28.4 C
Phnom Penh

លោក​​​ ហ៊ុន សែន ទទួល​​​បាន​​​ការ​​​ Like លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ច្រើន​​​ជាង​​​លោក​​​ សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជិត​​​ឈាន​​​​​​ដល់​ការ​​​​ទទួល​​​បាន​​​ប្រជា​​​ប្រិយភាព​​​ខ្លាំង​​​បំផុត​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នៅ​​​កម្ពុជា​​​ដោយ​​​ឥឡូវ​​​នេះ​​​បាន​​​វ៉ាដាច់​​​​លោក ​​​សម ​​​រង្ស៊ី ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ដ៏​​​ក្តៅ​​​គគុក​​​ ដើម្បី​​​ទទួល​​​បាន​​​ការ​​​ចុច​​​ចូល​​​ចិត្ត​​​ (Like) តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​។

គិត​​​​ត្រឹម​ល្ងាច​​​ម្សិលមិញ ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្លូវ​​​ការ​​​​​​របស់​​​លោក ហ៊ុន សែន​​​ មាន​​​ការ​​​កើន​​​ឡើង ​​​​​​ នូវ​ការ​​​ចុច ​​​Likeដល់​​​ទៅ​​​ជាង​​​២.១០៨.៨០០​​​ នាក់​ ដោយ​​​វ៉ាដាច់​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្លូវ​​​ការ​​​របស់​​​លោក សម រង្ស៊ី ដែល​​​ទទួល​​​បាន​​​ការ​​​ចុច​ Like​​​ប្រហែល ២.០៩៤.៨០០ នាក់​ ។

cam-photo-facebook-hun-senដោយ​​​ទទួល​​​បាន​​ចំនួន​​​នៃ​​​ការ​​​ចុច Like ជិត​​​៣៧០​​​.០០០​​នាក់​ កាលពី​មួយ​​​ខែ​​​មុន ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក ហ៊ុន សែន ដែល​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ ទើប​​​តែមានការ​​​​ទទួល​​​ស្គាល់​​​ដោយ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅ​ខែ​កញ្ញា​ នោះ​​​ ឥឡូវ​​​នេះ​​​ទទួល​​​បាន​​​ប្រជា​​​ប្រិយភាព​​​ខ្លាំង​​​បំផុត​​​ទី​​​៣​​​នៅ​​​កម្ពុជា​​​​​​ពោល​​​គឺ​​​ចាញ់​តែ​ទំព័រ​ហ្វេស​ប៊ុក​របស់​​​​វីអូអេ(VOA)​​​និង​​​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​​​ចម្រៀង​​​ មាស​​​ សុខ​​​សោភា ប៉ុណ្ណោះ​​​ ។

ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ទទួល​​​ស្គាល់​​​ទំព័រ​​​ហ្វេស​​​​​​ប៊ុក​​​របស់​​​ខ្លួន​​​ជា​​​ផ្លូវ​​​ការ​​​មក​​​​​​ លោក ​​​ហ៊ុន ​​​សែន ​​​មាន​​​ភាព​​​សកម្ម​​​យ៉ាងខ្លាំង​​​​នៅ​​​លើ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ ដោយ​​​បាន​បង្ហោះ​​​ជាប្រចាំនូវ​រូប​​​ថត​​​ស្តី​​​ពី​​​កិច្ច​​​ប្រជុំ​​​ផ្លូវ​​​ការ​​​ និង​​​ដំណើរ​កម្សាន្តផ្ទាល់ខ្លួន​​​​ ក៏​​​ដូច​​​ជា​​​ការ​ព្រមាន​​​អ្នក​​​ដែល​​​ធ្វើមិន​គប្បី​ចំពោះរូប​​​​លោក​​​​ផង​​​ដែរ​​​។

​​​ត្រឹម​​​តែ​​​សប្តាហ៍​​​មុន​​​តែមួយគត់​​​​ លោក ​​​ហ៊ុន សែន បាន​​​បង្ហោះ​​​រូប​​​ថតជាច្រើនសន្លឹក​ស្តី​ពីលោក​​​​ថត​​​រូប​​​សែល​​​ហ្វី​​​​​​ជា​​​មួយ​​​អ្នក​​​គាំទ្រ​​​ ​រុញ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​កំពុង​​​ជិះ​​​រទេះ​​​រុញ​​​ ប្រើ​​​ទុយោ​​​បាញ់​​​ទឹក​​​ស្រោច​​​ផ្កា និង​​​ទទួលទាន​​​​​​​នំ​​​បញ្ចុក​​​ជាមួយ​​​អ្នក​​​លក់​​​ដូរ​​​តាម​​​ផ្លូវ​​​ម្នាក់​​​។

នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​កាល​​​ពី​​​ម្សិលមិញ ​​​អ្នក​​​លេង​​​ហ្វេសប៊ុក​​​ទូទាំង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​សន្មត​​​ថា ជោគ​​​ជ័យ​​​របស់​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ “Samdech Hun Sen, Cambodian Prime Minister”     គឺ​​​បាន​​​ដោយ​​​សារ​​​ការ​​​បង្ហាញ​​​ពី​​​ភាព​​​សាមញ្ញ​​​របស់​​​លោក ហ៊ុន សែន តាម​​​រយៈ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ ប៉ុន្តែ មាន​​​ការ​​​បញ្ចេញ​​​ទស្សន​ៈផ្សេង​​​ៗ​​​គ្នា​​​ជុំវិញ​​​​យុទ្ធនាការ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី។

នៅឯ​​​ហាង​​​កាហ្វេ​​​មួយ​​​កន្លែង​​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​កាល​​​ពី​​​ម្សិលមិញ ម្ចាស់​​​ក្រុម​​​ហ៊ុន​​​លក់​ផលិត​​​ផល​​​សុខភាព​​​ក្នុង​​​ស្រុក​​​ម្នាក់​ឈ្មោះ​ ទេព សានពិសី អាយុ​​​២៤​​​ឆ្នាំ​​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា​​​ នាង​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ភាព​​​សាមញ្ញ​​​ដែល​​​លោក ហ៊ុន សែន បាន​​​បង្ហាញ​​​តាម​​​អីុនធឺណិត​​​ ប៉ុន្តែបាន​សន្និដ្ឋាន​​​ថា អ្វីដែល​​ជាកង្វល់​ដ៏សំខាន់​របស់​​​​លោក ហ៊ុន សែន គឺ​​​​​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​​​​​។

ម្ចាស់​​​ហាង​​​រូប​​​នេះ​​​បាន​​​និយាយ​​​​​ថា “ខ្ញុំ​​​គិត​​​ថា សម្តេច​ ហ៊ុន សែន ទទួល​​​បាន​​​ការ​​​ចុច​​​ Like ​​​ច្រើន​​​ក្នុង​​​ពេល​​​នេះ​​​ ដោយ​​​សារ​​​គាត់​​​បន្ទាប​​​ខ្លួន​​​មក​​​ធ្វើ​​​ជា​​​មនុស្ស​​​សាមញ្ញ​​​។ គាត់​​​ទទួល​​​ទាន​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​។  គាត់​​​និយាយ​​​លេង​​​ជា​​​មួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​”។ សាន​​​ពិសី បាន​​​បន្ថែម​​​ថា នាង​​​បាន​​​ចុច​​​ Like ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក ហ៊ុន សែន ប្រហែល​​​២ខែ​​​មុន​​​​។

នាង​​​បាន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “កាល​​​ពី​​​ម្សិលមិញ ខ្ញុំ​​​ឃើញ​​​គាត់​​​ធ្វើ​​​សកម្មភាព​​​សាមញ្ញ​​​ ដូចជា​ទទួល​​​ទាន​​​នំ​​​បញ្ចុក​​​នៅ​​​សួន​​​មុខ​​​វត្ត​​​បទុម។​​​​​​ដំបូង​​​គាត់​​​ទទួល​​​ទាន​​​តែ​​​ម្នាក់​​​ឯង​​​​​​ បន្ទាប់​​​មក​​​គាត់​​​បាន​​​ហុច​​​ចាន​​​នំ​​​បញ្ចុក​​​ទៅ​​​ឲ្យ​​​ស្ត្រី​​​ម្នាក់​​​ទៀត​​​។ ខ្ញុំ​​​គិត​​​ថា កំពុង​​​ធ្វើ​​​ដូច្នេះ​​​គឺ​​​ដើម្បី​​​ទទួល​​​បាន​​​ប្រជា​​​ប្រិយ​​​ភាព​​​… និង​ដើម្បី​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​​​​ពី​​​ការ​​​ធ្វើ​​​ដូច្នេះ ប៉ុន្តែ ខ្ញុំ​​​មិន​​​ច្បាស់​​​នោះ​​​ទេ”។

អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ម្នាក់​​​ឈ្មោះ​​​ ប៊ុន ​​​ផានសី អាយុ​​​៤២​​​ឆ្នាំ ដែល​​​កំពុង​​​រង់​​​ចាំ​​​អ្នក​​​ដំណើរ​​​ក្បែរ​​​ផ្សារ​​​កាប់​​​គោ​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​ទើប​​​តែ​​​ងា​​​កមក​​​លេង​​​ហ្វេស​​​ប៊ុក​​​វិញ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​ផ្អាក​​​អស់​​​ជា​​​ច្រើន​​​ខែ​​​ ​​​ដោយ​​​ឃើញ​​​ថា នៅ​លើ​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​គាត់​​​ត្រង់ចំណុច​ទិន្នន័យ​​​ព័ត៌មានថ្មី​ មាន​​​សុទ្ធ​​​តែ​​​ការ​​​បង្ហោះ​​​របស់​សម្តេច​​​ ហ៊ុន សែន ដែល​​​មិត្ត​​​ភក្តិ​​​ (Friends)​​​​ ក្នុង​​​ហ្វេស​​​ប៊ុក​​​ជា​​​អ្នក​​​ចែក​​​រំលែក​​​ (Share)​​​​​​ឲ្យ​​​។

លោក​​​ ប៊ុន ផានសី បាន​​​និយាយ​​​ថា “ពេល​​​ដែល​​​ខ្ញុំ​​​យក​​​ទូរស័ព្ទ​​​ថ្ម​​ី​​​របស់​​​ខ្ញុំ​​​មកមើលឬ​​​លេង​​​ហ្វេស​​​ប៊ុក ​​​ខ្ញុំ​​​ឃើញ​​​គាត់​​​ឲ្យ​​​​លុយ​​​ទៅ​​​​​​អ្នក​​​លក់​​​នំបញ្ចុក​​​ និង​​​ដើរ​​​ហាត់​​​ប្រាណ​​​តាម​​​សួន​​​ច្បារ​​​”។

អ្នក​​​រត់​​​រឺុម៉ក​​​ម៉ូតូ​​​កង់​​​បី​​​រូបនេះ​បាន​​​និយាយ​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា​​​អ្វី​​​ដែល​​​គាត់​​​ធ្វើ​​​​​​ គឺ​កំពុង​​​តែ​​បំភ័ន​្តភ្នែក​។ ប្រហែល​​​ជា​​​​​​​​គ្រាន់​​​តែ​​​ដើម្បី​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​គិត​​​ថា គាត់​​​ស្រឡាញ់​​​ប្រជា​​​ពល​​​រដ្ឋ​​​ប៉ុណ្ណោះ​​​។ ប៉ុន្តែ ធាតុ​​​ពិត​​​ប្រហែល​​​ជា​​​មិន​​​អ៊ីចឹង​​​ទេ​​​”។

ដោយ​​​កំពុង​​​រង​​់​​​ចាំ​​​អតិថិជន​​​នៅ​​​តូប​​​របស់​​​ខ្លួន​​​ដែល​​​ស្ថិត​​​នៅ​​​លើ​​​មជ្ឈមណ្ឌល​​​ផ្សារ​​​ទំនើប​​​សុរិយា ជាន់​​​ទី​​​៤​​​ លោក ចាប វិសាល អាយុ​​​៣៦​​​ឆ្នាំ​​​បាន​​​លើក​​​ឡើង​​​ថា រូប​​​គាត់​ក៏​​​កត់​​​សម្គាល់​​​​​​អំពី​​​ការ​​​បង្ហោះ​​​រូបភាព​​​”មិន​​​ផ្លូវ​​​ការ​​​” ជា​​​បន្ត​​​បន្ទាប់​​​របស់​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ដែរ​​​។ ​​​គាត់បាន​និយាយ​​​ថា “ជួន​​​កាល​​​​​​ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​នេះ​​​គឺ​​​ជា​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្លូវ​​​ការ​​​របស​​​់​​​គាត់ ឬ​​​គ្រាន់​​​តែ​​​ជា​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​ខ្លួន​​​។ ​​​ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​​​មេដឹក​​​នាំ នៅ​​​ក្នុង​​​ប្រទេស​​​​​​ផ្សេង​​​ទៀត​​​លេង​ហ្វេស​​​ប៊ុក​​​ដូច​​​េនះ ឬ​​​អត់​​​នោះ​​​”។

គាត់​បាន​​​សង្កត់​​​ធ្ងន់​​​ថា ខណៈ​​​គាត់​​​​ចុច​​​ Like​​​ទាំង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក ​​​ហ៊ុន សែន ​​​និង​​​របស់​​​លោក សម រង្ស៊ី ដែរ​​​នោះ​​​ នេះ​​​មិន​​​​​​មែន​​​ជា​​​ការ​​​គាំទ្រ​​​​​​​​​​​​មេដឹកនាំ​​​​ទាំង​​​ពីររូបនេះ​​​​ឡើយ​​​។ “វា​​​មិន​​​មែន​​​មាន​​​ន័យ​​​ថា ខ្ញុំ​​​គាំទ្រ​​​ [ពួក​​​គាត់] ឬ​​​មិន​​​គាំទ្រ​​​នោះ​​​ទេ​​​។ យើង​​​គ្រាន់​​​តែ​​​ចង់​​​ដឹង​​​តើ​​​រឿង​នយោបាយ​​​មានការវិវឌ្ឍ​​​ដល់​​​ណាហើយ​ប៉ុណ្ណោះ​។ ជូន​​​កាល​​​ខ្ញុំ​​​មើល​​​រូប​​​ថត​​​របស់​​​ពួក​​​គាត់​​​ខ្ញុំ​​​ក៏​​​ចុច ​​​Like ទៅ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​បាន​​​គិត​​​ឲ្យ​​​ស៊ីជម្រៅ​​​​នោះ​​​ទេ​​​”។

ពេល​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ អ្នក​​​សរសេរ​​​គេហទំព័រ​​​ក្នុង​​​ស្រុក​​​ម្នាក់​​​ឈ្មោះ ថារុំ ប៊ុន បាន​​​លើក​​​ឡើង​​​ថា ប្រជា​​​ប្រិយភាព​​​តាម​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ ហ៊ុន ​​​សែន ទំនង​​​ជា​​​មិន​​​មែន​​​ដោយសារ​​​តែ​​​ការ​​​បង្ហាញ​​​ពីភាព​​​សាមញ្ញ​​​នោះ​​​ទេ​​​ ដោយ​​​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា លោកបាន​​​​​​​​​ឃើញ​​​​​​ការ​​​បង្ហោះមួយ​​​​​​​ចំនួន​​​ដែល​​​​​​ប្រើលុយ​សម្រាប់​​​​​​​ទំព័រ​​​ហ្វេស​​ប៊ុក​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​លេច​​​ឡើងត្រង់ចំណុចទិន្នន័យថ្មី​ៗ​។

អ្នក​​​សរសេរ​​​គេ​​​ហទំព័រ​​​រូប​​​នេះ​​​បាន​​​និយាយ​​​​​​ថា “បើ​​​យើង​​​ចង់​​​ឲ្យ​​​ការ​​​បង្ហោះ​​​របស់​​​យើង​​​គេ​​​មើល​​​ឃើញ​​​ច្រើន​​​គឺ​​​ត្រូវ​​​តែ​​​ចំណាយ​​​ប្រាក់​​​មួយ​​​ចំនួន នោះ​​​ការ​​​បង្ហោះ​​​របស់​​​យើង​​​គេ​​​​មើល​​​ឃើញកាន់តែ​​​​ច្រើន​​ទៅ​​​ៗ។ មនុស្ស​​​គ្រប់​​​​​​រូប​​​​​​អាច​​ផ្ញើ​​​សា​​​​​រលក្ខណៈ​​​ធ្វើ​​​ទីផ្សារ​​​ សារ​​​ពាក់​​​ព័ន្ធ​​​នយោបាយ ឬ​​​អ្វី​​​ក៏​​​បាន​​​ដោយ​​​ងាយ​​​ស្រួល​​​”។

នៅ​​​ពេល​​​សួរ​​​ថា តើ​​​គណបក្ស​​​ប្រឆាំង​​​មានការ​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​កើន​​​ឡើង​​​ប្រជា​​​ប្រិយ​​​ភាព​​​យ៉ាង​​​ឆាប់​​​រហ័ស​​​របស់​​​លោក ​​​ហ៊ុន ​​​សែន តាម​​​ហ្វេស​​​ប៊ុក​​​ដែរ​​​ ឬ​​​ទេ​​​​​​ កញ្ញា ​​​កឹម ​​​មនោវិទ្យា អនុប្រធាន​​​ផ្នែក​​​​កិច្ច​​​ការ​​​សាធារណៈ​​​​​​របស់​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​​​​ឡើង​​​តាមរយៈ​​​​អីុម៉េល​​​មួយ​​​ថា កញ្ញា​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ជា​​​ខ្លាំង​​​ចំពោះអ្វី​​​ដែល​​​អ្នក​​​នយោបាយ​​​ដ៏​​​លេច​​​ធ្លោបំផុត​​​នៅ​​​កម្ពុជា ​​​ចាត់ទុក​​​​ហ្វេសប៊៊ុក​​​​ថា​​មានតម្លៃ​។

កញ្ញា​​​បាន​​​និយាយ​​​ថា “ហ្វេស​​​ប៊ុក​​​គឺជា​​​កម្មវិធី​​​មួយ​​​ក្នុង​​​ចំណោម​​​កម្មវិធី​​​ផ្សេង​​​ៗ​​​ទៀត​​​ដើម្បី​​​​​​ទាក់​​​ទង​​​គ្នា​​​ មិន​​​ថាមានខ្លឹមសារ​យ៉ាង​​​ណានោះ​​​​ទេ​​​។ ខ្ញុំ​​​ចង់​​​ឃើញ​​ភាគីទាំងអស់​មានហេតុផលជាក់ស្តែង​​​​ និង​មិន​​​​មាន​​​ការ​​​ងប់ងល់ពេក​​​​​ចំពោះ​​​កម្មវិធី​​​នេះ​​​”៕​​​ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស