30.4 C
Phnom Penh

ឥណ្ឌា ជប៉ុន អាមេរិកនិងអូស្ត្រាលីធ្វើសមយុទ្ធរួមគ្នានៅសមុទ្រឥណ្ឌា មានបំណងបិទនាវាចរណ៍ប្រទេសចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលនិយាយថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មហាអំណាចចិន បានបញ្ចេញឥទ្ធិពលវាតទី ជាខ្លាំងទៅលើដែនទឹកនៃ                     បណ្តាប្រទេសជាច្រើនក្នុងតំបន់។

តំបន់សមុទ្រ ចិនខាងត្បូង ដែលមានកោះ ចំនួន២៥០ លាតសន្ធឹងលើក្រឡាផ្ទៃ ៣លានគីឡូម៉ែត្រនោះ មហាយក្សចិន បានទន្ទា្រនកាន់កាប់យកពីប្រទេសក្នុងតំបន់ បានយ៉ាងច្រើន។

ដោយបារម្ភពីការបាត់បង់សមុទ្រចិនខាងត្បូងទៅលើប្រទេសចិន  សហរដ្ឋអាមេរិក តែងតែបញ្ចេញ កងនាវាចម្បាំង បើកឆ្លងកាត់និង ធ្វើសមយុទ្ធជាមួយ ប្រទេសក្នុងសមាគមអាស៊ាន។ តែបែបនេះក្ដី នៅសមុទ្រចិនខាងកើត ក៏ចិនកំពុងវាតទី កាន់កាប់ដែរ ប៉ុន្តែបែបទៅមិនរួចជាមួយប្រទេសជប៉ុននោះទេ។

ជាថ្មីម្ដងទៀត ចិន ក៏សំឡឹងមើល ការកាន់កាប់ដែនដីខ្លះៗនៅតាមព្រំដែនជាមួយឥណ្ឌា។ ប៉ុន្តែសម្រាប់ឥណ្ឌា គឺមិនបណ្ដោយ អោយចិន ចូលកាន់កាប់ងាយៗនោះឡើយ។

មានន័យថា ឥណ្ឌាឆ្នាំ២០២០ គឺខុសពីឥណ្ឌា ឆ្នាំ១៩៦២ ដែលកងទ័ពឥណ្ឌាបានរុញច្រានកងទ័ពចិនត្រឡប់ទៅវិញ គឺជាក់ស្ដែងឥណ្ឌាបានវាយរុញច្រានកងទ័ពចិនឲ្យត្រឡប់ថយក្រោយ នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា ដោយសម្លាប់កងទ័ពចិន ជាង៤០នាក់ ហើយឥណ្ឌាស្លាប់តែជាង២០នាក់។ ខណៈនេះ ឥណ្ឌា បានប្រកាសថា កងទ័ពនិងគ្រឿងសព្វាវុធឥណ្ឌាបានទៅដល់ព្រំដែនអស់ហើយ។

ជាងនេះទៅទៀត ឥណ្ឌាបានសម្រេចអោយមានសមុយុទ្ធរួមគ្ពី៣ ទៅ៤ប្រទេស ដែលសមយុទ្ធដំបូង មានបីប្រទេស គឺឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។

កាសែត The South China morning postបានអោយដឹងថា  កងនាវាឥណ្ឌា និងកងកម្លាំងការពារដែនទឹកជប៉ុនបានធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រឥណ្ឌា ហើយកងនាវាអាមរិកត្រូវបានរាយការណ៍ថា ក៏បានចូលរួមដែរ។

ឥណ្ឌាបានឱ្យថា សមយុទ្ធលើកក្រោយនឹងមានកងទ័ពអូស្រ្ដាលី                   រួមនិងកងទ័ពអាមេរិក ហើយសមយុទ្ធនេះឥណ្ឌាឱ្យឈ្មោះថា ជាសមយុទ្ធនៃល្បែងសង្គ្រាម Malabar។

លោក Lin Minwang សកលវិទ្យាធិការស្ដីទីនៃសកលវិទ្យាល័យ Fudan University ដែលសិក្សាពីអាស៊ីខាងត្បូងយល់ថាទំនាក់ទំនងឥណ្ឌានិងអាមេរិកបាននាំមកនូវការអភិវឌ្ឍស្រាប់ទៅហើយ។ លោកបញ្ជាក់ទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងញ៉ូវដេលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ជាមួយនឹងក្រុងវ៉ាស៊ីនតុនលើវិស័យយោធា។

លោកលីនបង្ហាញថាឥណ្ឌាមិនមែនជាប្រទេសអព្យាក្រឹត្យទេ ពីព្រោះឥណ្ឌាជាដៃគូយុទ្ធសាស្រ្ដរបស់អាមេរិកយូរឆ្នាំមកហើយ។ កិច្ចព្រមព្រៀងនោះមានដូចជាអនុស្សារណយោគយល់ក្នុងការប្រើប្រាស់ទឹកដីប្រទេសជាមិត្ត ការជួយស្ដារនិងផ្គត់ផ្គង់មូលដ្ឋានទ័ពអាកាសនិងទ័ពជើងទឹក។ កិច្ចព្រមព្រៀងបើកចំហការលក់អាវុធរបស់អាមេរិកសំដៅបង្កើនសមត្ថភាព ក៏ដូចជាកិច្ចព្រមព្រៀងផ្ដល់ព័ត៌មានសន្ដិសុខយោធាទៀតផង។

ក្នុងជម្លោះចុងក្រោយរវាងចិន និងឥណ្ឌា គឺអាមេរិកសម្រេចផ្ដល់ឱ្យឥណ្ឌានូវរូបភាពផ្កាយរណបផ្ដាច់មុខអំពីតំបន់ដែលចិនលួចកាន់កាប់ នៅជួរភ្នំហិមាល័យ នៃដែនដីឥណ្ឌា។

លោក ណារិន្រ្ដាម៉ូឌី នាយករដ្ឋមន្រ្ដីឥណ្ឌាបានបញ្ចេញ ផែនការមួយដែលលោកថាជាកិច្ចផ្ដួចផ្ដើមសមុទ្រឥណ្ឌូប៉ាស៊ីហ្វិច ដើម្បីធានាពីសុវត្ថិភាពផ្លូវសមុទ្រ ។

ផែនការរបស់ឥណ្ឌានេះ ត្រូវបានអាមេរិក សាទរ ព្រោះអាមេរិកក៏ធ្លាប់លើកសំណើដូចនេះដែរ។ ប៉ុន្ដែអ្នកវិភាគបែរជាមានការព្រួយបារម្ភត្រង់ថាយុទ្ធសាស្រ្ដឥណ្ឌានេះគឺជាការដាក់គោលដៅគំរាម ចិនទៅវិញទេ។

អ្នកវិភាគយុទ្ធសាស្រ្ដជើងទឹកម្នាក់ដែលមានមូលដ្ឋាននៅក្រុងប៉េកាំងលោក Li Jie មើលឃើញថា កងនាវិកឥណ្ឌាបានចូលរួមជាមួយនឹងកងទ័ពជើងទឹកអាមេរិក គឺដើម្បីត្រៀមប្រឈមមុខដាក់គ្នាជាមួយចិនយ៉ាងច្បាស់ មិនថានៅសមុទ្រចិនខាងត្បូង ឬនៅសមុទ្រឥណ្ឌានោះទេ។ លោកយល់ឃើញថា កងនាវាឥណ្ឌាតែឯកឯងនឹងមិនអាចមានប្រៀបលើកងនាវារំដោះប្រជាជនចិននោះទេ ប៉ុន្ដែបើមានសម្ព័ន្ធភាពដូចជាជប៉ុន អាមេរិកអាច នឹងធ្វើឱ្យឥណ្ឌាមានឥទិ្ធពល។

តែសម្រាប់លោកលីនមើលឃើញទៀតថា ឥណ្ឌាចង់ក្ដោបក្ដាប់តំបន់នោះ ហើយឱ្យអាមេរិកជាអ្នកសម្ដែងជាមួយចិន។

មហាសមុទ្រឥណ្ឌាត្រូវបានដឹងថាជាមណ្ឌលនៃការនាំចេញប្រេងរបស់ពិភពលោក និងជាផ្លូវពាណិជ្ជកម្មយុទ្ធសាស្រ្ដសម្រាប់ចិនភ្ជាប់ទៅអឺរ៉ុប អាហ្រ្វិក និង អាស៊ីចុងបូព៌ា។ អ្នកវិភាគម្នាក់នេះមើលឃើញថា ក្រុមប្រទេសសម្ព័ន្ធអាមេរិក ដោយរាប់ទាំងឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន អាចបិទផ្លូវមិនអោយនាវាចិនអាចធ្វើដំណើរទៅអឺរ៉ុប។

គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន ស៊ីជិនភីងមានគោលបំណងជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម ដោយឆ្លងកាត់ពីសមុទ្រចិនខាងត្បូងឈូងសមុទ្រម៉ាឡាកា មុនចូលដល់ច្រកសមុទ្រឥណ្ឌា។ កងនាវាជើងទឹករំដោះប្រជាជនចិន បានបង្ហាញសកម្មភាពយោធារបស់ខ្លួនកាន់តែខ្លាំងឡើង ចាប់ពីឆ្នាំ២០០៨មកនៅឈូងសមុទ្រAdenដើម្បីប្រឆាំងនឹងប្រតិបត្តិការចោរសមុទ្រដែលនាំអោយចិនបញ្ជូននាវាមុជទឹករបស់ខ្លួនទៅការពារតំបន់នោះតាំងពីឆ្នាំ២០១៣។

លើសពីនេះទៅទៀត ចិនបានកសាងកំពង់ផែមួយដ៏ធំនៅសមុទ្រប៉ាគីស្ថានកំពង់ផែ Gwadar កំពង់ផែ Hambantotaនៅប្រទេសស្រីលង្កា ហើយ នឹងនៅប្រទេសភូមា គឺកំពង់ផែ Kyaukpyu។ ទាំងនេះ គឺជាគម្រោងមួយរបស់យុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ។

តែសម្រាប់ឥណ្ឌាពេលនេះបានព្រមានប្រទេសអស់នៅអាស៊ីខាងត្បូងថា ចិនកំពុងតែយកកំពង់ផែប្រទេសទាំងនោះធ្វើជាតំបន់យុទ្ធសាស្រ្ដយោធារបស់ចិន ច្រើនជាងការពង្រីកវិស័យពាណិជ្ជកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស