
ខ្សែភាពយន្តថ្មីរៀបរាប់អំពីឆាកជីវិតនិងមរណភាពនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងជ័យលាភីរង្វាន់អូស្កា លោក ហាំង ង៉ោ
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៦ លោក ហាំង ង៉ោ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងតួសម្តែងទទួលបានជ័យលាភីអូស្កានៅក្នុងរឿងដែលមានចំណងជើងថា “វាលពិឃាដ” ត្រូវបានគេបាញ់ស្លាប់នៅខាងក្រោយគេហដ្ឋានរបស់លោកក្នុងក្រុងឡូស អានហ្ជេលឡិស។ ពីរឆ្នាំក្រោយមក សមាជិកបីនាក់នៃក្រុមជើងកាង”អូរៀនថល ឡេហ្ស៊ី ប៊យហ្ស៍” ត្រូវបានរកឃើញថាមានទោសពីបទសម្លាប់លោកវេជ្ជបណ្ឌិតដែលក្លាយជាតួកុនក្នុងពេលមានអំពើប្លន់មួយមិនបានសម្រេច។
ប៉ុន្តែបើកមើលកាសែតពេលព្រឹកនៅឯគេហដ្ឋានក្រុងឡូស អានហ្ជេលឡិសរបស់លោកក្នុងខែមករា ឆ្នាំ២០១០ លោក អ័រហ្ស៊ឺ ដុង ផលិតករខ្សែភាពយន្ត បានប្រទះឃើញអត្ថបទមួយស្តីពីតុលាការខ្មែរក្រហម ដែលក្នុងនោះ អតីតប្រធានមន្ទីរសន្តិសុខស-២១ គឺកាំង ហ្កេកអ៊ាវ ហៅឌុច បានផ្តល់នូវការពន្យល់ខុសគ្នាទៅលើមរណភាពរបស់លោកវេជ្ជបណ្ឌិតនោះ។
លោក ឌុច បានប្រាប់តុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០០៩ថា “ហាំង ង៉ោត្រូវបានគេសម្លាប់ ពីព្រោះគាត់សម្តែងរឿង’វាលពិឃាដ’ ហើយគេចង់សម្លាប់ខ្ញុំនិងប្រពន្ធខ្ញុំដើម្បីបិទមាត់យើង”។
ដោយធ្វើឲ្យចាប់អារម្មណ៍ដោយការអះអាងរបស់ឌុច លោក ដុង បានស្រាវជ្រាវទៅក្នុងស្វ័យជីវប្រវត្តិរបស់លោក ហាំង ង៉ោ ដែលមានចំណងជើងថា”ការរស់រានមានជីវិតពីរបបវាលពិឃាដ” ដែលមានកកធូលីនៅលើធ្នើរក្នុងផ្ទះរបស់លោក។ ដោយជក់ចិត្ត ផលិតករភាពយន្តរូបនេះបានសម្រេចចិត្តផលិតភាពយន្តឯកសារ។
លោក ដុង បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយកាលពីដើមខែនេះថា “ខ្ញុំចងចាំឃាតកម្មនោះ និងអ្វីដែល[ឌុច]បាននិយាយគឺបដិសេធជំនឿនោះទាំងស្រុង ហើយខ្ញុំរស់នៅមិនឆ្ងាយពីក្រុងឡុងប៊ិចទេ ដែលជាក្រុងខ្មែរ ហើយមានការកើតទុក្ខក្នុងសហគមន៍ ប៉ុន្តែពួកគេមិនដែលនិយាយជាសាធារណៈអំពីរឿងនោះទេ ហើយពិតជាជាប់ចិត្តនឹងស្ថានការណ៍ទាំងនោះ”។
ផលិតកររូបនេះដំបូងឡើយមានផែនការផលិតភាពយន្តសាមញ្ញអំពីជីវិតលោក ហាំង ង៉ោ ពោលគឺពេលលោកធ្វើជាវេជ្ជបណ្ឌិតក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ការរស់រានមានជីវិតពីរបបព៉ុល ពត ការសាងបានកេរ្តិ៍ឈ្មោះនៅក្នុងរឿង”វាលពិឃាដ” និងការធ្វើជាសកម្មជន។ ប៉ុន្តែពេលបញ្ចប់ឈុត”ការរស់រានមានជីវិតពីវាលពិឃាដ” ផលិតកររូបនេះក៏បានសម្រេចចិត្តដោះស្រាយកត្តានយោបាយដែលនាំឲ្យមានការឡើងកាន់អំណាចរបស់ខ្មែរក្រហមដែរ។
លោក ដុង បាននិយាយថា “ខ្ញុំគិតថា ខ្ញុំជាតួយ៉ាងនៃអាមេរិកាំងភាគច្រើន…នៅក្នុងរឿងនោះ យើងដឹងអំពីអ្វីដែលបានកើតឡើងក្នុងពេលសង្គ្រាម ដែលយើងរៀនពី’វាលពិឃាដ’។ ហើយរឿងនោះបានប្រាប់សាច់រឿងមួយ និងទស្សនមួយ ហើយវាជារឿងនាដកម្ម”។
ផលិតកររូបនេះបាននិយាយដោយរាប់បញ្ចូលការលុកលុយសហរដ្ឋអាមេរិកទៅក្នុងកម្ពុជាក្នុងពេលសង្គ្រាមឥណ្ឌូចិនទីពីរ និងការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ឲ្យកសិករចូលរួមកម្លាំងកុម្មុយនិស្តថា “អ្វីដែលវាមិនបានចូលទៅដល់ ដែលវេជ្ជបណ្ឌិត ង៉ោ បានសរសេរក្នុងសៀវភៅ គឺនយោបាយសាកលស្មុគ្រស្មាញនិងការប្រើកលល្បិចនិងអំណាច”។
បន្ទាប់ពីទទួលបានការយល់ព្រមពីក្រុមគ្រួសារលោក ហាំង ង៉ោ លោកដុង បានធ្វើដំណើរតាមយន្តហោះមកកាន់ក្រុងភ្នំពេញ ហើយចាប់ផ្តើមស្រាវជ្រាវយ៉ាងហ្មត់ចត់ក្នុងមជ្ឈមណ្ឌលបណ្ណសារបុប្ផាណា ដើម្បីស្វែងរករូបឯកសារគាត់។ អ្នកស្រី សុភីយ៉ា ង៉ោ ដែលបានយកមកចិញ្ចិមដោយឪពុកមារបស់អ្នកស្រីនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានភៀសខ្លួនពីប្រទេសកម្ពុជា ហើយបានចំណាយពេល២ឆ្នាំនៅក្នុងជំរំជនភៀសខ្លួនថៃ ក៏បានផ្តល់សិទ្ធិដល់ផលិតកររូបនេះទទួលបានរូបភាពវីដេអូ ទស្សនាវដ្តី និងលិខិតទាំងឡាយដែលប្រមូលទុកដោយឪពុកមារបស់នាង រួមជាមួយរបស់របរផ្ទាល់ខ្លួន រួមមានវែនតានិងសម្ភារដេររបស់គាត់ផងដែរ។
អ្នកស្រី ង៉ោ បាននិយាយពីញូវយ៉កថា “បន្ទាប់ពីឪពុកមាខ្ញុំត្រូវគេសម្លាប់ យើងបានវេចខ្ចប់អីវ៉ែអីវ៉ាន់ ហើយដាក់អ្វីគ្រប់យ៉ាងទៅក្នុងកេស គឺរបស់របរគាត់ទាំងអស់ ហើយយើងបញ្ជូនរបស់របរទាំងអស់ទៅញូវយ៉ក ហើយខ្ញុំបានបិទស្លាកលើរបស់របរគ្រប់យ៉ាង និងសង្ឃឹមថាថ្ងៃណាមួយ របស់របរនឹងក្លាយជាឯកសារភាពយន្ត”។

លោក ដុង បញ្ចប់ឈុត”វាលពិឃាដនៃហាំង ង៉ោ”ក្នុងខែមេសា។ ឯកសារភាពយន្តបែបពិព៌ណនារួមបញ្ចូលរូបភាពប័ណ្ណសារ គំនូរជីវចល និងបទសម្ភាសដែលផលិតករភាពយន្តរូបនេះបានធ្វើឡើងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងអតីតសហសេវិក។
ខ្សែភាពយន្តត្រូវបានរៀបរាប់ភាគច្រើនដោយក្មួយប្រុសលោក ហាំង ង៉ោ គឺលោក វ៉េន ង៉ោ ជាមន្ត្រីប៉ូលិសក្រុងញូវយ៉ក។
លោក ដុង បាននិយាយថា “គាត់មិនមែនជាតួសម្តែងទេ ដូច្នេះវាជាការអានគួរឲ្យចាប់អារម្មណ៍។ ខ្ញុំបានចំណាយពេលមួយរសៀលជាមួយគាត់នៅក្នុងស្ទូឌីយ៉ូថតសំឡេងនៅក្នុងញូវយ៉ក ហើយខ្ញុំពិតជាមិនជឿទេ រហូតទាល់តែដល់នាទីចុងក្រោយ ទើបជាទិសដៅដែលខ្ញុំធ្វើដំណើរទៅ។
លោក ដុង បន្តថា “ប៉ុន្តែគួរឲ្យរំភើប មានឥទ្ធិពលដែលមិនអាចផ្លាស់ប្តូរបាន មានការជាប់សាច់ញាតិគួរឲ្យរំភើបដែលលោកអ្នកដឹងថា សំឡេងនេះជាសំឡេងក្មួយប្រុសរបស់លោកវេជ្ជបណ្ឌិត ង៉ោ ហើយមិនថាតើតួសម្តែងអាចអានបទពិពណ៌នាប្រកបដោយវោហារកោសល្យនិងគួរឲ្យរំភើបប៉ុន្មាននោះទេ លោកអ្នកនឹងមិនដែលមានការជាប់សាច់ញាតិបែបហ្នឹងទេ។ មួយសន្ទុះក្រោយមក វេជ្ជបណ្ឌិត ង៉ោនិងការរៀបរាប់របស់វ៉េនលាយឡំចូលគ្នា”។
ទោះបីជាសេចក្តីថ្លែងការណ៍គួរឲ្យចាប់អារម្មណ៍របស់ឌុចទាក់ទងនឹងឃាតកម្ម បានជំរុញសេចក្តីប្រាថ្នាលោក ដុង ឲ្យផលិតជាខ្សែភាពយន្តក៏ដោយ ក៏ផលិតករខ្សែភាពយន្តរូបនេះមិនបានបញ្ចប់ការរកឃើញភ័ស្តុតាងថ្មីៗស្តីពីសាច់រឿងពិតនៅពីក្រោយមរណភាពរបស់លោក ហាំង ង៉ោដែរ ហើយលោកសប្បាយចិត្តនឹងថតជាឯកសារនូវការអះអាងខុសៗគ្នា។
ផ្នែកចុងក្រោយនៃឯកសារពិណ៌នាអំពីបងធំទី២របស់ប៉ុល ពត គឺនួន ជា និងប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន ពោលគឺមេដឹកនាំដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទធ្វើឲ្យស្លាប់មនុស្សប្រមាណ១,៧លាននាក់ ក្នុងអំឡុងពេលសម័យខ្មែរក្រហម ដែលអ្នកទាំងពីរត្រូវបានកាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ផលិតករខ្សែភាពយន្តរូបនេះ បាននិយាយថា “ខ្ញុំបញ្ចប់រឿងនេះដោយមានសំណួរធំមួយ គឺសរុបសេចក្តីនៃវេជ្ជបណ្ឌិត ហាំង ង៉ោ ថាមានអ្វីកំពុងកើតឡើង ហើយមានអ្វីនៅតែកើតឡើង ថាតើយើងនៅតែកំពុងខំប្រឹងពុះពារ ហើយយើងនៅតែកំពុងព្យាយាមស្វែងរកការដាក់កំហុស ប៉ុន្តែយើងនៅតែខំពុះពារឲ្យអស់សមត្ថភាព”។
រឿងវាលពិឃាដនៃហាំង ង៉ោ ត្រូវបានចាក់បញ្ចាំងនៅឯមហោស្រពភាពយន្តឡូស អានហ្ជេលឡិស អាស៊ីប៉ាស៊ីហ្វិក និងនៅឯមហោស្រពភាពយន្តអន្តរជាតិ ស៊ីអាតថល ហើយលោក ដុង សង្ឃឹមថានឹងនាំយកភាពយន្តនេះមកកម្ពុជា ដើម្បីចាក់បញ្ចាំងក្នុងក្រុងភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ក៏ដូចជានៅឯភូមិកំណើតរបស់លោក ហាំង ង៉ោ នៅក្នុងខេត្តតាកែវផងដែរ។
លោក ដុង បានមានប្រសាសន៍ថា “ខ្ញុំមិនចង់ឲ្យឃាតកម្មនេះក្លាយជាអ្វីដែលប្រជាជនបានចងចាំទេ។ ខ្ញុំគិតថា ឃាតកម្មនេះ គឺជាផ្នែកនៃឆាកជីវិតរបស់គាត់ ពោលគឺវាជាពេលវេលាដ៏សំខាន់បំផុតនៃឆាកជីវិតគាត់ លោកអ្នកមិនអាចព្រងើយកន្តើយបានទេ ប៉ុន្តែខ្ញុំចង់ចាត់ទុករឿងនេះជាចំណុចសំខាន់ក្នុងឆាកជីវិតគាត់។ ឃាតកម្មមិនបញ្ចប់កេរដំណែលគាត់ទេ តាមពិតទៅ រឿងនេះជំរុញឲ្យរឿងនេះកើតឡើង ហើយវាធ្វើឲ្យរឿងនេះបន្តកើតឡើង”៕ រើន
