យោងតាមមន្ត្រីបានឲ្យដឹងថា ផ្ទះជាង៥០០ខ្នងត្រូវបានជន់លិចនៅក្នុងស្រុកទឹកឈូរ ខេត្តកំពត កាលពីព្រឹកម្សិលមិញ បន្ទាប់ពីទំនប់វារីអគ្គិសនីកំចាយបើកទ្វារទឹក ដោយមេឃុំពីររូបក្នុងចំណោមឃុំដែលរងគ្រោះចំនួនបីលើកឡើងថា ពួកគាត់ទទួលបានការជូនដំណឹងជាមុនតិចតួច ឬក៏គ្មានសោះតែម្ដង។
លោក ខូយ ឃុនហួរ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យទឹកពេញអាងស្តុករបស់ទំនប់វារីអគ្គិសនីដែលដំណើរការដោយចិនមួយនេះ ហើយអាជ្ញាធរបានបើកទ្វារទឹកចំនួនបីក្នុងចំណោមទ្វារទឹកទាំងប្រាំនៃទំនប់នេះជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃអង្គារ មុនពេលបើកទ្វារទឹកទាំងអស់នៅម៉ោង៨ព្រឹក កាលពីម្សិលមិញ។
លោកបានគូសបញ្ជាក់ថា “ក្នុងរយៈពេលពីរបីថ្ងៃមកនេះ ភ្លៀងបានបណ្ដាលឲ្យទំនប់កំចាយ [អាងស្តុក] ពេញលើសកម្រិត។ ពួកគេបានសម្រេចបើកទ្វារទឹកដើម្បីឲ្យទឹកហូរបានរហ័ស។ ពួកគេត្រូវតែធ្វើ”។
លោកបានលើកឡើងបន្តថា ទឹកបានបង្ខំឲ្យប្រជាពលរដ្ឋចំនួន៥៧១គ្រួសារចាកចោលផ្ទះសំបែងរបស់ខ្លួននៅក្នុងឃុំចំនួនបីតាមបណ្ដោយស្ទឹងកំពត កាលពីព្រឹកម្សិលមិញ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនបានវិលត្រឡប់ទៅវិញនៅពេលរសៀល ហើយពេលនេះពួកគាត់ “រស់នៅធម្មតា”។
លោកមានប្រសាសន៍បន្ថែមទៀតថា រហូតមកទល់ពេលនេះគ្មានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសទេ ហើយបានច្រានចោលការអះអាងថាគ្រួសារមួយចំនួនដែលរងផលប៉ះពាល់មិនត្រូវបានជូនដំណឹងជាមុនឲ្យបានទូលំទូលាយថា ភូមិរបស់ពួកគាត់នឹងត្រូវជន់លិច ដោយបកស្រាយថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ផ្សាយសារនេះហើយ។
លោកបានមានប្រសាសន៍ថា “យើងបានប្រកាសហើយថា យើងនឹងបើកទ្វារទឹក។ មុនធ្វើអី យើងមិនចេះគិតទេអី?”។
ទោះជាយ៉ាងណា លោក សេង ឆាយ មេឃុំម៉ាក់ប្រាង បានមានប្រសាសន៍ថា លោកត្រូវបានជូនដំណឹងអំពីទឹកដែលនឹងមកដល់នៅម៉ោង៧ព្រឹក ពោលគឺត្រឹមតែ៣០នាទីប៉ុណ្ណោះមុនពេលទ្វារទឹកបើក។
ចំណែកឯអ្នកស្រី ខុន សុមា៉លី មេឃុំកំពង់ក្រែង ដែលស្ថិតនៅជិតទំនប់នេះបំផុតក្នុងចំណោមឃុំទាំងបី បានមានប្រសាសន៍ថា គាត់មិនទទួលបានការជូនដំណឹងជាមុនទេ ហើយទើបតែដឹងថានឹងមានអ្វីកើតឡើងនៅពេលកម្មករនៅទំនប់នេះបើកសឺរ៉ែនប៉ុណ្ណោះ ដោយទុកពេលឲ្យគាត់ត្រឹមតែកន្លះម៉ោងសម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋរស់នៅក្នុងឃុំរបស់គាត់។

អ្នកស្រីលើកឡើងទៀតថា ”ខ្ញុំឮចិនបើកសឺរ៉ែនបីដង ប៉ុន្តែគ្រួសារខ្លះរើចេញភ្លាមៗមិនទាន់ទេ។ ខ្ញុំមិនបានឮការប្រកាសណាមួយ” ពីមន្ត្រីផ្សេងទៀតឡើយ។ អ្នកស្រីបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋសរុបប្រមាណ១.០០០គ្រួសារបានបង្ខំចិត្តចាកចោលផ្ទះរបស់ខ្លួន។
លោក សៅ ម៉េង មេឃុំព្រៃឃុំ ដែលស្ថិតនៅខ្សែទឹកខាងក្រោមចម្ងាយប្រហែល១០គីឡូម៉ែត្រពីទំនប់នេះ ដែលនៅឆ្ងាយជាងគេក្នុងចំណោមឃុំរងគ្រោះទាំងបី មានប្រសាសន៍ថា លោកមិនទទួលបានការជូនដំណឹងជាមុនទាល់តែសោះ ហើយថា ផ្ទះពី២០ទៅ៣០ខ្នងត្រូវបានជន់លិចនៅក្នុងតំបន់នោះ។
លោកមានប្រសាសន៍នៅម៉ោងប្រហែល៤រសៀលថា ”កម្រិតទឹកជំនន់នៅតែខ្ពស់នៅឡើយ។ខ្ញុំមិនដឹងថាប្រព័ន្ធបើកទ្វារនោះជាស្អីទេ ហើយយើងមិនដឹងអ្វីសោះ។ ក្នុងពេលសប្ដាហ៍កន្លងមក គ្មានការប្រកាសពីមន្ត្រីថ្នាក់លើនោះទេ”។
យោងតាមលោក រីម ដេលី ដែលជាម្ចាស់ផ្ទះសំណាក់មួយនៅលើស្ទឹងក្នុងខេត្តកំពត បានឲ្យដឹងថា ទីតាំងអាជីវកម្មស្រដៀងៗគ្នាមួយចំនួនត្រូវបានជន់លិច ដោយទឹកបានលិចដល់រនូតភ្លាមៗ។ បុរសរូបនេះនិយាយទៀតថា គាត់ទទួលបានការជូនដំណឹងមុនពេលទឹកជន់លិចបន្តិចប៉ុណ្ណោះ។ “លោកអភិបាលខេត្តបានប្រាប់ឲ្យយើងមានការប្រុងប្រយ័ត្នក្នុងការរស់នៅ ហើយឃ្លាំមើលទឹកស្ទឹង”។
លោក ពៅ មុនី អាយុ៧២ឆ្នាំ ដែលជាទាហានចូលនិវត្តន៍មកពីឃុំម៉ាក់ប្រាង បាននិយាយថា ទឹកនេះបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគាត់បានចាកចោលផ្ទះដែលជន់លិចរបស់ខ្លួនដើម្បីទៅស្នាក់នៅជាមួយសាច់ញាតិនៅក្រុងកំពត។ គាត់និយាយទៀតថា “ពេលខ្ញុំកំពុងនៅចម្ការ មានអ្នកទូរស័ព្ទមកប្រាប់ខ្ញុំថា ទឹកបានលិចចូលផ្ទះខ្ញុំជម្រៅប្រហែលពីរម៉ែត្រ។ បើចិនត្រូវបើកទ្វារទឹក ខ្ញុំឆ្ងល់ណាស់ គួរតែជូនដំណឹងដល់អ្នកភូមិដើម្បីឲ្យពួកគាត់ត្រៀមរៀបចំរបស់របរ”៕ សុខុម (រាយការណ៍បន្ថែមដោយ Matt Blomberg)