ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជាបានលើកឡើងថា បរិយាកាសនយោបាយចុះដុនដាបមែនទែននៅក្នុងរយៈពេល៦ខែ ចាប់តាំងពីបេសកកម្មស្វែងរកការពិតលើកដំបូងរបស់លោកស្រីមក ហើយថាប្រទេសនេះស្ថិតក្នុង “ដំណាក់កាលដ៏គ្រោះថ្នាក់” នៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ។
ចាប់តាំងពីដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) ក្នុងនាមជាអ្នកធ្វើរបាយការណ៍ពិសេស នៅក្នុងខែកញ្ញាមក លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសនោះ ត្រូវតុលាការចេញដីកាចាប់ខ្លួនទាក់ទិនការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ដែលមានរាប់ឆ្នាំមកហើយនិងដែលគេដឹងជាទូទៅថា មានពាក់ព័ន្ធនឹងរឿងនយោបាយនោះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវបានវាយដំយ៉ាងព្រៃផ្សៃនៅខាងក្រៅរដ្ឋសភាអំឡុងការតវ៉ាមួយប្រឆាំងគណបក្សនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងការសើុបអង្កេតពីបទពុករលួយទាក់ទិនខ្សែអាត់សំឡេងបែកធ្លាយដ៏អាថ៌កំបាំងស្តីពីការសន្ទនាតាមទូរស័ព្ទលក្ខណៈឯកជនរវាងរូបលោក និងស្រីកំណាន់យ៉ាងតិច២នាក់។ ហើយនិស្សិតសាកលវិទ្យាល័យម្នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះពាក់ព័ន្ធការបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើ “បដិវត្តន៍ពណ៌” ជាពាក្យដែល គេដឹងជាទូទៅថា សំដៅដល់ការផ្លាស់ប្តូររបបតាមរយៈការតវ៉ាដោយសន្តិវិធី។
លោកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍កាលពីម្សិលមិញ អំឡុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញដើម្បីបញ្ចប់បេសកកម្មរយៈពីរសប្តាហ៍នៅក្នុងប្រទេសកម្ពុជាថា “ខ្ញុំគិតថា មានភាពខុសគ្នាស្រឡះរវាងបេសកកម្មរបស់ខ្ញុំនៅខែកញ្ញា និងពេលឥឡូវ”។
លោកស្រីបានបន្ថែមថា “មានឧទាហរណ៍មួយចំនួន ដែលបង្កឲ្យមានក្តីកង្វល់ និងការព្រួយបារម្ភ។ ហេតុដូច្នេះខ្ញុំគិតថា គ្មានអ្វីត្រូវសង្ស័យទេចំពោះការដែលថា មានភាពតានតឹងកាន់តែខ្លាំង និងមានការរំលោភបំពានសិទ្ធិមនុស្សពាក់ព័ន្ធរឿងនយោបាយកាន់តែច្រើន ក្នុងពេលឥឡូវជាងនៅក្នុងខែកញ្ញានោះ “។
លោកស្រីបានបន្តទៀតថា “ខ្ញុំដឹងអំពីករណីមួយចំនួន ដែលគេបានបង្កឲ្យកើតមានឡើងសាជាថ្មីប្រឆាំងមេដឹកនាំនិងសមាជិកគណបក្សប្រឆាំង។ជាក់ស្តែង តុលាការកម្ពុជាគួរតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយ
អនុលោមស្របតាមការបកស្រាយច្បាប់ឲ្យបានតឹងរ៉ឹង និងប្រកបដោសង្គតិភាពដោយមិនត្រូវគិតដល់ការជាប់ ពាក់ព័ន្ធរឿងនយោបាយរបស់បុគ្គលណាមួយដែលបង្ហាញខ្លួនចំពោះមុខតុលាការ”។
លោកស្រី រ៉ូណា ស្មីត ដែលជាសាស្ត្រាចារ្យផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅចក្រភពអង់គ្លេស មិនបានពិភាក្សាអំពីករណីដ៏ជាក់លាក់ទាំងនេះទេ ប៉ុន្តែ លោកស្រីបានពិនិត្យមើលករណីមួយចំនួនហើយ។
លោកស្រីបានលើកឡើងថា “អ្វីដែលជាការព្រួយបារម្ភនោះ គឺការរឹតបន្តឹងលើសមាជិកគណបក្សប្រឆាំងដែលបង្កឡើងដោយតុលាការ ជាការរឹតបន្តឹងដែលបច្ចុប្បន្នមិនបានអនុវត្តឲ្យបានដូចគ្នាលើសមាជិកនៃបក្សនយោបាយណាមួយផ្សេងទៀតនៅកម្ពុជា។ មានការព្រួយបារម្ភខ្លាំងអំពីការប្រើប្រាស់ច្បាប់ជាឧបករណ៍នយោបាយមិនមែនជាឧបករណ៍ផ្លូវច្បាប់សម្រាប់ផ្តល់យុត្តិធម៌”។
ប្រេសិតសិទ្ធិមនុស្សរូបនេះបានលើកឡើងទៀតថា ប្រព័ន្ធតុលាការអព្យាក្រឹត មានសារៈសំខាន់ណាស់នៅមុនការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជានឹងប្រឈមការតស៊ូយ៉ាងស្វិតស្វាញបំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំមកនេះ។
លោកស្រីបានមានប្រសាសន៍ថា “កម្ពុជាជិតដល់ដំណាក់កាលដ៏គ្រោះថ្នាក់ហើយ។ ច្បាប់ទាំងអស់ដាច់ខាតត្រូវតែអនុវត្តឲ្យបានស្មើភាព និងត្រឹមត្រូវចំពោះគណបក្សនយោបាយទាំងអស់ និងសមាជិករបស់គណបក្សនីមួុយៗដើម្បីធានាឲ្យបានថា លទ្ធិប្រជាធិបតេយ្យត្រូវបានការពារនៅមុនការបោះឆ្នោតមកដល់។ស្ថានភាពនយោបាយ ដែលរួមមានការគំរាមសាជាថ្មី នីតិវិធីតុលាការនិងការវាយដំលើរាងកាយរបស់សមាជិកគណបក្សប្រឆាំងជាដើមនោះ គឺគួរឲ្យព្រួយបារម្ភ”។
កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលរដ្ឋាភិបាលត្រូវអនុវត្តច្បាប់ទាំងអស់ឲ្យបានតឹងរ៉ឹងនិងប្រកបដោយសង្គតិភាពផងដែរ ក្នុងនោះរួមមាន ដូចជា ច្បាប់ក្នុងការជួួបជុំដោយសន្តិវិធី ដែលចែងថា ការជូនដំណឹងជាមុនមិនចាំបាច់តម្រូវ ឲ្យមានទេសម្រាប់ “សកម្មភាពផ្សព្វផ្សាយទាក់ទងការអប់រំសម្រាប់ប្រយោជន៍សង្គម” ជាដើម។
លោកស្រីបានថ្លែងថា “ខ្ញុំបានជួបខ្លួនឯងផ្ទាល់ហើយ នូវអ្វីដែលអង្គការមិនមែនរដ្ឋាភិបាលកំពុងប្រឈម នោះគឺពេលដែលមន្ត្រីនគរបាលឃុំម្នាក់ ដែលមិនស្ថិតក្នុងឯកសណ្ឋានការងារ បានចេញមកបញ្ឈប់ការប្រជុំរបស់ខ្ញុំជាមួយក្រុមជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារ” ។
លោកស្រីបានបន្ថែមថា ច្បាប់ស្តីពីការជួបជុំ ” បញ្ជាក់យ៉ាងច្បាស់ថា ការប្រជុំបែបនេះមិនតម្រូវឲ្យមានការជូនដំណឹង ឬការយល់ព្រម”នោះឡើយ។
លោកស្រីបានលើកឡើងទៀតថា លោកស្រីនឹងចេញរបាយការណលើកដំបូងរបស់ខ្លួនស្តីពីប្រទេសកម្ពុជាក្នុងនាមជាអ្នកធ្វើរបាយការណ៍នៅខែសីហា៕ស៊ុយឈាង