28.5 C
Phnom Penh

កម្ពុជា​និង​ចិន​បាន​បញ្ចប់​ជា​ផ្លូវការ​លើ​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយគ្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន ឬហៅ​កាត់​ថា FTA បាន​បញ្ចប់​កិច្ចចរចា​ជា​ផ្លូវការ​ហើយ ក្រោយ​ប្រើ​ពេល​ជាង​កន្លះ​ឆ្នាំ​ដើម្បី​សម្រេច​លើ​កិច្ចចរចា​នេះ។

ទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​របស់ក្រ​សួង​ពាណិជ្ជកម្ម​កាលពីដើម​សប្តាហ៍​នេះ បានឱ្យ​ដឹង​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក​ប៉ាន សូរ​ស័ក្ដិ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចុង ស្សាន (Zhong Shan​) កាលពី​ថ្ងៃទី២០ ខែកក្កដា តាម រយៈ​វីដេអូ​ខន​ហ្វ្រិន​(Conference​) បានសម្រេច​ប្រកាស​ជា​ផ្លូវការ ដោយ​បញ្ចប់​ការចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ។ប្រភព​ដដែល​បន្ត​ថា នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យូរអង្វែង​ជា​ប្រពៃណី ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា ការ​បញ្ចប់​កិច្ចចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​នេះ​ដោយ​ជោគជ័យ ក្នុងរយៈពេល​មួយ​ដ៏​ខ្លី​គឺ​បាន​បង្ហាញ​ពី​ឆន្ទៈ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និត និង​ទូលំទូលាយ។បន្ថែម​ពីនេះ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ និង​សេវា ការជំរុញ​ការ​វិនិយោគ​ទូលំទូលាយ ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​លើ វិស័យ​មួយចំនួន​ទៀតផង​ដែរ។

ក្រសួង​ឱ្យ​ដឹង​ថា ជា​ជំហាន​បន្ទាប់ ភាគី​ទាំងពីរ​នឹង​អនុវត្ត​នីតិវិធី​ផ្ទៃ​ក្នុង​រៀង​ៗខ្លួន ដើម្បី​ឈាន​ទៅចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅក្នុង​ឆ្នាំ២០២០ នេះ។កម្ពុជា​-ចិន បាន​ចាប់ផ្តើម​ពិភាក្សា​អំពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​តាំងពី​ខែធ្នូ​ឆ្នាំ ២០១៩ និង​បាន​ចាប់ផ្តើម​ការ​ចរ​ចារ​លើកដំបូង​នៅ​ខែមករា​ឆ្នាំ២០២០។ការ​រុញច្រាន​កិច្ចចរចា​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឱ្យ​ចេញ​ជា​ផ្លូវការ​នេះ ក្រោយពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពីសំណាក់​សហភាព​អឺរ៉ុប។

បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃទី ១២ខែសីហា ខាងមុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អឺរ៉ុប​នឹង​សម្រេច​នីតិវិធី​ជា​ផ្លូវការ​លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​%ពី​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ៤០ប្រភេទ​នៅពេល​នាំ​ទំនិញ​ចូល​ទៅ​ទឹកដី​អឺរ៉ុប ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ១រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។

ការសម្រេច​ដាក់ទណ្ឌកម្ម​ពីសំណាក់​សហភាព​អឺរ៉ុប​នេះ ក្រោយពេល​ពួក​គេ​រក​ឃើញថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ដើរខុស​ពី​លក្ខខណ្ឌ​ដែល​ព្រមព្រៀង​ជាមួយ​អឺរ៉ុប​ជា​ថ្នូរ​នឹង​ការ​នាំ​ទំនិញ​ទៅ​ទឹកដី​លោកសេរី​មួយ​នេះ​ដើម្បី​រួចផុត​ពី​កាតព្វកិច្ច​បង់ពន្ធ​នេះ។ អឺរ៉ុប​ធ្លាប់​លើកឡើង​ថា ការ​ដើរខុស​លក្ខខណ្ឌ​របស់​ខ្លួន​នោះ ដូចជា​ការបំផ្លាញ​មូលដ្ឋាន​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ សិទ្ធិ​ការងារ ពិសេស​ការបំផ្លាញ​គណបក្ស​ប្រឆាំង​ដ៏​ធំជាង​គេ​នៅ​កម្ពុជា និង​ចាប់ខ្លួន​មេ​បក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ដាក់​ឃុំ​អស់​រយៈពេល២ឆ្នាំ ដោយ​ចោទ​ពី​រឿង​ក្បត់ជាតិ ទាំង​អយុត្តិធម៌ ខណៈ​សំណុំរឿង​នេះ​បន្ត​អូស​បន្លាយ​រហូត​មកទល់​ពេល​បច្ចុប្បន្ន ទោះបី​សហគមន៍​អន្តរជាតិ​ចាត់ទុក​សំណុំរឿង​នេះ​ជា​ការ​ប្រឌិត​ឡើង​ដោយ​តុលាការ​ក៏ដោយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស