29.6 C
Phnom Penh

ស្រប​ពេល​​​លោក កឹម សុខា ​មាន​​​​​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ​​​មជ្ឈដ្ឋាន​ជាច្រើន​រំឭកករណី​ី ពិសិដ្ឋ ពិលីកា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រី ពិសិដ្ឋ ពិលីកា ​គឺ​ជា​អ្នក​របាំ​​ប្រពៃ​ណី​ និង​ជា​តារា​ភាព​យន្ត​ស្រី​ល្បីល្បាញ​បំផុត​នៅ​ប្រទេស​កម្ពុជា​​។ ​ជា​តារាភាពយន្ត​​ស្រី​វ័យ​ក្មេង​​​​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​ភាព​ល្បី​ល្បាញ​របស់​អ្នកស្រី​​​​បាន​​​​​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀត​ក្នុង​​​ទសវត្សរ៍​ឆ្នាំ​១៩៩០ ខណៈ​​​អ្នកស្រី​​បង្ហាញ​​​​​​​​​​​​មុខ​​​​​ក្នុង​ឧស្សាហកម្ម​​វីដេអូ​​តន្ត្រី​ខារា៉អូខេ​​​​​ដ៏​​​កាក់​​​កប​​​។

ហេតុ​​​​​​ដូច្នេះ​​​ហើយ​​​ទើប​​​បាន​​​ជា​​​​​​ករណី​ឃាត​កម្ម​​ដ៏​រន្ធត់​​លើ​​អ្នកស្រី​នៅ​ព្រឹក​ថ្ងៃទី​៦ ​ខែ​កក្កដា ​​ឆ្នាំ​១៩៩៩ ដែល​ត្រូវ​​​​ខ្មាន់​​​​​​កាំភ្លើង​​​​បាញ់​សម្លាប់​​​​​​​​​នៅ​​​​​ខាង​មុខ​ផ្សារ​អូរឫស្សី​ ក្នុង​រាជធានី​ភ្នំពេញ ជិត​ក្មួយ​ស្រី​វ័យ​៧​ឆ្នាំ​របស់​ខ្លួន ​បាន​​​បង្ក​​​ការ​​​តក់​ស្លុត​​​ទូទាំង​ប្រទេស​ នោះ​គឺ​ដោយ​សារ​តែ​គ្មាន​​​​​​​​​​​​ជន​​​ល្មើស​​​​​​ណា​​​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។

ពាក្យ​ចចាមអារ៉ាម​បាន​លេច​ឮ​សុះសាយ​​​នៅ​​​​​​​​​រយៈ​ពេល​ប៉ុន្មាន​ខែ​​​​ក្រោយ​​​មក​​​តារា​រូប​នេះ​ត្រូវភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​​បញ្ជា​ឲ្យ​សម្លាប់​​​​​​ចោល​​​​​​​​​​​​ដោយ​​​​​​សារ​​​​​ផ្ទុះ​កំហឹង​​​ខ្លាំង​បន្ទាប់ពី​ដឹង​​​​​​ថា អ្នកស្រី​មាន​ស្នេហា​​​លួច​លាក់​ជាមួយ​ប្ដី​របស់​ខ្លួន​។

បន្ទាប់​មក​ទស្សនាវដ្ដី​​ L’ Express ​ចេញ​​​​​​ផ្សាយ​​​​​​​​ប្រចាំ​សប្ដាហ៍​ដ៏​ពេញ​និយម​របស់​បារាំង បាន​ចុះ​​​​ផ្សាយ​​​​អត្ថបទ​មួយ​​​ដែល​​​​​​​​​​​​ដក​​​​​​​​​​​​​​​​​ស្រង់​​​​​​សៀវ​ភៅ​​​​កំណត់​ហេតុ​កត់​ត្រា​ដោយ​អ្នកស្រី ពិសិដ្ឋ ពិលីកា ដែល​ទំនង​ជារៀបរាប់​ពី​ការ​លួច​ជួប​គ្នា​​រាប់​ឆ្នាំ​របស់​អ្នកស្រី​ជាមួយ​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​បែក​ធ្លាយ​រឿង​ស្នេហា​លួច​លាក់​​​​​​​​​​​នេះ​​​​​​ដល់​លោកស្រី ប៊ុន រា៉នី ភរិយា​របស់​លោក​។

cam-photo-pilikaអត្ថបទ​នោះ​បាន​ដក​ស្រង់​​កំណាព្យដែល​​​​​​លោក ហ៊ុន សែន សរសេរ​​​ផ្ញើ​​​​ទៅ​​​អ្នកស្រី​ ពិសិដ្ឋ ពិលីកា និង​សៀវភៅ​កំណត់​ហេតុ​​​​​​រៀបរាប់​​​អំពី​​កាដូដែល​លោក​​ជូន​​​​​​​អ្នក​​​​​​​​​ស្រី​​​​​​ពិសិដ្ឋ ពិលីកា ដូច​​​ជា​​​​​​​​​ផ្ទះ​មួយ​នៅ​រាជធានី​ភ្នំពេញ និង​ប្រាក់​រាប់​សែន​ដុល្លារ​​ផ្ញើ​ចូល​គណនី​ធនាគារ​មួយ​​ដែល​សៀវភៅ​កំណត់​ត្រា​នោះ​​បញ្ជាក់​ថា​​​​​​ត្រូវ​​​លោកស្រី ប៊ុន រា៉ានី ​បង្កក​ទុក​។

លោក​​​នាយក​រដ្ឋមន្ត្រី និង​ជំទាវ​ទី១​ បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​នេះ​​ដាច់​អហង្ការ ​​​​​ហើយ​​​​​​​​​បាន​​​បន្ទោស​លោក សម រង្ស៊ី ​ថាជាអ្នក​​ប្រឌិត​រឿង​នេះ​​ដោយ​សារ​​​បង​​​​ប្អូន​ថ្លៃ​ស្រី​របស់​លោក សម រង្ស៊ី ធ្វើ​ការ​ឲ្យ​ទស្សនាវដ្ដី​ L’ Express ប៉ុន្តែ​មិន​ដែល​​ប្ដឹង​ទស្សនាវដ្ដី​នេះ​​ពីបទ​បរិហារកេរ្តិ៍​​​​​​​​តាម​​​​​​​​​ការ​គំរាម​​​​ជា​សាធា​រណៈ​​​របស់​ខ្លួន​​​​​​​​​ឡើយ​។

រឿង​អាស្រូវ​​ផ្លូវ​ភេទ​នេះ​បាន​​​​​ផ្ទុះ​​​​​​ឡើង​​​​​​ភ្លាមៗ​​​​​ជា​​​​​​​​​​​​ថ្មី​​​ម្តង​​​​​​ទៀត​​​តាម​រយៈ​ការ​ជជែក​​​​​​​ដេញ​​​​​​​​​​​​​​​ដោល​​​តាម​ប្រព័ន្ធ​អុីនធឺណិត​​ក្នុង​រយៈ​ពេល​១ខែ​​​មក​នេះ ខណៈ​និ​​​ស្សិត​មួយ​ក្រុម​ និង​ថ្មីៗ​នេះ​លោក ហ៊ុន សែន ផ្ទាល់​បាន​​ធ្វើ​យុទ្ធនា​ការ​​បន្ទោស​លោក កឹម សុខា អនុប្រធាន​គណ​​បក្ស​​ប្រឆាំង​ចំពោះ​ការ​មាន​ស្រី​កំណាន់​​​។

ខណៈ​អ្នក​​​ខ្លះ​អះអាង​ថារដ្ឋាភិបាល​​​​​ជាប់​​​ពាក់​​​​​​​ព័ន្ធ​​​​​​​​នឹង​​​​​​ការ​​​​បញ្ចេញ​ខ្សែ​អាត់​សំឡេង​សន្ទនា​​​តាម​ទូរស័ព្ទ​​​​​រាប់​​​​​​សិប​​​ភាគ​​​ដែល​គេ​អះអាង​ថាជា​​​​សំឡេង​​​របស់​​​លោក កឹម សុខា និង​ស្រី​កំណាន់​​​​​របស់​​​លោក ហើយ​លោក ហ៊ុន សែន ថែម​ទាំង​អះអាង​​ថាមាន​ភ័ស្តុតាង​​​រូប​ថត​​​​ក្នុង​​​​ទូរស័ព្ទ​ស្មាត​ហ្វូន​​របស់​លោក​​​នោះ ព័ត៌មាន​ជុំ​​​​​​​​​វិញ​​​​​​​​ស្នេហា​​​​​​លួច​​​លាក់​​​របស់​នាយករដ្ឋ​មន្ត្រី​លេចឮ​​​​សុស​​​សាយ​​​​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​​​​​បណ្ដាញ​​​​​​ទំនាក់​​​ទំនង​​​​​​​​​សង្គម​​​ដែល​ភាគច្រើន​ជា​យុវវ័យ​។

​​​ជា​​​​​​​​​ឧទាហរណ៍ មួយវគ្គ​​​​នៃ​ភាពយន្ត​ឯក​សារ​​​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​​កន្លែង​កើត​ហេតុ​បន្ទាប់​​ពី​​​​ការ​​​បាញ់​​​សម្លាប់​​​អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ​បាន​​ចែក​រំលែក​តៗគ្នា​​​ជាង​១៣​.៨០០ដង និង​​ទស្សនា​៣៧០.០០០​ដង​តាម​ហ្វេសប៊ុក ចាប់​តាំង​ពី​​វា​ត្រូវ​​​បាន​បង្ហោះ​ដោយ​ទំព័រប្រឆាំង​រដ្ឋាភិបាល​ “Daily News”​​ កាលពី​ថ្ងៃទី​៩ ខែ​មីនា ពោល​គឺ​មួយ​សប្ដាហ៍​បន្ទាប់ពី​​ខ្សែអាត់​ដំបូង​នៃ​ការ​​​សន្ទនា​​​​​​តាម​ទូរស័ព្ទ​របស់​លោក កឹម សុខា បានបែក​ធ្លាយ។

បន្ទាប់​មក​កាលពី​សប្ដាហ៍​មុន ​​​ក្រោយ​​​​​​ពី​​​លោក ឱម យ៉ិនទៀង ​​​ប្រធាន​​​អង្គភាព​ប្រឆាំង​​​​អំពើ​ពុករលួយ​​​បាន​​ចាប់​ផ្ដើម​​ការ​ស៊ើបអង្កេត​ផ្លូវ​ការ​​​​ថា តើ​​លោក កឹម សុខា ​បាន​ប្រាក់​​​​​​​​​​​​តាម​​​វិធី​​​​​​​ណា​ដើម្បី​សន្យា​ទិញ​ផ្ទះ​ឲ្យ​ស្រី​​កំណាន់​​របស់​លោក​​​នោះ លោក ឆាំ ឆានី ​ដែល​​ជា​ម្ចាស់​ទំព័រ​​​ហ្វេសប៊ុក​ប្រឆាំង​ដ៏មាន​ប្រជាប្រិយ​​ភាព​មួយ​ បាន​​​​​​​​លើក​​​ឡើង​​​ជា​​​​សាធារណៈ​​​អំពី​​​​​ស្ដង់ដារ​ពីរ​។

សារ​នោះ​​​​​​​​សរសេរ​​​​ថា “​មាន​តែ​មួយ​​​​​​ក្នុង​លោក​​​​៖​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​រឿង​ស្នេហា” ហើយ​​​​បន្ត​​​​​​​​​​​​​​​ចោទ​​​សួរ​ថា ហេតុអ្វី​បាន​ជា​ករណី​អ្នកស្រី​ ពិសិដ្ឋ ពិលីកា មិន​ទទួល​បាន​ការ​យក​​​​​​​​​​​​​​​ចិត្ត​​​​​​ទុក​​​​​​​​​ដាក់​​​​ដូច​គ្នា​។

លោក ឆាំ ឆានី ​ដែល​​​ត្រូវ​​​​​​ដែល​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ​គំរាម​ប្ដឹង​ពីបទ​បរិហារកេរ្តិ៍​ពាក់​ព័ន្ធ​​សារ​បង្ហោះ​​​ដោយ​ឡែក​មួយ​​​​​​បាន​​​​​​សួរ​​​ថា “​ហេតុ​អ្វី​​​​មិន​ស៊ើប​​​​រឿង​នោះ​ផង​?”។

ទំព័រ​ហ្វេសប៊ុក​ដ៏​ពេញ​​​និយម​​​​ដែល​មាន​ឈ្មោះថា ​I Love Cambodia Hot News II ក៏​បាន​បង្ហោះ​រូប​ថត​និស្សិត​មួយ​ក្រុម​ដែល​បាន​ដឹក​នាំ​​យុទ្ធនាការ​ប្រឆាំង​​​លោក កឹម សុខា ដែរ​។

សំដៅ​ដល់​តារា​ពីរ​រូប​ទៀត​​ដែល​​​​​​ត្រូវ​​​​​​ខ្មាន់​​​​​កាំភ្លើង​​​​​​​​បាញ់​ប្រហារ​ បន្ទាប់ពី​មាន​ពាក្យ​ចចាម​​​អារ៉ាម​​អំពីស្នេហា​លួច​លាក់​ជាមួយ​មន្ត្រី​​ជាន់​ខ្ពស់​​ដែល​ធ្វើ​ឲ្យ​​​ពួកគាត់​​​​ពិការ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​ ទំព័រ​នេះ​បាន​សួរ​ថា “​ឆ្ងល់​​​​​​ដល់​​​​​​ហើយ​! ហេតុ​អ្វី​​​​ក្រុម​នេះ​មិន​ធ្វើ​បាតុកម្ម​​​រក​យុត្តិធម៌​ឲ្យ​ ពិសិដ្ឋ ពិលីកា ពៅ បញ្ញាពេជ្រ និង ទូច ​ស្រីនិច ផង​?”។

ខណៈ​គ្មាន​ភ័ស្តុតាង​​ដើម្បី​បញ្ជាក់​ថា ​លោក ​​កឹម សុខា ពិត​ជា​​បាន​ទិញ​ផ្ទះ​ឲ្យ​ស្រី​កំណាន់​របស់​ខ្លួន​ ឯកសារ​ជាច្រើន​​ដែល​បង្ហាញ​ពី​កាដូ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​​​បញ្ចេញ​​​​​​​តាម​អុីនធឺណិត​កាលពី​ឆ្នាំ​២០០២។

បីឆ្នាំ​បន្ទាប់ពី​ការ​ចុះ​ផ្សាយ​អត្ថបទ​​របស់​ទស្សនាវដ្ដី L’Express ​អ្នកស្រី សៅ ដាវីណា ​ដែល​ជា​បងប្អូន​​​​​​​​របស់​អ្នកស្រី ពិសិដ្ឋ ពិលីកា បាន​បញ្ចេញ​ឯកសារ​​​ទាំង​នេះ​ពី​ប្រទេស​បារាំង​​​​តាម​​គេហទំព័រ​មួយ​​ដែល​អះអាង​ថា វា​បញ្ជាក់​​​ថា លោកស្រី ប៊ុន រ៉ានី ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាត​កម្ម​នេះ។

គេហទំព័រ​​នេះ​​​នៅ​តែ​​ដំណើរ​ការ​​រហូត​ដល់ពេល​​​​បច្ចុប្បន្ន​​​ ហើយ​រួម​មាន​ទាំង​រូប​ភាព​ស្គែន​នៃ​បង្កាន់​ដៃ​ធនាគារ​​​​​​​ក្នុង​​​​​​ទឹក​​​ប្រាក់​​​ចំនួន​១០ម៉ឺន​ដុល្លារ និង​បង្កាន់​ដៃ​​ដាក់​ប្រាក់​៥ម៉ឺន​ដុល្លារ​​ដោយ​អ្នកស្រី ពិសិដ្ឋ ពិលីកា ក្រោម​ឈ្មោះ​កំណើត​របស់​អ្នកស្រី​​គឺ សៅ ពិលី និង​​ទំព័រ​​​សៀវភៅ​កំណត់​ហេតុ​ដែល​អះអាង​ថា កាដូ​ទាំង​នោះ​ចេញ​​​​ពី​លោក ហ៊ុន សែន។

(ធនាគារ​កាណាឌីយ៉ា​​ ដែល​​ទទួល​ប្រាក់​កក់​នេះ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ខ្លួន​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​ភាព​​ពិត​នៃ​បង្កាន់​ដៃ​ធនាគារ​ស្គែន​ទាំង​នោះ​បាន​​ឡើយ ដោយ​សារ​​វា​ជា​គោលការណ៍​រក្សា​ការ​សម្ងាត់​​​​​​​​របស់​​​អតិថិជន)។

ការ​ស្គែន​សៀវភៅ​កំណត់​ហេតុ​នោះ​ក៏​រៀបរាប់ដែរ​​​​​​អំ​ពី​ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី ពិសិដ្ឋ ពិលីកា ចំពោះ​កំហឹង​របស់​លោកស្រី ប៊ុន រ៉ានី ដែល​ដឹង​រឿង​​អ្នកស្រី​មាន​ស្នេហា​លួច​លាក់​​ជាមួយ​លោក ហ៊ុន សែន អម​ដោយ​​ការ​អះអាង​ថា អ្នកស្រី​ត្រូវ​គេ​បង្ខំ​ឲ្យ​ “​​ប្រគល់​ផ្ទះពីរ​ដែល​សម្ដេច​ ហ៊ុន សែន ​ឲ្យ​ខ្ញុំ ឲ្យ​ទៅ​ប្រពន្ធ​គាត់​វិញ​”។ ​​​​​​​​​

សៀវភៅ​កំណត់ហេតុ​​​​មួយ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ថ្ងៃ​​​ទី​​​២៦ ខែ​​​មេសា ​ឆ្នាំ​​​១៩៩៩ នៅ​ម៉ោង​​​៧និង​​​៣០​​​នាទី​​​ព្រឹក​​​ ខ្ញុំ​​​បាន​​​ទៅ​​​​​​ដក​​​លុយ​​​របស់​​​ខ្ញុំ​​​ពី​​​ធនាគារ​​​កាណាឌីយ៉ា​​​​​​ប៉ុន្តែ​​​គេ​​​​​​បិទ​​​ទ្វារ​មិន​ឲ្យ​​ខ្ញុំ​ចូល​ ​​​​​​​​មិន​​​​​​បើក​​​លុយ​​​​ឲ្យ​​​ខ្ញុំ​​​ទេ​​​ព្រោះ​​​មាន​​​បញ្ជា​​​ពី​ ប៊ុន រ៉ានី​​​ មិន​​​ឲ្យ​​​​​​ធនាគារ​​​នេះ​​​​​​​​​​បើក​​​លុយ​ឲ្យ​​​ខ្ញុំ​​​ ដោយសារ​វា​​​ជា​​​លុយ​​​ដែល​​​​​​ប្តី​​​គាត់​​​ឲ្យ​​​”។

សៀវ​ភៅ​កំណត់​​​​​​ហេតុ​​​នេះ​​​ដែល​​​មាន​​​សរ​សេរ​ចំនួន​​​ទឹក​​​ប្រាក់​​​រាប់​​​សែន​​​ដុល្លារ​​​ ប៉ុន្តែ​មិន​​​ច្បាស់​​​លាស់​​​ថា​ប៉ុន្មាន​​​ឲ្យ​ពិត​ប្រាកដ​នោះ​​​បាន​​​បន្ត​​​ថា ”លុយសរុប​​​​ទាំង​​​អស់​​​គឺ​​​ជា​​​លុយ​​​ដុល្លារ​​​ [ដែល​​​មិន​​​ដឹង​​​ថា​ប៉ុន្មាន​​​] ប៉ុន្តែ ខ្ញុំ​​​អាច​​​ដក​​​បាន​​​តែ​​​៥០.០០០ដុល្លារ​​​ និង​​​ការ​​​ប្រាក់​​​ជិត​​​២.០០០ដុល្លារ​​​ប៉ុណ្ណោះ​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​បញ្ចប់​​​នៃ​​​សៀវ​កំណត់​​​ហេតុ​​​​េនះ​​​ដែល​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ទី​​​១០ ខែ​​​ឧសភា ​​ឆ្នាំ​​​១៩៩៩តារា​​​ភាព​យន្ត​រូប​​​នេះ​​​បាន​​​រៀប​​​រាប់​​​ឡើង​​​វិញ​​​នូវ​​​​ការ​​​ហៅ​​​ឲ្យ​​​ទៅ​​​ជួប​​​ជាមួយ​​​លោក ហុក ឡង​​​ឌី​​​ អគ្គស្នងការ​​​នគរ​​​បាល​​​ជាតិ​​​ដែល​​​បាត់​​​បង់​​​ជីវិត​​​ទៅ​​​ហើយ​​​នោះ​​​នៅឯ​​​ភោជនីយដ្ឋាន​​​មួយ​​​ក្រៅ​​​រាជធានីភ្នំពេញ។

សៀវភៅ​កំណត់​​​ហេតុ​​​នេះ​​​មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “ខ្ញុំ​​​បាន​​​ទៅ​​​ជួប​​​ ហុក ឡង​​​ឌី​​​ នៅ​​​កៀន​​​ស្វាយ​​​ជា​​​ភោជនីយដ្ឋាន​​​មួយ​​​ស្ថិត​​​នៅ​​​កន្លែង​​​ដ៏​​​​ស្ងាត់​​​។ គាត់​​​បាន​​​ប្រាប់​​​ឲ្យ​​​ខ្ញុំ​​​លាក់​​​ខ្លួន​​​មួយ​​​រយៈ​​​​​​​​​ព្រោះ​​​លោកស្រី ប៊ុន រ៉ានី ខឹង​​​​​ខ្លាំងណាស់​​​​រហូត​​​ដល់​​​ថ្នាក់​ព្យាយាម​​​យក​​​ជីវិត​​​របស់​​​ខ្ញុំ​​​”។

សៀវ​កំណត់​​​ហេតុ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​​​​ថា ​​”ខ្ញុំ​​​មិន​​​បាន​​​លក់​​​ខ្លួន​​​ឲ្យ​​​សម្តេច​​​ ហ៊ុន ​សែន ​ទេ​​​។ ​​យើង​​​ស្រឡាញ់​​​គ្នា​​​ដូច​​​ប្តី​​​ប្រពន្ធ​​​។ ខ្ញុំ​​​គិត​​​ថា ខ្ញុំ​​​មិន​​​​​​ដឹង​​​ទេ​​​ថា តើ​​​គេ​​​​នឹង​ទុក​​​ជីវិត​​​ឲ្យ​​​ខ្ញុំ​​​ ឬ​​​ក៏​​​សម្លាប់​​​ខ្ញុំ​​​ ព្រោះ​​​ពួក​​​គេ​​​ជា​​​អ្នក​​​គ្រប់​​​គ្រង​​​ផែន​​​ដី​​​។ ខ្ញុំ​​​មាន​​​តែ​​​ព្រះ​​​តែ​​​ប៉ុណ្ណោះ​​​”។

លោក ឱម យិុនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បដិសេធ​​​​​​​មិន​ឲ្យ​សម្ភាសទេ​​​កាល​​​ពី​​​ម្សិលមិញ។ ទោះជា​​​យ៉ាង​​​​​​ណា ក្នុង​​​នាម​ជា​​​ទី​​​ប្រឹក្សា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ទី​​​ប្រឹក្សា​​​ដ៏ជំនិត​​​របស់​​​លោក ហ៊ុន សែន ​លោក ​ឱម យិុនទៀង បាន​​​ការ​​​ពារ​​​លោក​​​ស្រី ប៊ុន ​រ៉ានី ​ពី​​​ការ​​​ចោទ​​​ប្រកាន់នេះ​​​​ ពេល​​​ទស្សនាវដ្ដី ​L’Express ​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​មួយ​​​នៅ​​​ក្នុង​​​ខែ​​​តុលា ឆ្នាំ​​​១៩៩៩​​​។

លោក ឱម យិុនទៀង បាន​​​សរសេរ​​​នៅ​​​ក្នុង​​​លិខិតបដិសេធ​របស់​​​​រដ្ឋាភិបាល​​​ដែល​​​ចេញ​​​នៅ​​​ខែ​​​ដដែល​​​នោះ​​​ថា “ការ​​​ចេញ​​​ផ្សាយ​​​​​របស់​​​ទស្សនាវដ្តី L’Express ចុះ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​តុលា អំពីការ​​​ស្លាប់របស់​​​ ពិសិដ្ឋ ពិលីកា គឺ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​រឿង​​​នយោបាយ ​និង​​​​មាន​​​ចេតនា​​​លើ​​​លោកជំទាវ​​​ ប៉ុន រ៉ានី ​ហ៊ុន ​សែន ដែល​​​គ្មាន​​​ទោស​​​កំហុស និង​​​ប្រតិបត្តិ​​​តាម​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​”។

លោក ឱម យិុន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​​ថា ”ជា​​​ជន​​​រង​​​គ្រោះ​​​នៃ​​​ស្ថានការណ៍​​​ដ៏​​​ស្មុគ​ស្មាញ​​​នេះ លោក​​​ជំទាវ ប៊ុន រ៉ានី​​​ បាន​​​សម្រេច​​​នៅ​ថ្ងៃ​​​នេះ​​​ ទុក​ឲ្យ​​​​ច្បាប់​​​​​​ជាអ្នក​រក​​​យុត្តិធម៌​​​ឲ្យ​ទាំង​​​នៅក្នុង​​​ទីក្រុង​​​ប៉ារីស និង​​​ក្រុង​​​ភ្នំពេញ​​​”។

លោក ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​ទីស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី បាន​​និយាយ​កាល​​​ពី​​​ម្សិលមិញ​​​​​ថា ​​​​​​​​​​​​​​​លោក​​​មិន​​​ព្រួយ​​​បារម្ភ​​​​​​ឡើយ​ចំពោះ​​​ការ​​​ដែល​​​ថា យុទ្ធនាការ​​​នា​​​ពេល​​​ថ្មី​​​ៗប្រឆាំង​​​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ​​​របស់​​​លោក កឹម សុខា បាន​ធ្វើ​​​ឲ្យ​​​កម្រើក​​​ឡើង​​​សា​​​ជា​​​ថ្មី​​​នូវ​រឿង​ទាក់​​​ទិន​​​​នឹង​ អ្នកស្រី​​​​ ពិសិដ្ឋ​​​ ពិលីកានោះ​ ដោយ​​​លើក​​​ឡើង​​​ថា ការ​​​អះអាង​​នោះ​​​គ្មាន​​​មូល​​​។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ”បញ្ហា​​​នេះ​​​គឺ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​រៀប​​​ចំ​​​ឡើង​​​ វា​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​វា​​​គ្មាន​​​ភ័ស្តុតាង​​​ទេ ហេតុ​​​ដូច្នេះវា​​​ខុស​​​គ្នា​​​ទាំង​​​ស្រុង​​​ពី​​​រឿង​​​សហាយស្មន់​​​របស់​​​ កឹម សុខា​​​”។

លោក ផៃ ស៊ីផាន នៅ​​​តែ​​​លើក​​​ឡើង​​​ថា សៀវ​ភៅ​កំណត់​​​ហេតុ​​​ និង​​​បង្កាន់​​​ដៃ​​​ធនាគារ​​​ដែល​​​បង្ហោះ​​​ដោយ​​​បង​​​ប្អូន​​​ស្រី​​​របស់ អ្នកស្រី​ ពិសិដ្ឋ ពិលីកា គឺ​​​សុទ្ធ​​​តែ​​​ក្លែង​​​ក្លាយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​មិនមែន​​​ជា​​​ភ័ស្តុ​​​តាង​​​ពិត​​​ទេ។ ការ​​​បង្ហាញ​​​អ៊ីចឹង​​​​​ខ្ញុំ​​​គិត​​​ថា គឺ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់ ហើយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​ខិត​​​ខំ​​​ធ្វើ​​​ការ​​​យ៉ាង​​​​​​ខ្លាំង​​​​​​ក្នុង​​​បញ្ហា​​​នេះ ដើម្បី​​​ទម្លាក់​​​កំហុស​​​លើ​​​លោក ​ហ៊ុន សែន ក្នុង​​​គោល​​​បំណង​​​បង្ខូច​​​កិត្តិយស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​សម្រាប់​​​គោល​​​នយោបាយ​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ”ពួក​​​គេ​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយ​​​ហើយ​​​ពួក​​​គេ​​​មិន​​​ដែល​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ទេ… ប្រសិន​​​បើ​​​វា​​​​​​ជា​​​ការ​​​ពិត ​​​ពួក​​​គេ​​​គួរ​​​តែ​​​យក​​​​​​ឯកសារ​​​របស់​​​ខ្លួន​​​ទៅ​​​កាន់​​​តុលាការ​​​។ នេះមិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ទេ​​​ រឿង​​​នេះ​​​វា​​​មាន​​​ជាយូរ​​​ឆ្នាំ​​​មក​​​ហើយ​​​។ ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​មិន​​​អាច​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ទេ​​​”។

ប៉ុន្តែ​​​ការ​​​អះអាង​​​នេះ​​​មាន​​​ការ​​​បញ្ជាក់​​​តតាំង​​​។ ​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​កាល​​​ពី​​​ខែ​​​សីហា ឆ្នាំ​​​២០០៦ ​​ជា​​​មួយ​​​ទស្សនាវដ្តី L’Express លោក ហេង​​​ពៅ អតីត​​​ស្នង​​​ការ​​​នគរបាល​រាជធានី​​​ភ្នំពេញ​​​ដែល​​​អបយស​​និង​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​​​​បន្ទាប់​​​ពី​​​បាត់​​​បង់​​​តំណែង​​​នៅ​​​ក្នុង​​​ការ​​​​​​ប្រជែង​ដណ្តើម​​​​​​អំណាច​​​គ្នា​ បាន​​​លើក​​​ឡើង​​​ថា រឿង​​​នេះ​​​ជា​​​ការ​​​ពិត​​​។

លោក ហេង ពៅ ត្រូវ​​​បាន​​​គេ​​​ដកស្រង់​​​សម្តី​​​មក​​​ថា ”ខ្ញុំ​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​តាំង​​​​​​ជា​​​នាយ​​​រង​​​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​ឲ្យ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​សើុប​​​អង្កេត​​​​​​។ ជា​​​លទ្ធផល​​​ខ្ញុំ​​​បាន​​​រក​​​ឃើញ​​​​​ថា អ្នកស្រី​​​​ដំបូង​​​ឡើយ​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​​​​លោក ហុក ឡងឌី​​​ ដែល​​​ណែនាំ​​​គាត​់​​​​ទៅ​​​ឲ្យ​​​លោក ហ៊ុន សែន”។

លោក​​​បន្ត​​​ថា ” ប៉ុន្តែ ប៊ុន រ៉ានី ភរិយា​​​របស់​​​លោក ហ៊ុន សែន បាន​​​ដឹង​​​រឿង​​​​​​​​​​​​​​​សហាយ​​​ស្មន់​​​រវាង​​​ស្វាមី​​​របស់​​​គាត់​​​ និង​​​តារា​​​ភាព​​​យន្ត​​​រូប​​​នេះ។ ​​​​​​គាត់​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ​ហុក ​ឡង​​​ឌី​​​ ថា​​​ជា​មេ​​​អណ្តើក​​​។ គាត់​​​ [លោក ហុក ឡងឌី]​​​​​​​​​បាន​​​ទៅ​​​ជួប​​​​លោក​ស្រី​ដើម្បី​​​​​​ប្រាប់​​​ថា នារីម្នាក់​នេះ​​​​ស្លាប់​​​ហើយ​​​”។

អតីត​​​ស្នង​​​ការ​​​នគរបាលរូបនេះ​ បាន​បន្ត​ទៀតថា​ “ខ្ញុំ​​​​​​បាន​​​ដឹង​​​ចេញ​​​ពី​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្ញុំ​​​ថា លោក ហុក ឡង​​​ឌី បាន​​​សន្យា​​​បំបែក​​​ ពិសិដ្ឋ​​​ ពិលីកា ​ចេញ​ពី​ហ៊ុន សែន”។

លោក ប៉ាង​​​ សុឃឿន ដែល​​​ជា​​​ម្ចាស់​​​ទំព័រ​​​ហ្វេសប៊ុក​​​ “ខ្មែរសុវណ្ណភូមិ” ជា​​​ទំព័រ​​​ដែល​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ជា​​​ទំព័រ​​​មួយ​​​ក្នុង​​​ចំណោម​​​ទំព័រ​​​ហ្វេសប៊ុក​​​ជាច្រើន​​​ដែល​​​បាន​​​បង្ហោះ​​​អត្ថបទ​​​ពាក់​​​ព័ន្ធនឹង​អ្នកស្រី​ ពិសិដ្ឋ​​​ពិលីកា ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខ្លួន​​​ជឿ​​​ថា ការ​​​ចង​​​ចាំ​​​នេះ​​​នឹង​​​បង្ក​​​​បញ្ហា​​​ដល់​​​​​​រដ្ឋាភិបាល​​​។

លោក​​​បាន​​​និយាយ​​​នៅ​​​ក្នុង​​​សារ​​​តាម​​​អីុន​ធឺ​ណិត​​​ថា ”ឥឡូវ​​​នេះ​​​ពល​​​រដ្ឋ​​​មាន​​​ទំនោរ​​​ផ្តោត​​​លើ​​​​បញ្ហា​​​ប្រទេស​​​ជាតិ និង​​​បញ្ហា​​​យុត្តិធម៌​​​សង្គម​​​សម្រាប់​​​ប្រយោជន៍​​​ជាតិ​​​​​​ជា​​​ង​​​រឿង​​​ផ្ទាល់​​​ខ្លួន​​​។ ​​វា​​​ក៏​​​មាន​​​ការ​​​កត់​​​សម្គាល់​​​​​​ផង​​​ដែរ​​​ថា​​​​​​ ក្មេង​​​ជំនាន់​​​​ក្រោយ​​​មួយ​​​ចំនួន​​​មិន​​​ដែល​​​ដឹង​​​អំពី​​​ករណី​​​នេះ​​​ទេ​​​ពី​​​មុន​​​មក​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​ករណី​​​នេះ​​​បាន​ដឹង​​​ឮ​ទូទាំង​​​ប្រទេស​​​ក​​​្នុង​​​ចំណោម​​​ពួក​​​គេ​​​”។

លោក​​​ សុឃឿន បាន​​​​​​បន្ត​​​ថា “ពល​​​រដ្ឋ​​​គិត​​​ថា ករណី​​​ ពិសិដ្ឋ ពិលីកា គឺ​​​ជា​​​បញ្ហា​​​និទណ្ឌភាព​​​សង្គម ដែល​​​ធ្វើ​​​ឲ្យខូច​​​ប្រព័ន្ធ​​​តុលាការ និង​​​សិទ្ធ​​​ិ​​​​​មនុស្ស​​​ក្នុង​​​ប្រទេស រីឯ​​​ករណី​​​របស់​​​លោក ​​​កឹម ​សុខា គឺ​​​ដូច​​​ជា​​​ផែនការ​​​នយោបាយ​​​របស់​​​គូប្រជែង​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​បញ្ហា​​​​ផ្ទាល់​​​ខ្លួន​​​សុទ្ធ​​​សាធ” ៕ ​សុខុម និង ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Michelle Vachon និង សេក ឧត្តម​​​)​​​​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស