អ្នកនិពន្ធ ចន ប៊ឺចេស ស្រាវជ្រាវប្រវត្តិប្រាសាទព្រះវិហារ
ពីដើមដំបូង ប្រាសាទនេះមានន័យយ៉ាងពិសេស។
ហេតុអ្វីបានជាមនុស្សសាងសង់ប្រាសាទនេះនៅលើកំពូលភ្នំ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ បន្ទាប់ពីរចនាសម្ព័ន្ធដំបូងត្រូវបានសាងសង់ នៅតែពិបាកឡើងនិងប្រើពេលយូរទម្រាំនឹងទៅដល់?
ប្រាសាទនោះដែលប្រើសម្រាប់ការបួងសួងនិងសមាធិ បានជំពាក់វាក់វិននឹងសង្គ្រាមព្រំដែន។ នៅពេលដែលស្តេចខ្មែរនាំយកបំណែកថ្មមួយដុំដែលតំណាងទេវៈនៅលើភ្នំដ៏ចោតនាសតវត្សរ៍ទី៩ តំបន់ទាំងមូលជាផ្នែកនៃអាណាចក្រខ្មែរ។
ប៉ុន្តែ អ្វីដែលសៀវភៅរបស់លោក ចន ប៊ឺចេស ដែលមានចំណងជើងថា “ប្រាសាទកប់ក្នុងពពក” បញ្ជាក់យ៉ាងច្បាស់ចាប់ពីទំព័រទី១ គឺថា សព្វថ្ងៃនេះ ក៏ដូចជា១០០០ឆ្នាំមុនដែរ ព្រះវិហារនៅតែអស្ចារ្យ។

អ្នកនិពន្ធរូបនេះសរសេរនៅក្នុងសៀវភៅដែលចេញផ្សាយថ្មីៗនេះដោយ រីវើប៊ុក នៅក្រុងបាងកកថា “វាជាការធ្វើដំណើរបែបសាសនា”។
អ្នកនិពន្ធរូបនេះសរសេរអំពីការឡើងប្រាសាទដោយប្រើរយៈពេលយូរថា “ការឡើងទៅឋានសួគ៌មិនមែនជាការងាយស្រួលទេ ប៉ុន្តែ នៅឯព្រះវិហារលោកអ្នកទទួលការជួយពីអ្នកបើកម៉ូតូ។ លោកអ្នកអង្គុយនៅខាងក្រោយអ្នកបើកម៉ូតូ…. មុននឹងលោកអ្នកដឹងនោះ ផ្លូវបត់បែនកោងយ៉ាងខ្លាំងហើយមានជម្រាលចោតគួរឲ្យព្រឺព្រួច។
ប៉ុន្តែ អ្នករត់ម៉ូតូឌុបអាចដឹកអ្នកមកដល់ត្រឹមតែទីនេះ គឺគេត្រូវដើរចម្ងាយ៨០០ម៉ែត្រដើម្បីទៅដល់រចនាសម្ពន្ធសំខាន់ នៅលើភ្នំកម្ពស់៥២០ម៉ែត្រដែលមើលឃើញប្រទេសកម្ពុជានៅទិសខាងត្បូងនិងប្រទេសថៃនៅទិសខាងជើង។
លោក ប៊ឺចេស បាននិយាយក្នុងកិច្ចសម្ភាសថា រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ ទីតាំងយុទ្ធសាស្ត្ររបស់ប្រាសាទនាំឆ្ពោះទៅកាន់ប្រាសាទព្រះវិហារដែលជាប់ទាក់ទងនឹងជម្លោះប្រដាប់អាវុធជាច្រើនលើកច្រើនសារវាងប្រទេសទាំងពីរ ដោយធ្វើឲ្យប្រាសាទនេះក្លាយជានិមិត្តរូបនៃឯកភាពជាតិ។
អ្នកនិពន្ធរូបនេះបាននិយាយថា “មិនមានជនជាតិខ្មែរណាម្នាក់ដែលថា មិនឮឈ្មោះប្រាសាទព្រះវិហារនោះទេ ពោលគឺគេគ្រប់គ្នាស្គាល់ប្រាសាទនេះ គេគ្រប់គ្នាដឹងថា វាជាប្រាសាទខ្មែរ ហើយពួកគេមានមោទនភាពយ៉ាងខ្លាំងចំពោះប្រាសាទនេះ”។
នៅក្នុងសៀវភៅ លោក ប៊ឺចេស ពន្យល់អំពីប្រវត្តិនៃប្រាសាទនិងជាពិសេសព្រឹត្តិការណ៍ទាំងឡាយកាលពី១០០ឆ្នាំកន្លងមកនេះ ដែលរួមបញ្ចូលប្រាសាទនេះពីរដងជាប្រធានបទនៃក្តីក្តាំនៅឯតុលាការយុត្តិធម៌អន្តរជាតិ។
ជាអ្នកកាសែតសរសេរឲ្យ វ៉ាស៊ីនតោនប៉ុស្តិ៍ ដំបូងលោកមកលេងប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៧៤ ក្នុងខណៈដែលសង្គ្រាមស៊ីវិលកំពុងតែផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ហើយទាហានសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ កំពុងវាយប្រហារខ្មែរក្រហម។
កងទ័ពសាធារណរដ្ឋខ្មែររស់នៅលើកំពូលភ្នំជាមួយគ្រួសាររបស់គេ ហើយដូចជាឃើញនៅក្នុងរូបថតនៅក្នុងសៀវភៅនេះ ថែមទាំងបានសង់សាលាមួយខ្នងសម្រាប់កូនចៅគេរៀនសូត្រ ហើយបង្កើតច្បារដំាដំណាំមួយកន្លែង។
លោក ប៊ឺចេស បាននិយាយក្នុងបទសម្ភាសកាលពីដើមខែនេះថា “ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាធារណរដ្ឋខ្មែរបានកាន់កាប់ប្រាសាទនេះ។ តាមពិតទៅ ប្រាសាទនេះជាទីតាំងចុងក្រោយនៅក្នុងប្រទេសកម្ពុជាដែលធ្លាក់ចូលក្នុងកណ្តាប់ដៃខ្មែរក្រហម ប្រហែលជាប្រាំ ឬប្រាំមួយសប្តាហ៍បន្ទាប់ពីការដួលរលំនៃក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សាធារណរដ្ឋខ្មែរបានកាន់កាប់ព្រះវិហារប្រាំសប្តាហ៍មកទៀត”។
ថ្មីៗកន្លងទៅនេះ ការប៉ះទង្គិចគ្នារវាងទាហានថៃនិងទាហានកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ២០០០ និងទសវត្សរ៍ឆ្នាំ២០១០ ដែលនាំឲ្យមានការប្រយុទ្ធគ្នាដោយអាវុធ និងស្លាប់ ធ្វើឲ្យប្រាសាទនេះឃ្លាតឆ្ងាយពីគោលបំណងដើមរបស់ខ្លួនគឺជាទីសក្ការបូជា។
លោក ប៊ឺចេស សរសេរថា ទោះបីជាការសរសេរដំបូងទាក់ទងនឹងព្រះវិហារមានចុះកាលបរិច្ឆេទពីដើមសតវត្សរ៍ទី៩ ដោយមានសិលាចារឹក ដែលនិយាយថា បុត្រាព្រះបាទជ័យវរ្ម័នទី២បានយកថ្មសក្ការបូជាមួយផ្ទាំងទៅកាន់ភ្នំនោះ គេជឿថាមានប្រាសាទហិណ្ឌូតូចមួយនៅទីនោះរួចទៅហើយ។
អ្នកនិពន្ធរូបនេះបានសរសេរថា “ប្រហែលមានប្រាសាទមួយដ៏តូចច្រឡឹងនៅចំកំពូលភ្នំ ហើយកសាងអំពីឈើដោយបញ្ជាក់ថា ស្លាកស្នាមនៃប្រាសាទនោះតាំងពីពេលនោះមកបានបាត់អស់”។

ជាទីសក្ការបូជាផ្នែកសាសនាដែលឧទ្ទិសចំពោះព្រះសិវៈ គេជឿថា ស្តេចខ្មែរជាច្រើនអង្គបានកសាងរចនាសម្ព័ន្ធនៅប្រាសាទព្រះវិហារ ដែលតភ្ជាប់តាមផ្លូវថ្នល់ទៅកាន់រាជធានីអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាបនាបច្ចុប្បន្ននេះ។ ប៉ុន្តែ មានការកត់សម្គាល់ឥឡូវនេះថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ នាដើមសតវត្សរ៍ទី១១។
លោក ប៊ឺចេស បានសរសេរថា ចាប់តាំងពីភ្នំនានាត្រូវបានបង្កើតឡើងដោយស្រទាប់ថ្មីត្រួតលើគ្នា អ្នកស្ថាបនាដែលបញ្ជូនដោយព្រះមហាក្សត្របានរកឃើញថ្មទាំងឡាយនៅលើទីតាំងនោះ។ ថ្មពណ៌លឿងដោយមានដុំក្រហមៗ ដែលមានអាយុកាល១៤០លានឆ្នាំមុន បានក្លាយជាសម្ភារសំខាន់របស់ជាងកំបោរ”។
អ្នកសាងសង់បានបង្កើតច្រកចូលប្រវែង៨០០ម៉ែត្រតាមគោបុរទាំងប្រាំ។ រចនាសម្ពន្ធនៅឯកំពូលរួមមានតួប្រាសាទមួយដែលបាក់ស្រុតក្លាយជាគំនរថ្ម ដែលត្រូវបានបំផ្លាញទាំងស្រុង ដែលគេជឿជាក់ថា តួប្រាសាទនេះត្រូវបានបំផ្លាញចោលដោយចេតនាជាច្រើនទសវត្សរ៍ទៅហើយ។
លោក ប៊ឺចេស សរសេរថា អ្វីដែលបានកើតឡើងនៅឯប្រាសាទព្រះវិហារ ពេលដែលស្តេចខ្មែរចាកចេញពីអង្គរហើយផ្លាស់រាជធានី នៅស្រពិចស្រពិលនៅឡើយ។
លោក ប៊ឺចេស សរសេរថា “អ្វីដែលយើងដឹងគឺថា ក្នុងពេលដែលសតវត្សរ៍ទី១៩ជិតចប់ ប្រាសាទនេះគឺជាប្រាសាទបែកបាក់ដែលគ្មានការថែទាំ…. ដំរីព្រៃរកចំណីស៊ីនៅលើបរិវេណនោះ។ ស្មៅដុះទ្រុបទ្រុលចេញពីក្រហែងថ្ម។ ជួនកាលអ្នកស្រុកពីរបីនាក់មកធ្វើពិធីសែនព្រេនបែបសាសនា។ អ្នកជីករកវត្ថុបុរាណបានមកទីនេះដើម្បីរកអ្វីដែលគេចង់បាន ប៉ុន្តែ ពួកគេស្ទើរតែមិនដឹងថា ព្រះវិហារនៅមាននៅឡើយទេ”។
ប្រាសាទនេះស្ទើរតែមិនមានផ្លូវចូលទៅដល់។
នៅខែសីហាឆ្នាំ១៨៦៣ ព្រះមហាក្សត្រ នរោត្តម ដែលបានឡើងសោយរាជ្យបល័្លង្កដោយមានការគាំទ្រផ្នែកយោធាពីសៀម បានចុះហត្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាលជាមួយប្រទេសបារាំងដើម្បីជាមធ្យោបាយទប់ស្កាត់ការគ្រប់គ្រងរបស់សៀមមកលើកម្ពុជា។
អ្នកស្រាវជ្រាវជនជាតិបារាំងខ្នះខ្នែងស្រាវជ្រាវរកសំណល់នៃអាណាចក្រដ៏មានឥទ្ធិពល។ ពួកគេចាប់ផ្តើមសិក្សាអំពីប្រាសាទអង្គរ ហើយធ្វើគម្រោងជុសជុលឡើងវិញ ទោះបីជាមិនមានអំណាចនៅឯអង្គរក៏ដោយ ក្នុងខណៈដែលខេត្តនិងបណ្តាខេត្តភាគពាយព្យដទៃទៀតបានស្ថិតក្រោមការត្រួតត្រារបស់ប្រទេសសៀមចាប់តាំងពីសតវត្សរ៍ទី១៨មកម្លេ៉ះ។
ភ្លាមនោះក្រុមអ្នកស្រាវជ្រាវដឹងថា មានប្រាសាទសំខាន់ៗផងដែរឆ្ងាយពីអង្គរ។ បុរសជនជាតិបារាំងទី១ដែលមកដល់ប្រាសាទព្រះវិហារមុនគេប្រហែលឆ្នាំ១៨៨៣ គឺភាសាវិទូ អុីស៊ាន អៃម៉ូញ៉េ ដែលធ្វើដំណើរទូទាំងប្រទេសដើម្បីធ្វើសារពើភណ្ឌលើប្រាសាទនានា និងផ្តិតយកសិលាចារឹក បន្ទាប់មកទៀតគឺ អុីស៊ាន លូណេ ដឺ ឡាហ្សង់គ្យែរ ក្នុងខែមីនា ឆ្នាំ១៩០៥។ មន្ត្រីយោធាបារាំង និងជាអ្នកគូរប្លង់បានគូរគម្រោងជាក់លាក់យ៉ាងខ្លាំងចំពោះទីតាំងនិងអគារនានា។ អ្នកគូរប្លង់រូបនេះថែមទាំងបានគូរពីដីនិងទិដ្ឋភាពពីលើនៃប្រាសាទព្រះវិហារ។
លោក ប៊ឺចេស សរសេរថា “រូបភាពត្រូវបានផលិតឡើងវិញម្តងហើយម្តងទៀត រួមមាននៅលើក្រដាសប្រាក់កម្ពុជាសម័យទំនើប។ រូបថតពីលើអាកាសគ្រាន់តែមិនអាចប្រៀបធៀបគ្នាបានទេ។ ទេសចរជនជាតិបារាំងទី៣ គឺជាវិចិត្រករ អ្នកនិពន្ធ និងស្ថាបនិកអនាគតនៃសារមន្ទីរជាតិកម្ពុជា គឺលោក ហ៊្សក ហ្គ្រោលីយេ ដែលមានអាយុ២០ឆ្នាំប្លាយប៉ុណ្ណោះ។ ដោយចាត់ចែងឲ្យធ្វើដំណើរទៅកាន់ប្រាសាទខ្មែរដាច់ស្រយាល គេប្រាប់លោកឲ្យប្រយ័ត្ននឹងដំរីព្រៃ ខ្លា និងពួកឧទ្ទាមសៀមនៅឯព្រះវិហារ។ អ្នកទេសចររូបនេះបានមកដល់ក្នុងខែកក្កដា ឆ្នាំ១៩១៣ ហើយចំណាយពេល១១ថ្ងៃនៅឯប្រាសាទព្រះវិហារ ដោយវាស់វែងនិងគូសប្លង់រាល់រចនាសម្ពន្ធ។ ទីបំផុតនៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ លោក ហង់រី ប៉ាម៉ង់ស្យេ នៃសាលាបារាំងចុងបូពា៌ ជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាលបារាំងដែលទទួលបន្ទុកការជុសជុលប្រាសាទឡើងវិញនៅក្នុងប្រទេសកម្ពុជា បានធ្វើដំណើរបីដងទៅកាន់ប្រាសាទព្រះវិហារ ដើម្បីសិក្សានិងគូសព្រាងប្រាសាទនេះដោយមានសេចក្តីពិស្តារល្អិតល្អន់។
គឺលោក ហង់រី ប៉ាម៉ង់ស្យេ នៅពេលដែលទទួលបានដំណឹងពីមនុស្សម្នាក់នៅក្រុងបាងកកថា ឥស្សរជននយោបាយថៃល្បីល្បាញមួយរូបគឺ ព្រះអង្គម្ចាស់ ដាំរុ៉ង មានគម្រោងធ្វើទស្សនកិច្ចប្រាសាទព្រះវិហារ បានចាប់ផ្តើមធ្វើដំណើរថ្មើរជើងរយៈពេលបួនថ្ងៃ ដើម្បីទៅដល់ប្រាសាទ ហើយមានការសាងសង់ទីនាំងដើម្បីទទួលព្រះអង្គម្ចាស់ ហើយគេក៏បោះបង្គោលមួយដើម្បីបង្ហោះទង់ជាតិបារាំង។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៣០ នៅពេលដែលព្រះអង្គម្ចាស់ ដាំរុ៉ង និងបរិវាររបស់ព្រះអង្គមកដល់ពីខាងប្រទេសថៃ ពួកគេទទួលស្វាគមន៍ដោយលោក ប៉ាម៉ង់ស្យេ និងអ្នកតំណាងបារាំងក្នុងឯកសណ្ឋានផ្លូវការ។ បារាំងបានឃើញថា នេះជាឱកាសដើម្បីបញ្ជាក់ឲ្យច្បាស់ថា ព្រះវិហារជាទ្រព្យសម្បត្តិរបស់ខ្មែរ ហើយលោក ប៉ាម៉ង់ស្យេ នឹងពន្យល់ក្រោយមកទៀត។
ពេលនោះគេគ្រប់គ្នាមានការគួរសម ហើយទោះបីជាព្រះអង្គម្ចាស់ថៃក្រោយមក រៀបរាប់បញ្ហានេះថា ជាភាពឥតអៀនខ្មាសរបស់បារាំងក៏ដោយ ក៏ព្រះអង្គក្រោយមកបានអរគុណអាជ្ញាធរបារាំង ហើយថែមទាំងបញ្ជូនឲ្យពួកគេនូវរូបថតដែលបានថតក្នុងពេលដំណើរទស្សនកិច្ចរបស់ព្រះអង្គ។
លោក ប៊ឺចេស សរសេរថា ឧប្បត្តិហេតុដែលនាំឲ្យប្រាសាទនេះស្ថិតនៅជាផ្លូវការនៅលើព្រំដែនកម្ពុជា បានចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ១៨៩០។ ដោយគ្រប់គ្រងលើប្រទេសវៀតណាមនិងប្រទេសកម្ពុជា ប្រទេសបារាំងបានសម្លឹងមើលប្រទេសឡាវ ដែលប្រទេសថៃចាត់ទុកថា ស្ថិតក្នុងដែនឥទ្ធិពលរបស់ខ្លួន។ ក្រោយពីកើតឧប្បត្តិហេតុពីរបីលើកមក នាវាយោធាបារាំងពីរគ្រឿងបានធ្វើដំណើរឆ្ពោះទៅក្រុងបាងកក ហើយបន្ទាប់ពីការបាញ់តគ្នា ដោយមានការខូខាតទាំងសងខាង នាវាបារាំងបានបោះយុថ្កានៅក្បែរស្ថានទូតរបស់ខ្លួននៅក្រុងបាងកក។
ដោយទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ប្រទេសថៃនៅពេលនោះហៅថា សៀមអនុញ្ញាតឲ្យបារាំងគ្រប់គ្រងប្រទេសឡាវទាំងរារែកចិត្ត ពង្រីកទឹកដីកម្ពុជាតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ហើយទទួលមកវិញនូវខេត្តភាគពាយព្យ។ (ប្រទេសថៃឆ្លៀតយកប្រយោជន៍ពីសង្គ្រាមលោកលើកទី២ដើម្បីកាន់កាប់ឡើងវិញនូវខេត្តភាគច្រើនទាំងនោះពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៦។)

គណៈកម្មាធិការបារាំងថៃបានបង្កើតឡើង ដើម្បីកំណត់ព្រំដែនកម្ពុជាដោយសារតែព្រំដែននោះមិនត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ នេះមានន័យថា ត្រូវចុះស្រាវជ្រាវដល់ទីកន្លែងនៅតាមជួរភ្នំដងរែក ដែលមានប្រាសាទព្រះវិហារនៅទីនោះ។
ឯកសារដែលកំណត់ព្រំដែនត្រូវបានយល់ព្រមនិងចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ១៩០៧។ បារាំងទទួលភារកិច្ចគូសផែនទី ហើយបញ្ជូនច្បាប់ចម្លងថ្វាយព្រះអង្គម្ចាស់ ដាំរ៉ុង ដែលនៅពេលនោះព្រះអង្គជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសថៃ។ ដំបូងបារាំងបញ្ជូន៥០ច្បាប់ឲ្យព្រះអង្គ ហើយបន្ទាប់មក១៥ច្បាប់ថែមទៀត ដែលព្រះអង្គបានស្នើសុំសម្រាប់ឲ្យអភិបាលខេត្តថៃទាំងឡាយ។ ហើយនៅលើផែនទីនីមួយៗ ប្រាសាទព្រះវិហារត្រូវបានកំណត់យ៉ាងច្បាស់លាស់ដោយគំនូសខ្វែងពីរនៅខាងព្រំដែនកម្ពុជា។ អំឡុងពេលចុងទសវត្សរ៍ឆ្នាំ១៩៤០និងឆ្នាំ១៩៥០ ជម្លោះទាក់ទងនឹងប្រាសាទកាន់តែអាក្រក់ឡើង ប្រទេសថៃបន្តដាក់ឆ្មាំការពារនៅឯប្រាសាទព្រះវិហារ ដោយបដិសេធមិនដកពួកគេចេញពីប្រាសាទ ទោះបីជាមានការដាក់ពាក្យបណ្តឹងដោយភាគីកម្ពុជាក៏ដោយ។
នៅឯកិច្ចប្រជុំក្នុងក្រុងបាងកក ក្នុងខែសីហា ឆ្នាំ១៩៥៨ ថៃបានរៀបរាប់ថា ប្រទេសកម្ពុជានៅពេលនោះជាប្រទេសឯករាជ្យ មិនអាចរំពឹងថា ប្រទេសថៃនឹងគោរពពេញលេញលើសន្ធិសញ្ញាដែលយល់ព្រមបានទេ ក្នុងពេលដែលប្រទេសកម្ពុជាគឺជាប្រទេសក្រោមអាណាព្យាបាលបារាំង។ កម្ពុជាបកស្រាយរឿងនេះថា ប្រទេសថៃចង់បានមិនត្រឹមតែប្រាសាទព្រះវិហារទេ ប៉ុន្តែ ថែមទាំងបណ្តាខេត្តភាគខាងលិចនៃប្រទេសផងដែរ។
ក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៨ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គម្ចាស់ នរោត្តម សីហនុ បានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ ហើយនៅក្នុងខែតុលា ឆ្នាំ១៩៥៩ បានដាក់ពាក្យប្តឹងរឿងក្តីប្រាសាទព្រះវិហារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅក្រុងឡាអេ។
យោងតាមសាក្សីជំនាញរបស់ថៃឲ្យដឹងថា ការជំនុំជម្រះក្តីនៅដើមឆ្នាំ១៩៦២ មានរយៈពេល២៥ថ្ងៃ ក្នុងពេលនោះប្រទេសថៃបានសួរទាក់ទងនឹងសុពលភាពនៃផែនទីឆ្នាំ១៩០៧ ដោយនិយាយថា បន្ទាត់ទីជម្រាលដែលរៀបរាប់នៅក្នុងឯកសារឆ្នាំ១៩០៤ ដែលដាក់ប្រាសាទព្រះវិហារនៅខាងថៃ គួរកំណត់ព្រំដែន។
លោក ប៊ឺចេស បាននិយាយក្នុងបទសម្ភាសន៍ថា “បញ្ហាដែលនៅទីបំផុតបានពន្លិចករណីសម្រាប់ថៃ គឺថា ពួកគេមិនបានតវ៉ាតាំងពីដើមមក ពីឆ្នាំ១៩០៧ដល់ទសវត្សរ៍ឆ្នាំ១៩៥០។ ពួកគេបានទទួលយកជាផ្លូវការនូវផែនទីដែលបានបង្ហាញថា ប្រាសាទគឺស្ថិតក្នុងប្រទេសកម្ពុជា។ ហើយពួកគេមិនដែលធ្វើតាមរយៈផ្លូវការទូត ការចរចាសន្ធិសញ្ញា ឬតាមវិធីណាមួយដែលប្រទេសនានាធ្វើជាផ្លូវការឲ្យគេដឹងអារម្មណ៍របស់ខ្លួន មិនដែលបានលើកបញ្ហាភាពជាម្ចាស់លើប្រាសាទនេះទេ”។

ក្នុងសេចក្តីសម្រេចរបស់ខ្លួនគាំទ្រប្រទេសកម្ពុជា ដែលចេញនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ អង្គចៅក្រមបានរៀបរាប់អំពីដំណើរយាងទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ដាំរុ៉ង ទៅប្រាសាទព្រះវិហារ។
ចៅក្រមបាននិយាយថា “ការអះអាងច្បាស់ថែមទៀតអំពីសិទ្ធិទទួលបាននៅខាងឥណ្ឌូចិនបារាំង មិនអាចនឹកស្មានដល់សោះ។ វាតម្រូវឲ្យមានប្រតិកម្ម។ ប្រទេសថៃគ្មានប្រតិកម្មសោះ។ អ្វីដែលទំនងជាច្បាស់ គឺថា សៀមតាមពិតមិនបានជឿថា សៀមមានសិទ្ធិណាមួយទទួល អ៊ីចឹងហើយសៀមមិនបានសម្រេចទាមទារសិទ្ធិលើប្រាសាទ ដែលមានន័យថា សៀមបានទទួលយកការអះអាងរបស់បារាំង ឬបានទទួលយកព្រំប្រទល់នៅប្រាសាទព្រះវិហារដូចដែលបានគូរលើផែនទី”។
ទោះជាយ៉ាងនេះក្តី ការប្រើពាក្យពេចន៍របស់សេចក្តីសម្រេចនេះបាននាំឲ្យប្រទេសកម្ពុជាដាក់ស្នើករណីប្រាសាទព្រះវិហារជាថ្មីទៅតុលាការអន្តរជាតិកាលពីខែមេសាឆ្នាំ២០១១។ សេចក្តីសម្រេចមានខ្លឹមសារថា ប្រទេសថៃត្រូវ “ដកចេញនូវកម្លាំងយោធា ឬនគរបាល ឬឆ្នាំ ឬ អ្នកថែរក្សា ដែលដាក់ដោយប្រទេសថៃនៅឯប្រាសាទនេះ ឬនៅទីជិតខាងលើទឹកដីកម្ពុជា”។
ប្រទេសថៃបកស្រាយសេចក្តីសម្រេចនេះថាប្រទេសកម្ពុជាមានសិទ្ធិទទួលបានតែតំបន់ជាក់ស្តែងរបស់ប្រាសាទបូកនឹងដីពីរបីម៉ែត្រជុំវិញប្រាសាទប៉ុណ្ណោះ។
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ប្រាសាទព្រះវិហារបានក្លាយជាទីតាំងមួយក្នុងចំណោមទីតាំងចុងក្រោយរបស់ខ្មែរក្រហម ដោយ តា ម៉ុក កាលណោះជាមេបញ្ជាការតំបន់និរតីរបស់ខ្មែរក្រហម បានប្រើប្រាសាទនេះជាកន្លែងសម្ងាត់ផ្ទាល់ខ្លួន ដែលគាត់បានជួបជាមួយកម្មាភិបាលរបស់គាត់ក្នុងសំណង់ដែលសាងសង់សម្រាប់គោលបំណងពិសេស។
ខ្មែរក្រហមបានចាកចោលកន្លែងនេះនៅខែមីនាឆ្នាំ១៩៩៨ ហើយប្រាសាទនេះត្រូវបានបើកជាថ្មីទទួលភ្ញៀវទេសចរនៅពេលពីរបីខែក្រោយមក។
ក្នុងទសវត្សរ៍ឆ្នាំ២០០០ ប្រាសាទព្រះវិហារត្រូវបានប្រើដើម្បីប្រមូលផ្តុំការគាំទ្រក្នុងស្រុកជុំវិញភាគីនយោបាយថៃ ដែលគេស្គាល់ថា “ក្រុមអាវលឿង”។
ពួកគេបានបង្កជម្លោះ នៅពេលប្រទេសថៃបានគាំទ្រសំណើរបស់ប្រទេសកម្ពុជាដើម្បីដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ប្រាសាទនេះត្រូវបានចុះបញ្ជីនៅឆ្នាំ២០០៨ ហើយបានធ្វើឲ្យស្ថានការណ៍ពុះកញ្ជ្រោលខ្លាំងនៅប្រាសាទនេះ ដែលបានឈានដល់មានការបាត់បង់ជីវិត នៅពេលទាហានថៃនិងខ្មែរបានបាញ់ប្រហារគ្នាក្នុងឆ្នាំ២០០៨។
នៅពេលរឿងនេះរាលដាលកាន់តែធំរហូតដល់ទាហានបាញ់កាំភ្លើងធំនិងរ៉ុកកែត ប្រទេសកម្ពុជាបានវិលទៅតុលាការពិភពលោកនៅខែមេសាឆ្នាំ២០១១ ដើម្បីកំណត់នូវអ្វីដែលជា “តំបន់ជិតខាង” ដែលប្រទេសនេះមានសិទ្ធិកាន់កាប់នៅប្រាសាទព្រះវិហារ។
នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣ ចៅក្រមបានសម្រេចជាឯកច្ឆន្ទថា ប្រទេសកម្ពុជាមានសិទ្ធិលើជ្រោយខ្ពស់នេះទាំងមូលរហូតដល់ចំណោតខាងត្បូង ខាងកើត និងខាងលិចនៃប្រាសាទនេះ បូកនឹងដីបន្ថែមនៅទិសខាងជើងផង។ ថ្វីបើសេចក្តីសម្រេចនេះបានផ្តល់ឲ្យប្រទេសកម្ពុជានូវ “តំបន់ជិតខាង” ធំជាងមុនក៏ដោយ ក៏ប្រទេសនេះមិនទទួលបានផ្ទៃដីបន្ថែម៤,៦គីឡូម៉ែត្រក្រឡានៅខាងជើងនិងខាងលិចនៃប្រាសាទ ដែលត្រូវបានបង្ហាញថាជាទឹកដីកម្ពុជាលើផែនទីឆ្នាំ១៩០៧ដែរ។
នៅខែធ្នូឆ្នាំ២០១៤ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីអង្គការយូណេស្កូ ដើម្បីស្តាររចនាសម្ព័ន្ធប្រាសាទព្រះវិហារ។ ប្រទេសថៃជាប្រទេសមួយក្នុងចំណោមប្រទេសប្រាំបីដែលបានយល់ព្រមជួយគម្រោងនេះ។
លោក ប៊ឺចេស សរសេរថា “ចូរយើងសង្ឃឹមថា ខណៈពេលវេលាដើរទៅមុខ ការនៅស្ងាត់ស្ងៀមនឹងឈ្នះ ហើយប្រាសាទព្រះវិហារនឹងបន្តបេសកកម្ម ដែលបានបង្កើតឡើងជិតមួយពាន់ឆ្នាំមកហើយ ទទួលបានការសរសើរជាឋានសួគ៌ និងការបង្ហាញអំពីអំណាចខាងសិល្បៈដ៏គួរឲ្យស្ញប់ស្ញែងរបស់សតិមនុស្ស”៕ រើន និង និត