
វិចិត្រករមើលឃើញផ្ទាល់ភ្នែកនូវពិធីលាងជម្រះសព ដែលគេធ្វើឡើងដើម្បីឲ្យព្រលឹងទៅកាន់សុគតិភព
នៅពេលធ្វើដំណើរនាពេលថ្មីៗរបស់លោកទៅក្រុងសៀមរាប លោក អែនឌី ថោនសែន វិចិត្រករអូស្ត្រាលី មានឱកាសបានចូលទៅក្នុងវត្តបូ អង្គុយយ៉ាងស្ងៀមស្ងាត់រយៈពេលពីរបីម៉ោង ជាមួយនឹងសៀវភៅគូរគំនូរ ប៊ិច និងខ្មៅដៃរបស់លោក។
ការមកលេងទីក្រុងជាលើកទីពីរកាលពីខែកក្កដា ជាមួយកូនស្រី រ៉ូស និងភរិយា ស៊ូហ្ស៊ី ប្លិច ជាវិចិត្រករ របស់លោក លោក ថោនសែន បានក្លាយជាមនុស្សជិតស្និទ្ធនៅវត្តនេះ។ លោកបាននិយាយថា “ជាកន្លែងប្លែកមួយ។ យើងយល់ថា នេះជាទីជម្រកដ៏ល្អមួយក្នុងកន្លែងដែលមានភាពមមាញឹកនៃខេត្តសៀមរាប”។
នៅយប់មួយ គាត់ទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងពិធីពិសេសមួយ។
លោក ថោនសែន បាននិយាយថា “នៅល្ងាចមួយ ខ្ញុំដឹងថា ខ្ញុំបានភ្លេចដបទឹកខ្មៅរបស់ខ្ញុំនៅលើបង្កាន់ដៃ។ ដូច្នេះ ខ្ញុំបានត្រឡប់ទៅវត្តបូវិញ”។ នៅពេលទៅដល់វត្ត លោកបានអង្គុយ និងបានយកសៀវភៅគូសគំនូររបស់លោកចេញ ដូចសព្វមួយដង។
មិនយូរប៉ុន្មាន លោកដឹងខ្លួនថាមានអ្វីចម្លែកបានកើតឡើងនៅក្បែរនោះ។ មនុស្សប្រុសមួយក្រុមមានគ្នាប្រហែល៩នាក់អង្គុយជាពីរជួរ ទល់មុខគ្នា។ លោក ថោនសែន បានរៀបរាប់ថា “ពួកគេកំពុងកាន់បុរសម្នាក់ដោយក្តីគោរព ដែលសណ្តូកខ្លួនលើជើងរបស់ពួកគេ ចំអាសឲ្យគាត់ដោយសាប៊ូនិងទឹក”។
លោកបាននិយាយថា “ដំបូង ខ្ញុំមិនប្រាកដនូវអ្វីដែលខ្ញុំបានឃើញនឹងភ្នែក ប៉ុន្តែ នៅពេលមួយនោះ ខ្ញុំដឹងថា បុរសនោះជាអ្នកស្លាប់។ មិត្តភក្តិ បងប្អូន ឬ ឪពុករបស់ពួកគេអង្គុយសណ្តូកជើងទៅវិញទៅមក។ ខ្ញុំថប់បារម្ភណាស់។ ខ្ញុំខ្វល់នឹងការមើលឃើញអ្វីៗដែលធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងនេះ”។

ពេលនោះស្រាប់តែមានបុរសម្នាក់ដើរសំដៅមកគាត់ ហើយឃើញគាត់កំពុងគូសទិដ្ឋភាពនោះ ក៏បានអញ្ជើញគាត់ឲ្យមកជិត។
“ខ្ញុំរកបានកន្លែងស្ងាត់មួយនៅឃ្លាតចម្ងាយប្រហែលប្រាំឬប្រាំមួយម៉ែត្រ… ខ្ញុំដឹងថា ខ្ញុំមិនត្រូវដើរឆរចុះឡើងៗ ក៏ប៉ុន្តែគេហាក់ដូចជាមិនសូវរវល់នឹងខ្ញុំដែលមានវត្តមាននៅទីនោះទេ”។ សៀវភៅគូសគំនូរជាធម្មតាមិនធ្វើឲ្យគេមានអារម្មណ៍ថារំខានខ្លាំងទេ ប៉ុន្តែបើគាត់កាន់ម៉ាស៊ីនថតវិញ គេប្រហែលជាមិនអាចទទួលយកបានទេ។
វិចិត្រករវ័យ៦០ឆ្នាំរូបនេះមានពេលតែពីរបីនាទីប៉ុណ្ណោះដើម្បីគូរទិដ្ឋភាពនោះ ខណៈដែលប្រុសៗដុសលាងសព ហើយស្រីៗវិញយកទឹកមកឲ្យពួកគេចំអាស។
យោងតាមជំនឿពុទ្ធសាសនាថេរវាទ មនុស្សដែលចែកឋាន ដំបូងត្រូវយមរាជហៅសួរ កាត់សេចក្តី។ យមរាជសម្រេចលើវាសនារបស់អ្នកស្លាប់ ថាតើគេត្រូវមកចាប់កំណើតនៅលើផែនដីវិញ ឬត្រូវបញ្ជូនទៅឋានសួគ៌ ឬ ឋាននរក។
ក្នុងប្រពៃណីខ្មែរ សពត្រូវចំអាសភ្លាមបន្ទាប់ពីស្លាប់ដើម្បីរៀបចំឲ្យអ្នកស្លាប់នោះឲ្យទៅជួបយមរាជ។
លោក អាំង ជូលៀន អ្នកសិក្សាអំពីសង្គមនិងវប្បធម៌ ជំនាញខាងប្រពៃណីនិងជំនឿខ្មែរ បាននិយាយថា “ធ្វើកិច្ចការនេះដោយប្រយ័ត្នប្រយែង គេចាត់ទុកថាសំខាន់ ពីព្រោះ តាមជំនឿរបស់ប្រជាជន អ្នកស្លាប់នឹងទៅជួបយមរាជ គឺស្តេចនៃសេចក្តីស្លាប់ ដូច្នេះខ្ញុំអាចនិយាយបានថា អ្នកស្លាប់ត្រូវតែបង្ហាញខ្លួន”។
លោកបាននិយាយថា គ្រួសារខ្លះរក្សាសពទុកនៅផ្ទះឲ្យសាច់ញាតិនិងមិត្តភក្តិមើល ដូច្នេះការចំអាសសពត្រូវធ្វើជាសម្ងាត់ដោយសាច់ញាតិនិងអ្នកស្គាល់ពីរបីនាក់ប៉ុណ្ណោះ។

នៅពេលលាងជម្រះរួចហើយ គេគ្របសពនឹងក្រណាត់ស ហើយតម្កល់ក្នុងបន្ទប់ធំ ដើម្បីឲ្យភ្ញៀវអាចមកមើលអ្នកស្លាប់ និងគោរពដល់គ្រួសារសព។
គ្រួសារខ្លះជ្រើសរើសរៀបចំសពនិងដាក់តម្កល់នៅវត្ត ដោយមិនដាក់នៅផ្ទះទេ ដូចក្នុងករណីដែលលោក ថោនសែន បានឃើញនឹងភ្នែកនៅវត្តបូស្រាប់។
លោកបានឲ្យដឹងទៀតថា នៅពេលសពស្ងួតហើយ “ប្រុសៗចាប់លើកនិងសែងសពថ្្នមៗទៅកន្លែងតម្កល់សព ហើយរុំក្រណាត់ស និងស្លៀកពាក់ឲ្យសព។
លោក ថោនសែន បានចំណាំអាវរបស់បុរសនោះមានស្លាកសញ្ញាដែលលោកបានឃើញលើខោអាវបុគ្គលិកក្នុងឧទ្យានបុរាណអង្គរ នៅចម្ងាយពីរបីគីឡូម៉ែត្រពីទីនោះ។
តាមជំនឿប្រជាជនបានឲ្យដឹងថា គេដាក់ប្រាក់ក្នុងដៃអ្នកស្លាប់ដើម្បីឲ្យអ្នកស្លាប់អាចបង់ឲ្យឆ្មាំដែលអាចរារាំងផ្លូវទៅជួបយមរាជ និងមានប្រាក់នៅពេលអ្នកនោះត្រូវចាប់ជាតិជាថ្មី។
បន្ទាប់មកអាចារ្យគ្របក្រណាត់សឲ្យសព។
មិនថានៅឯផ្ទះបងប្អូន ឬនៅវត្តនោះទេ សពអាចតម្កល់ឲ្យមើលរយៈពេលជាច្រើនថ្ងៃ។ បន្ទាប់មកគេធ្វើពិធីបូជាសព ហើយពិធីដ៏សំខាន់ក្រោយបូជាសព គឺពិធីប្រែរូប គឺធ្វើឡើងដោយអាចារ្យវត្ត។
នៅពេលណាការបូជាបញ្ចប់ ហើយធាតុត្រជាក់ អាចារ្យគូសធាតុនោះទៅជារាងមនុស្ស។ សូនក្បាលមនុស្សបែរមុខទៅទិសមួយ ពួកគេសួរគ្នា ថាតើនេះជាទិសត្រឹមត្រូវសម្រាប់អ្នកស្លាប់ទៅចាប់ជាតិហើយឬនៅ។ ចម្លើយដំបូងគឺទេ ពួកគេគូសរូបជាថ្មីដោយក្បាលបែរទៅទិសមួយផ្សេងទៀត ហើយបន្តសួរឆ្លើយម្តងទៀត។ នៅទីបញ្ចប់ ក្បាលរូបសំណាកបែរទៅទិសខាងកើត ហើយអាចារ្យនឹងឆ្លើយតបថា “បាទ នេះជាទិសត្រឹមត្រូវហើយ”។
លោក ជូលៀន បាននិយាយថា “ទិសត្រឹមត្រូវមានន័យថា ការចាប់កំណើតជាថ្មីត្រឹមត្រូវ”។ ហើយបង្វិលអ្វីៗជុំវិញ ឲ្យអ្នកស្លាប់មិនអាចត្រឡប់មកវិញបាន អ្នកស្លាប់លែងជារបស់ពិភពលោកនេះទៀតហើយ ឥឡូវត្រូវចាប់ជាតិជាថ្មី ប៉ុន្តែស្ថិតក្នុងទីស្ថានដ៏ល្អ និងក្នុងទិសត្រឹមត្រូវ”។
លោកបានពន្យល់ថា “ហេតុនេះហើយពិធីបុណ្យសពគឺសំខាន់ណាស់ ពីព្រោះ ប្រសិនបើពិធីនេះធ្វើមិនបានត្រឹមត្រូវទេ វាធ្វើឲ្យព្រលឹងអ្នកស្លាប់មិនអាចទៅចាប់ជាតិបាន ក្លាយទៅជាព្រលឹងតែលតោល។
លោក ជូលៀន បាននិយាយថា ភ្ជុំបិណ្ឌ ជាពិធីសាសនាសំខាន់បំផុតនៅប្រទេសកម្ពុជា ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយនឹងចប់នៅថ្ងៃទី១១ខែតុលា ទាក់ទិនទៅនឹងព្រលឹងដែលរសាត់អណ្តែតទាំងនោះ ពោលគឺមនុស្សទុគ៌ត ក្មេងកំព្រា មនុស្សគ្មានទីពឹង ឬមនុស្សដែលស្លាប់ក្នុងសង្គ្រាម ដែលគេមិនបានធ្វើបុណ្យឲ្យ។

លោកបានឲ្យដឹងថា “ការពិត ន័យសំខាន់របស់ភ្ជុំបិណ្ឌ គឺត្រូវជួយព្រលឹងតែលតោលឲ្យចាប់ជាតិ ហើយមិនទុកឲ្យនៅតែលតោលគ្មានទីបញ្ចប់ទេ”។
លោក ជូលៀន បានមានប្រសាសន៍ថា មានតែនៅកម្ពុជាទេ ពិធីបុណ្យរយៈពេល១៥ថ្ងៃនេះមានតាំងពីសម័យអង្គរ ហើយក៏ជាឱកាសមួយដើម្បីរំឭកនិងជួយព្រលឹងដូនតា និងញាតិកាដែលបានចែកឋានទៅហើយ។
ក្នុងពេល១៤ថ្ងៃដំបូងនៃពិធីបុណ្យ ប្រជាជនមកជួបជុំគ្នានៅតាមវត្តអារាមមុនពេលថ្ងៃរះ។ គេដើរប្រទក្សិណបីជុំដោយស្ងៀមស្ងាត់ជុំវិញព្រះវិហារ ចោលបាយបិណ្ឌ ដែលបកប្រែជាភាសាខ្មែរថា “ភ្ជុំបិណ្ឌ” ដើម្បីផ្តល់អាហារដល់ព្រលឹងដែលវិលវល់ ដើម្បីឲ្យពួកគេអាចទៅចាប់ជាតិបាន។
លោក ជូលៀន បាននិយាយថា “ពិធីនេះតាមពិតមានទស្សនីយភាពល្អអស្ចារ្យ ពីព្រោះ ធ្វើឡើងនៅពេលយប់ក្នុងចំណោមមនុស្សស្ងៀមស្ងាត់។ វាល្អ។ នៅមុនពេលថ្ងៃរះ គេធ្វើពិធីនេះជាទៀងទាត់ ដោយប្រគេនចង្ហាន់ដល់ព្រះសង្ឃ។
ភ្ជុំបិណ្ឌបញ្ចប់នៅថ្ងៃទី១៥ជាមួយនឹងពិធីសាសនាដ៏ធំនៅវត្ត ដែលបញ្ចប់នៅពេលថ្ងៃត្រង់ ប៉ុន្តែព្រះសង្ឃនៅធ្វើពិធីសូត្រធម៌ពេញមួយថ្ងៃនៅវត្តមួយចំនួន។
ចំពោះលោក ថោនសែន ដែលបានទទួលការអនុញ្ញាតឲ្យមើលការចំអាសសព មិនអាចបំភ្លេចបានទេ។
លោកបាននិយាយថា “ខ្ញុំបានស្ថិតនៅក្នុងពិធីសាសនាដ៏អស្ចារ្យមួយ។ យប់នោះ ខ្ញុំបានគូរគំនូរនេះភ្លាម” ដោយប្រើខ្មៅដៃអាគ្រីលិក។
ផែនការរបស់លោកនៅទីបញ្ចប់ ត្រូវប្រែក្លាយការគូរនោះទៅជាផ្ទាំងគំនូរដ៏ធំ។ ប៉ុន្តែនៅពេលនេះ លោកចង់ទុកវាជាគំនូរវាស គឺផ្ទាំងគំនូរនៃពេលវេលាមួយដ៏ពិសេស៕ និត