30.4 C
Phnom Penh

ក្រុម​អង្គការ​ស៊ីវិល​ជិត១០០ ស្នើ​ឱ្យ​រដ្ឋអំណាច​បញ្ឈប់​ការ​ប្រើ​ហិង្សនិង​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយសន្តិវិធី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ សង្គម​ស៊ីវិល ចំនួន​ជិត១០០ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បញ្ឈប់​ការប្រើ​ប្រាស់​ហិង្សា និង​ចាប់ចង​ពលរដ្ឋ ដោយ​គ្រាន់តែ​ពួក​គេ​ចេញមុខ​តវ៉ា​ដោយសន្តិវិធី​នោះ។ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ សង្គម​ស៊ីវិល សហគមន៍ សមាគម សហជីព ចំនួន៧៩ នៅ​ថ្ងៃនេះ បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​ដោយសន្តិវិធី និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង១០នាក់ កាលពី​ពេល​ថ្មី​ៗនេះ។

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន អាជ្ញាធរ​បាន​ប្រើប្រាស់​ការ​បង្រ្កាប​បែប​ហិង្សា​ជាបន្តបន្ទាប់​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោ​យស​ន្ដិ​វិធី ដែល​បាន​ចាប់ផ្ដើម​កើតឡើង​បន្ទាប់ពី​ការ​ចាប់ខ្លួន​និង​ការ​ឃុំខ្លួន​ប្រធាន​សហភាព​សជីព​កម្ពុជា លោក រ៉ុង ឈុន កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ ក្រោយពី​មានការ​ចាប់ខ្លួន​លោក រ៉ុង ឈុន យ៉ាងហោចណាស់​មនុស្ស​ចំនួន៦នាក់​ទៀត ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់ពី​អ្នក​ទាំងនោះ​តស៊ូ​មតិ​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល អះអាង​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​អំពើ​ហិង្សា និង​ចាប់ខ្លួន​សាច់ញាតិ​របស់​អតីត​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ផង​ដែរ ខណៈ​ពួក​គាត់​ភាគច្រើន​ជា​ស្រ្តី កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និយាយ​ថា ការ​អំពាវនាវ​ឱ្យ​សមាជិក​គ្រួសារ​របស់​អ្នកមាន​សេរីភាព​ពី​ពន្ធនាគារ​មកវិញ មិនមែន​ជា​បទល្មើស​ទេ ហើយ​ការសម្ដែង​មតិ​ជំទាស់​ទៅ​នឹង​ការ​ចាប់ខ្លួន​មិត្តភក្ដិ​របស់​ពួក​គេ ក៏ មិនមែន​ជា​បទល្មើស​នោះ​ដែរ។

ចំណែក​ការ​ឈរ​គៀក​ស្មា​គ្នា​ជាមួយ​មនុស្ស​នៅក្នុង​សហគមន៍​របស់​ពួក​គេ និង​ការ​ទាមទារ​រក​យុត្តិធម៌ ក៏​មិនមែន​ជា​បទល្មើស​នោះ​ដែរ។ក្រុម​អ្នកតស៊ូ​មតិ​ដដែល​លើកឡើង​ថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា ដែល​មិន​គួរ​ត្រូវ​ប្រឈម​ជាមួយនឹង​ការ​រុញច្រាន ការប្រើ​ប្រាស់​អំពើ​ហិង្សា ឬអូសទាញ ពីសំណាក់​នគរបាល​នោះ​ទេ ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹមថា តុលាការ​នឹងអាច​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​ទៅលើ​ពួក​គាត់​ឱ្យ​បាន​ឆាប់ និង​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹងអាច​គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ក្នុង​ការ​ជួបជុំ​របស់​ពលរដ្ឋខ្មែរ​ឱ្យ​បាន​ពេញលេញ ។ ប

្រធាន​សហភាព​សជីព​កម្ពុជា និង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ទាំងយប់ និង​កំពុង​ស្ថិតនៅ​ក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ បន្ទាប់ពី​លោក​បាន​អត្ថា​ធិប្បាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។

មុន​ពេល​ចាប់ខ្លួន​លោក​ពីរបី​ថ្ងៃ លោក​បាន​ចូលរួម​ការ​តវ៉ា​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​រាប់​រយ​នាក់ បន្ទាប់ពី​រោងចក្រ​ដែល​ពួក​គាត់​ធ្វើការ​ត្រូវ​បាន​បិទ​ដំណើរការ ដោយសារ​បញ្ហា​កូ​វីដ១៩ ។ កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហស្ប​ត៍​សប្តាហ៍​មុន សកម្មជន​ចំនួន៦នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួក​គាត់​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ។

អំឡុង​ពេល​តវ៉ា​ដោយ​អហិង្សា យុវតី ឈឿន ដារ៉ា​វី សមាជិក​ខ្មែរ​ថាវរៈ​ដែល​បាន​រួមចំណែក​ជាច្រើន​ក្នុង​ការងារ​យុត្តិធម៌​សង្គម និង​បរិស្ថាន ត្រូវ​បាន​បោច​សក់​អូស​ចូលក្នុង រថយន្ត បន្ទាប់ពី​កង​សន្ដិ​សុខ​ខណ្ឌ​បាន​ដកហូត​យក​កាបូប​លុយ​របស់​នាង​យ៉ាង​កម្រោល ។

ក្រោយមក សមាជិក​ខ្មែរ​ថាវរៈ​ម្នាក់ទៀត គឺ​លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល ខណៈ​ដែល​លោក​កំពុង​ផ្សាយ​ផ្ទាល់ (live​) តាម​ហ្វេសប៊ុក (Facebook​) បណ្ដើរ និង​ដើរទៅ​ផ្ទះ​បណ្ដើរ បន្ទាប់ពី​ចូលរួម​ការ​តវ៉ា ។ សកម្មជន​ទាំងពីរ​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី “បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​” តាម​មាត្រា៤៩៤ និង​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​រហូតដល់២ឆ្នាំ ។រហូត​មកទល់​ពេលនេះ លោក វណ្ណៈ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬម១ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​កញ្ញា ឈឿន ដារ៉ា​វី ត្រូវ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ឬម២ ។

ដោយឡែក សកម្មជន៤នាក់​ទៀត ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​វិញ បន្ទាប់ពី​បាន​ទទួលរង​សម្ពាធ​ឱ្យ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដោយ​សន្យា​ថា នឹង​មិន​ចូលរួម​ការ​តវ៉ា​ស្រដៀងគ្នា​នេះ​ទៀត ។ ជាមួយគ្នា​នេះ សកម្មជន៤នាក់​ផ្សេងទៀត​ដែល​អតីត​សកម្មជន​គណបក្សជំទាស់​ដែល​ត្រូវ​បាន​រំលាយ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ចូលរួម​ការ​តវ៉ា​អំពាវនាវ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ។

ក្នុង​នោះ​មាន២នាក់​គឺ​លោក ឈួ ផេង និង​លោក ជុំ ពុទ្ធី ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ផង​ដែរ ។ រី​ឯព្រះសង្ឃ​ចំនួន៨អង្គ ដែល​បាន​ធ្វើដំណើរ​មក​ពី​ខេត្តបាត់ដំបង ដើម្បី​ចូលរួម​ការ​តវ៉ា ត្រូវ​បាន​នគរបាល​ហាមឃាត់ និង​បង្ខំ​ឱ្យ​និមន្ត​ត្រឡប់ទៅ​វត្ត​ដែល​ព្រះអង្គ​គង់នៅ​វិញ​ដែរ ។ សកម្មជន​ម្នាក់ទៀត​គឺ យុវតី ស កន្និ​កា ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ញុះញង់​ដូចគ្នា បន្ទាប់ពី​បាន​ចូលរួម​ការ​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន កាលពី​ថ្ងៃទី៧ ខែសីហា និង​ត្រូវ​បាន​បញ្ជូន​ទៅ ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ។

បន្ថែម​ពីនេះ កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ញុះញង់ ផង​ដែរ។ បច្ចុប្បន្ន លោក​ស្ថិតនៅ​ក្រោម​ការ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ។ លោក សុភ័​ណ្ឌ បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ហើយ​ក្រោយមក​លោក​ក៏​ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់ពី​ចុះទៅ​ពិនិត្យមើល​បង្គោលព្រំ​ដែនកម្ពុជា​-វៀតណាម ដែល​លោក រ៉ុង ឈុន បាន​ពិនិត្យមើល មុន​ពេល​ដែល​លោក​ត្រូវ​បាន​ចាប់ខ្លួន។

កាលពី​ថ្ងៃទី០៣ ខែសីហា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ក្នុង​ចេតនា ហាមឃាត់​រាល់​ការ​តវ៉ា​ទាំងឡាយ​ណា ដែល​មានការ​សម្ដែង​មតិ​អំពី​រឿងក្ដី​នៅ​ខាងមុខ​តុលាការ ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សង្ឃឹមថា រាជរដ្ឋាភិបាល​និង​តុលាការ អាច​ដោះលែង​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដែល​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ព្រមទាំង​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​ទៅលើ​ពួក​គាត់ និង​បញ្ឈប់​ការប្រើ​ប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​តវ៉ា​ផ្សេង​ៗទៀត ។

ទោះបី​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី ១៦ ខែសីហា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកា​សក្តែ​ងៗ​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង សួង សុភ័​ណ្ឌ គឺ​លោក​ជា​អ្នកបញ្ជា​ផ្ទាល់ ដោយ​ពួក​គេ​បំ​ភ្លើ​សរឿង​ព្រំដែន​កម្ពុជា​-វៀតណាម ខុសពី​ការពិត ហើយ​ចោទ​រដ្ឋាភិបាល​ថា​ក្បត់ជាតិ ខណៈ​រដ្ឋាភិបាល​ក្រោមអំណាច​របស់​លោក បាន​ខិតខំ​ធ្វើការងារ​នេះ​យ៉ាង​ម៉ត់ចត់។បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ ក៏​មិន​ភ្លេច​ឡើយ​នូវ​សារ​ព្រមាន​ទៅ​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​ចេញមុខ​តវ៉ា ឬ រិះគន់​រឿង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង គឺ លោក​បាន​បញ្ជា​ឱ្យ​ចាប់​ទាំងអស់ ដោយសារ​ការរិះគន់​របស់​ពួក​គេ​នោះ លោក​ចោទ​ថា​នឹង​នាំ​ឱ្យ​មាន​សង្រ្គាម​ជាមួយ​ប្រទេសជិតខាង​ជាដើម។

នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ពាក់ព័ន្ធ​ការរិះគន់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​ជាបន្តបន្ទាប់​នោះ។ ជាក់ស្តែង អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​រិះគន់​រឿង​ព្រំដែន រួមមាន​អតីត​សមាជិកព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំ​អាន ជាដើម។

ថ្លែង​ក្នុង​វេទិកាIdea Talk របស់​សារព័ត៌មានThe Cambodia Daily កាលពី​យប់​ថ្ងៃទី១៧ ខែសីហា លោក អ៊ុំ សំ​អាន ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម​រង្ស៊ី នៅតែ​អះអាង​ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន នៅតែ​បន្ត​យកចិត្ត​ចៅហ្វាយនាយ​របស់​ខ្លួន គឺ​វៀតណាម ដោយ​មិន​ហ៊ាន​និយាយ​ការពិត​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម​នោះ​ឡើយ។

លោក​បន្ត​ថា រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ ក៏បាន​ចាប់ខ្លួន​អ្នករិះគន់​រឿង​ព្រំដែន​បន្ថែម​ទៀត ដើម្បី​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​របស់​ខ្លួន ក្បត់​ទៅ​នឹង​ឆន្ទៈ​រាស្ត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ប្រទេស ខុសស្រឡះ​ពី​អ្វី​ដែល​លោក​ហ៊ុន សែន ធ្លាប់​ទូន្មាន​ព្រាន​ប្រដៅ​មន្ត្រី​ក្រោមបង្គាប់​របស់​ខ្លួន​ថា មន្ត្រី​រាជការ​ជា​អ្នកបម្រើ​រាស្ត្រ​ដ៏​ស្មោះត្រង់។ លោក​ថា រដ្ឋាភិបាល​នេះ បាន​លាក់បាំង​ការពិត​រឿង​ព្រំដែន​ជាមួយ​វៀតណាម​រហូត​មក ខណៈ​រាស្ត្រ​ជា​ម្ចាស់​ប្រទេស​ចង់​ដឹងការ​ពិត ហើយ​សូម្បីតែ​ពេលខ្លះ​រាស្ត្រ​ជា​ម្ចាស់​ប្រទេស​ចង់ទៅ​មើល​ព្រំដែន​ក៏​ពិបាក ផង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស