30.4 C
Phnom Penh

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុថា អ្នកវិនិយោគទុនចិនបានសម្រុកចូលខេត្តព្រះសីហនុវិញហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុអះអាងថា គិតត្រឹមចុងសប្តាហ៍ទី២ ខែកក្កដានេះ មានអ្នកដំណើរជាជនជាតិចិន ប្រមាណជិត២ពាន់នាក់ បានសម្រុកចូលមកខេត្តព្រះសីហនុ ជាបន្តបន្ទាប់វិញហើយ ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ បានប្រាប់បណ្តាញផ្សព្វផ្សាយសុ្រកថា វត្តមានអ្នកដំណើរជនជាតិចិន ដែលចូលមកខេត្តព្រះសីហនុ តាមព្រកានយន្តហោះ កងកេង គឺបានចាប់ផ្តើមតាំងពីចុង ខែឧសភាមកម៉្លេះ ដោយភាគច្រើន ជាអ្នកវិនិយោគទុន និងទេសចរណ៍។ 

លោក ឃាង ភារម្យ បញ្ជាក់ថា  រាល់អ្នកដំណើរទាំងអស់ ដែលចូលមកដល់ខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យស្ថិតនៅកន្លែងធ្វើចត្តាឡីស័ក្ត ត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក រហូតដល់ក្រសួងសុខាភិបាល បញ្ជាក់ថា ជនបរទេសទាំងនោះ ពិតជាគ្មានជំងឺកូវីដ-១៩ ទើបអាជ្ញាធរអនុញ្ញាត ឱ្យធ្វើដំណើរទៅតាមទីតាំងធ្វើអាជីវកម្មនានា ក្នុងខេត្តព្រះសីហនុបាន។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅតាមវេទិកាជួបប្រជុំនានា ដោយចាត់ទុក ការចូលមកដល់ នៃអ្នកវិនិយោគទុន និងអ្នកទេសចរណ៍ ជាបន្តបន្ទាប់នេះ ធ្វើឱ្យខេត្តព្រះសីហនុ មានមនុស្សចេញចូលច្រើនជាងពេលមុន។ 

លោកបន្តថា ចរន្តនៃការចរាចរណ៍រូបីយ៍បណ្ណ័លើទីផ្សារ ក៏មានសកម្មភាពល្អច្រើនដែរ ដែលធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុ ល្អប្រសើរមួយកម្រិតឡើងវិញ ក្រោយជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា លើវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ កំពុងបន្តសកម្មភាពអភិវឌ្ឍន៍ជាបណ្តើរៗឡើងវិញ ក្រោយទទួលរង នូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ជាច្រើនខែកន្លងមកនេះ។ ប៉ុន្តែពេលបច្ចុប្បន្នខេត្តជាប់មាត់សមុទ្រមួយនេះ បានចាប់ផ្តើមមានសង្ឃឹមឡើងវិញជាបណ្តើរៗហើយ។

ចំណែកមន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានទទួលស្គាល់ថា ពិតជាឃើញមានវត្តមានអ្នកវិនិយោញទុនជនជាតិចិន បានវិលត្រឡប់ចូលមកខេត្តព្រះសីហនុជាបណ្តើរៗវិញហើយ បន្ទាប់ពីបានចាកចេញយ៉ាងគំហុក ពីខេត្តទេសចរណ៍មួយនេះ កាលពីបំណាច់ឆ្នាំ២០១៩។

ពួកគេនិយាយថា វិស័យសំណង់មួយចំនួន ជាពិសេសសណ្ឋាគារ                និងកាស៊ីណូភាគច្រើន ក៏បានបើកទ្វារប្រកបអាជីវកម្មឡើងវិញជាបណ្តើរហើយដែរ។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គមមួយចំនួន ក៏បានបង្ហាញការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ក្នុងក្រុងព្រះសីហនុ ក្រោយវត្តមានជនជាតិចិន ចូលមកប្រកបរបររកស៊ី និងរកការងារធ្វើកាន់តែច្រើន ក្នុងខេត្តនេះ។

ចំណែកមន្ត្រីអង្គការការពារសិទ្ធិមនុស្ស ប្រចាំខេត្តព្រះសីហនុ បានកត់សម្គាល់ថា បន្ទាប់ពីវត្តមានជនជាតិចិន បានវិលត្រឡប់ចូលខេត្តព្រះសីហនុវិញ ចាប់ពីចុងខែមិថុនា និងដើមខែកក្កដានេះ គេសង្កេតឃើញបទល្មើសចោរឆក់ប្លន់ ជាពិសេសបទល្មើសចាប់ជំរិតមនុស្សទារប្រាក់ ដែលជនល្មើសភាគច្រើន ជាជនជាតិចិន គឺបានកើតមសនជាច្រើនករណីដែរ។

មន្ត្រីសង្គមស៊ីវិល ក៏ដូចជាអាជីវកររស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយបន្ថែមកម្លាំងសមត្ថកិច្ចជំនាញចុះមកមូលដ្ឋាននេះ ឲ្យបានច្រើនថែមទៀត ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុន ឲ្យមានសុវត្ថិភាពល្អ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស