39.4 C
Phnom Penh

ការ​​​ឆ្មក់​​​ចូលតំបន់​​​​​​ស្តុកសម្ភារ​​​អេត​​​ចាយ​​​​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​ភាព​​​រើស​​​អើង​​​ជន​​​អន្តោប្រវេសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ នគរ​​​បាល​​​មក​​​ពី​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ចាប់ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ជាង​​​១០០នាក់​​​​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​​​​តំបន់​​​ស្តុ​​​ក​​​​​​គ្រឿង​​​អេត​​​ចាយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដើម្បី​​​វាយ​​​តម្លៃ​​​ពីភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ការ​​​ងារ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ អ្វី​​​ដែល​​​មន្ត្រី​​​នគរ​​​បាល​​​បាន​​​បន្សល់​​​ទុក​​​គឺ​​​គ្រួសារ​​​ដែល​​​​​​មាន​​​ការ​​​យល់​​​ច្រឡំ និងភ័យ​​​ខ្លាច​​​​​​។

នគរ​​​បាល​​​អន្តោប្រវេសន៍​​​ជាង​​​៤០​​​នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​​​​តំបន់​​​ស្តុក​​​សម្ភារ​​​អេត​​​ចាយ​​​​​​​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០ព្រឹក​​​មុន​​​ពេល​​​​​​ចូល​​​ឆែក​​​ឆេ​​​រតាម​​​តំបន​​​់​​​នេះ​​​ដើម្បី​​​រក​​​កម្មករ​​អន្តោប្រវេសន៍​​​។ ដល់​​​ម៉ោង​​​២​​​រសៀល​​​ បុរស​​​ចំនួន​​​១០៩​​​នាក់​​​ត្រូវ​​​បាន​​​​​​ចាប់​​​ឡើង​​​រថយន្ត​​​របស់​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​​​​ ហើយ​​​ដឹក​​​ទៅ​​​កាន់​​​​​​កន្លែង​​​ឃុំ​​​ឃាំង​​​ក្បែរ​​​អាកាស​​​យានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ជា​​​ទី​​​ដែល​​​​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​ និង​​​វាយ​​​តម្លៃ​​​ពី​​​ភាព​​​ស្រ​​​ប​​​ច្បាប់​​​នៃ​​​វត្ត​​​មាន​​​ និង​​​ការ​​​ងារ​​​របស់​​​ពួក​​​គេ​​​នៅ​​​កម្ពុជា​​​។cam-photo-vietnamese1-blomberg

លោក អ៊ុក ហៃ​​​សិលា ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “យើង​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​មនុស្ស​​​១១​​​នាក់​​​ដែល​​​គ្មាន​​​ឯកសារ​​​ណា​​​មួយ​​​សោះ​​​ ហើយ​​​ពួក​​​គេ​​​ប្រឈម​​​នឹង​​​ការ​​​និរទេស​​​ខ្លួន​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា “ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​នៅ​​​សេស​​​សល់​​​​​​​​​ មាន​​​អ្នក​​​​​​ខ្លះ​​​មាន​​​សៀវ​​​ភៅ​​​ស្នាក់​​​នៅ​​​ អ្នក​​ខ​​​្លះ​​​បង្ហាញ​​​សំបុត្រ​​​កំណើត​​​ ឬ​​​សៀវ​​​ភៅ​​​គ្រួសារ​​​ ហើយ​​​ក្រុម​​ផ្សេង​​​ទៀត​​​មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ខ្មែរ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​ជាតិ​​​នឹង​​​សម្រេច​​​វាសនា​​​របស់​​​​​​អ្នក​​​ទាំង​​​៩៨​​​នាក់​​​នេះ​​​។

យោង​​​តាម​​​ឧត្តម​​​សេនីយ៍​​​​​​ទោ អ៊ុក ហៃសិលា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​​នាយកដ្ឋាន​​​របស់​​​លោក​​​​​​បាន​​​និរទេស​​​​​​ជន​​​បរ​​​ទេស​​​ចំនួន​​​​​​២.៤២៣​​​នាក់​​​ដែល​​​រក​​​ឃើញ​​​ថា រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​ក្នុង​​​នោះ​​​មាន​​​២.១២២​​​នាក់​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​ ចាប់​​​តាំង​​​ពី​​​នាយកដ្ឋាន​​​នេះ​​ត្រូវ​​​បាន​​​បង្កើត​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​មុន​​​មក​​​។​​​​

ការ​​​ឆ្មក់​​​ចូល​​​នេះ​​​ទំនង​​​ជា​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​កន្លែង​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​ខណៈ​​​បុរស​​​ទាំង​​​១០៩​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ដឹក​​​ចេញ​​​ពី​​​តំបន់​​​ស្តុក​​​​​​សម្ភារ​​​​​​​​​អេត​​​ចាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ អ្វី​​​ដែល​​​បាន​​​បន្សល់​​​ទុក​​​នោះ​​​គឺ​​​ការ​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​ភា​​​ព​​​មិន​​​ស្រប​​​គ្នា​​​នៃ​​​ការ​​​ចុះ​​​បង្ក្រាប​​​​​ទូទាំង​​​ប្រទេស​​​។

អ្នក​​​ស្រី សុខ លី អាយុ​​​៣៩​​​ឆ្នាំ​​​ជា​​​ម្តាយ​​​ដែល​​​មាន​​​កូន​​​ប្រាំ​​​នាក់​​​ និង​​​ដែល​​​​​​កើត​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​ដោយ​​​មាន​​​ឪពុក​​​ម្តាយ​​​​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​បាន​​​និយាយ​​​ថា “ពួក​​​គេ​​​បាន​​​ចាប់​​​​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​ប៉ុន្តែ មិន​​​ចាប់​​​ខ្ញុំ​​​​​​​​​ ព្រោះ​​​ខ្ញុ​​​ំ​​​មាន​​​ជំងឺ​​​”។

អ្នក​​​ស្រី សុខ លី បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ប្តី​​​ និង​​​កូន​​​ប្រុស​​​ពេញ​​​វ័យ​​​ចំនួន​​​ពីរ​​​នាក់​​​របស់​​​អ្នក​​​ស្រី​​​​​​ដោយ​​​បន្សល់​​​ទុក​​​​​​ឲ្យ​​​អ្នក​​​ស្រី​​​នៅ​​​តែ​​​ម្នាក់​​​ឯង​​​​​​ជាមួយ​​​កូន​​​​​​​​តូច​​​ៗ​​​ចំនួន​​​បី​​​នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ចាប់​​​ពី​​​៤ឆ្នាំ​​​ដល់​​​១១​​​ឆ្នាំ។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ប្តី​​​របស់​​​ខ្ញុំ​​​​​ គាត់​​​កើត​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​​​​ គាត់​​​គឺ​​​ជា​​​ខ្មែរ​​​ ប៉ុន្តែ ​​​​​​យើង​​​គ្មាន​​​ឯកសារ​​​ ព្រោះ​​​យើង​​​បាន​​​បាត់​​​បង់​​​អ្វី​​​ៗ​​​ទាំង​​​អស់​​​ដោយសារ​​​អគ្គិភ័យ​​​ប្រហែល​​​ប្រាំបី​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា គេ​​​នឹង​​​នាំ​​​ប្តី​​​ និង​​​កូន​​​របស់​​​ខ្ញុំ​​​មក​​​វិញ​​​​​​។ ខ្ញុំ​​​មាន​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម​​​ ខ្ញុំ​​​ត្រូវ​​​ការ​​​ពួក​​​គាត់​​​”។cam-photo-vietnamese2-blomberg

បន្ទាប់​​​ពី​​​នគរ​​​បាល​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​ដែល​​​ធ្វើ​​​ការឆ្មក់​​​ចូល​​​ អ្នក​​​ដែល​​​រួច​​​ផុត​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​បាន​​​នាំ​​​គ្នា​​​​​​​​​ប្រមែប្រមូល​​​របស់​​របរ​​​នៅ​​​ក្នុង​​​គ្រួសារ​​​របស់​​​ខ្លួន​​​ ហើយ​​​ជជែក​​​គ្នា​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​។ ពួក​​​គេ​​​បាន​​​និយាយ​​​ថា មន្ត្រី​​​នគរ​​​បាល​​​​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​អន្តោប្រវេសន៍ដែល​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​ដែល​​​គ្រាន់​​​តែ​​​ឈាង​​​ចូល​​​ទិញ​​​សម្ភារ​​​ផ្សេង​​​ៗនៅ​​​កន្លែង​​​​េនះ​​​​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​ ខណៈ​​​បណ្តោយ​​​ឲ្យអ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​គ្មានសិទ្ធិ​​​ស្រប​​​ច្បាប់​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​។

កែវ ដាវ៉ាន់ អាយុ​​​២៩​​​ឆ្នាំ​​​​​​បាន​​​និយាយ​​​ថា “យើង​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ទិញ​​​សម្ភារ​​​ផ្សេង​​​ៗ​​​សម្រាប់​​​​​ប្រើ​​​ប្រាស់​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​​​​គេ​​​បាន​​​ចាប់​​​ខ្លួន​​​ប្តី​​​​​​របស់​​​ខ្ញុំ​​​បាត់​​​ទៅ​​​ហើយ​​​”។

ណាង សុខ​​​លី អាយុ​​​៣៥​​​ឆ្នាំ​​​ដែល​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ខ្មែរ​​​​​​ដល់​​​នគរ​​​បាល​​​ និង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​កំពុង​​​ផឹក​​​កាហ្វេ​​​នៅ​​​ហាង​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ជា​​​មួយ​​​បង​​​ប្អូន​​​ថ្លៃ​​​​​​​​​ស្រី​​​ពី​​​រនាក់​​​ផ្សេង​​​ទៀត​​​ដែល​​​មក​​​លេង​​​នៅ​​​ពេល​​​មន្ត្រី​​​នគរបាល​​​អន្តោប្រវេសន៍​​​បង្ហាញ​​​ខ្លួន​​​។

សុខលី ​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​បង​​​ប្អូន​​​ថ្លៃ​​​ស្រី​​​របស់​​​ខ្លួន​​​ថា “ពួក​​​​​​គេ​​​មាន​​​ឯកសារ​​​ ប៉ុន្តែ មិន​​​បាន​​​យក​​​មក​​​ជាមួយ​​​ ព្រោះ​​​ពួក​​​គេ​​​មិន​​​រស់​​​នៅ​​​ ឬ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នេះ​​​ឡើយ​​​។ នគរ​​​បាល​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ដែរ​​​”។  លោក​​​បាន​​​បន្ថែម​​​ថា “ពួក​​​គេ​​​ចាប់​​​ជន​​​ជាតិ​​​វៀតណាម​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​នៅ​​​ទី​​​នេះ​​​។ វា​​​គួរ​​​ឲ្យ​​​រន្ធត់​​​ និង​​​ភ័យ​​​ខ្លាច​​​ខ្លាំង​​​ណាស់​​​”។

កាល​​​ពី​​​ខែ​​​មេសា​​​ ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​ចេញ​​​បញ្ជី​​​តម្លៃ​​​​​​សម្រាប់​​​សេវា​​​ធ្វើ​​​អត្ត​​​សញ្ញាប័ណ្ណ​​​​​​ក្នុង​​​គោល​​​បំណង​​​កាត់​​​បន្ថយ​​​អំពើ​​​ពុក​​​រលួយ​​​។ យោង​​​តាម​​​ក្រសួង​​​េនះ​​​ ការ​​​អ្វើ​​​អត្ត​​​សញ្ញាណប័ណ្ណ​​​មួយ​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​១០.០០០រៀល​​​។

ខ្មៅ​​​ ឌុប​​​ អាយុ​​​៤២​​​ឆ្នាំ ជា​​​អ្នក​​​រើស​​​អេត​​​ចាយ​​​​ដែល​​​កើត​​​ក្នុង​​​ខេត្ត​​​តាកែវ​​​ដោយ​​​មាន​​​ឪពុក​​​ជា​​​ជន​​​​​​ជាតិ​​​វៀតណាម និង​​​ម្តាយ​​​ដែល​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​បាន​​​និយាយ​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​​​​របស់​​​គាត់​​​បាន​​​ជួយ​​​គាត់​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​របស​​​់​​​នគរ​​​បាល​​​។

អ្នក​​​រើស​​​អេត​​​ចាយ​​​រូប​​​េនះ​​​បាន​​​និយាយ​​​ថា “មនុស្ស​​​គ្រប់​​​​​​គ្នា​​​អាច​​​ទទួល​​​បាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ ដោ​​​យ​​​គ្រាន់​​​តែ​​​ទៅ​​​សាលា​​​សង្កាត់​​​ ហើយ​​​ប្រសិន​​​បើ​​​អាច​​​និយាយ​​​ខ្មែរ​​​ច្បាស់​​​នោះ​​​គឺ​​​ត្រូវ​​​ចំណាយ​​​៥០​​​ដុល្លារ​​​ ប៉ុន្តែ បើ​​​និយាយ​​​ខ្មែរ​​​មិន​​​ច្បាស់​​​ទេ​​​ត្រូវ​​​អស់​​​១០០ដុល្លារ​​​។ សម្រាប់​​​ខ្ញុំ​​​វិញ​​​អស​​​់​​​៥០​​​ដុល្លារ​​​”។

នៅ​​​ពេល​​​នគរ​​​បាល​​​​​​អន្តោប្រវេសន៍​​​ឆ្មក់​​​ចូល​​​កោះ​​​ពេជ្រ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ពួក​​​គេ​​​បាន​​​ផ្តោត​​​គោល​​​ដៅ​​​សំខាន់​​​ៗ ហើយ​​បាន​​​ឲ្យ​​​​​​កម្មករ​​​សំណង់​​​និយាយ​​​ម្តង​​​ម្នាក់​​​ៗ​​​ដើម្បី​​​ចង់​​​ដឹង​​​ថា តើ​​​ពួក​​​គេ​​​ជា​​​ខ្មែរ​​​ ឬមិនមែន។​​ ដោយ​​​ផ្តោត​​​លើ​​​ការ​​​ស្តាប់​​​សូរសៀង​​​នេះ​​​ អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​ឃាត់​​​​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​បន្ថែម​​​ទៀត​​​។

នៅ​​​ក្នុង​​​ការ​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ មន្ត្រី​​​អន្តោប្រវេសន៍​​​ម្នាក់​​​ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ ព្រោះ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​បាន​​​​​​ផ្តល់​​​ព័ត៌​​​មាន​​​បន្ថែម​​​ទាក់ទិន​​​នឹ​​​ង​​​របៀប​​​នៃ​​​ការ​​​កំណត់​​​ជន​​​​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​។

មន្ត្រី​​​អន្តោប្រវេសន៍​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​ អ្នក​​​ដែល​​​កើត​​​​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​ជា​​​ផ្នែក​​​​​​នៃ​​​ដី​​​សន្ត​​​ទន្លេ​​​មេគង្គ​​​ដែល​​​បច្ចុប្បន្ន​​​ស្ថិត​​​នៅ​​​វៀតណាម​​​ខាង​​​ត្បូង ប៉ុន្តែ​​​កាល​​​ពី​​​មុន​​​ជា​​​ផ្នែក​​​នៃ​​​ទឹក​​​ដី​​​​​​របស់​​​អាណាចក្រ​​​ខ្មែរ​​​នោះ​​​ថា “ខ្មែរក្រោម​​​ គេ​​​អនុញ្ញាត​​​ឲ្យ​​​រួច​​​ខ្លួន​​​”។

មន្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា “ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​​​​មាន​​​តែ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​វៀតណាម​​​ក៏​​​ដោយ​​​​​​ តែ​​​​យើង​​​អាច​​​មើល​​​ស្គាល់​​​តាម​​​រយៈ​​​រាង​​​រៅ​​​មុខ​​​មាត់​​​​​​​​​​​​​​ និង​​​សម្តី​​​សម្តៅ​​​របស់​​​ពួក​​​គេ​​​ដែល​​​ជា​​​ខ្មែរ​​​។​​​ វាគ្មាន​​​បញ្ហា​​​ទេ​​​”។

ខណៈ​​​អ្នកស្រី​​​ សុខ លី ដែល​​​ជាម្តាយ​​​កំពុង​​​មាន​​​ជំងឺ​​​មួយ​​​រូប​​​កំពុង​​​រង់​​​ចាំ​​​នៅ​​​ឯផ្ទះ​​​កាល​​​ពី​​​យប់​​​មិញ​​​​​​ ដោយ​​​សង្ឃឹម​​​ថា ប្តី​​​របស់​​​ខ្លួន​​​នឹង​​​ប្រឡប់​​​ពី​​​កន្លែង​​​ឃុំ​​​ខ្លួន​​​មក​​​វិញ​​​​​​នោះ ឧត្តម​​​សេនីយ៍ទោ អ៊ុក ហៃ​​​សិលា ​​​បាន​​​ធានា​​​ចំពោះ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា គេ​​​នឹង​​​មិន​​​បណ្តោយ​​​ឲ្យ​​​អ្នក​​​ស្រី​​​រស់​​​នៅ​​​តែ​​​ម្នាក់​​​ឯង​​​​​​ដោយ​​​គ្មាន​​​ទីពឹង​​​ឡើយ​​​ ប្រសិន​​​បើ​​​ប្តី​​​គាត់​​​ត្រូវ​​​បាន​​​និរទេស​​​ខ្លួន​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​មិន​​​​​​ធ្វើ​​​ដូច្នោះ​​​ទេ។ ប្រសិន​​​បើ​​​យើង​​​និរទេស​​​ប្តី​​​របស់​​​គាត់​​​​​​​​​ យើង​​​ក៏​​​នឹ​​​ង​​​ត្រូវ​​​ទៅ​​​​​​ទទួល​​​យក​​​គាត់​​​ ហើយ​​​និរទេស​​​ពួក​​​គាត់​​​ទាំង​​​គ្រួសារ​​​តែ​​​ម្តង​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស