិ​ចេញពី​ការ​បោះ​ឆ្នោត​ប្រសិន​បើ​សមាជិក​ជាន់​ខ្ពស់​របស់​ខ្លួន​រំលោភ​ច្បាប់​បោះ​ឆ្នោត​ ហើយ​ជន​បរទេស​អាច​ត្រូវ​បាន​និរទេស​ប្រសិន​បើ​រក​ឃើញ​ថា ​ធ្វើ​យុទ្ធនាការ​ឃោស​នា​ឲ្យ​គណបក្ស​ណាមួយ​នោះ។

សូម្បីតែ​លោក​ វីលៀម ថដ (William Todd) ឯកអគ្គរដ្ឋទូត​អាមេរិក​ក៏​​រិះគន់​ច្បាប់​ទាំង​នេះ​ដែរ ដោយ​សរសេរ​​​នៅ​ក្នុង​​​ព្រឹត្តិបត្រ​ប្រចាំ​​​សប្ដាហ៍​របស់​លោក​ក្នុង​សប្ដាហ៍​នេះ​ថា ​លោក​សង្ឃឹម​ថា រដ្ឋសភា​នឹង​ពិចារណា​ច្បាប់​ទាំង​នេះ​ឡើង​វិញ​មុនពេល​អនុម័ត​។

លោក​ វីលៀម ថដ បាន​សរសេរ​ដូច្នេះ​ថា ” មជ្ឈដ្ឋាន​ជា​ច្រើន​បាន​លើក​ឡើង​ថា ខ្លួន​ខ្លាច​ក្រែង​ការ​​ផ្លាស់​ប្ដូរ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​មិន​សូវ​មាន​ប្រជាធិបតេយ្យ និង​មិន​សូវ​មាន​​ការ​​ឆ្លើយ​តប​​ឲ្យ​បាន​ឆាប់​រហ័ស​។ ខ្ញុំ​សូម​​សារភាព​​​ថា ខ្ញុំ​ក៏ព្រួយ​បារម្ភ​ដែរ​ ហើយ​ខ្ញុំ​មិន​យល់​​​ថា ​​ការ​កំណត់​បែប​នេះ​​​ជា​ការ​ប្រសើរ​​ឡើង​ទេ​”។

លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​យកព័ត៌មាន​​នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​ថា គណបក្ស​សង្គ្រោះជាតិ​​នឹង​បើក​ចំហរ​សម្រាប់​ការ​លុប​ចោល​បទប្បញ្ញត្តិ​ខ្លះ​ក្នុង​ចំណោម​បទប្បញ្ញត្តិ​ទាំង​នោះ​ពី​ច្បាប់​​ថ្មី​នេះ​នៅ​ថ្ងៃ​អនាគត​ ដោយ​​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា ​ច្បាប់​ថ្មី​ទាំង​នេះ​​មាន​បញ្ហា​​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​វា​ជា​កិច្ច​ព្រមព្រៀង​​ ហេតុ​ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​សម្បទាន​ខ្លះៗ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ តាម​គោលជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ចង់​ឲ្យ​ច្បាប់​បោះឆ្នោត​ថ្មី​បានល្អ​ ១០០​ភាគរយ ដូច​សង្គម​ស៊ីវិល​​ចង់បាន​អ៊ីចឹង”។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” យើងមិនពេញ​ចិត្ត​១០០ភាគ​រយ​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ការ​ដំណោះ​ស្រាយ​មួយ ហើយ​ថា វា​តម្រូវ​ឲ្យ​មាន​​ការ​ធ្វើ​សម្បទាន​​ឲ្យ​គ្នាទៅវិញទៅ​មក ហេតុ​ដូច្នេះ​ទើប​វា​ជា​ដំណោះស្រាយ​ដែល​មាន​តុល្យភាព​​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​​ដោយ​បដិសេធ​មិន​ផ្ដល់​​កាលបរិច្ឆេទ​សម្រាប់​ការ​ចរចា​អំពី​ការ​​កែប្រែ​នាពេល​អនាគត​​ថា “តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ យើង​រង់ចាំ​ឱកាស​ណាមួយ ដែល​យើង​អាច​​កែលម្អ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត អ្វី​ដែល​សង្គម​ស៊ីវិល​មិន​ពេញចិត្ត យើង​នឹង​ខិតខំ​រក​ដំណោះស្រាយ​ពេល​ណា​មាន​ឱកាស អាស្រ័យ​លើ​កាលៈទេសៈ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​កង្វល់​របស់​សង្គម​ស៊ីវិល​ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​មួយចំនួន គឺ​កង្វល់​ហ្នឹង​វា​សាបសូន្យ​ទៅ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យមាន​សិទ្ធិ​សម្ដែង​មតិ​១០០​ភាគរយ ដោយ​គ្មាន​កម្រិត”។

តែ​ទោះជាយ៉ាង​ណា​ការ​ធ្វើ​​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​បាន​ការ​ពារ​យ៉ាង​មុត​មាំ​ចំពោះ​ការ​បញ្ចូល​បទប្បញ្ញត្តិ​ដ៏ចម្រូង​ចម្រាស​នៅ​ក្នុង​​ច្បាប់​បោះ​ឆ្នោត​ថ្មី​នោះ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស