អ្នកនាំពាក្យនិយាយថា ‘បើជាខ្ញុំវិញ ម៉្លេះប្រើកំាភ្លើង’ ស្វាគមន៍តំណាងរាស្ត្របាត់ទៅហើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីម្សិលមិញថា ទាហានដែលបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបយ៉ាងសាហាវកាលពីសប្ដាហ៍មុន គ្រាន់តែបញ្ចេញប្រតិកម្មតបទៅនឹងពាក្យជេរប្រមាថមាក់ងាយពូជសាសន៍ប៉ុណ្ណោះ ចំណែកឯលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការកត់សម្គាល់ថា ប្រសិនបើជាលោកវិញ ម៉្លេះលោក “ប្រើកាំភ្លើង” ស្វាគមន៍តំណាងរាស្ត្រទាំងនេះបាត់ទៅហើយ។
លោក ហ៊ុន សែន ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងបណ្តាអង្គការសិទ្ធិមនុស្សចោទប្រកាន់ថា ជាអ្នករៀបចំហេតុការណ៍ប្រើអំពើហិង្សាកាលពីថ្ងៃទី២៦ ខែតុលា ទៅលើលោក ញ៉យ ចំរើន និងលោក គង់ សភា អំឡុងបាតុកម្មគាំទ្ររដ្ឋាភិបាលនៅខាងមុខរដ្ឋសភាដើម្បីវាយបកទៅនឹងបាតុកម្មដែលបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ទីក្រុងប៉ារីស និងទីក្រុងញូវយ៉ក។

ថ្លែងនៅឯសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ អំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូដែលទទួលបានជំនួយមូលនិធិពីប្រទេសជប៉ុន លោក ហ៊ុន សែន បានមានប្រសាសន៍ថា បាតុកម្មនៅខាងក្រៅរដ្ឋសភានឹងមិនកើតឡើងនោះទេ ប្រសិនបើគណបក្សប្រឆាំងមិនធ្វើបាតុកម្មប្រឆាំងរូបលោកនៅបរទេស។
លោកបានថ្លែងថា “បើគ្មានភ្លើង វាក៏គ្មានផ្សែងដែរ បើគ្មានបាតុកម្មនៅញូវយ៉ក និងបាតុកម្មនៅប៉ារីស ក៏អត់មានបាតុកម្មនៅភ្នំពេញដែរ។ អាហ្នឹងទទួលស្គាល់ការពិតអញ្ចឹងទៅ”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ការវាយប្រហារនេះគឺជាការឆ្លើយតបភ្លាមៗឥតព្រាងទុក បន្ទាប់ពីតំណាងរាស្ត្រទាំងនេះជេរប្រមាថមាក់ងាយពូជសាសន៍ទៅលើទាហានដែលមិនកំពុងបំពេញភារកិច្ច ហើយវាមិនពាក់ព័ន្ធនឹងបាតុកម្មទេ។
លោកបានមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា “អំពើហិង្សានោះមិនមែនជាការវាយប្រហារដោយបាតុករទេ។ បាតុករបានបំបែកហ្វូងទៅហើយ។ ខ្ញុំបានឮតាមទូរទស្សន៍ថា អ្នកដែលចូលខ្លួនសារភាពបាននិយាយថា [តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ] ’ជិះឡាន ហើយជេរប្រមាថខ្ញុំថា អាយ៉ងយួន'”។
“យួន” ជាពាក្យខ្មែរហៅជនជាតិវៀតណាម ដែលជាញឹកញាប់គេចាត់ទុកថាជាពាក្យប្រមាថមាក់ងាយ ប៉ុន្តែបណ្ដាអ្នកនយោបាយគណបក្សសង្គ្រោះជាតិ នៅតែប្រើប្រាស់ពាក្យនេះជាញឹកញាប់ពេលពិភាក្សាអំពីបញ្ហានានាដូចជាពាក់ព័ន្ធនឹងប្រទេសខាងកើត ដែលជាប្រទេសជិតខាងរបស់កម្ពុជាជាដើម។
ដោយណែនាំអ្នកគាំទ្ររបស់លោកកុំឲ្យមានប្រតិកម្មខ្លាំងពេកទៅនឹងពាក្យប្រមាថមាក់ងាយនៅថ្ងៃក្រោយ លោកនាយករដ្ឋមន្ត្រីបានបកស្រាយថា “ពួកគេខឹង ដូច្នេះហើយពួកគេក៏វ៉ៃទៅ។ អ្នកគាំទ្ររដ្ឋាភិបាល គំាទ្រគណបក្សប្រជាជន សូមកុំប្រើអំពើហិង្សាអី បើគេប្រមាថបងប្អូន។ សូមអត់ធ្មត់ ហើយដើរចេញទៅ។ កុំធ្វើសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត រាងកាយ ឬទ្រព្យសម្បត្តិរបស់គេ”។
ទាហានទាំងបីនាក់ដែលមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង សុត វណ្ណនី អាយុ៤៥ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនាកាលពីថ្ងៃពុធ ដោយសារតែពួកគេស្ថិតក្នុងចំណោមក្រុមដែលបានវាយប្រហារលោក ញ៉យ ចំរើន និងលោក គង់ សភា នៅខាងក្រៅរដ្ឋសភា។
រដ្ឋាភិបាលនិយាយថា បុរសទាំងនេះបានចូលខ្លួនសារភាពកាលពីថ្ងៃអង្គារ នៅចំពោះមុខគណៈកម្មការផ្លូវការរបស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកស៊ើបអង្កេតករណីវាយប្រហារនេះដែលមានសមាសភាពមន្ត្រីជាន់ខ្ពស់ប្រាំបីរូបមកពីក្រសួងនេះ និងកម្លាំងនគរបាល។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា នេះជាករណីធម្មតាដែលទាហានប្រតិកម្មតបទៅនឹងពាក្យប្រមាថមាក់ងាយ។ លោកបានគូសបញ្ជាក់ថា ”សាកគិតមើល ពួកគាត់បានបើកបង្អួច ហើយជេរពួកគេថា ’កញ្ជះយួន’ ដូច្នេះហើយពួកគេក៏វ៉ៃពួកគាត់តែម្តងទៅ។ បើជាខ្ញុំវិញ ម្លេ៉ះខ្ញុំប្រើកាំភ្លើងបាត់ទៅហើយ”។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ចេញរបាយការណ៍មួយកាលពីម្សិលមិញដែលអះអាងដែរថា ទាហានទាំងនេះបានប្រតិកម្មតបទៅនឹងការប្រមាថមាក់ងាយពូជសាសន៍ពីសំណាក់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
របាយការណ៍នេះបានរៀបរាប់ដំណើររឿងថា ”បុរសទាំងបីនាក់នេះកំពុងអង្គុយផឹកកាហ្វេនៅជិតវិមានឯករាជ្យ ហើយស្រាប់តែទទួលបានដំណឹងថា មានបាតុកម្មទាមទារទម្លាក់តំណែង [អនុប្រធានគណបក្សសង្គ្រោះជាតិ] លោក កឹម សុខា អនុប្រធានរដ្ឋសភា។ ពេលនោះពួកគេបានទៅខាងមុខរដ្ឋសភា ហើយក៏ចូលរួមជាមួយក្រុមបាតុករដើម្បីស្វែងយល់ពីស្ថានភាព។ នៅពេលបាតុកម្មបញ្ចប់ បាតុករបានបំបែកហ្វូង ប៉ុន្តែជនដៃដល់ទាំងនេះមិនទាន់បានទៅណាទេ។ បន្ទាប់ពីនោះ តំណាងរាស្ត្រទាំងពីររូបបានជិះរថយន្តចេញទៅខាងក្រៅរដ្ឋសភា ហើយបានបើកបង្អួចជេរថា ‘អាយ៉ងយួន!’ បណ្ដាលឲ្យពួកគេខឹង ហើយក៏វ៉ៃតំណាងរាស្ត្រទាំងនេះតែម្ដងទៅ”។ របាយការណ៍ដដែលបញ្ជាក់ថា ការរៀបរាប់នេះគឺផ្អែកលើចម្លើយសារភាពរបស់បុរសទាំងបីនាក់។
នៅក្នុងសារមួយផ្ញើចេញពីមន្ទីរពេទ្យក្នុងទីក្រុងបាងកក កាលពីម្សិលមិញ លោក ញ៉យ ចំរើន បានច្រានចោលការអះអាងដែលលើកឡើងថា លោកបានប្រើពាក្យប្រមាថមាក់ងាយទៅលើបាតុករ។ លោកសរសេរថា “ខ្ញុំសូមបដិសេធថា ខ្ញុំមិនបានជេរពួកគេទេ។ វាមិនមែនជាការពិតទេ។ គួរតែមានការផ្ដន្ទាទោសបន្ថែមទៀតសម្រាប់អ្នកដែលបានវ៉ៃខ្ញុំយ៉ាងសាហាវ ហើយមកបំភាន់ការពិត។ មានជនដៃដល់លើសពីបីនាក់ ហើយមេខ្លោងក៏គួរតែទទួលខុសត្រូវដែរ។ ខ្ញុំគិតថា ពួកគេចង់វាយខ្ញុំឲ្យស្លាប់។ ពាក់ព័ន្ធការសារភាពនេះ ខ្ញុំគិតថាវាចម្លែក នៅពេលមនុស្សបីនាក់មកសារភាពក្នុងពេលតែមួយ ហើយគ្មានការចាប់ខ្លួន”។
លោក ញ៉យ ចំរើន និងលោក គង់ សុភា សុទ្ធតែបានលើកឡើងថា សន្តិសុខនៅរដ្ឋសភាបានអនុញ្ញាតឲ្យលោកបើករថយន្តចេញតែតាមច្រកចេញតូចមួយដែលជាធម្មតាគេមិនប្រើប្រាស់ប៉ុណ្ណោះនៃបរិវេណរដ្ឋសភា។ នៅពេលពួកលោកចេញដល់ខាងក្រៅរដ្ឋសភា ជនដៃដល់កំពុងរង់ចាំនៅទីនោះ ដោយអ្នកខ្លះមានកាន់អាយកូម។
ទោះបីជាមានភាពខុសគ្នារវាងការរៀបរាប់របស់តំណាងរាស្ត្រទាំងពីរ និងការរៀបរាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិយ៉ាងណាក្តី ក៏គណៈកម្មការស៊ើបអង្កេតនិយាយថា ខ្លួននឹងមិនធ្វើការស៊ើបអង្កេតឧប្បត្តិហេតុនេះទៀតឡើយ ប្រសិនបើតុលាការមិនបង្គាប់ឲ្យខ្លួនចាប់ខ្លួនមនុស្សបន្ថែមទៀតទេនោះ។
គណៈកម្មការនេះក៏បដិសេធមិនទម្លាយឈ្មោះអង្គភាពរបស់ទាហានទាំងបីនាក់នេះដែរ ចំណែកឯលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការប្រើអំពើហិង្សានេះមិនមែនជារឿងរបស់យោធាឡើយ៕ សុខុម