39.4 C
Phnom Penh

រដ្ឋាភិបាល​បារម្ភ​អំពីការ​មិន​ផ្តល់​តួលេខ​ច្បាស់លាស់​អំពី​ទិន្នន័យ​នៃ​ជន​បរទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ នៃក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​ថា ​ការ​ត្រួត​ពិនិត្យ​វត្តមាន​ជន​បរទេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មាន​កន្លែង​ខ្លះ​មាន​ភាព​លាក់​លៀម​មិន​ផ្តល់​ទិន្នន័យ​ជាក់លាក់​ជូន​អាជ្ញាធរ​នោះ​ឡើយ។​

ភ្នាក់ការ​សារ​ព័ត៌មាន​អា.កា.ប៉េ​(AKP)​បាន​ដក​ស្រង់​សម្តី​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​លោក​ឃុន សំបូរ​ចុះផ្សាយ​នៅថ្ងៃ​នេះ​ថា​ ការ​ចុះ​ត្រួត​ពិនិត្យ​វត្តមាន​ជន​បរទេស​ដោយ​ក្រុម​ការងារ​គាំទ្រ ​និង​ពង្រឹង​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ទទួល​បាន​ភាព​ជាក់លាក់​ចំពោះ​តែ​ទីតាំង​គោលដៅ​អាជីវ​កម្ម​ និង​កន្លែង​ស្នាក់នៅ​អចិន្រ្តៃយ៍​របស់​ជន​​បរទេស​តែ​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា​ កន្លែង​ផ្សេង​ទៀត​ ការ​ផ្តល់​ព័ត៌មាន​ មាន​ភាព​លាក់លៀម​មិន​ព្រម​ផ្ដល់​ទិន្នន័យ​ឱ្យ​ឡើយ​ ដោយ​គេ​ផ្តល់​បាន​ត្រឹម​តែ​ពី​៣០​ទៅ​៤០​ភាគ​រយ​ប៉ុណ្ណោះ។​

ប៉ុន្តែ​លោក​ឃុន សំបូរ​មិន​បាន​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ជុំវិញ​ករណី​នេះ​ និង​មិន​បាន​បញ្ជាក់​​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណាមួ​យ ​ទៅលើ​ក្រុម​មន្ត្រី​ ឬ​ ក្រុម​មនុស្ស​ដែល​​មិនព្រម​ផ្តល់​ព័ត៌​មាន​ពិត​អំពី​វត្តមាន​ជន​បរទេស​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​ឡើយ។​

លទ្ធផល​កិច្ច​ប្រជុំ​ បង្ហាញ​ពី​របាយ​ការណ៍​ដំបូង​ស្តីពី​យុទ្ធនាការ​ពិនិត្យ​វត្តមាន​ជន​បរទេស​ ក្នុង​រយៈ​ពេល​​៦០​ថ្ងៃ​នៅ​ខេត្ដ​ព្រះ​សីហនុ​ កាល​ពី​ម្សិលមិញ​ឱ្យ​ដឹង​ថា ​ ការ​ចុះ​ត្រួត​ពិនិត្យ​តាម​ចំណុច​គោលដៅ​អាជីវ​កម្ម​ និង​កន្លែង​ស្នាក់​នៅ​អចិន្រ្តៃយ៍​របស់​ជន​បរទេស​បាន​ធ្វើ​ជាង​២​ពាន់​កន្លែង​ហើយ​រក​ឃើញ​ជន​បរទេស​សរុប​ជាង​៤​ម៉ឺន​នាក់​ ដែល​មាន​ ៥៧​សញ្ជាតិ ​និង​មាន​មុខ​របរ​អាជីវ​កម្ម​ចំនួន​២១​ប្រភេទ​ ក្នុង​នោះស្រី​មាន​ចំនួន​ជិត​១​ម៉ឺន​នាក់។ ​ប៉ុន្តែ​របាយ​ការណ៍​នេះ ​មិន​បាន​បញ្ជាក់​ថា​ ជនជាតិ​មួយ​ណាច្រើន​ជាង​គេ ​និងមាន​ជន​បរទេស​ប៉ុន្មាន​នាក់​ដែល​កំពុង​រស់​នៅ​​និង​ធ្វើការ​ខុស​ច្បាប់​នោះ​ឡើយ។​

របាយ​ការណ៍​នេះ​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​​របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំ​មុន។​ របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៨​​បង្ហាញ​ថា​ ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​ចំនួន​២១​ម៉ឺន​នាក់​ ក្នុង​នោះ​ជនជាតិ​ចិន​កំពុង​រស់​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ចំនួន​ជិត​៨​ម៉ឺន​នាក់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស