32.5 C
Phnom Penh

មិន​មាន​​ផែន​ការ​​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​មកពី​​ប្រទេស​​ណូរូ​​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជិត​៣​ខែ​​បន្ទាប់ពី​ជន​ភៀស​ខ្លួន​បួន​នាក់​​​​បាន​មក​ដល់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ណូរូ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​​តាំង​ទីលំនៅ​ជា​ថ្មី​ដ៏ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​អូស្ត្រាលី​ ក្រសួង​មហាផ្ទៃ​​​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​មិន​មាន​ផែន​ការ​​ទទួល​ជន​ភៀស​ខ្លួន​ថែម​ទៀត​ដែល​កំពុង​​ត្រូវ​ឃាត់​ទុក​នៅ​ប្រទេស​ដែន​កោះ​​បា៉ស៊ីហ្វិក​ខាង​ត្បូង​ទេ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ជន​ភៀស​ខ្លួន​បួន​នាក់​​ដែល​បាន​មក​ដល់​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ​កំពុង​​ “​រីក​រាយ​នឹង​ការ​រស់​នៅ​របស់​ខ្លួន​” ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ថា ​លោក​មិន​រំពឹង​ថា ​មាន​ជន​ភៀស​ខ្លួន​​ច្រើន​​ទៀត​នឹង​មក​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មិន​មាន​​ផែន​ការ​ណាមួយ​ដើម្បី​នាំ​មក​នូវ​ជនភៀស​ខ្លួន​​ច្រើន​ទៀត​ពី​ប្រទេស​ណូរូ​មក​កម្ពុជា​ទេ។ ខ្ញុំ​គិត​ថា ​យើង​​ទទួល​កាន់​តែ​តិច​​កាន់​តែ​​ល្អ​”។

ក្នុង​កិច្ច​ព្រមព្រៀង​​ដែល​ចុះ​ហត្ថលេខា​កាលពី​ខែ​កញ្ញា ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ និង​លោក ស្កត់ ម៉ូរីសុន រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​​​ពេល​នោះ ប្រទេស​កម្ពុជា​​បាន​យល់​ព្រម​ទទួល​​ជន​ភៀស​ខ្លួន​មិន​​បញ្ជាក់​ចំនួន​ពី​ប្រទេស​​ណូរូ ​ជា​ទីដែល​ពួកគេ​​កំពុង​ត្រូវ​ឃាត់​ខ្លួន​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​មិន​​​​ព្រម​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ដល់​អ្នក​ដែល​ទៅ​ដល់​ប្រទេស​របស់​ខ្លួន​តាម​ទូក​។

កិច្ច​ព្រមព្រៀង​នោះ បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​​នឹង​​​ទទួល​​តែ​ជន​ភៀស​ខ្លួន​​​ដែល​ស្ម័គ្រ​ចិត្ត​តាំង​ទីលំនៅ​ថ្មី​​ក្នុង​ប្រទេស​​កម្ពុជា​​ប៉ុណ្ណោះ ហើយ​ថា ប្រទេស​អូស្ត្រាលី​​នឹង​ចំណាយ​សោហ៊ុយ​​នៃ​ការ​តាំង​លំនៅ​​ និង​ការ​រស់​នៅ​របស់​ពួកគេ​​។ ប្រទេស​អូស្ត្រាលី​ក៏​បាន​សន្យា​ផ្ដល់​​កញ្ចប់​ជំនួយ​៤០​លាន​ដុល្លារ​​អូស្ត្រាលី​ ជា​ផ្នែក​មួយ​នៃ​​កិច្ច​ព្រមព្រៀង​នេះ​ដែរ​។

លោក​​ អៀន រីនថូល ​អ្នក​នាំពាក្យ​​អង្គការ​សម្ព័ន្ធ​​សកម្មភាព​ជន​ភៀស​ខ្លួន ​មាន​មូលដ្ឋាន​នៅ​ក្រុង​​ស៊ីដនី ដែល​​​​​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន​​​នៅ​ប្រទេស​ណូរូ​​ បាន​និយាយ​ថា ការ​ប្រឹង​ប្រែង​ដោយ​ប្រទេស​អូស្ត្រាលី​​​​ដើម្បី​ឲ្យ​ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​ទៀត​ស្ម័គ្រ​ចិត្ត​​មក​តាំង​ទីលំនៅ​​ក្នុង​ប្រទេស​កម្ពុជា​​បាន​​ឈប់​​។

លោក​បាន​និយាយ​ថា “​ពួកគេ​​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​ បន្ទាប់ពី​​ [បួន​នាក់​នោះ​] ត្រូវ​បាន​បញ្ជូន​ចេញ​។ ពួកគេ​បាន​ដាក់​ស្លាក​សញ្ញា​លើ​កុងតឺន័រ​​ដែល​​មាន​ន័យ​ថា ‘ការិយាល័យ​ព័ត៌មាន​កម្ពុជា’។ ពួកគេ​បាន​ចាប់​ផ្ដើម​ហៅ​ទូរស័ព្ទ​​ និង​ប្រើ​ការ​សម្ភាស​​ដើម្បី​បញ្ចុះ​បញ្ចូល​​​អ្នកទាំង​នោះ​។ ប៉ុន្តែ​​​ពួកគេ​មិនទទួល​បាន​​នរណា​ម្នាក់​ទេ​”។

លោក​ រីន​ថូល បាន​និយាយ​ថា ​​លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា ជន​ភៀស​ខ្លួននៅ​អូស្ត្រាលី​​កំពុង​​​ត្រូវ​គេ​បង្ខិត​បង្ខំ​ឲ្យ​មក​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​កម្ពុជា​​ហាក់​​​ដូច​ជា​បោះ​បង់​​ការ​បញ្ចុះ​បញ្ចូល​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​នៅ​​ប្រទេស​ណូរូ​។

លោក​បាន​និយាយ​ថា “​ពិត​ហើយ​ កិច្ច​ប្រឹង​ប្រែង​​នៅ​ប្រទេស​​ណូរូ​​តែ​ម្ដង​បាន​បញ្ឈប់​។ មិន​មាន​​វត្តមាន​រដ្ឋាភិបាល​​កម្ពុជា​នៅ​ប្រទេស​ណូរូ​ទៀត​ទេ​ចាប់​តាំង​ពី​​ [ជន​ភៀស​ខ្លួន​] បួន​នាក់​នោះ​​បាន​ចាក​ចេញ​”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​នៅ​ “​រង់ចាំ​” ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ឡើយ​។

លោក​បាន​និយាយ​ថា “​ជា​គោលការណ៍​ ​យើង​​​ទើប​​នាំចូល​ពីរ​បី​នាក់​ដែល​បាន​មក​ដល់​ហើយ​ ហើយ​​រហូត​មក​ទល់​ពេល​នេះ​​យើង​​មិន​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ណាទៀត​​មក​ទេ​។ យើង​កំពុង​រង់ចាំ​អ្នក​ស្ម័គ្រ​ចិត្ត​ពី​ទីនោះ​ ហើយ​យើង​​នឹង​ពិនិត្យ​​​ថា​តើពួកគេ​​អាច​ជា​ជន​ភៀស​ខ្លួន​នៅ​ទីនេះ​បាន​ឬទេ​”។

ទាំងលោក ស៊ីផាន ទាំង​ឧត្ដម​សេនីយ៍ សុភ័គ បាន​និយាយ​ថា ពួកគេ​មិន​បាន​ដឹង​​ថា​ប្រទេស​កម្ពុជា​​បាន​ទទួល​ប្រាក់​​ចំនួន​ប៉ុន្មាន​​​ជាផ្នែក​មួយ​​នៃ​កិច្ច​ព្រមព្រៀង​ជន​ភៀស​ខ្លួន​​នោះ​ទេ​រហូត​​មក​ដល់​ពេលនេះ។

ស្ថានទូត​អូស្ត្រាលី​​មិន​បាន​ឆ្លើយ​តប​​ទៅ​នឹង​សំណើ​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​។

កិច្ច​ព្រមព្រៀង​ដើម្បី​បញ្ចូន​ជន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា​​មាន​ភាព​ចម្រូង​ចម្រាស​តាំង​ពី​ដើម​ដំបូង​ ដោយ​ក្រុម​សិទ្ធិ​មនុស្ស​​ និង​អ្នក​នយោបាយ​ប្រ​ឆាំង​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​​​ជំទាស់​ថា អសមត្ថភាព​​របស់​ប្រទេស​កម្ពុជា​​​​ក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​​​របស់​ពលរដ្ឋ​ខ្លួន​ឯង​​​​បាន​ធ្វើ​ឲ្យ​វា​ជា​កន្លែង​​តាំង​លំនៅ​​​​មិន​ល្អ​សម្រាប់ជន​ភៀស​ខ្លួន​មក​ពី​ទីកន្លែង​ផ្សេង​។

ក៏​ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​​បាន​ទទូច​ថា ​ប្រទេស​កម្ពុជា​​ត្រៀម​​មើល​ថែ​ជន​ភៀស​ខ្លួន​​ និង​បាន​សន្យា​ផ្ដល់​​​ប្រាក់​ដែល​ចាំ​បាច់​ដើម្បី​ជួយ​ពួកគេ​​សម្រប​​ការ​រស់​នៅ​​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ និង​ពុក​រលួយ​បំផុត​​នៅ​តំបន់​នេះ​។

លោក ចូ ឡូរី អ្នក​នាំពាក្យ​ប្រចាំ​តំបន់​​​សម្រាប់​​អង្គការ​ទេសន្តប្រវេសន៍​អន្តរជាតិ​ ដែល​បាន​ជួយ​​តាំង​ទីលំនៅ​​ជន​ភៀស​ខ្លួន​បួន​នាក់​​ដែល​បាន​មក​ដល់​​កាលពី​ខែ​មិថុនា ​បាន​និយាយ​ថា ក្រុម​នេះ “​​​​​សុខសប្បាយ​ទេ​”។

លោក​បាន​និយាយ​ថា ​”​ពួកគេ​សុខសប្បាយ​ ហើយ​ជា​ធម្មតា​ពួកគេ​បាន​​សុំ​​​សិទ្ធិ​នៃ​ជីវភាព​ឯកជន​ ដូច្នេះ​​យើង​​គោរព​”។ លោក​បាន​​បន្ថែម​ថា ពួកគេ​កំពុង​រស់​នៅ​​ក្នុង​វីឡា​មួយ​​នៅ​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ ​​ដែល​​កាលពី​ដំបូង​​គេ​ឲ្យ​ឈ្មោះ​ថា ​លំនៅ​បណ្ដោះ​អាសន្ន​​។

លោក​បាន​និយាយ​ថា “​នៅ​ពេល​ណា​ពួកគេ​​​​ប្រុង​ប្រៀប​ចាក​ចេញ​ពី​​ [វីឡា​នោះ​] ពួកគេ​អាច​ចាក​ចេញ​បាន​។ ខ្ញុំ​មិន​គិត​ថា ​​មាន​នរណា​​ម្នាក់​បាន​បង្ហាញ​​​ចេតនា​ចាក​ចេញ​ទេ”៕ និត​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស