38 C
Phnom Penh

ភាពអនាធិបតេយ្យ នៃការចតរថយន្តកុងតឺន័រតាមផ្លូវមុខកំពង់ផែក្រុងព្រះសីហនុ បង្ហាញពីភាពគ្មានសណ្តាប់ធ្នាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ ឬអ្នកធ្វើដំណើឆ្លងកាត់ផ្លូវថ្នល់ពីមុខបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្តការរិះគន់ចំពោះភាពគ្មានសណ្តាប់ធ្នាប់ នៃការចតរថយន្តកុងតឺន័រ ឬរថយន្តដឹកទំនិញធុនធ្ងន់ ដែលបានយកផ្លូវសាធារណៈសម្រាប់ការចតយាន្តយន្ត របស់ក្រុមហ៊ុន បណ្តាលឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះយ៉ាងធ្ងន់ធ្ងរ។

ពួកគេបាននាំគ្នាទាមទារឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់ នៃការចតរថយន្តកុងតឺន័រយ៉ាង អនាធិបតេយ្យ នៅលើចិញ្ចើមផ្លូវសាធារណៈ ពីមុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឲ្យមានប្រសិទ្ធភាព ប្រយោជន៍ដើម្បីរក្សាសោភ័ណភាពក្រុងទេសចរណ៍មួយនេះ ឲ្យបានប្រសើរឡើងនាថ្ងៃអនាគត។

ពួកគេរិះគន់ថា កន្លងមកផ្លូវសាធារណៈ នៅពីមុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនេះ តែងមានចរាចរណ៍កកស្ទះស្ទើរជារៀងរាល់ថ្ងៃ បណ្តាលមកពី រថយន្តដឹកទំនិញធំៗ និងរថយន្តកុងតឺន័រជាច្រើនគ្រឿង ត្រូវបានគេនាំយកមកចតចោលគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវនេះ។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលបន្ទុកផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ចំពោះរថយន្តដឹកទំនិញធុនធំ និងកុងតឺន័រ ដែលម្ចាស់ឈប់ចតគ្មានសណ្តាប់ធ្នាប់ នៅលើវិថីផែ ត្រង់ចំណុចមុខកំពង់ផែស្វយ័ត ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

លោក អ៊ី សុខា បានទទួលស្គាល់ថា ចំពោះរថយន្តដឹកទំនិញ ឬរថយន្តកុងតឺន័រ ដែលម្ចាស់យកមកចតនេះ គឺបានប៉ះពាល់ដល់ការកកស្ទះចរាចរណ៍, បាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសនាំឲ្យបាត់បង់ នូវសោភ័ណភាព ក្រុងទេសចរណ៍មួយនេះធ្ងន់ធ្ងរ ដែលទាមទារឲ្យអាជ្ញាធរ ត្រូវមានវិធានការផ្លូវច្បាប់ ទៅលើម្ចាស់ក្រុមហ៊ុនរថយន្តកុងតឺន័រ ឬរថយន្តដឹកទំនិញទាំងនោះ ដើម្បីឈានទៅរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានប្រសើរឡើងវិញ។

យ៉ាងនេះក្តី គេសង្កេតឃើញថា វិធានការរបស់សមត្ថកិច្ចនគរបាល ក៏ដូចជាចំណាត់ការរបស់អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ទៅលើ  រថយន្តកុងតឺន័រ ឬរថយន្តដឹកទំនិញ ដែលម្ចាស់ចតគ្មានសណ្តាប់ធ្នាប់ទាំងនោះ ហាក់មិនមានប្រសិទ្ធភាព បានយូរអង្វែងនោះទេ ពោលគឺមានសណ្ឋាន ដូចវែកចកក្នុងបឹង ឬទន្លេអញ្ចឹងដែរ។

ចំពោះការបណ្តែតបណ្តោយ របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ឲ្យមានរថយន្តកុងតឺន័រ  ឬរថយន្តដឹកទំនិញ ចតគ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវ មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយសមត្ថកិច្ច មិនព្រមមានចំណាត់ការផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពនេះ ក៏ធ្លាប់ទទួលរង នូវការរិះគន់មិនដាច់ពីមាត់ពីសំណាក់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះផងដែរកាលពីពេលកន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស