កាលពីម្សិលមិញ សកម្មជនគណបក្សប្រឆាំងបីរូបទៀតត្រូវបានចោទប្រកាន់ពីបទ ”ចូលរួមកុបកម្ម” ចំពោះការចូលរួមការតវ៉ាមួយដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលបានផ្ទុះអំពើហិង្សាកាលពីឆ្នាំមុន ដោយសកម្មជនពីររូបត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស ចំណែកឯសកម្មជនទី៣ត្រូវបានឃុំខ្លួនមួយយប់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក សំ សុគង់ មេធាវីរបស់ពួកគាត់ និយាយថា នៅក្នុងចំណាត់ការដែលគណបក្សប្រឆាំងចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយ សាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលតិចតួចប៉ុណ្ណោះកាលពីព្រឹកម្សិលមិញ ដើម្បីចោទប្រកាន់លោក យន់ គឹមហួរ អាយុ២៨ឆ្នាំ និងលោក រឿន ចិត្រា អាយុ៣៣ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារនេះ។
មេធាវីរូបេនះមានប្រសាសន៍ថា “ពួកគាត់ត្រូវបានចោទប្រកាន់ពីបទចូលរួមកុបកម្ម។ កូនក្ដីរបស់យើងបានប្រាប់តុលាការថា ពួកគាត់បានចូលរួមការតវ៉ាដោយសន្តិវិធីមួយ ហើយមិនបានប្រព្រឹត្តបទល្មើស ឬបង្កអំពើហិង្សាដូចតុលាការបានចោទប្រកាន់នោះទេ”។
លោកលើកឡើងទៀតថា ចៅក្រមបានបង្ហាញរូបភាពវីដេអូកូនក្ដីរបស់លោកមានវត្តមាននៅឯការតវ៉ានោះ ដែលសកម្មជនគណបក្សសង្គ្រោះជាតិ បានវាយបកទៅលើកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអំឡុងការតវ៉ានៅជិតទីលានប្រជាធិបតេយ្យ ដោយវាយទៅលើសន្តិសុខស្លៀកពាក់ឯកសណ្ឋានមួយចំនួនយ៉ាងដំណំ។
លោកមានប្រសាសន៍បន្តថា ”ចៅក្រមបានបង្ហាញវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពកូនក្ដីរបស់ខ្ញុំកាន់ទង់ជាតិ ប៉ុន្តែពួកគាត់មិនបានប្រើដំបងដើម្បីបង្កអំពើហិង្សាទេ។ ភ័ស្តុតាងរបស់ពួកគេគឺវីដេអូឃ្លីបនោះ។ពួកគេចាប់ខ្លួនប្រជាពលរដ្ឋយោងទៅលើវីដេអូឃ្លីបនោះ”។
យោងតាមនគរបាលបានឲ្យដឹងថា នៅពេលរសៀល សកម្មជនទី៣ដែលលោក អ៊ូ ច័ន្ទរិទ្ធ អ្នកនាំពាក្យស្ដីទីរបស់គណបក្សសង្គ្រោះជាតិ ប្រាប់ថាមានឈ្មោះ យា ថុង ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមក្រោយដែរ។
នៅមុនពេលសកម្មជនទី៣ត្រូវតុលាការចោទប្រកាន់ លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី បានមានប្រសាសន៍ថា ”យើងក៏កំពុងតាមចាប់ខ្លួនមនុស្សពីរនាក់ទៀតដែរ”។
មេធាវី សំ សុគង់ បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោក យា ថុង ក៏ត្រូវបានសាលាដំបូងរាជធានីចោទប្រកាន់ពីបទចូលរួមកុបកម្មដែរ ហើយត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។
កាលពីចុងខែមុន សាលាដំបូងរាជធានីបានសម្រេចផ្ដន្ទាទោសភ្លាមៗឲ្យសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១រូបផ្សេងទៀតដែលមានវត្តមានក្នុងការតវ៉ានោះ ជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកជឿថា ការផ្ដន្ទាទោសទាំងនេះគឺជាការព្រមានឲ្យគណបក្សសង្គ្រោះជាតិ បញ្ចប់យុទ្ធនាការរបស់ខ្លួនក្នុងការលាតត្រដាងការឈ្លានពានរបស់វៀតណាម ចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបានបដិសេធថា ការផ្ដន្ទាទោសទាំងនេះមិនមែនជារឿងនយោបាយឡើយ។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យនគរបាល និងតុលាការបន្តតាមចាប់ខ្លួនអ្នកដែលបានចូលរួមការតវ៉ាកាលពីឆ្នាំមុន ដោយព្រមានគណបក្សសង្គ្រោះជាតិថា លោកមានវីដេអូជាច្រើនបង្ហាញថាអ្នកណាខ្លះមានវត្តមាននៅទីនោះ។
ការតវ៉ានេះគឺជាលើកទី១ហើយដែលអ្នកតវ៉ារបស់គណបក្សប្រឆាំងបានវាយបកទៅលើកម្លាំងសន្តិសុខពាក់មួកការពារសុវត្ថិភាពរបស់រដ្ឋាភិបាល ដែលល្បីខាងប្រើវិធីឃោរឃៅក្នុងការបំបែកហ្វូងប្រជាពលរដ្ឋ ដើម្បីអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលប្រឆាំងការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ។
សកម្មជនគណបក្សសង្គ្រោះជាតិប្រាំពីររូប ដែលពេលនោះមិនទាន់ទទួលយកអាសនៈសភារបស់ខ្លួននៅក្នុងការធ្វើពហិការមិនចូលសភានោះ ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃក្រោយមក ប៉ុន្តែត្រូវបានដោះលែងវិញក្នុងរយៈពេល១សប្ដាហ៍ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយថ្ងៃ២២ កក្កដា រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។
នៅខាងក្រៅសាលាដំបូងរាជធានីកាលពីម្សិលមិញ លោក យន់ គឹមហួរ និងលោក រឿន ចិត្រា ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាទេ។
លោក យន់ គឹមហួរ និយាយថា “ខ្ញុំជឿថា ការចោទប្រកាន់នេះគឺជារឿងនយោបាយ។ ខ្ញុំចង់ឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់ជួយខ្ញុំផង ព្រោះខ្ញុំមិនដឹងអ្វីទាំងអស់”។
ចំណែកឯលោក រឿន ចិត្រា និយាយថា “វាមិនពិតទេ។ យើងសុំស្នើឲ្យថ្នាក់ដឹកនាំគណបក្សជួយផង។ ខ្ញុំពិតជាបានចូលរួមការតវ៉ានោះមែន ប៉ុន្តែមិនបានបង្កអំពើហិង្សាទេ”។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យ ”ដោះលែងសកម្មជនទាំងនេះដោយគ្មានលក្ខខណ្ឌ” ព្រមទាំង “បញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្រកាន់ និងចាប់ខ្លួនក្នុងបំណងគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិ មិនឲ្យបំពេញតួនាទីរបស់ខ្លួនបាន”។
លោក អ៊ូ ច័ន្ទរិទ្ធ បានមានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនបីរូបទៀតបន្ទាប់ពីការផ្ដន្ទាទោសកាលពីខែមុន បានគំរាមធ្វើឲ្យអន្តរាយដល់ស្ថានភាពធូរស្រាលខាងនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
លោកបានលើកឡើងយ៉ាងដូច្នេះថា “ការចាប់ខ្លួនជាបន្តបន្ទាប់ បានរំលោភកិច្ចព្រមព្រៀងចុះថ្ងៃ២២ កក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់ភាពតានតឹងខាងនយោបាយតាមរយៈការបញ្ឈប់ការចាប់ខ្លួនដោយការប្រើប្រាស់ប្រព័ន្ធតុលាការ។ ប្រសិនបើភាពតានតឹងនេះនៅតែបន្ត វានឹងមិនផ្ដល់ផលចំណេញដល់សង្គមកម្ពុជាទេ។ វានឹងជះផលប៉ះពាល់ទៅលើប្រជាពលរដ្ឋគ្រប់រូប វិនិយោគិន និងសេដ្ឋកិច្ច ដូច្នេះហើយ ដើម្បីប្រទេសជាតិ គណបក្សប្រជាជនកម្ពុជា និងតុលាការចាំបាច់ត្រូវពិចារណាឡើងវិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា សេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចរបស់តុលាការតែម្នាក់ឯង ហើយវានឹងមានផលប៉ះពាល់តែទៅលើគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមទៀតថា ”កិច្ចព្រមព្រៀងនោះមិននិយាយអំពីការបញ្ឈប់ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានបំពានច្បាប់នោះទេ។ គណបក្សប្រជាជនកម្ពុជាចែកដាច់អ្វីជានយោបាយ អ្វីជាច្បាប់។ [គណបក្សសង្គ្រោះជាតិ] តែងតែទាញរឿងគ្រប់យ៉ាងឲ្យចូលក្រោម ’ហេតុផលនយោបាយ’។ វានឹងមិនជះផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម ឬប្រទេសជាតិឡើយ វានឹងជះផលប៉ះពាល់តែទៅលើគណបក្សរបស់ពួកគេប៉ុណ្ណោះ។ ចាំស្អែកយើងទៅញ៉ាំគុយទាវទាំងអស់គ្នា ហើយមើលថា តើហាងគុយទាវទាំងអស់បិទ ឬក៏អត់។ ខ្ញុំទទួលស្គាល់ថា នឹងមានភាពតាងតឹង ប៉ុន្តែបើផ្សារធំថ្មី និងផ្សារអូឫស្សីនៅតែបើក មានន័យថា សង្គមនៅតែដំណើរការ។ វានឹងធ្វើឲ្យភ្ញាក់ផ្អើលតែគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ”៕ សុខុម