គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាល បានធ្វើការសន្និដ្ឋានក្នុងរបាយការណ៍មួយកម្រាស់៥ទំព័រចេញផ្សាយកាលពីម្សិលមិញថា ការអះអាងថា ការកើនឡើងប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះបានពីការទិញ “Like” (ចូលចិត្ត) ពីបរទេសនោះ ”មិនមែនជាការពិតឡើយ ហើយវាជាការប្រឌិត”។
ចាប់តាំងពីចុងខែមករាមក ចំនួនគណនីហ្វេសប៊ុកដែលចុច Like ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី បានកើនឡើងយ៉ាងឆាប់រហ័ស ដោយរាប់សែននៃអ្នកប្រើប្រាស់គណនីទាំងនោះ មានមូលដ្ឋាននៅបរទេស នេះបើយោងតាមស្ថិតិប្រមូលបានពី Socialbakers ដែលជាគេហទំព័រវិភាគបណ្ដាញទំនាក់ទំនងសង្គម។

ចាប់តាំងពីចំនួន Like កើនឡើងលើស២លានកាលពីពាក់កណ្ដាលខែមករា ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រមូលបាន Like យ៉ាងឆាប់រហ័សពីជុំវិញពិភពលោក ដោយចំនួន Like សរុបរបស់លោកនាពេលបច្ចុប្បន្នមានជាង៣,៣៧លាន ពោលគឺច្រើនជាងចំនួន Like សរុបរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលបច្ចុប្បន្នមានចំនួនប្រហែល២,៣លាន។
យោងតាមគេហទំព័រវិភាគខាងលើឲ្យដឹងថា ប្រភពសំខាន់បំផុតនៃ Like ថ្មីទាំងនេះគឺប្រទេសឥណ្ឌា ដែលចំនួនអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមគាំទ្រលោក ហ៊ុន សែន បានកើនឡើងពីជាង៥.០០០នាក់ កាលពីដើមខែកុម្ភៈ ដល់៣៨៧.០០០គិតមកទល់ម្សិលមិញ។ លោកនាយករដ្ឋមន្ត្រីក៏ទទួលបាន Like កើនឡើងខ្លាំងដែរពីប្រទេសថៃ និងប្រទេសហ្វីលីពីន។
លោក សម រង្ស៊ី បានផ្ដោតលើស្ថិតិទាំងនេះនៅក្នុងយុទ្ធនាការមួយដើម្បីបង្ខូចប្រជាប្រិយភាពតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនាយករដ្ឋមន្ត្រី។ ប្រធានគណបក្សប្រឆាំងរូបនេះចោទប្រកាន់លោក ហ៊ុន សែន ថាបានទិញ Like ពី “Click Farm” ហើយបានបង្ហោះរូបថត និងក្រាហ្វិកលើទំព័រហ្វេសប៊ុករបស់លោកដើម្បីពន្យល់ពីរបៀបប្រតិបត្តិការបែបនេះដំណើរការ។
លោក សម រង្ស៊ី បានសរសេរក្នុងសារបង្ហោះមួយថា “មួយចំនួនធំនៃ Like ទាំងនោះទទួលបានតាមរយៈការជួលប្រជាជនក្រីក្រ និងគ្មានការងារឲ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិតដល់លោក ហ៊ុន សែន។ មនុស្សភាគច្រើនដែលគេជួលឲ្យធ្វើដូច្នេះ កំពុងរស់នៅឥណ្ឌា និងហ្វីលីពីន”។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីម្សិលមិញ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មដែលមានលោក ហ៊ុន សែន ជាប្រធាន និងសមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់លោក បានច្រានចោលការអះអាងទាំងនេះ។
របាយការណ៍ដែលប្រមូលចងក្រងដោយនាយកដ្ឋានព័ត៌មានបច្ចេកវិទ្យានៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងផ្អែកលើទិន្នន័យបានពី Socialbakers និងគេហទំព័រវិភាគហ្វេសប៊ុកមួយទៀតឈ្មោះថា Fanpage Karma លើកឡើងថា “ចំនួន Like ទាំងនេះត្រូវបានបញ្ជាក់ថាជាអ្នកគាំទ្រពិតប្រាកដ ក្នុងនោះរួមមានទាំងពលរដ្ឋខ្មែរ និងអ្នកគាំទ្រមកពីបរទេសផងដែរ ហើយមិនបានចំណាយប្រាក់ដើម្បីទិញ Like ទេ”។
របាយការណ៍នេះបានបន្តថា “បើសម្ដេចតេជោ ហ៊ុន សែន ទិញ Like ដើម្បីបង្កើនចំនួនអ្នកគាំទ្រ ឬចំនួនអ្នក Like ទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ គឺជាចំនួនខ្មោចដែលគ្មានម្ចាស់គណនីដូចការចោទប្រកាន់មែននោះ ម៉្លេះទំព័ររបស់សម្តេច ហ៊ុន សែន គ្មានសកម្មភាពច្រើនទេដូចជា Like Comment និង Share ជាដើម”។
របាយការណ៍ចុះកាលបរិច្ឆេទថ្ងៃអង្គារនេះ បានសន្និដ្ឋានបញ្ចប់ដោយការរិះគន់លោក សម រង្ស៊ី ខ្លាំងៗចំពោះការចែករំលែកអត្ថបទមួយចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ អមដោយចំណងជើងថា “Like ទំព័រហ្វេសប៊ុកដែលលោក ហ៊ុន សែន ទទួលបានថ្មីៗនេះ មានតែ ២០ ភាគរយទេមកពីកម្ពុជា” ជាស្ថិតិមួយដែលគេស្រង់ពីដើមខែកុម្ភៈដល់ដើមខែមីនា។
របាយការណ៍របស់គណៈកម្មាធិការនេះមានខ្លឹមសារដូច្នេះថា ”ការចេញផ្សាយនេះជាការមួលបង្កាច់ទាំងស្រុង ពីព្រោះផ្អែកតាមទិន្នន័យខាងលើ លទ្ធផលរកឃើញថា នៅប្រទេសកម្ពុជាមានជាង៥៦,៣ភាគរយ [ Like] គឺជិតស្មើមនុស្ស១,៩លាននាក់ គឺវាផ្ទុយពីអ្វីដែល សម រង្ស៊ី បានអះអាង”។
របាយការណ៍បានសន្និដ្ឋានថា “ដូច្នេះការអះអាងរបស់លោក សម រង្ស៊ី មិនពិតទេ វាគ្រាន់តែជាសារនយោបាយមួយដើម្បីបោកប្រាស់ប្រជាពលរដ្ឋដែលមិនដឹងអីប៉ុណ្ណោះ”។
លោក សម រង្ស៊ី បានចាត់ទុករបាយការណ៍ទាំងមូលនេះថាគួរឲ្យសង្ស័យ ហើយបានបបួលលោក ហ៊ុន សែន ឲ្យប្ដឹងរូបលោកពីបទបរិហារកេរ្ដិ៍។ លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”ទី១ ខ្ញុំមិនយល់ថាហេតុអីគណៈកម្មាធិការប្រឆាំងភេរវកម្មលូកដៃពាក់ព័ន្ធបញ្ហាតូចតាចរឿង Like ហ្វេសប៊ុកនេះទេ។ ទី២ បើគេសន្និដ្ឋានថា ការ Like ហ្វេសប៊ុករបស់លោក ហ៊ុន សែន ពិតទាំងអស់ (មិនក្លែងក្លាយ និងមិនទិញ) អ៊ីចឹងពួកគេពិតជាគ្មានវិជ្ជាជីវៈឡើយ ដោយសារថាភ័ស្តុតាងប្រាកដមិនអាចប្រកែកបានដែលថា មួយភាគធំនៃ Like ទាំងនោះ ពិតជាក្លែងក្លាយ ឬទិញពី click-farms នៅក្រៅប្រទេស។ ទី៣ ខ្ញុំបបួលលោក ហ៊ុន សែន ឲ្យប្ដឹងខ្ញុំពីបទបរិហារកេរ្តិ៍ ព្រោះខ្ញុំអះអាងជាសាធារណៈថា គាត់ជាអ្នកបោកប្រាស់តាមហ្វេសប៊ុក”។
សមាជិកជាច្រើនរូបនៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា សមាជិកជាន់ខ្ពស់មួយរូបរបស់រដ្ឋបាលរបស់លោក ហ៊ុន សែន បានបន្តរឿងក្ដីទាក់ទិនការអះអាងដោយឡែកមួយរបស់លោក សម រង្ស៊ី ថាគាត់ជាអ្នកជួយរៀបចំការ Like ហ្វេសប៊ុកក្លែងក្លាយទាំងនោះ។
លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបជាមួយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រយៈពេលជាង១ម៉ោងកាលពីម្សិលមិញ សម្រាប់ការសាកសួរពាក់ព័ន្ធរឿងក្ដីមួយដែលលោកបានប្ដឹងលោក សម រង្ស៊ី កាលពីថ្ងៃទី១០ ខែមីនា។
បន្ទាប់ពីការសាកសួរ លោក សោម សឿន បានបកស្រាយថា លោកត្រូវបង្ខំចិត្តការពារខ្លួនពីការចោទប្រកាន់ថា លោកបានជំរុញឲ្យសមាជិកបក្សជាច្រើននាក់បង្កើត Like ក្លែងក្លាយ ដែលជាផ្នែកមួយនៃយន្តការបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនាយករដ្ឋមន្ត្រី។
លោកថ្លែងថា “លោក សម រង្ស៊ី បានក្លែងព័ត៌មាន។ គាត់ជាមនុស្សបោកប្រាស់ដែលនិយាយថា ខ្ញុំជាអ្នកណែនាំឲ្យអ្នកគាំទ្រ មន្ត្រី ក្នុងនោះមានមន្ត្រីស៊ីវិល នគរបាល និងយោធាផង ឲ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីបន្លំការគាំទ្រសម្រាប់សម្ដេចនាយករដ្ឋមន្ត្រី”។
លោកមានប្រសាសន៍សំដៅដល់សារមួយដែលលោកផ្ញើទៅសមាជិកបក្សដើម្បីជំរុញឲ្យពួកគេជួយគាំទ្រសម្រាប់ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីថា ”វាប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេស គឺសម្ដេចនាយករដ្ឋមន្ត្រី និងកិត្តិយសរបស់ខ្ញុំ ពីព្រោះគាត់បានប្រើសាររបស់ខ្ញុំដើម្បីវាយប្រហារសម្ដេច។ ខ្ញុំស្នើឲ្យតុលាការផ្ដន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ ហើយទាមទារសំណងជំងឺចិត្ត២០លានរៀល”៕ សុខុម និង និត (រាយការណ៍បន្ថែមដោយ Colin Meyn)