28.5 C
Phnom Penh

កម្ពុជាចោទវៀតណាមថាបានរំលោភសេចក្តីថ្លែងការរួមស្តីពីបញ្ហាព្រំដែនឆ្នាំ១៩៩៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាព្រមានវៀតណាមឱ្យឈប់ចល័តទីតាំងឈរជើងរំលោភចូលខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បានឯកភាពគ្នា ក្នុងបុព្វហេតុរក្សាទំនាក់ទំនងល្អរវាងប្រទេសជិតខាងគ្នា។

ការព្រមាននេះធ្វើឡើងស្របពេលដែលវៀតណាម បានបោះតង់ និងដាក់កងកម្លាំងយោធាចំនួន ៣១កន្លែងនៅស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្ដាល ប៉ុន្តែវៀតណាមបានរុះរើតង់ទាំងនោះចេញពីតំបន់មិនទាន់ឯកភាពចំនួន ៣កន្លែងប៉ុណ្ណោះ ហើយនៅសស់ ២៨កន្លែងទៀត នៅមិនទាន់រុះរើចេញនៅឡើយ។

កាលពីចុងខែមេសា សមត្ថកិច្ចខេត្តកណ្ដាលបានចុះពិនិត្យតាមបណ្ដោយព្រំដែនស្ថិតនៅស្រុកកោះធំ ហើយបានរកឃើញតង់ចំនួន ៩កន្លែង ត្រូវបានទាហានវៀតណាមសាងសង់នៅតំបន់ដែលភាគីកម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នា។

សាព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ចុះផ្សាយនៅថ្ងៃពុធនេះថា កម្ពុជាបានបញ្ជូនកំណត់ទូតមួយទៅភាគីវៀតណាមកាលពីថ្ងៃទី១៣ ខែឧសភា ដោយព្រមានថា វត្តមានរបស់យោធាវៀតណាមនៅតាម                   បណ្ដោយព្រំដែនមិនទាន់បានឯកភាពគ្នាបានរំលោភចំណុចទី៨ នៃសេចក្ដីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ  ទី៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចាដោយភាគី                  កម្ពុជា និងវៀតណាម។ 

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោកស្វាគមន៍ចំពោះចំណាត់ការរបស់កម្ពុជាដែលហ៊ានផ្ញើរកំណត់ទូតរបស់ខ្លួនទៅតវ៉ាជាមួយវៀតណាម ហើយលោក សូមសរសើដល់កម្ពុជាថា មានសេចក្តីក្លាហានក្នុងការប្រើពាក្យថា វៀតណាមបានរំលោភសេចក្តីថ្លែងការរួមឆ្នាំ១៩៩៥ និងរំលោភសិទ្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ លោកបន្តថា នេះជាភាសាថ្មីបំផុតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនធ្លាប់ប្រើចំពោះវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ លោកទាមទារឲ្យវៀតណាមត្រូវតែដកកងទ័ពរបស់ខ្លួនចេញតំបន់ឈរជើងទាំងអស់ឲ្យផុតពីព្រំដែនកម្ពុជាប្រសិនបើវៀតណាមចង់រក្សទំនាក់ទំនងល្អរវាងប្រទេសជិតខាង។

ជាងនេះទៅទៀត លោក ម៉ែន ណាត បានស្នើរឲ្យរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលសេចក្តីថ្លែងការរួមឆ្នាំ១៩៩៥ ដែលជាសេចក្តី ថ្លែងការមួយធ្វើឲ្យខាតប្រយោជន៍ខែ្មរ ពីព្រោះសេចក្តីថ្លែងការនេះត្រូវបានវៀតណាមតម្រូវឲ្យមានការបង្កើតតំបន់ស ក្នុងទឹកដីរបស់កម្ពុជាខ្លួនឯង។ ជាងនេះទៅទៀតលោកស្នើឲ្យកម្ពុជាលុបចោលរាល់សន្ធិសញ្ញាព្រំដែនទាំងអស់ដែលធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន មានសេចក្តីក្លាហានដាក់ពាក្យបណ្តឹងតាមយន្តការអន្តរជាតិដោយប្រើប្រាស់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទាំងព្រំដែនគោក និងចង្កោមកោះត្រល់។

កម្ពុជា និងវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនគោកបោះរួមគ្នាចំនួន ៣១៤បង្គោល ឬនឹងស្មើ ៨៤ភាគរយ។ ចំណែកចំណុចមិនឯកភាពគ្នា នៅសេសសល់ ១៦ភាគរយទៀត នឹងត្រូវធ្វើបន្តទៀត នៅក្រោយពេលប្រទេសបារាំងផ្តល់ផែនទីចម្លងតាមមាត្រដ្ឋានបំប្លែងពីខ្នាត ១/១០០,០០០ មកខ្នាត ១/៥០០,០០០ តាមកិច្ចព្រមព្រៀងទ្វេភាគី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស