28.5 C
Phnom Penh

លោក​ហ៊ុន សែន​សន្យា​ថា​តម្លៃ​អគ្គិសនី​នឹង​ចុះ​ថោក​រយៈ​ពេល​ពីរ​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តម្លៃ​អគ្គិសនី​តាម​ស្ថាប័ន​សាធារណៈ ​ដូច​ជា​សាលា​រៀន​មន្ទីរពេទ្យ​ជាដើម​ នឹង​ចុះថោក​បន្ថែម​ទៀត​មក​នៅ​ត្រឹម​តម្លៃ​៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ នៅ​ឆ្នាំ ​២០១៩​ និង​២០២០​ខាង​មុខ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មាន​ប្រសាសន៍​ថា ​ការ​បង្កើន​ឯករាជ្យ​ភាព​ និង​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា ​និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។​

ការ​អះអាង​របស់​លោក​​ហ៊ុន សែន​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅ​ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​១៧​ធ្នូ​២០១៨​នេះ។​

លោក​អះអាង​ថា ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ នេះមិន​មែន​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ឡើយ​គឺ​រដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ និង​ច្បាស់លាស់​ ជាពិសេស​ខាង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូចជា​ផ្លូវ​ធ្វើ​ដំណើរ​ និង​ដោះស្រាយ​ផល​ប៉ះពាល់​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

ប៉ុន្តែ​កន្លង​មក​ក្រុម​សង្គម​ស៊ីវិល​ និង​សហគមន៍​ដែល​រង​គ្រោះ​នៅ​ឃុំ​ក្បាល​រមាស​ ស្រុក​សេសាន​បាន​ហៅ​តំបន់​ទំនប់​វារី​អគ្គិសនី​ថា​ បាន​ធ្វើឱ្យ​ពលរដ្ឋ​រង​ទឹក​ភ្នែក​ និង​ធ្វើឱ្យ​បាត់​បង់​ព្រៃឈើ​នៅតំ​បន់​នោះ​អស់​រាប់ម៉ឺន​ហិកតា។​

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ ជា​គម្រោង​មួយ​ស្ថិត​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ផ្លូវ​ ទឹក ​និង​ភ្លើង ​ដែល​ជា​អាទិភាព​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។​

ទំនប់​វារី​អគ្គិសនី​នេះ​មិន​ត្រឹមតែ​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​​តែ​ខេត្ត​ស្ទឹងត្រែង​ប៉ុណ្ណោះ​នោះ​ទេ​ ប៉ុន្តែ​វាអាច​ផ្គត់ផ្គង់​អគ្គិសនី​រហូតទៅ​ដល់​បណ្តា​ខេត្តមួយ​ចំនួន​ទៀត​ដូចជា​ខេត្ត​ព្រះវិហារ​ រតនគិរី​ និង​មណ្ឌលគិរី​​ជាដើម​ ដែល​អាច​ផ្តល់​អនុភាព​ថាមពល៤០០​មេហ្គាវ៉ាត់​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា។​

វារី​អគ្គិសនី​នេះ​គឺជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចំនួន​បី​ រួម​មាន​ក្រុមហ៊ុន​Hydrolanchang International Energy​ របស់​ចិន​ ដាក់​ទុន​វិនិយោគ​ ៥១%​ ក្រុម​ហ៊ុន Royal Group ​របស់​ខ្មែរ​ដាក់​ទុន​៣៩%​ និង​ក្រុមហ៊ុន​ EVNI ​របស់​វៀតណាម​ ដាក់​ទុន​វិនិយោគ​១០%។ ​វារី​អគ្គិសនី​សេសាន​ក្រោម​២​ប្រើ​ទុន​វិនិយោគ​សរុប​ជិត​ ៨០០​លាន​ដុល្លារ​អាមេរិក។ ​ការ​វិនិយោគ​នេះ​ធ្វើឡើង​តាម​រូបភាព​សាង​សង់​ប្រតិបត្តិការ​ ​និង​ផ្ទេរ ​ដែល​មាន​រយៈ​ពេល​សម្បទាន​៤៥​ឆ្នាំ​ក្នុង​នោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរ​ការ​សាងសង់ ​និង​៤៥​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស