
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) និយាយថា ធនាគារពិភពលោកមិនកំពុងចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀតដែលកំពុងប្រឈមការរំលោភបំពានពីសំណាក់រដ្ឋាភិបាលចំពោះការនិយាយប្រឆាំងគម្រោងមិនល្អដែលទទួលបានជំនួយមូលនិធិពីធនាគារឡើយ។
នៅក្នុងរបាយការណ៍មួយមានចំណងជើងថា “ការប្រថុយប្រថានផ្ទាល់ខ្លួនរបស់អ្នក៖ ការសងសឹកអ្នករិះគន់គម្រោងរបស់ធនាគារពិភពលោក” ដែលចេញផ្សាយកាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រើប្រាស់ការបណ្ដេញប្រជាពលរដ្ឋជាច្រើនគ្រួសារចេញពីតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ មកធ្វើជាឧទាហរណ៍ដ៏សំខាន់ដែលបង្ហាញពីកំហុសឆ្គងរបស់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលជាដៃគូផ្ដល់ឥណទានឯកជនរបស់ខ្លួន។
ធនាគារពិភពលោកបានទទួលស្គាល់ថា កំហុសឆ្គងដែលខ្លួនបានធ្វើគឺការរៀបចំផែនការ និងការឃ្លាំមើលគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីមួយដែលខ្លួនបានផ្ដល់ជំនួយមូលនិធិនៅក្នុងប្រទេសកម្ពុជា ជាហេតុបណ្ដាលឲ្យមានការបណ្ដេញប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារចេញពីតំបន់បឹងកក់ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៨មក ប្រជាពលរដ្ឋដែលបានតវ៉ាប្រឆាំងនឹងគម្រោងនេះត្រូវបាននគរបាលវាយដំអំឡុងការតវ៉ាដោយសន្តិវិធី ត្រូវចាប់ឃុំខ្លួន ផ្ដន្ទាទោស និងដាក់ពន្ធនាគារម្ដងហើយម្ដងទៀតតាមបទចោទប្រកាន់ដែលគេរិះគន់ថា ជាហេតុផលនយោបាយ។
លោកស្រី ជេស៊ីកា អុីវេនស៍ (Jessica Evans) អ្នកតស៊ូមតិជាន់ខ្ពស់ផ្នែកស្ថាប័នហិរញ្ញវត្ថុអន្តរជាតិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ធនាគារពិភពលោកធ្លាប់បានលើកឡើងជាយូរមកហើយថា ការចូលរួមរបស់សាធារណជន និងគណនេយ្យភាព គឺជាកត្តាសំខាន់ឆ្ពោះទៅរកភាពជោគជ័យនៃកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ដែលខ្លួនផ្ដល់ជំនួយមូលនិធិ។ ប៉ុន្តែការខកខានម្ដងហើយម្ដងទៀតរបស់ធនាគារពិភពលោកក្នុងការប្រឈមតតាំងនឹងការបំភិតបំភ័យ ឬការរំលោភបំពានប្រជាពលរដ្ឋដែលរិះគន់គម្រោងរបស់ខ្លួន ប្រឈមនឹងការសើចចំអកគោលការណ៍ទាំងនេះ”។
យោងតាមរបាយការណ៍នេះបង្ហាញថា ក្រុមអធិការកិច្ចរបស់ធនាគារពិភពលោកថែមទាំងបានរកឃើញករណីនៅក្នុងប្រទេសមួយចំនួន ដែលបុគ្គលិកផ្ទាល់របស់ធនាគារនេះបានបំបាក់ទឹកចិត្តប្រជាជនមិនឲ្យដាក់ពាក្យបណ្ដឹងប្រឆាំងគម្រោងរបស់ខ្លួនទៀតផង។ នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋនៅបឹងកក់និយាយថា ធនាគារនេះបានជំរុញពួកគាត់កុំឲ្យដាក់ពាក្យបណ្ដឹងស្ដីពីការរំលោភបំពានទៅអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក “ពីព្រោះការរិះគន់ធនាគារពិភពលោក និងរដ្ឋាភិបាលគឺជា ‘ការងាររបស់ពួកគេ’ ទៅហើយ”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា នៅក្នុងឆ្នាំ២០០២ ធនាគារពិភពលោកបានរិះគន់ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើការតវ៉ាមួយដោយនិយាយថា វាជាទង្វើ ”មិនអាចទទួលយកបាន” ហើយបានចោទប្រកាន់មន្ត្រីថាជាមនុស្សលាក់ពុត។ អង្គការនេះនិយាយទៀតថា “ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានការបង្ក្រាបឃោរឃៅស្រដៀងគ្នាយ៉ាងណាក្ដី ក៏ធនាគារពិភពលោកនៅតែរក្សាភាពស្ងៀមស្ងាត់ដែរ”។
នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្ដល់អនុសាសន៍មួយចំនួនដល់ធនាគារនេះ ក្នុងនោះរួមមានទាំងការថ្កោលទោសជាសាធារណៈចំពោះការសងសឹករបស់រដ្ឋាភិបាល ឬសាជីវកម្មទៅលើអ្នករិះគន់គម្រោង និងការជំរុញឲ្យដោះលែងដោយគ្មានលក្ខខណ្ឌនូវអ្នកដែលជាប់ឃុំតាមបទចោទប្រកាន់ដែលគេប្រឌិតឡើងផងដែរ។
អង្គការនេះក៏បានផ្ដល់អនុសាសន៍ឲ្យចាត់វិធានការបង្ការជាមុនផងដែរ ដូចជាការយកចិត្តទុកដាក់ឲ្យបានច្រើនក្នុងការវាយតម្លៃអំពីលទ្ធភាពនៃការសងសឹកនាពេលអនាគត មុនពេលប្ដេជ្ញាចិត្តអនុវត្តគម្រោងណាមួយ និងការឲ្យដៃគូសាជីវកម្ម និងដៃគូរដ្ឋាភិបាលរបស់ធនាគារនេះធានាអះអាងថា អ្នករិះគន់នឹងមិនត្រូវបានរំលោភបំពាន។
នៅតំបន់បឹងកក់ មានប្រជាពលរដ្ឋតែប៉ុន្មាននាក់ប៉ុណ្ណោះដែលរងការរំលោភបំពានខ្លាំងដូចអ្នកស្រី ទេព វន្នី។ ដោយជាញឹកញាប់បង្ហាញខ្លួននៅខាងមុខគេអំឡុងការតវ៉ាប្រឆាំងការបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នេះ អ្នកស្រីបានរងការវាយដំពីសំណាក់កងកម្លាំងសន្តិសុខ ត្រូវចាប់ឃុំខ្លួន ចោទប្រកាន់ និងជាប់ពន្ធនាគារម្ដងហើយម្ដងទៀត។
អ្នកស្រីបានយល់ស្របនឹងការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ធនាគារពិភពលោកបានចាត់វិធានការតិចតួចណាស់ក្នុងការជួយគាត់ និងក្រុមអ្នកតវ៉ាជាមួយគាត់។
អ្នកស្រីនិយាយថា “យើងចង់ឃើញធនាគារពិភពលោកអន្តរាគមន៍ចេញមុខចរចាជាមួយរដ្ឋាភិបាល នៅពេលប្រជាពលរដ្ឋរបស់យើងជាប់ពន្ធនាគារ ប៉ុន្តែយើងមិនដែលឃើញពួកគេមកសួរសុខទុក្ខយើងទេ។ ពួកគេមិនអើពើនឹងយើងនោះទេ”។
នៅក្នុងការឆ្លើយតបតាមរយៈអុីម៉េលទៅនឹងសំណួរជុំវិញរបាយការណ៍នេះ លោក ប៊ូ សារឿន អ្នកនាំពាក្យធនាគារពិភពលោកបានសរសេរថា ធនាគារពិភពលោកមាន “គោលការណ៍ និងយន្តការរឹងមាំ ដែលបានដោះស្រាយក្ដីបារម្ភជាច្រើនលើកឡើងដោយបណ្ដាអង្គការតស៊ូមតិការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល ហើយយើងបើកទូលាយស្វាគមន៍ការជជែកដើម្បីធ្វើការកែលម្អ។ ដំណោះស្រាយយុត្តិធម៌ និងដោយសន្តិវិធីនៅក្នុងវិវាទដីធ្លី មានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពរបស់កម្ពុជា។ យើងបន្តពិភាក្សាជាមួយរដ្ឋាភិបាលជុំវិញវិធីគាំទ្រការអភិវឌ្ឍរបស់ប្រទេសនៅក្នុងផ្លូវមួយ ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប”។
មុនពេលចេញផ្សាយរបាយការណ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានស្នើសុំព័ត៌មានត្រឡប់ពីធនាគារពិភពលោកដែរជុំវិញការចោទប្រកាន់របស់ខ្លួន។ យោងតាមរបាយការណ៍នេះបង្ហាញថា លោក អាល់ឡឺស៊ែន សូ (Alassene Sow) នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានបដិសេធការអះអាងរបស់ក្រុមអ្នកតវ៉ាដែលលើកឡើងថា លោកស្ម័គ្រចិត្តលើកឡើងអំពីពាក្យបណ្ដឹងរបស់ពួកគាត់ទៅអង្គការសហប្រជាជាតិ ហើយបានមានប្រសាសន៍ថា លោកបានជំរុញពួកគាត់ម្ដងហើយម្ដងទៀតឲ្យ “ទាក់ទង” ទៅអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងប័ណ្ណកម្មសិទ្ធិដីធ្លីដែលពួកគាត់ទាមទារ។ របាយការណ៍នេះបានលើកឡើងបន្ថែមថា លោក អាល់ឡឺស៊ែន សូ បានមានប្រសាសន៍ថា ការសងសឹកអ្នកតវ៉ានៅសហគមន៍បឹងកក់ “គឺមិនពាក់ព័ន្ធគ្នានោះទេ”។
លោក ប៊ូ សារឿន មិនបានឆ្លើយសំណួរអំពីការអះអាងទាំងនេះទេនៅក្នុងការឆ្លើយតបរបស់លោក។
យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ធនាគារពិភពលោកកំពុងអភិវឌ្ឍគោលការណ៍ណែនាំស្ដីពីរបៀបឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍អំពីការសងសឹក ហើយតំណាងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានសន្យាពិចារណាអនុសាសន៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
ទោះបីជាធនាគារនេះមិនទាន់បានចាត់វិធានការជាក់ស្ដែងណាមួយនៅក្នុងការប្រតិកម្មចំពោះការផ្ចាញ់តបរបស់រដ្ឋាភិបាលកម្ពុជាលើអ្នកតវ៉ាមកពីសហគមន៍បឹងកក់យ៉ាងណាក្ដី ក៏ខ្លួនបានផ្អាកការផ្ដល់ឥណទានថ្មីៗដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១១ នៅក្នុងការជំទាស់នឹងការបណ្ដេញប្រជាពលរដ្ឋទាំងបង្ខំចេញពីតំបន់បឹងកក់។
រដ្ឋាភិបាលបានបញ្ចេញប្រតិកម្មតបនឹងចំណាត់ការនេះតាមរយៈការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ ដែលមិនទាន់បានចាកចេញពីតំបន់បឹងកក់នៅឡើយ ដោយអនុញ្ញាតឲ្យពួកគាត់រក្សាទុកផ្ទះរបស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលក៏បាននិយាយសម្រាលផលប៉ះពាល់នៃការផ្អាកការផ្ដល់ឥណទានថ្មីនេះដែរ ដោយអះអាងថា ម្ចាស់ជំនួយអន្តរជាតិផ្សេងៗទៀតរីករាយនឹងបំពេញការខ្វះចន្លោះក្នុងការផ្ដល់មូលនិធិនេះ។ ដោយសារតែប្រទេសចិនជាម្ចាស់ជំនួយ និងជាវិនិយោគិនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា បណ្ដាអ្នកសង្កេតការណ៍និយាយថា រដ្ឋាភិបាលនិយាយត្រូវ។
ប៉ុន្តែលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា រដ្ឋាភិបាលក៏ចង់រក្សាទុកធនាគារពិភពលោកខ្លាំងណាស់ដែរ ដោយសារតែវត្តមានរបស់ធនាគារនេះផ្ដល់ទំនុកចិត្តទៅលើបណ្ដាវិនិយោគិនបរទេស។
លោកបានលើកឡើងតាមរយៈអុីម៉េលថា “រដ្ឋាភិបាលកម្ពុជាដឹងថា ការចាកចេញណាមួយរបស់ធនាគារពិភពលោកពីកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់បណ្ដាវិនិយោគិនដែលគិតចង់មកវិនិយោគនៅក្នុងប្រទេសនេះ។ ប្រាក់គឺជាស្ដេចនៅកម្ពុជា ហើយរំហូរចូលវិនិយោគឥតឈប់គឺជាផ្នែកដ៏សំខាន់មួយនៃការធានាថា ប្រាក់បន្តហូរចូល។ធនាគារពិភពលោកក៏គួរតែអាចប្រើប្រាស់តថភាពនោះជាឥទ្ធិពលគ្រប់គ្រាន់សម្រាប់ទាមទារឲ្យដោះលែងអ្នកតវ៉ាចេញពីមន្ទីរឃុំឃាំង និងទាមទារកុំឲ្យតម្រង់គោលដៅទៅរកសកម្មជនសង្គមស៊ីវិលផ្សេងៗទៀតផងដែរ”។
ការមកដល់ក្នុងពេលឆាប់ៗនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) របស់ចិន ដែលហៅកាត់ថា AIIB ក្នុងឋានៈជាគូប្រជែងរបស់ធនាគារផ្ដល់ឥណទាននានាដូចជាធនាគារពិភពលោកដើមនោះ បានធ្វើឲ្យពួកគេមានការព្រួយបារម្ភខ្លាំងឡើងថា ខ្លួននឹងលែងសំខាន់តទៅទៀតនៅក្នុងតំបន់។ ប៉ុន្តែលោក ហ្វីល រ៉ូបឺតសុន បានមានប្រសាសន៍ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលមិនទាន់បានប្រកាសគោលនយោបាយការពារសិទ្ធិមនុស្សរបស់ខ្លួននៅឡើយនេះ នៅតែខ្វះឥទ្ធិពល និងភាពអាចជឿទុកចិត្តបានដែលបណ្ដាវិនិយោគិនបរទេសចង់បាន៕ សុខុម