39.4 C
Phnom Penh

រដ្ឋាភិបាល​លើកលែង​ទោស​ និង​ដោះលែង​ក្រុម​ភេរវកម្ម​បីនាក់​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​រដ្ឋាភិបាល​​បាន​លើក​លែង​ទោស​​​​និង​​ដោះ​លែង​​បុរស​បី​នាក់​​ដែល​ត្រូវ​​បាន​កាត់​ឲ្យ​ជាប់​ទោស​ជាមួយ​លោក សួន សេរីរដ្ឋា ​​អ្នក​ប្រឆាំង​​​​ដែល​និរទេស​ខ្លួន​ឯង​កាលពី​ខែ​មករា ​ជុំវិញ​ការ​ចោទ​ប្រកាន់ពី​បទ​ភេរវកម្ម​ដែល​ត្រូវ​បាន​​​​អង្គការ​សិទ្ធិ​មនុស្ស​​ចាត់​ទុក​ថា ​គ្មាន​មូលដ្ឋាន​​និង​ជា​ហេតុ​ផល​នយោបាយ​។

cam-photo-kpp-channa-800x533​ចំណាត់​ការ​នេះ​ដែលធ្វើ​​​​ឡើង​​កាលពី​សប្ដាហ៍​មុន ​បំពេញ​លក្ខខណ្ឌចុងក្រោយ​ក្នុង​ចំណោម​លក្ខខណ្ឌ​បី​ ដែល​​លោក សួន សេរីរដ្ឋា បាន​​​ស្នើ​​​សម្រាប់​​​ការ​​វិល​​ត្រឡប​​​់​​​របស់​​​លោក​​​​មក​ប្រទេស​កម្ពុជាវិញ​​​​​នៅ​ថ្ងៃ​ទី​១ ខែ​តុលា។ រដ្ឋាភិបាល​​បាន​លើក​លែង​ទោស​​​​លោក សួន ​​​សេរីរដ្ឋា កាលពី​ខែ​កក្កដា ​​​​ហើយ​បាន​ចុះ​ឈ្មោះ​​​​​គណបក្ស​នយោបាយ​របស់​លោក​ គឺ​គណបក្ស​អំណាច​ខ្មែរ​នៅ​ប៉ុន្មាន​​​ថ្ងៃ​ក្រោយ​មក។

​លោក សួន សេរីរដ្ឋា បាន​និយាយ​កាលពី​ម្សិលមិញ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកកវិញ​​ពី​ព្រំដែន​កម្ពុជា​-ថៃ​ ទី​ដែល​​​លោក​បាន​​ជួប​ជាមួយ​​បុរស​ទាំង​បី​នាក់នេះ​​កាលពី​ថ្ងៃ​អាទិត្យ​ថា ”ខ្ញុំ​រីក​រាយ​ណាស់​ដែល​ពួកគាត់​​​ត្រូវ​បាន​ដោះលែងវិញ​​​​។ ពួកគាត់​​​​​​ត្រូវ​បាន​​ចាប់​​​ដាក់​​​​ពន្ធនាគារ​ដោយ​មិន​​យុត្តិធម៌​ ពីព្រោះ​ពួកគាត់​​​​មិន​​​បាន​​​​​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​​​មួយ​ឡើយ”​។

រូប​ថត​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក សួន​ សេរីរដ្ឋា ​បង្ហាញពី​អ្នក​​​ទាំង​បួន ​ឈរ​ជាមួយ​គ្នា​ និង​ញញឹម​យ៉ាង​ស្រស់​ស្រាយ​។

អ្នក​ទាំង​បួន​​ត្រូវ​បាន​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ទោស​​ពីបទ​រារាំង​ការ​បោះ​​​ឆ្នោត និង​មាន​ផែន​ការ​សម្ងាត់​​ប្រឆាំង​រដ្ឋា​ភិបាល​​​ដោយ​បាន​បោះ​ពុម្ព​​អាវយឺត​​ដែល​មាន​សរសេរ​សារ​ជំរុញ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ និង​មាន​​​ផែនការ​ចែក​ចាយ​អាវ​យឺត​ទាំង​នោះ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។

បុរស​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​លើក​លែង​​​​ទោស​កាលពី​សប្ដាហ៍​មុន ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​​​​ខេត្ត​បាត់ដំបង ជាមួយ​​អាវយឺត​ជាប់នឹង​ខ្លួន​ពួកគេ​ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យជាប់​​​ពន្ធនា​គារ​​៥ឆ្នាំ​ឬ​៦​ឆ្នាំ​។ លោក សួន សេរីរដ្ឋា ដែល​​​ត្រូវ​បាន​​ផ្ដន្ទាទោស​កំបាំង​មុខ​ ​​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​​តាមការ​ចោទ​ប្រកាន់​បន្ថែម​​ពីបទ​​ញុះញង់​​​ ហើយ​ត្រូវ​បាន​ផ្ដន្ទា​​​ទោស​​​​​ឲ្យ​ជាប់​ពន្ធនា​គារ៧ឆ្នាំ។

លោក សុក សំអឿន មេធាវី​​ដែល​តំណាង​​​អ្នក​ទាំង​បួន​នៅ​ក្នុង​តុលាការ​​​បាន​អះអាង​ថា អ្នក​​​ទាំង​​​នេះ​​​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ ហើយ​​​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ជា​​​ហេតុ​​​​ ផល​នយោបាយ​​ច្បាស់​ក្រឡែត​។ លោក​បាន​មាន​ប្រសាសន៍​ថា “​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​​ពាក្យ​ស្លោក​នៅ​លើ​អាវ​យឺត​របស់​ពួកគេ​ទាក់​ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​”។

លោក សេង សុខម៉េង ដែល​ត្រូវ​បាន​លើក​លែង​ទោស​​​ជាមួយ​លោក សេរី បុ៊នឡុង ​និង​ អ៊ុំ ភារុណ បាន​និយាយ​ថា ​ពួកគាត់​​​ត្រូវ​បាន​ដោះលែង​​កាលពី​ថ្ងៃ​សុក្រ។ សុខម៉េង ​បាន​និយាយ​ថា លោក​បាន​ត្រឡប់​​មក​ខេត្ត​​បាត់​ដំបង​​ជាមួយ​ក្រុមគ្រួសារ ហើយ​មាន​គម្រោង​​​ស្នើ​សុំ​ប្រាក់​សំណង​ចំពោះ​ការ​ជាប់​​ពន្ធនា​គារ​​​របស់​លោក​។

លោក​បាន​និយាយ​ថា ​”​វា​អយុត្តិធម៌​ណាស់​​​សម្រាប់​ពួក​យើង ព្រោះ​យើង​មិន​បាន​ប្រព្រឹត្ត​​ខុស​ឡើយ​។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្ដឹង​ទាម​ទារ​សំណង​​​​ពី​រដ្ឋាភិបាល​សម្រាប់​រយៈ​ពេល​ជាប់​ពន្ធនា​គារ​​​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​បាត់​បង់​ប្រាក់​ចំណូល​​ និង​​​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​​​របស់​ខ្ញុំ​យ៉ាង​ខ្លាំង​”។

អំឡុង​សវនាការ​ជំនុំជម្រះ បុរស​ទាំង​បី​នាក់​​បដិសេធ​ថា ពួកគេ​មិន​ជាប់​​ពាក់​ព័ន្ធ​ជាមួយ​បុព្វហេតុ​របស់លោក សួន សេរីរដ្ឋា ឡើយ​។ ទោះ​យ៉ាង​ណា កាលពី​ម្សិលមិញ សុខម៉េង និយាយ​ថា លោក​នឹង​គាំទ្រ​គណបក្ស​អំណាច​ខ្មែរ​ថ្មី​នោះ ​​ដោយ​​​សារ​​​ស្បៀង​អាហារ​ និង​លុយ​កាក់ ដែល​លោក សួន សេរីរដ្ឋា បាន​ផ្គត់​ផ្គង់​ដល់​រូប​លោក​អំឡុង​​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​២ឆ្នាំ​​​។

នៅ​មុន​សវនាការ​ជំនុំជម្រះរបស់​​​​អ្នក​ទាំង​បួន លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់​​ទុក​លោក សួន សេរីរដ្ឋា ​ម្តងហើយ​ម្តងទៀត​ថា​​ជា​ភេរវករ​​​​​​​​ ដែល​មាន​ផែន​ការ​​ផ្ដួល​រំលំ​រដ្ឋា​​​ភិបាល​ដោយ​​​ប្រើ​​​អាវុធ​​​។ លោក សួន សេរីរដ្ឋា បាន​អំពាវនាវ​​ដោយ​បើក​ចំហ​ឲ្យ​មាន​​​ចលនា​បះបោរ​ផ្កា​ម្លិះ​ប្រឆាំង​លោក ហ៊ុន សែន ​ដែល​លោក​​បាន​ចោទ​ប្រកាន់​ថា ​តំណាង​​​​ឲ្យ​រដ្ឋា​ភិបាល​ខុស​ច្បាប់​​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​លួច​បន្លំ ប៉ុន្តែ​បាន​បដិសេធ​ថា​ លោក​​មិន​គាំទ្រ​មធ្យោបាយ​ហិង្សា​ឡើយ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​​​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​​​ពី​ការ​លើក​លែង​ទោស​នេះ ហើយ​បាន​ថ្លែង​ថា វា​​​មាន​​​ការ​​​ស្វះ​​​ស្វែង​​​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​​លោក​​មិន​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន ឡើយ​។ លោក​បាន​ថ្លែង​ថា “ពួកគេ​​ត្រូវ​បាន​​​​លើក​លែង​ទោស​នៅពេល​មួយ​កាលពី​សប្ដាហ៍​មុន”​។

អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា អ្នក​ទាំង​បួន​​​​ត្រូវ​បាន​​ចាត់​ជា​ក្រុម​ភេរវកម្ម​ដោយ​រដ្ឋាភិបាល​​នៅ​មុន​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៣ ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​​ដោយ​​​​គណ​បក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ឥឡូវ​នេះ​ ក្រុម​ដូច​គ្នា​នេះ​​អះអាង​ថា លោក ហ៊ុន សែន បាន​រៀបចំ​ឲ្យ​មាន​​ការ​ដោះលែង​បុរស​​ទាំង​នេះ​​​ និង​ការ​ចុះ​​បញ្ជី​​គណបក្ស​អំណាច​ខ្មែរ​ ដោយ​សង្ឃឹម​ថា គណបក្ស​នេះ​នឹង​បំបែក​សំឡេង​ឆ្នោត​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​​នា​ពេល​ខាង​មុខ​។

លោក សួន សេរីរដ្ឋា បាន​លើក​ឡើង​ថា លោក​មិន​ទាន់​សម្រេច​ថា​តើ​ត្រូវ​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ឬយ៉ាង​ណា​នោះ​ឡើយ ហើយ​​​​​លោក​​ចង់​ឃើញ​កំណែទម្រង់​មួយ​ចំនួន ​សិន រួម​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ដែល​មិន​ជាប់ពាក់​ព័ន្ធ​នឹង​​បក្ស​ណាមួយ​ ​នាយក​រដ្ឋមន្ត្រី​​ត្រូវ​បាន​ជ្រើស​រើស​ពី​​​​សំណាក់​ប្រជាពលរដ្ឋ និង​ការ​កំណត់​អាណត្តិ​ សម្រាប់​​តួនាទី​​​នេះ​​​ជាដើម​៕ សារុន​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស