39.4 C
Phnom Penh

លោក​សម រង្ស៊ី​អះអាង​ថា ​សហគមន៍​អន្តរជាតិ​កំពុង​ជួយ​ស្តារ​ស្ថាន​ការណ៍​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​នៅតែ​អះអាង​ថា​ សហគមន៍​អឺរ៉ុប​កំពុង​ខិតខំ​ប្រឹងប្រែង​ និង​ប្តេជ្ញា​ជួយ​ការពារ​បញ្ហា​សិទ្ធិ​មនុស្ស​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា​ឡើង​វិញ​ផង​ដែរ។​ លោក​មាន​ជំនឿ​ដូច្នេះ​ដោយ​លោក​អះអាង​ថា​ សហភាព​អឺរ៉ុប​និង​បន្ត​ដាក់​សម្ពាធ​លើ​របប​លោក​ហ៊ុន សែន​តាម​រយៈ​វិធាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​មក​លើ​របប​ក្រុង​ភ្នំពេញ។​ ការ​អះអាង​នេះ​ធ្វើឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ម្សិលមិញ។​

លោក​សម រង្ស៊ី​បញ្ជាក់​ថា​ វិធានការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​  គឺ​ជា​វិធាន​ការ​ត្រឹមត្រូវ​ និង​សម​ស្រប​ដោយ​ថា​ ជា​សម្ពាធ​សេដ្ឋ​កិច្ច​ដាក់​ទៅលើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​ដែល​លោក​ហៅថា​ ជា​របប​ផ្តាច់​ការ។​

អតីត​មេ​បក្ស​រូបនេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ពលរដ្ឋ​ខ្មែរ​អាច​ទ្រាំ​ការ​លំបាក​បន្តិច ​ឬ​ទ្រាំ​ក្នុង​រយៈ​ពេល​ខ្លី​ដែល​បណ្តាល​មក​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភា​ពអឺរ៉ុប​នេះ​ ប៉ុន្តែ​កម្ពុជា​នឹង​ទទួល​បាន​ពន្លឺ​ដ៏​ភ្លឺស្វាង​ និង​ស្គាល់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។​

យ៉ាងណា​កាលពី​ថ្ងៃ​ទី​១៤​ខែ​មករា​ លោក​ហ៊ុន សែន​បាន​ប្រមាន​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ចោល​ ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ណាមួយ​មក​លើ​កម្ពុជា។​ លោក​បញ្ជាក់​ថា ​របប​របស់​លោក​នឹង​មិន​អត់​ឱន​ឱ្យ​ក្រុម​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​គណបក្ស​នេះ​ឡើយ​ ប្រសិន​បើ​របប​របស់​លោក​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អន្តរជាតិ។ ​មិនតែ​ប៉ុណ្ណោះ ​សហគមន៍​អន្តរ​ជាតិ​ក៏គ្មាន​សិទ្ធ​និយាយ ​ឬ​ណែនាំ​កម្ពុជា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ទៀត​នោះ​ដែរ។​

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​បាន​ព្យាករណ៍​ថា ​ប្រសិន​បើ​អន្តរជាតិ​   ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​ នោះ​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ ពល​រដ្ឋ​រាប់​សែន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ ​ហើយ​វិបត្តិ​សង្គម​នឹង​ផ្ទុះ​ឡើង​ ដែល​ពិបាក​នឹង​ប៉ាន់​ស្មាន​អំពី​វាសនា​ដឹក​​នាំ​របស់​លោក​ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស