28.5 C
Phnom Penh

លោក ហ៊ុន សែន សរសើរ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ជា​របាំង​រារាំង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា សមាជិក​សភា​ត្រូវតែ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​មូលនិធិ​ពី​ក្រុម​ភេរវជន ដូចជា​ក្រុម​អាល​កៃដា ជាដើម កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រទេស​នេះ។

បន្ទាប់ពី​ស្ងាត់​ស្ងៀម​ជា​ច្រើន​ឆ្នាំ​ស្តីពី​ច្បាប់​នេះ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​រិះគន់​របស់​ខ្លួន​នោះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី ដែល​ជា​ដំណាក់​កាល​ចុងក្រោយ​មុន​ពេល​ទៅដល់​សភា​ជាតិ ឲ្យ​បាន​ឆាប់​នៅ​ដើម​ខែ​ក្រោយ​នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​បាន​ទៅ​ដើម្បី​ចែក​អំណោយ​ឲ្យ​ក្មេងៗ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ត្រូវតែ​ច្បាស់​ថា ប្រាក់​ចូល​ប្រទេស​កម្ពុជា​របៀបណា ​ហើយ​ប្រាក់​នោះ​បាន​មក​ពី​ណា”។

ដោយ​ប្រើ​ពាក្យ​កាត់​សម្គាល់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម លោក​បាន​មាន​ប្រសាសន៍​ថា “ប្រាក់​អាច​បាន​មក​ពី​ក្រុម​អាល់កៃដា ឬ អាយស៊ីស (ISIS) ដែល​អាច​ឲ្យ​យើង​ស្លាប់ និង​មិន​អាច​គ្រប់គ្រង​បាន។ យើង​បាន​រំលាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវ​សង្ស័យ​ថា មាន​ការ​ផ្តល់​ប្រាក់​ពី​ក្រុម​ភេរវជន និង​មាន​អ្នក​មួយ​ចំនួន​ផ្សេង​ទៀត​លាង​លុយ​កខ្វក់”។

លោក​នាយក​រដ្ឋមន្ត្រី មិន​បាន​និយាយ​ឈ្មោះ​អង្គការ ឬ​ឲ្យ​ដឹង​លម្អិត​អំពី​ប្រភព​សង្ស័យ​នៃ​ប្រាក់​កខ្វក់​នោះ​ទេ។

លោក​បាន​បន្ត​ទៀត​ថា “ប្រសិនបើ​នរណា​ម្នាក់​ចំណាយ​ប្រាក់​ដើម្បី​បង្កើត​កម្លាំង​យោធា តើ​យើង​អាច​ថែ​រក្សា​សន្តិសុខ​ជាតិ​យ៉ាង​ម៉េច​កើត? យើង​មិន​មែន​កំពុង​ធ្វើ​ច្បាប់​រារាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ យើង​គ្រាន់តែ​ចង់​ឲ្យ​លោក​ឯង​មាន​តម្លា​ភាព”។

បន្ទាប់ពី​មាន​ការ​រិះគន់​ខ្លាំង​ខុស​ពី​ធម្មតា​ពី​សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​ទាំង​អង្គការ​សហ​ប្រជាជាតិ និង​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ លោក ហ៊ុន សែន កាលពី​ចុង​ឆ្នាំ២០១១​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ប្រញាប់​ប្រញាល់​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​ទេ ហើយ​នឹង​ទុក​បញ្ហា​នេះ​ទៅ​ឆ្នាំ​២០១៤។

ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សមាគម​ចុះ​បញ្ជីការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ឋានៈ​ស្រប​ច្បាប់ រៀបចំ​លក្ខខណ្ឌ​អប្បបរមា​សម្រាប់​អ្នក​ដែល​អាច​បង្កើត​ក្រុម​បែប​នេះ នឹង​ឲ្យ​ពូកគេ​រៀបចំ​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​សកម្មភាព​និង​ហិរញ្ញ​វត្ថុ​របស់​ខ្លូន។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ថា ការ​ប្រើ​ពាក្យ​ពេចន៍​មិន​ច្បាស់​លាស់​ក្នុង​សេចក្តី​ព្រាង​ដែល​ពួកគេ​បាន​ឃើញ នឹង​ឲ្យ​រដ្ឋាភិបាល​បដិសេធ​ពាក្យ​សុំ​ពី​ក្រុម​ទាំងឡាយ​ណា​ដែល​ខ្លួន​មិន​ចូល​ចិត្ត។

ដោយ​លើក​ឡើង​នូវ​ការ​សន្ទនា​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ជាមួយ​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ អំពី​ការ​អធិប្បាយ​ដែល​លោក​បាន​ធ្វើ​ចំពោះ​អ្នក​កាន់​ការ​មុន​របស់​លោក បាន គីមូន កាលពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​ប្រាប់​អ្នក​រិះគន់​កុំ​ឲ្យ​តវ៉ា​ច្រើន​ពេក និង​បាន​ចោទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ធ្វើ​តាម​បញ្ជា​ពី​ស្ថានទូត​មួយ​ចំនួន។ លោក​បាន​មាន​ប្រសាសន៍​ថា ជំនួយ​បរទេស​កំពុង​ជំរុញ​ឲ្យ​ពន្យារ​ច្បាប់​ដោយសារតែ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​របស់​ខ្លួន។

“ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ឯកឧត្តម [លោក បាន] ‘ខ្ញុំ​បាន​ប្រាប់ កូហ្វី អាណាន់ ថា ខ្ញុំ​មិន​រំពឹង​ថា នឹង​មានរបាយការណ៍​ល្អ​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ បើ​របាយការណ៍​នោះ​រាយការណ៍​ថា សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ អ្នក​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស នឹងមិន​មាន​ការ​ងារធ្វើ​នោះ​ទេ’។ នេះ​ជា​រឿង​ពិត”។

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​នូវ​ករណី​ ស្ថាបនិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​អបយស ម៉ម សុម៉ាលី ដោយ​ផ្តល់​យោបល់​ថា ការ​អនុម័ត​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រហែល​អាច​ទប់​ស្កាត់​បាន​ករណី​លោក​ស្រី។

លោក​ស្រី ម៉ម បាន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដើម្បី​សង្គ្រោះ ស្តារ​នីតិ​សម្បទា​ជន​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ប៉ុន្តែ​បាន​លាលែង​ពី​តំណែង បន្ទាប់ពី​មាន​ការ​លេច​ឡើង​ថា លោក​ស្រី​បាន​ប្រឌិត​ផ្នែក​សំខាន់ៗ​នៃ​ប្រវត្តិ​របស់​លោក​ស្រី​ថា​ជា​ជន​រងគ្រោះ និង​បាន​ណែនាំ​ក្មេង​ស្រីៗ​ឲ្យ​កុហក​ប្រវត្តិ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ជំនួយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “លោក​ស្រី​បាន​ធ្វើ​ពុត​ជាស្រី​ពេស្យា​ក្លែងក្លាយ។ លោក​ស្រី​បាន​និយាយ​ថា លោក​ស្រី​ត្រូវ​គេ​ចាប់​រំលោភ​តាំងពី​នៅ​ក្មេង ហើយ​ថា លោក​ស្រី​ជា​ជន​រងគ្រោះ​ម្នាក់​ទទួល​បាន​​ជំនួយ​បរទេស និង​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ដែល​ខូច​ឈ្មោះ​គឺ​ខ្មែរ”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រិះគន់​រដ្ឋាភិបាល​ញឹកញាប់​បំផុត បាន​ច្រានចោល​ការ​លើក​ហេតុផល​របស់​លោក ហ៊ុន សែន ដែល​ថា ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ជួយ​កម្ចាត់​ឫស​គល់​អ្នក​ផ្តល់​ហិរញ្ញ​វត្ថុ​ភេរវកម្ម។ លោក​បាន​មាន​ប្រសាសន៍​ថា ច្បាប់​ដែល​ត្រូវ​ធ្វើ​ដូច្នេះ មាន​ស្រាប់​រួច​ទៅ​ហើយ។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា យើង​មាន​ច្បាប់​ព្រហ្ម​ទណ្ឌ​ច្បាស់លាស់​មួយ។ អ្វី​ដែល​គាត់​និយាយ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ច្បាប់ [NGO] កើត​ឡើង​ប៉ុណ្ណោះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស