39.4 C
Phnom Penh

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ជជែក​ពី​ចំណង​យោធា ​និង​ការ​ឃុំខ្លួន​មេបក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ គ្រោង​នឹង​ធ្វើ​ទស្ស​កិច្ច​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​១៥​និង​១៦ ​ខែ​មករា​ ខាង​មុខ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ស្តារ​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់នៃ​ក្រសួង​ការពារ​ជាតិ​របស់អាមេរិក​រូប​នេះ​ធ្វើ​ឡើង​ក្រោយពី​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​ចិន​ចំនួន​៣​គ្រឿង​ចូលចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​កាល​ពី​សប្តាហ៍​មុន​ ក្នុង​ន័យ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​និង​មិត្តភាព​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ដែល​ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា​ ឧបការី​រង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង ​និង​អាស៊ី​អាគ្នេយ៍​លោក​Joseph H. Felter​គ្រោង​ចាប់​ផ្ដើម​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ ២​ថ្ងៃ​ហើយនឹង​ជជែក​អំពី​បញ្ហា​ការ​ឃុំខ្លួន​មេ​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ លោក​កឹម សុខា​និង​ការ​ទាមទារ​ឲ្យ​បើក​លំហ​សេរីភាព​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។​ ​

វត្តមាន​របស់​ឧបការី​រង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​រូប​នេះមាន​គម្រោង​ជួប​ជាមួយ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​នាង ផាត​ ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។​

ទំនាក់​ទំនង​កម្ពុជា-អាមេរិក​បាន​ឈាន​ទៅ​រក​ដំណាក់​កាល​មើល​មុខ​គ្នា​លែង​ចំ ​ ក្រោយ​ពេល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ លែង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ ហើយ​ងាក​ទៅ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន​ និង​បាន​បង្ហាញ​ការ​គាំទ្រ​គោល​នយោបាយ​របស់​ប្រទេស​ចិន​ជ្រុល​ហួស​ហេតុ ​ដោយ​ដើរ​ចេញ​ពី​កន្លង​ប្រជា​ធិបតេយ្យ​ព្រម​ទាំង​សិទ្ធិ​មនុស្ស​ជាពិសេស​ក្រោយ​ពេល​របប​នេះ​បាន​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​កឹម សុខា​ដាក់​គុក​ និង​ រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំមួយ​នេះ​ចោល ​កាលពី​ចុង​ឆ្នាំ​២០១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស