38.3 C
Phnom Penh

គ្រួសារ​លោក​ឈុត វុទ្ធី​នឹង​ទទួល​បាន​យុត្តិធម៌​ ប្រសិន​បើ​កម្ពុជា​មាន​រដ្ឋាភិបាល​ថ្មី ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​គ្រួសារ​លោក​ឈុត វុទ្ធី​ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​៧​ ឆ្នាំ​មុន​  អះអាង​ថា​  រដ្ឋាភិបាល​លោក​ហ៊ុន សែន​បច្ចុប្បន្ន​នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​បាន​ទេ ​ដោយ​ថា ​មាន​តែ​រដ្ឋាភិបាល​ថ្មី​ផ្សេង​ទៀត​ប៉ុណ្ណោះ​ទើប​អាច​រក​យុត្តិ​ធម៌​ជូន​គ្រួសារ​ពួក​គេ​បាន។​

ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ឪពុក​ខ្លួន​នៅ​ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​មេសា​នេះ​  លោក​ឆឺយ ឧត្តមរស្មី ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ឈុត វុទ្ធី ​អះអាង​ថា ​គ្រួសារ​លោក​គ្មាន​សង្ឃឹម​ឡើយ​ចំពោះ​ពន្លឺ​យុត្តិធម៌​ដរាប​ណា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នៅតែ​ដឹក​នាំ​ប្រទេស។​

លោក​បន្ត​ថា ​មាន​តែ​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​អនាគត​ទេ​ ទើប​អាច​រក​យុត្តិ​ធម៌​ជូន​ឪពុក​របស់​លោក​បាន​ ព្រោះ​រយៈ​ពេល​៧​ ឆ្នាំ​មក​ហើយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​បាន​ផ្តល់​​យុត្តិធម៌​ពិត​ប្រាកដ​ជូន​គ្រួសារ​លោក​ឡើយ។​

ក្នុង​ពិធី​រំឭក​ខួប​៧​ឆ្នាំ​ឱ្យ​ឪពុក​ លោក​ឧត្តមរស្មី​បាន​ជំរុញ​ឱ្យ​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ទាំងអស់​ក្រោក​ឡើង​និង​ក្លាហាន​ ដើម្បី​បំពេញ​ការងារ​ការ​ពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម ទៀត  ហើយ​កុំ​បាក់​ទឹក​ចិត្ត​ឱ្យ​សោះ​ដោយ​ថា​ ត្រូវ​ប្រឹង​តស៊ូ​លើ​ការងារ​មួយ​នេះ​ត​ទៅ​ទៀត។​

អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក​ឈុត វុទ្ធី​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ជិត​តំបន់​ព្រៃ​ការពារ​មួយ​កន្លែង​ និង​ក្បែរ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​មួយ​ ទាំង​ក្បែរ​ទីតាំង​កែ​ច្នៃ​វល្លិ៍​រមៀត​ត្រង់​ចំណុច​វាល​បី​ ក្នុង​ឃុំ​បាក់​ខ្លង ​ស្រុក​មណ្ឌល​សីមា ​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ទី​២៦​មេសា​ឆ្នាំ​២០១២។ ​ការ​បាញ់​សម្លាប់​លោក​ពេល​នោះ​ ខណៈ​លោក​បាន​នាំ​អ្នក​កាសែត​The Cambodia Daily​ពីរ​រូប​ចុះ​ទៅយក​ព័ត៌មាន​អំពី​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ។​

ក្រោយ​មក​សំណុំ​រឿង​ឃាតកម្ម​មួយ​នេះ​ត្រូវ​បាន​តុលាការ​បិទ​បញ្ចប់ ​ដោយ​អះអាង​ថា​ អ្នក​ដែល​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​ ពេល​នោះ​ជា  ​មន្ត្រី​កងរាជ​អាវុធ​ហត្ថខេត្ត​កោះកុង​ម្នាក់​ឈ្មោះ​ អ៊ិន រតនា​បន្ទាប់ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​រដ្ឋាភិបាល​ចុះ​ស៊ើប​​អង្កេត​ករណី​នេះ​អះអាង​ថា​ លោក​អ៊ិន រតនា​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ ក្រោយ​ពីបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​រួច។​

រាល់​សំណុំ​រឿង​ឃាតកម្ម​ធំៗ​ ដូច​ជា​ករណី​តារា​សម្តែង​ អ្នក​នាង​ពិសិដ្ឋ ពិលិកា​ កាល​ពី​ឆ្នាំ​១៩៩៩​ ព្រះ​តេជ​ព្រះគុណ​សំ ប៊ុនធឿន​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​លោក​ជា វិជ្ជា​កាលពី​ឆ្នាំ​២០០៤​ និង​ឃាតកម្ម​កក្រើក​ប្រទេស​ចុង​ក្រោយ​គឺ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​​កាលពី​ថ្ងៃ​ទី​១០​កក្កដា​២០១៦​នោះ​​  រដ្ឋាភិបាល​លោក​ហ៊ុន សែន​នៅតែ​បរាជ័យ​ដោយ​មិន​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​និង​ ក្រុម​គ្រួសារ​ពួក​គេ​បាន​ឡើយ​ ហើយ​សំណុំ​រឿង​ទាំង​នោះ​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ទុក​ចោល​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស