
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងការបង្ក្រាបស៊ីហ្សាថ្មីបំផុត ប៉ូលិសក្រុងភ្នំពេញបានឃាត់ខ្លួន “អប់រំ” និង ផ្តល់ព័ត៌មានដល់ឪពុកម្តាយរបស់ក្មេង៨០នាក់ ដែលគេរកឃើញកំពុងជក់ថ្នាំចេញពីបំពង់ទឹកនៅទីតាំងចំនួនពីរកន្លែងផ្សេងគ្នាកាលពីចុងសប្តាហ៍។
លោក សាន សុទ្ធី អនុប្រធានមន្ទីរបង្ក្រាបគ្រឿងញៀននៅក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មន្ត្រីរបស់លោក៣៥នាក់បានចុះបង្ក្រាបនៅក្លិបប្រើប្រាស់ស៊ីហ្សាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីយប់ថ្ងៃសុក្រ និងបានរកឃើញមនុស្ស៥០នាក់ជក់ស៊ីហ្សាចេញពីបំពង់ទឹក។
ឧត្ដមសេនីយ៍ត្រី សាន សុទ្ធី បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្ស៥០នាក់ ស្ត្រី១១នាក់និងប្រុស៣៩នាក់ ដែលកំពុងប្រើ២០បំពង់ស៊ីហ្សា ហើយបានរឹបអូសវត្ថុតាងដំណាប់ស៊ីហ្សាពីរប្រអប់ ម៉ូតូ២៩គ្រឿង និងដាវសាមូរៃចំនួនពីរ”។
លោកបានបន្ថែមថា ភាគច្រើននៃអ្នកត្រូវចាប់ខ្លួនបានទាំងនោះជាសិស្សនិស្សិត មានអាយុរវាង១៨ឆ្នាំដល់២៤ឆ្នាំ។
ឧត្ដមសេនីយ៍ត្រី សុទ្ធី បានមានប្រសាសន៍ថា ពួកគេត្រូវឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលជាតិរយៈពេល២៤ម៉ោង ដើម្បីអប់រំពួកគេឲ្យដឹងអំពីគ្រោះថ្នាក់ពីការជក់ស៊ីហ្សា និងដោះលែងវិញនៅពេលឪពុកម្តាយរបស់ពួកគេមកធានាតែប៉ុណ្ណោះ។
លោកបានឲ្យដឹងថា “យើងបានអប់រំពួកគេនិងធ្វើកិច្ចសន្យាជាមួយឪពុកម្តាយពួកគេ ធានាថាពួកគេនឹងមិនប្រើស៊ីហ្សាជាថ្មីទៀត។ ឪពុកម្តាយភាគច្រើនមិនបានដឹងថាកូនៗរបស់ខ្លួនប្រើស៊ីហ្សានោះទេ។
ឧត្ដមសេនីយ៍ត្រី សុទ្ធី បានមានប្រសាសន៍ថា ក្លិបរាត្រី ដែលបានបើករយៈពេលប្រហែលបីខែ ត្រូវបានបិទ ហើយប៉ូលិសកំពុងស្វែងរកចាប់ម្ចាស់ក្លិប ដែលគេហៅថា “មេគំនិត”។
លោកបាននិយាយថា “យើងកំពុងតាមរកមេគំនិតដើម្បីឲ្យគាត់ប្រឈមនឹងច្បាប់នៅឡើយ”។
យោងតាមលោក ប៊ន សំអាត ស្នងការរងបានឲ្យដឹងថា ក្នុងករណីមួយដោយឡែកកាលពីយប់ថ្ងៃសៅរ៍ ប៉ូលិសក្រុងបានចុះបង្ក្រាបទីតាំងប្រើប្រាស់ស៊ីហ្សាក្នុងហាងកាហ្វេ Hangover Avenue នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ចាប់មនុស្សបាន៣០នាក់ដែលកំពុងជក់ស៊ីហ្សា។
លោកបាននិយាយថា “យើងបានឃាត់ខ្លួនពួកគេអស់រយៈពេល២៤ម៉ោង អប់រំពួកគេ ហើយឲ្យពួកគេចុះកិច្ចសន្យាជាមួយយើងនិងឪពុកម្តាយរបស់ពួកគេថា បើយើងចាប់បានពួកគេម្តងទៀតនៅកន្លែងផ្សេង យើងនឹងពិន័យ ឬដាក់ទោសពួកគេ”។ លោកបានបន្ថែមថា ជនល្មើសទាំងអស់មានអាយុលើសពី១៨ឆ្នាំ។
លោក សំអាត បានមានប្រសាសន៍ថា ប៉ូលិសបានរឹបអូសបានវត្ថុតាងដូចជាឧបករណ៍ជក់ស៊ីហ្សាចំនួន៣៧បំពង់ និងម៉ូតូ១០គ្រឿងពីហាង Hangover Avenue។
លោកបានមានប្រសាសន៍ថា ហាងកាហ្វេ ដែលទើបបើកបានពីរបីថ្ងៃនេះ ត្រូវបានបិទ ។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន បានមានប្រសាសន៍ថា ប៉ូលិសបានកំណត់មុខសញ្ញាលើទីតាំងរកស៊ី ជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ដើម្បីបញ្ឈប់ពលរដ្ឋកម្ពុជាពីការជក់ស៊ីហ្សា។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជាបានចេញបញ្ជាឲ្យបង្ក្រាបការនាំចូលនិងនាំចេញស៊ីហ្សា ពីព្រោះស៊ីហ្សាមានកំហាប់នីកូទីនខ្ពស់ ហើយវាក៏អាចប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋទៀត”។ លោកបានបន្ថែមថា ការចុះបង្ក្រាបកាលពីចុងសប្តាហ៍គឺជាលើកដំបូងហើយនៅឆ្នាំនេះ។
នៅខែកុម្ភៈឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកជក់បារីអស់ពេលដ៏យូរ បានប្រាប់ម្ចាស់ហាងជំនួញថា ពួកគេត្រូវតែឈប់លក់ស៊ីហ្សា ពីព្រោះយុវជនកម្ពុជាគេចសាលាមកជក់់ស៊ីហ្សា និងពីព្រោះថ្នាំជក់នេះអាចត្រូវគេលាយជាមួយគ្រឿងញៀនផ្សេងទៀត ដូចជាអាភៀនជាដើម។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ឪពុកម្តាយព្រួយបារម្ភនឹងរឿងនេះណាស់”៕ និត (រាយការណ៍បន្ថែមដោយ Chris Mueller)