អ្នកនេសាទមួយក្រុមមានគ្នាចំនួន២៣០នាក់ ដែលជាប់ទៅណាមិនរួចនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីការធ្វើការដូចទាសករនៅលើទូកនេសាទដែលបញ្ជាដោយជនជាតិថៃ។
អ្នកនេសាទកម្ពុជាជាង៣០០នាក់ត្រូវបានធ្វើមាតុភូមិនិវត្តពីប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេលពីរខែមកនេះ រួមទាំងក្រុមអ្នកនេសាទកាលពីម្សិលមិញផង ក្រោយពីរដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុវត្តបម្រាមលើទូកនេសាទបរទេសដែលដាក់ចេញកាលពីខែវិច្ឆិកាដើម្បីគ្រប់គ្រងវិស័យេនះឲ្យបានប្រសើរជាងមុន។
បម្រាមនេះបានបង្ខំឲ្យទូកនេសាទដែលបញ្ជាដោយជន ជាតិថៃចូលចត និងដោយសារមានការសើុប អង្កេតពីសំណាក់ទីភ្នាក់ងារសារព័ត៌មាន AP បានឈានទៅដល់ការរកឃើញពលករចំណាកស្រុក រាប់ពាន់នាក់មកពីប្រទេសភូមា ប្រទេសកម្ពុជា និងប្រទេសថៃដែលត្រូវគេបង្ខំឲ្យ ធ្វើការនៅទូកទាំងនោះ។

អ្នកនេសាទ៩៧នាក់បានវិលត្រឡប់ពីកោះបេនជីណា ប្រទេសឥណ្ឌូណេស៊ីមកកាន់កម្ពុជាវិញ កាលពីខែឧសភា និងខែមិថុនា បន្ទាប់ពីត្រូវគេបង្ខំឲ្យធ្វើការដូចទាសករអស់រយៈពេលរាប់ខែ ឬរាប់ឆ្នាំ។ អ្នកនេសាទជាច្រើនក្នុងចំណោមនោះនិយាយថា ខ្លួនត្រូវគេរត់ពន្ធចូលក្នុងប្រទេសថៃដោយប្រើលេសថា ពួកគេនឹងទទួលបានការងារមានប្រាក់ខែខ្ពស់ មុនពេលត្រូវគេបង្ខំឲ្យធ្វើការនៅលើទូក។
បុរសដែលបានធ្វើមាតុភូមិនិវត្តកាលពីម្សិលមិញ គឺមកពីកោះអាំប៊ុន បន្ទាប់ពីមន្ត្រីការទូតកម្ពុជា និងក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ីបានចរចាបញ្ជូនពួកគេត្រឡប់មកវិញ ជាមួយក្រុមហ៊ុនឧស្សាហកម្មភីធី ម៉ារីប៊ូ គ្រុប ជាក្រុមហ៊ុនតំណាងឲ្យទូកនេសាទថៃដែលអ្នកនេសាទទាំងនេះធ្វើការឲ្យក្នុងលក្ខខណ្ឌការងារដូចទាសករ។
នៅឯអាកាសយានដ្ឋានភ្នំពេញអន្តរជាតិកាលពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ការដែលពលករចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ មិនមែនមកពីកង្វះឱកាសការងារនៅក្នុងប្រទេសនោះទេ។
លោកស្រីបានគូសបញ្ជាក់ថា ”អស់លោកត្រូវតែយល់ មិនថានៅកម្ពុជា ឬនៅបណ្តាប្រទេសធំៗទេ គឺសុទ្ធតែមានអ្នកធ្វើចំណាកស្រុក [ដើម្បីរកការងារធ្វើ] វាមិនមានន័យថា នៅក្នុងប្រទេសរបស់ពួកគេគ្មានការងារសម្រាប់ពួកគេឡើយ។ វាជាជម្រើសរបស់ពួកគេ។នៅពេលពួកគេគិតថា នៅកន្លែងណាបានប្រាក់ខែខ្ពស់ជាង ពួកគេនឹងធ្វើការជ្រើសរើស”។
ខណៈពេលអ្នកនេសាទរាប់រយនាក់ឡើងជិះរថយន្តក្រុងទៅកាន់សាលាខណ្ឌជ្រោយចង្វា លោកស្រីបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្រីមិនដឹងច្បាស់ថា តើមានអ្នកនេសាទកម្ពុជាប៉ុន្មានអ្នកទៀតជាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ។ លោកស្រីមានប្រសាសន៍ថា “យើងមិនអាចប៉ាន់ស្មានដឹងថា មានប៉ុន្មានអ្នកកំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ីនោះទេ ពីព្រោះពួកគេទៅដោយខុសច្បាប់”។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីទទួលបន្ទុកបញ្ហាចំណាកស្រុក និងការជួញដូរមនុស្សនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង គឺជាការបង្វែរការចាប់អារម្មណ៍លើឧបសគ្គពិតដែលពលករធ្វើចំណាកស្រុកដើម្បីរកការងារធ្វើកំពុងតែប្រឈមមុខ។

លោកបានលើកឡើងថា “ភាគច្រើនពួកគាត់មកពីតំបន់ជនបទដែលការធ្វើស្រែចម្ការគឺជាជម្រើសតែមួយគត់របស់ពួកគាត់។ រដ្ឋាភិបាលកម្ពុជាគ្មានសមត្ថភាពជួយអ្នកទាំងេនះឲ្យទទួលបានការងារនៅទីនេះទេ។ ប្រសិនបើមាន ហើយពួកគាត់ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ម្លេ៉ះពួកគាត់មិនទៅប្រទេសថៃតាំងពីដំបូង”។
លោកបានទទួលស្គាល់ថា ក្រសួងការងារបានដំណើការមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមណ្ឌលការងារ ប៉ុន្តែ លោកបានបញ្ជាក់ថា វាមិនគ្រប់គ្រាន់ទេ។ ដោយសារតែគ្មានការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីអភិវឌ្ឍជំនាញរបស់ពួកគាត់ បានធ្វើឲ្យពលករគ្មានជំនាញទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ពីព្រោះពួកគាត់អាចរកប្រាក់បានច្រើនជាងនៅកម្ពុជា។
លោកស្រី សារ៉ា ភាហ្សាណូ នាយកគម្រោងប្រឆាំងការជួញដូរមនុស្ស ដែលទទួលបានជំនួយមូលនិធីពីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលបន្ថែមដើម្បអភិវឌ្ឍជំនាញរបស់ពលករនៅកម្ពុជា នឹងជួយការពារពួកគេពីការត្រូវគេបង្ខំឲ្យធ្វើការនៅលើទូកនេសាទ។
លោកស្រីថ្លែងថា “ពលករដែលប្រឈមហានិភ័យបំផុត គឺពលករគ្មានជំនាញ។ ខ្ញុំគិតថា ចាំបាច់ត្រូវមានព័ត៌មានបន្ថែមទៀតស្តីពីឱកាសការងារ ហើយការបណ្តុះបណ្តាលបន្ថែម នឹងជួយការពារពលករតាមរយៈការធ្វើឲ្យពួកគេមិនសូវងាយរងគ្រោះ”។
លោក បឿន បើយ មកពីខេត្តសៀមរាប ដែលទើបតែវិលត្រឡប់មកប្រទេសឥណ្ឌូណេស៊ីវិញ និយាយថា គាត់គ្មានដីសម្រាប់ធ្វើកសិកម្មទេ ហើយគាត់បានទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ពីព្រោះវាជាផ្លូវតែមួយគត់សម្រាប់គាត់ទទួលបានការងារធ្វើ។ គាត់និយាយថា “ការធ្វើការនៅលើទូកមិនងាយស្រួលទេ យើងធ្វើការហាលភ្លៀង និងកណ្តាលថ្ងៃ។ ពួកគេបង្ខំឲ្យយើងធ្វើការហើយធ្វើការទៀត ពីព្រោះពួកគេចង់បានត្រីច្រើន”។
អ្នកនេសាទទាំង២៣០នាក់នេះបានទទួលប្រាក់ខែរបស់ខ្លួន និងជិះយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញដោយឥតគិតថ្លៃ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី និងស្ថានទូតកម្ពុជានៅក្នុងទីក្រុងហ្សាការតាបានជួយអន្តរាគមន៍។
លោក មីុ គីម អាយុ៣៦ឆ្នាំមកពីខេត្តកំពង់ធំនិយាយថា គេប្រាប់គាត់ថា គាត់នឹងធ្វើការនេសាទនៅក្នុងដែនសមុទ្រថៃ ប៉ុន្តែ ទូកបែរជាចេញទៅប្រទេសឥណ្ឌូណេស៊ីទៅវិញ ធ្វើឲ្យគាត់ជាប់នៅទីនោះអស់រយៈពេលពីរឆ្នាំ។
គាត់និយាយទៀតថា “យើងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ហើយពេលខ្លះបានដេកតែកន្លះម៉ោងប៉ុណ្ណោះ។ ខ្ញុំមិនចង់ត្រឡប់ទៅវិញទេ”៕សុខុម