42.2 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់ឲ្យបង ប្អូនខ្មែរអុិស្លាមប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្ដូររដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ឆ្លៀត​ឱកាស​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​សាសនា​អុិស្លាម​កាលពី​ម្សិលមិញ ដើម្បី​​ក្រើន​រំឭក​​សាសនិក​ខ្មែរ​អុិស្លាម​នៅ​​ក្នុង​ប្រទេស​ថា ​ការ​​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​​អាច​​ឈាន​​ទៅ​​រក​ការ​កាប់​​សម្លាប់​​​យ៉ាង​រាល​ដាល​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ចំពោះ​សាសនិក​អុិស្លាម​​ដូច​ក្រោម​របប​ខ្មែរ​ក្រហម​ក្នុង​​​ទសវត្សរ៍​ឆ្នាំ​១៩៧០​។

​អំឡុង​​សុន្ទរកថា​​លើកទី២​​​របស់​​លោក​កាលពី​​ពេល​ថ្មីៗ​នេះ​ដែល​ហាក់​ដូច​ជា​​ប្រៀប​ធៀប​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​ខ្មែរ​ក្រហម​ លោក ហ៊ុន សែន បាន​​លើក​ឡើង​​​តាម​​រយៈ​សារ​បង្ហោះ​​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​​ថា រដ្ឋាភិបាល​របស់​លោក​​ជា​​អ្នក​​​ដែល​បាន​សង្គ្រោះ​​សាសនិក​អុុិស្លាម​​នៅ​ក្នុង​ប្រទេស​​ ចំណែក​ឯគណ​បក្ស​នយោបាយ​​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ អាច​នឹង​​នាំ​ពួកគេ​​ឲ្យ​​ធ្លាក់​ចូល​ក្នុង​​គ្រោះ​មហន្តរាយ​។

នៅ​ក្នុង​សារ​​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​នោះ លោក​​បាន​​សរ​សេរ​​​ថា “​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​តែង​តែ​គាំទ្រ​​ និង​លើក​តម្កើង​​សិទ្ធិ​សេរីភាព​​​ ជំនឿ​សាសនា និង​សិទ្ធិ​ប្រកប​ការ​ងារ​​ និង​សិទ្ធិ​ចូល​រួម​​ក្នុង​កិច្ច​ការ​សង្គម​ទូទៅ​​​របស់​​សាសនិក​ខ្មែរ​អុិស្លាម​ទាំង​អស់​នៅ​​ក្នុង​ប្រទេស​។ យើង​​​​គ្រប់​​គ្នា​សុទ្ធ​តែ​​ដឹង​ច្បាស់​ហើយ​ថា កាលពី​ជាង​​៣០​ឆ្នាំមុន ​នយោបាយ​ផ្លាស់​ប្ដូរ​​​របស់​ខ្មែរ​ក្រហម​​ គឺ​បាន​ធ្វើ​ឲ្យ​សាសនិក​ខ្មែរ​អុិស្លាម​​ត្រូវ​បាន​កម្ទេច​ស្ទើរ​ទាំង​ស្រុង​។ ​នៅ​ពេល​នេះ សូម​បង​ប្អូន​ខ្មែរ​អុិស្លាម​​​ប្រុង​ប្រយ័ត្ន​ជា​ថ្មី​ម្ដង​ទៀត​​ចំពោះ​ការ​ឃោសនា​​ញុះញង់​ អូសទាញ​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​ស្រដៀង​ទៅ​នឹង​​ការ​​ផ្លាស់​ប្ដូរ​សម័យ​ខ្មែរ​ក្រហម​”។

លោក​បាន​គូស​បញ្ជាក់​ថា ​​​សាសនិក​អុិស្លាម​​នៅ​ក្នុង​ប្រទេស​​​គួរ​តែ​សម្លឹង​មើល​ការ​បំផ្លិច​បំផ្លាញ​​​ដែល​បាន​កើត​មាន​​ក្នុង​ប្រទេស​ដូច​ជា​ស៊ីរី អុីរ៉ាក់ និង​អេហ្ស៊ីបជា​ដើម ​​ចាប់​​តាំង​ពី​ផ្ទុះ​​បដិវត្តន៍​ផ្កា​ម្លិះ​ដែល​បាន​ចាប់​ផ្ដើម​ពី​ក្រុម​តូចៗ​​ដែល​ធ្វើ​ការ​តវ៉ា​ទាម​ទារ​​លទ្ធិ​ប្រជា​ធិបតេយ្យ​មក​។

លោក​បាន​សរ​សេរ​ទៀត​ថា “​​ប្រាកដ​ណាស់​ វា​បាន​​​​ផ្លាស់​ប្ដូរ​ពី​មាន​ទៅ​ក្រ ពី​មាន​វិហារ​ទៅជា​អត់​វិហារ ពី​មាន​សាលា​ទៅ​ជា​អត់​សាលា ពី​មាន​ពេទ្យ​​ទៅ​ជា​​អត់​ពេទ្យ​ ពី​មាន​ផ្ទះ​រស់​នៅ​​បែរ​ជា​​ទៅ​រស់​នៅ​តាម​តង់​កៅស៊ូ​នៅ​តាម​ព្រំដែន​ រត់​លូន​កាត់​សង្គ្រាម​ស្ទើរ​រាល់​ថ្ងៃ​យ៉ាង​លំបាក​វេទនា។ ​យើង​មិន​ត្រូវ​ការ​​ការ​ផ្លាស់​​ប្ដូរ​ប្រភេទ​នេះ​ទេ​នៅ​ក្នុង​ប្រទេស​យើង​។ ខ្ញុំ​សង្ឃឹម​ថា ​សាសនិក​ខ្មែរ​អុិស្លាម​​នឹង​យក​ចិត្ត​បន្ថែម​ទៀត​​​​លើ​ការ​ឃោសនា​នេះ​​​នៅ​ក្នុង​សហគមន៍​របស់​បងប្អូន​”។

​ប្រជាជន​ខ្មែរ​អិុស្លាម​​​​​បាន​​រង​​កាប់​​សម្លាប់​​យ៉ាង​រង្គាល​ និង​ការ​​ធ្វើ​សមា​ហរណ​កម្ម​ទាំង​​បង្ខិត​បង្ខំ​ដោយ​ប្រើ​ហិង្សា​ក្រោម​របប​ខ្មែរ​ក្រហម។ លោក ហ៊ុន សែន​ ដែល​​​ធ្លាប់​ជា​ទាហាន​​ក្នុង​ជួរ​កង​ទ័ព​ខ្មែរ​ក្រហម ត្រូវ​បាន​អង្គ​ការ​ឃ្លាំ​​​​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ចោទ​ប្រកាន់​តាម​រយៈ​​របាយ​ការណ៍​មួយ​​ដែល​បញ្ចេញ​កាលពី​ដើម​ឆ្នាំ​នេះ​​ថា​​មាន​​ជាប់​ពាក់​ព័ន្ធ​យ៉ាង​សកម្ម​ក្នុង​ការ​សម្លាប់​​​ខ្មែរ​អុិស្លាម​​​​យ៉ាង​រង្គាល​នៅ​​ខេត្ត​កំពង់ចាម​ ក្នុង​ឆ្នាំ​១៩៧៥ ​បន្ទាប់ពី​ពួកគេ​បាន​​​​ចាប់​ផ្ដើម​​ការ​បះបោរ​ហិង្សា​​នៅ​​លើ​កោះ​ផល ​នៅ​ទី​នោះ​​។

លោក ហ៊ុន សែន ​គឺ​ជា​មេ​បញ្ជាការ​រង​​នៃ​កង​វរ​សេនា​តូច​លេខ​៥៥​ក្នុង​​តំបន់​២១​នៃ​ភូមិភាគ​បូព៌ា​​របស់​ខ្មែរ​ក្រហម ដែល​​​​រង​​ការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​អនុវត្ត​​ការ​សម្លាប់​រង្គាល​នេះ​ ប៉ុន្តែ​​លោក​នាយក​រដ្ឋមន្ត្រី និង​អ្នក​ដែល​ជំនិត​​នឹង​លោក​​​តែង​តែ​បដិសេធ​ថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​​ឡើយ។​

​ចាប់​តាំង​ពី​​ខ្មែរ​ក្រហម​ដួល​រលំ​ក្នុង​ឆ្នាំ​១៩៧៩​មក ខ្មែរ​អុិស្លាម​​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​សេរីភាព​​យ៉ាង​​ទូលំទូលាយ​ផ្នែក​សាសនា។ ដោយ​​សារ​តែ​​បណ្ដា​​​មេដឹកនាំ​​​​សាសនា​អុិស្លាម​ទូទាំង​​ប្រទេស​​​​សុទ្ធ​តែ​ស្និទ្ធ​នឹង​​គណបក្ស​​កាន់​អំណាច​ សំឡេង​​​ឆ្នោត​​របស់​សាសនិក​ខ្មែរ​អុិស្លាម​ក្នុង​ប្រទេស​​ដែល​មាន​​​ចំនួន​ប្រមាណ​៤០០.០០០​នាក់​ ត្រូវ​បាន​គេ​​​​ចាត់​ទុក​​​​ថា​​ជា​​ជ័យ​ជម្នះ​សម្រាប់​គណបក្ស​​ប្រជា​ជន​កម្ពុជា​ជាយូរ​មក​ហើយ​។

​ទោះ​ជា​យ៉ាង​ណា គណបក្ស​​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ខិត​ខំ​​អូស​ទាញ​ការ​គាំទ្រ​នោះ​ ដោយ​បញ្ជ្រាប​​គំនិត​​​​​​មិន​ពេញ​ចិត្ត​ក្នុង​ចំណោម​​ខ្មែរ​អុិស្លាម​មួយ​ចំនួន​​ដើម្បី​​ឲ្យ​ពួកគេ​​យល់​ដឹង​​អំពី​​បញ្ហា​​នានា​ដូច​ជា​ការ​​អភិវឌ្ឍសេដ្ឋកិច្ច និង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​មេដឹកនាំ​សាសនា​​ដោយ​ផ្ទាល់​ជា​ដើម។

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​​តម្រង់​គោល​ដៅ​ទៅ​រក​យុវជន​ខ្មែរ​អុិស្លាម​ដែល​​​សិក្សា​​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជា​ដើម មុន​ពេល​ពួកគេ​វិល​ត្រឡប់​មក​កាន់​សហគមន៍​របស់​ខ្លួន​វិញ ហើយ​ ខក​ចិត្ត​ចំពោះ​កង្វះ​ការ​រីក​ចម្រើន​។

លោក​ ម៉ាំ ស្លេះ​ម៉ាន់ ​អាយុ​៤៨​ឆ្នាំ ដែល​ជា​​​សាសនិក​ខ្មែរ​​អុិស្លាម​មក​ពី​ខេត្ត​កំពង់​ចាម និយាយ​ថា ​​ប្រជាជន​​កាន់​តែ​ច្រើន​នៅ​ក្នុង​សហគមន៍​របស់​គាត់​​ទទួល​យក​​​​ការ​អំពាវ​នាវ​​សុំ​ការ​គាំទ្រ​ពីសំណាក់​​គណបក្ស​សង្គ្រោះ​ជាតិ​​​កាន់​តែ​ច្រើន ទោះ​បី​ជា​ពួកគាត់​នៅ​ដឹង​គុណ​​គណបក្ស​ប្រជាជន​កម្ពុជា ​ចំពោះ​សេរីភាព​សាសនា​​របស់​ពួកគាត់​ក្ដី​។

គាត់​និយាយ​ថា “​យើង​ចង់​ផ្លាស់​ប្ដូរ ពីព្រោះ​យើង​មិន​អាច​​​មាន​មេដឹកនាំ​​ដដែលៗ​បាន​ទេ​។ យើង​ចង់​ឃើញ​មេដឹកនាំ​ថ្មី​ដែល​អាច​​នាំ​គំនិត​ថ្មី​ៗ​ដើម្បី​អភិវឌ្ឍ​​ប្រទេស​។ ប្រជាជន​របស់​យើង​នឹង​មិន​ធ្វើ​បដិវត្តន៍​ដូច​នៅ​មជ្ឈិម​បូព៌ា​ទេ ពីព្រោះ​យើង​ជា​និកាយ​ផ្សេង​គ្នា ហើយ​យើង​មិន​ចង់​បាន​សង្គ្រាម​​ទេ។ យើង​នឹង​ផ្លាស់​ប្ដូរ​​តាម​រយៈ​ការ​បោះ​ឆ្នោត​”។

ទោះ​ជា​យ៉ាង​ណា លោក សុះ គីមរី ដែល​ជា​មេដឹកនាំ​​កំពូល​ក្នុង​សាសនា​អុិស្លាម​​​ប្រចាំ​ប្រទេស​​កម្ពុជា ​បាន​មាន​ប្រសាសន៍​​ថា លោក​ពេញ​ចិត្ត​នឹង​អ្វី​ដែល​លោក​​ ហ៊ុន សែន បាន​ធ្វើ​ដើម្បី​ប្រទេស ហើយ​​លើក​ឡើង​ថា សាសនិក​​​អុិស្លាម​​ក្នុង​ប្រទេស​មិន​គួរ​​​ចាត់​ទុក​សមិទ្ធផល​របស់​រដ្ឋាភិបាល​​មិន​សំខាន់​ឡើយ។

លោក​បាន​បន្ត​​​ថា “​​ដោយ​​បច្ចុប្បន្ន​មាន​របប​​លោក ហ៊ុន សែន ​ដែល​ដឹកនាំចេញ​ពីរបប​រំដោះ​ ប្រជាជន​យើង​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​​ ហើយ​យើង​អាច​ដើរ​ហើរ​បាន​ដោយ​សេរី​តាម​លទ្ធិប្រជាធិបតេយ្យ។ សព្វ​ថ្ងៃ​យើង​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទេ”។ ​

លោក​គូស​បញ្ជាក់​ថា លោក​រីក​រាយ​ចង់​ឃើញ​​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បន្ត​ដឹកនាំ​​ប្រទេស​​នៅ​ពេល​អនាគត​ជាជាង​ប្រថុយ​​ប្រថាន​ជាមួយ​រដ្ឋាភិបាល​ថ្មី​​ ទោះបី​ជា​រដ្ឋា​ភិបាល​ថ្មី​សន្យា​បែប​ណា​ក៏ដោយ។ “​បើ​យើង​ធៀប​រឿង​​នេះ​​ទៅ​​ការ​ផ្លាស់​ប្ដូរ​កង់​ឡាន​វិញ យើង​​នឹង​ផ្លាស់​ប្ដូរ​ បើ​វា​ខូច​ ឬ​មិន​ដំណើរ​ការ​។ បើ​វា​​នៅ​ល្អ​ តើ​ប្ដូរ​ធ្វើអី​? បើ​យើង​​​ប្ដូរ​ ​ហើយ​បាន​អា​អន់ វា​នឹង​មាន​បញ្ហា”។

កាលពី​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​ប្រៀប​ធៀប​គោល​នយោបាយ​កំណែទម្រង់​ដីធ្លី​​របស់​ដែល​គាំទ្រ​ដោយ​លោក សម រង្ស៊ី ទៅ​នឹង​គោល​នយោបាយ​​កំណែទម្រង់​ដីធ្លី​ដែល​អនុម័ត​ដោយ​ ប៉ុល ពត ​បន្ទាប់ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ហើយ​​លើក​ឡើង​ថា វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ស៊ីវិល​ជា​ថ្មី។

ទាក់​ទិន​​ការ​លើក​ឡើង​​បែប​នេះ លោក យ៉ែម បុញ្ញរិទ្ធ អ្នក​នាំពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​មាន​ប្រសាសន៍​ថា ​​​​​​​​​​​​​​​​លោក​​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​​​បាន​ជា​លោក​​ ហ៊ុន សែន ​ចេះ​តែ​បន្ត​​ប្រៀប​ធៀប​គណបក្ស​ប្រឆាំង​​​​ទៅ​នឹង​​​របប​កុម្មុយនីស្ត​ផ្ដាច់​ការ​បែប​​នេះ​។

​លោក​បាន​គូស​បញ្ជាក់​ថា “​ខ្ញុំ​មិន​យល់ ដោយ​សារ​គោល​នយោបាយ​​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​មិន​ដែល​មាន​គំនិត​បែប​នេះ​ទេ ពីព្រោះ​យើង​បាន​សិក្សា និង​យល់​ដឹង​អំពី​​ការ​​អភិវឌ្ឍពី​បស្ចិម​ប្រទេស​។ បស្ចិម​ប្រទេស​បាន​​បង្ហាញ​វិធី​សម្រាប់​អភិវឌ្ឍ​ប្រទេស​ សង្គម សេដ្ឋកិច្ច នយោបាយ និង​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​សន្តិភាព និង​អហិង្សា”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស