33.2 C
Phnom Penh

ជន​ភៀស​ខ្លួន​​​​​​​​​​​អុីរ៉ង់ដែល​អូស្ត្រាលី បញ្ជូន​​ពី​​កោះ​ណូរូមក​តាំង​លំនៅ​ថ្មី​​​​នៅ​​​​កម្ពុជា​​ ត្រឡប់​ទៅ​​​​ស្រុក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​​មិញ​​​​ថា ពីរ​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​អុីរ៉ង់ ក្លាយ​​​​​​​​​ជា​ជន​ភៀស​ខ្លួន​​​​​​​​ថ្មី​​​បំផុត​​​​​ដែល​​​​បាន​វិល​​ត្រឡប់​ទៅ​​​ប្រទេស​​​​​កំណើត​​​​វិញ ​បន្ទាប់ពី​​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​​​​តាំង​លំនៅ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ ជា​​​ផ្នែក​​​​​នៃ​កិច្ច​ព្រមព្រៀង​​​មួយ​​​ក្នុង​​​ទំហំ​​​​​​ទឹក​​​ប្រាក់​​​​​​យ៉ាង​​​​​​​​​ច្រើន​​​​រវាង​កម្ពុជា និង​អូស្ត្រាលី​​។

លោក សុខ ផល អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​​ បាន​មាន​ប្រសាសន៍​ថា ប្ដី​ប្រពន្ធ​ជន​ជាតិ​អុីរ៉ង់ ទាំង​​​ពីរ​​​​បាន​ស្ម័គ្រ​ចិត្ត​​​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​​​​ខ្លួន​​​​​​វិញ​​​ហើយ​​​។ លោក​​​​​​​​​​ថ្លែង​​​​​​​ថា “ពួក​គេ​​​​បាន​​​ត្រឡប់​ទៅ​វិញ​ហើយ។ ពួកគេ​ចង់​ត្រឡប់​​​ទៅ​ស្រុក​វិញ។ អស់​លោក​សួរ​ខ្ញុំ​ថា​​ហេតុ​អី ខ្ញុំ​មិន​ដឹង​ទេ”។

លោក​​​​​​​​​លើក​​​​​​​​ឡើង​​​​​​ទៀត​ថា ប្ដី​ប្រពន្ធទាំង​ពីរ​បាន​ចាក​ចេញពី​កម្ពុជា បើ​​​មិន​​​​​​​​នៅ​​​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា​​​ដែរ​​​។ គេ​មិន​ច្បាស់​ថា​ហេតុ​អ្វី​​ពួកគេ​​ចាក​ចេញពី​​អុីរ៉ង់​​​​​​​​​ តាំង​​​ពី​​​​​​ដំបូង​​​​​​​​​មក​​​​​​​​ទេ ហើយ​លោក​ សុខ សុផល បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​​ថា តើ​​​មាន​ការ​ប្រឹង​​ប្រែង​ធានា​​​​ការ​​​​​ពារ​​​​​​​​​ឲ្យ​​​​​​​​​ពួកគេ​​​វិល​ត្រឡប់​ទៅវិញ​​​​​​​​​​​ដោយ​​សុវត្ថិភាព​ដែរ​​​ឬ​​​យ៉ាង​​​ណា​​​​​​​​​ទេ ​ប៉ុន្តែ​ជឿ​ថា ពួកគេ​បាន​ទំនាក់​ទំនង​ជាមួយ​សាច់ញាតិ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ មុន​ពេល​សម្រេច​ចិត្ត​ចាក​ចេញពី​កម្ពុជា។ ​​​លោក​​​​​​​​​គូស​​​បញ្ជាក់​​​​​​ថា “យើង​មិន​ដឹង​ច្បាស់​ពី​ស្ថាន​ភាព​​​​​នៅ​ទីនោះ​ទេ”។

លោក តាន់ សុវិជ្ជា ​ប្រធាន​​​ការិយាល័យ​​​ជន​​​ភៀស​​​ខ្លួន​​​នៃ​​​​នាយកដ្ឋាន​​​​អន្តោ​​​ប្រវេសន៍​​​​​បាន​មាន​ប្រសាសន៍​ថា ពីរ​នាក់​ប្ដី​នេះ​បាន​ចាក​​​ចេញ​​កាលពី​ខែ​កុម្ភៈ ប៉ុន្តែ​​​​លោក​​​​​​ក៏​មិន​ដឹង​ថា ហេតុ​អ្វី​​បាន​ជា​ពួកគេ​​ជ្រើស​រើស​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ​”។

អ្នក​នាំពាក្យ​​ក្រសួង​​អន្តោប្រវេសន៍​​​របស់​​​​​​អូស្ត្រាលី ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​​សុំ​​​​​ការ​​​​​​បំភ្លឺទេ។ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ (International Organization for Migration)​ ដែល​បាន​​​​​​និង​​​កំពុង​​​​ជួយ​ជន​ភៀស​ខ្លួន​​​តាំង​លំនៅ​​​ថ្មី​​​​ក្នុង​​​​​​ប្រទេស​កម្ពុជា ​​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​​​​ទេ​ទាក់​ទិន​ការ​វិល​​ត្រឡប់​ទៅវិញនេះ​។

ការ​សម្រេច​ចិត្ត​​​​​​របស់​​​​​​ប្តី​​​ប្រពន្ធ​​​​​​ជន​​​ជាតិ​​​​​អីុរ៉ង់ ដើម្បី​​​បោះ​បង់​ឱកាស​ចាប់​ផ្ដើម​​ជីវិត​ថ្មី​នៅ​​​​ប្រទេស​កម្ពុជា​​​​​មាន​ន័យ​ថា ពេល​នេះ​​​នៅ​​​សល់​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​​​​​ជា​ជនជាតិ​អុីរ៉ង់​ដែល​មក​​​ពី​ក្រុម​ជនភៀស​ខ្លួន​បួននាក់​ដំបូង​ដែល​​​​​​ត្រូវបាន​​​​​​​​​បញ្ជូន​​​​​​មក​​​​​ពី​​​​​​មណ្ឌល​ឃុំ​​​ខ្លួន​​​របស់​​​អូស្ត្រាលី នៅ​លើ​កោះ​​ណូរូ​កណ្ដាល​មហា​សមុទ្រ​បា៉ស៊ីហ្វិក កាលពី​ខែមិថុនា​​ឆ្នាំ​មុន។

មនុស្សទី៤​ក្នុង​ក្រុម​នេះ​​ គឺ​​ជន​ជាតិ​ដើម​ភាគតិច​រ៉ូហុីងយ៉ា​ដែល​បាន​មកពី​​​​ប្រទេស​​​ភូមា បាន​​សម្រេច​ចិត្ត​ត្រឡប់​ទៅ​​ប្រទេស​កំណើត​​វិញ​កាល​ពី​ខែ​តុលា ទោះបី​ជា​រដ្ឋាភិបាល​ភូមា​មិន​ទទួល​​​​ស្គាល់​​​សិទ្ធិ​​​សញ្ជាតិ​​​​​​​​របស់​​​​​​ជន​​​​​​ជាតិ​​​​​​​​​​​ដើម​​​​​​ភាគ​​​តិច​​​រ៉ូហុីងយ៉ា ហើយ​​​ធ្វើ​​​​​​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ស្ថាន​ភាព​​​​​​រើស​​​អើង​​​ក៏ដោយ​។ បុរស​ជន​ជាតិ​រ៉ូហុីង​យ៉ា​ទី២​បាន​មក​ដល់​កម្ពុជា​​​​ហើយ​​​កាលពី​ខែ​វិច្ឆិកា។

នៅ​ពេល​​បុរស​ជនជាតិ​រ៉ូហុីងយ៉ា​ត្រឡប់​ទៅវិញ សមត្ថ​​​កិច្ច​​​​​​កម្ពុជា​​​បាន​​​និយាយ​​​​​​ថា ​​​បុរស​​​​​​​នេះ​​​​​​​​​នឹក​​​ស្រុក។ ប៉ុន្តែ​​​​​​​​​​​បណ្តា​​​​​​​​​អ្នក​​​តស៊ូ​​​មតិ​​​ដើម្បី​​​​​​សិទ្ធ​​​​​ិ​​​​​​​​មនុស្ស​​​​​​​បាន​​លើក​​​​​​ឡើង​​​​​​ថា សមត្ថ​​​​​​កិច្ច​​​មិន​​​​​​​​​សូវ​​​ខិត​​​ខំ​​​​​​ជួយ​​​​​​​​​​​​ធ្វើ​​​សមាហរណ​​​​​​កម្ម​​​បញ្ចូល​ទៅ​ក្នុង​​​​​​​សង្គម​​​​​​​​​ខ្មែរ​​​នោះ​​​ទេ ហើយ​​​ថែម​​​ទាំងមិន​​​​​​អើ​​​ពើ​​​​នឹង​​​​​​សំណើ​​​របស់​​ពួកគេ​​​​​​សុំ​​​​​​ណែនាំ​​​បុរស​​​រូប​​​​​​នេះ​​​​​​​​​ឲ្យ​​​បាន​​​​​​​​​​​ស្គាល់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​​​​តិច​​​រ៉ូហ៊ីង​យ៉ា​​​ផ្សេងៗ​​​ទៀត​​​នៅ​​​ក្នុង​​​​​ប្រទេស​​​កម្ពុជា​​​​​ទៀត​​​ផង។

ចាប់​​​តាំង​​​ពី​​​​​​ប្តី​​​ប្រពន្ធ​​​​​​ជន​​​ជាតិ​​​អីុរ៉ង់ បាន​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា ​​​កាល​​​ពី​​​​​​ខែ​​​មិថុនា​មក ​រដ្ឋា​​​ភិបាល​​​​​​​​​ក្រុង​​​តេហេរ៉ង់ ​​​បាន​​​​​​ចាត់​​​វិធាន​​​ការ​​​សំខាន់ៗ​​​​​​ដើម្បី​​​​​​​​​​​​​​ឆ្លុះ​​​​​​បញ្ចាំង​​​ពីស្ថាន​​​ភាព​​​ដែល​​​ខ្លួន​​​​​​​​​​​​​​​ត្រូវ​​​​​​​​​​​​អន្តរ​​ជាតិ​​​​​ស្អប់​​​ខ្ពើម ​​​​​​​​​ដោយ​​​​​​បាន​​​​​​​​​​​​ចុះ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​មួយ​​​ជា​​​មួយ​​​​​​​​​រដ្ឋាភិបាល​​​​​​ក្រុង​​​វ៉ាស៊ីន​​​តោន​​​ដើម្បី​​​​​​អនុញ្ញាត​​​​​​ការ​​​​​បង្កើន​​​​​​​​អធិការកិច្ច​​​លើ​​​​​​ទីតាំង​​​​​​​​​នុយ​​​ក្លេអ៊ែរ​​​​​​របស់​​​​​​ខ្លួន​​​ជា​​​​​​​​​ថ្នូរ​​​​​​នឹង​​​ការ​​​​​​​​​​​​ដក​​​​​​ទណ្ឌ​​​កម្ម​​​​​​របស់​​​បស្ចិម​​​ប្រទេស​​។ ​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ពេល​​​​​​ថ្មីៗ​​​នេះ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​អីុរ៉ង់​​​ក៏​​​បាន​​​​​​​​​ធ្វើ​​​​​​ឲ្យចុះ​​​ខ្សោយ​​​​​​ឥទ្ធិពល​​​​​​​​​របស់​​​​​​ពួក​​​អភិរក្ស​​និយម​​​​​​ផង​​​ដែរ​​​​​​ដើម្បី​​​​​​គាំទ្រ​​​​​​​​​​​​ក្រុម​​​​​​​​​​​​អ្នក​​​និយម​​​កណ្តាល និង​​​អ្នក​​​ធ្វើ​​​កំណែ​​​ទម្រង់។

ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ត្រូវបាន​​​​​​​​​បញ្ជូន​​​​​ពី​​​កោះ​​​​ណូរូ មក​​​ប្រទេស​​​កម្ពុជា គឺជា​​​ផ្នែក​​​​​​នៃ​​​កិច្ច​​​​​​ប្រឹង​​​ប្រែង​​​មួួយ​​​​​​ដែល​​​កម្ពុជា​​​​​​​​​បាន​​​​​​ចុះ​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​​​ឆ្នាំ​​​២០១៤​​ដើម្បី​​​​​​ទទួល​​​​​​យក​​​​​​ជន​​​ភៀស​ខ្លួន​​​​ក្នុង​​​​​​ចំនួន​​​មិន​​​​​​បញ្ជាក់ដែល​​​អូស្ត្រាលី កំពុង​​​ឃុំ​​​ខ្លួន​​​នៅលើ​​​កោះណូរូ ជា​​​ថ្នូរ​​​នឹង​​​​​ជំនួយ​​​​​​​​​​​​​​​​​​​​​៤០​លាន​ដុល្លារ​អូស្ត្រាលី ឬ​ប្រហែល​​២៩​,៦​លាន​ដុល្លារ​​​​អាមេរិក។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នៅ​កម្ពុជា និង​​​អូស្ត្រាលី​​​បាន​រិះគន់​​កិច្ច​ព្រមព្រៀង​​នេះ​តាំង​​ពី​ដំបូង ដោយ​ចោទ​​ប្រកាន់​​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​​ថា ​គេច​វេះ​​​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​​​​​ក្នុង​​​ការ​​​​ទទួល​យក​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​ព្យាយាម​ទៅ​ដល់​ឆ្នេរ​​របស់​ខ្លួន​តាម​​​រយៈ​ការ​​​បញ្ជូន​​ពួកគេ​បន្ត​​ទៅ​កាន់​ប្រទេស​​​​​មួយ​​ដែល​ក្រីក្រ​បំផុត និង​ពុក​រលួយ​បំផុត​នៅ​ក្នុង​តំបន់​។

អ្នក​រិះគន់​មួយ​ចំនួន​​និយាយ​ថា គម្រោង​នេះមិន​​​ដែល​​​​​​មាន​​​បំណង​​ផ្ដល់​ជម្រើស​​តាំង​លំនៅ​ថ្មី​ដែល​អាច​រស់​បាន​​ដល់​ជនភៀស​ខ្លួន​​ទាំង​នេះ​ឡើយ​ ប៉ុន្តែ​​​​​វា​​​​​​គឺ​​​ដើម្បី​​រារាំង​ជន​ភៀស​​​​ខ្លួន​ផ្សេង​ទៀត​កុំ​ឲ្យ​ព្យាយាម​​​​ចូល​​​ទៅ​​​ដល់​អូស្ត្រាលី​ ដែល​កំពុង​បដិសេធ​មិន​ទទួល​យក​ពួកគេ​។

លោក អៀន រីនថូល (Ian Rintoul) ​​មកពី​អង្គការ​​សម្ព័ន្ធ​សកម្មភាព​ជន​ភៀស​ខ្លួន (Refugee Action Coalition) ដែល​មាន​មូលដ្ឋាន​​នៅ​ក្រុង​ស៊ីដនី​ បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ព្រមព្រៀង​នេះ​គឺ​​ ”​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​​​​ច្រើន​​​​​​មិន​ធម្មតា​” ហើយ​ទោះបី​ជា​ជន​ភៀស​ខ្លួន​ពីរបី​នាក់​ស្ម័គ្រ​​​​​​​​​​​​ចិត្ត​​​​​​មក​​​តាំង​​​លំនៅ​​​​​​​​​ថ្មី​​​នៅ​​​​​​​កម្ពុជា​​​ក្តី ក៏​​​វា​​​​​​​​​​ទំនង​ជា​​​​គ្មាន​​​​​​អ្វី​​លើស​ពី​​​​ទីសំចត​​​សម្រាប់​​​​​ផ្លាស់​​​ទៅ​​​កាន់​​​ប្រទេស​​​​​​មួយ​​​ទៀត​​​ដែរ។

លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា “កិច្ច​​​ព្រម​​​ព្រៀង​​​​​របស់​​​កម្ពុជាគឺ​​​លែង​​​ដំណើរ​​​​​​តាំង​​​ពី​​​​​​ជន​​​ជាតិ​​​អីុរ៉ង​​់​​​​​ត្រូវ​​​​​បាន​​​បញ្ជូន​​​​​​ទៅ​​​ទី​​​នោះ​​​ម៉្លេះ។ ប៉ុន្តែ​វា​​​​បាន​​​​​​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​ទាំង​ពីរ​​មាន​​​​លេស​ថា ការ​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា​​គឺ​អាច​ទៅ​រួច​។ ​​​ប្រហែល​​​ជា​​​​​​ការ​ប្រកាស​​នេះ​មាន​ន័យ​ថា [វា]​ នឹង​ត្រូវ​កប់​ចោល​នៅ​ទីបំផុត”។

លោក​ សុខ ផល បាន​មាន​ប្រសាសន៍​ថា ​គ្មាន​​​​​​ជន​ភៀស​ខ្លួន​ផ្សេងៗ​ទៀត​នៅ​លើ​កោះ​ណូរូ​បាន​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា​​​ទេ ​ចាប់​តាំងពី​ជនជាតិ​រ៉ូហុីងយ៉ាទី២​បាន​មក​ដល់​​​កម្ពុជា​​​​កាល​​​ពី​ខែ​វិច្ឆិកា ប៉ុន្តែ​ថា រដ្ឋាភិបាល​​​ស្វាគមន៍​អ្នក​ដែល​​​​ចង់​​​មក​​​​៕ សុខុម (រាយការណ៍​បន្ថែម​ដោយ អូន ភាព)​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស