32.5 C
Phnom Penh

កម្ពុជានឹងបញ្ជូនកម្លាំងទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាតិទៅកាន់ប្រទេសស៊ូដង់ចំនួន៧៣នាក់បន្ថែមទៀត ក្នុងវិបត្តិកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងថា កងកម្លាំងមួកខៀវកម្ពុជាក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិឬUN ចំនួន៧៣នាក់ នឹងត្រៀមទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ក្នុងពេលឆាប់ៗនេះ បើទោះបីជាពិភពលោកកំពុងជួបប្រទះវិបត្តិកូវីដ១៩ក្តី ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថាបើទោះបីពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងតែជួបប្រទះនូវវិបត្តិរាតត្បាតជំងឺកូវីដ១៩ក្តី ក៏ប៉ុន្តែកម្ពុជា មិនរារែកក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនទៅបំពេញបេសកកម្មរក្សា សន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនោះឡើយ។ លោកបញ្ជាក់ថា កងអនុសេនាធំកងរាជអាវុធ ហត្ថលេខ១៨៦ ចំនួន៧៣នាក់ នឹងត្រៀមទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ឆាប់ៗនេះ។

ការថ្លែងដូចនេះ ធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាលកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាមនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបញ្ជាក់ថា កម្លាំងទាំង៧៣នាក់នោះ  ដែលជាកម្លាំងកងរាជអាវុធហត្ថ គឺបានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ទាំងមធ្យោបាយ និងតាមនិយាមរបស់អង្គការសហប្រជាជាតិ ហើយពួកគេប្រហែលនឹងត្រូវបញ្ជូនទៅនៅខែក្រោយនេះ ដោយប្តូរនូវកម្លាំងដែលមកដល់ថ្មី។

យ៉ាងនេះក្តី លោក ទៀ បាញ់ បានឱ្យដឹងថា សម្រាប់កង កម្លាំងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាព គឺត្រូវតែអនុវត្តន៍តាមវិធានសុខាភិបាល ឬតាមការណែនាំរបស់អង្គការសហប្រជាជាតិដែលបានកំណត់ដើម្បីការពារនិងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩។

បន្ថែមពីនេះលោកថា មិនមែនមានតែ ប្រទេសកម្ពុជាតែមួយនោះទេ ដែលបានបញ្ជូន និងបញ្ចប់បេសកកម្មរបស់កងទ័ពខ្លួន ហើយ ចំពោះការផ្លាស់ប្តូរកងទ័ពថ្មីទៅបំពេញបេសកកម្មរក្សាសន្តិភាពនេះ នៅក្នុងវិបត្តិរាតត្បាត សកលជំងឺកូវីដ-១៩នេះ គឺមានប្រទេសជាច្រើនបានបញ្ជូនកងកម្លាំង របស់ខ្លួនឱ្យចូលរួមផងដែរ។

លោកបន្តថា កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង សម្រាប់ដាក់កងទ័ពមួកខៀវ ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្រៅប្រទេសដែលវិលចូលមាតុភូមិដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទៅតាមវិធានការសុខាភិបាលដែលកំណត់។

បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមាន កងកម្លាំងរក្សាសន្តិភាពសរុបចំនួនជិត៧រយនាក់ (៦៧៨) ក្នុងនោះនារីជិត៨០នាក់ ដែលបានបំពេញ បេសកកម្មរក្សាសន្តិភាពរបស់ UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន ប្រទេសម៉ាលី, ប្រទេស ស៊ូដង់ខាងត្បូង, ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ជាដើម ។ កងទ័ពមួកខៀវកម្ពុជា ដែលនឹងធ្វើមាតុភូមិនិវត្តន៍ សម្រាប់ឆ្នាំ២០២០ មកពីប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល មានចំនួនសរុប ៤៦៣នាក់ ដែលត្រូវត្រឡប់មកជាតំណាក់កាលៗ ចាប់ពីខែកញ្ញាខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស