28.5 C
Phnom Penh

អ្នកវិភាគជើងចាស់ ស្នើឱ្យរដ្ឋាភិបាលគោរពច្បាប់ ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយចាស់វស្សាលោក បណ្ឌិត ឡៅ ម៉ុងហៃ បានស្នើទៅរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវគោរពច្បាប់ពាក់ព័ន្ធនឹងសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ។

ការលើកឡើងនេះ ក្រោយពេលលោក ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំនៅគណៈរដ្ឋមន្ត្រី ដែលជាកិច្ចប្រជុំបិទទ្វាកាលពីថ្ងៃទី៤ខែកញ្ញាថា សំណុំរឿងរបស់លោក កឹម សុខា នឹងត្រូវពន្យាពេលរហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ផងដែរ។ ការលើកឡើងនេះ ត្រូវបានកាសែតដែលស្និតរដ្ឋាភិបាល ខ្មែរថាមស៍ យកមកចុះផ្សាយកាលពីថ្ងៃច័ន្ទកន្លងមក។

យ៉ាងនេះក្តី អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា លោក ហ៊ុន សែន មានប្រសាសន៍ថាសំណុំរឿងលោក កឹម សុខា អាចពន្យាពេលទៅដល់ឆ្នាំ២០២៤ ខណៈតុលាការបានចាប់ផ្តើមជំនុំជម្រះក្តីមួយនេះ តាំងពីដើមឆ្នាំ២០២០ ទៅហើយនោះ។

អ្នកវិភាគរូបនេះ បានចោទជាសំណួរថា តើតុលាការត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀតជាឧបករណ៍នយោបាយរបស់រដ្ឋាភិបាល ដូចអ្វីដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សូរិយ៉ា ស៊ូបេឌី ដែលបានប្រកាសកាលពីឆ្នាំ២០១៤ ឬ?

លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា ជាការល្អសម្រាប់ឯករាជ្យភាពតុលាការ និងការបែងចែកអំណាច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរដ្ឋាភិបាលលោក ហ៊ុន សែន គួរគោរពច្បាប់ ហាមលើកឡើងនូវសំណុំរឿង ដែលតុលាការស្ថិតនៅក្រោមនីតិវិធីជំនុំជម្រះ។

មិនមែនតែលោក ស៊ួបេឌី ទេ ដែលប្រកាសថាតុលាការនៅកម្ពុជាជាឧបករណ៍នយោបាយរបស់រដ្ឋាភិបាលនោះ ប៉ុន្តែកន្លងមក តុលាការមួយនេះក៏រងការចោទប្រកាន់ម្តងហើយម្តងទៀត អំពីនិន្នាការនយោបាយ និងភាពលម្អៀងរបស់ខ្លួន។

ជាក់ស្តែងកន្លងមក សហគមន៍មានជម្លោះដីធ្លី នៅតំបន់បឹងកក់ ធ្លាប់ហៅតុលាការក្រុងភ្នំពេញថាជាតុលាការតេឡេ ដោយធ្វើតាមតែការបញ្ជាពីអ្នកនយោបាយ និងអ្នកមានអំណាច។

លើសពីនេះ ក៏មានសហគមន៍ជាតិ និងអន្តរជាតិផ្សេងទៀត មើលឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ពិសេសតុលាការគឺមិនមានភាពឯករាជ្យឡើយ ពោលគឺស្ថិតក្រោមសម្ពាធរបស់គណបក្សប្រជាជន       កម្ពុជា ហើយមន្ត្រីតុលាការជាច្រើនក៏មានតំណែងធំៗក្នុងជួរបក្សកាន់អំណាចនេះផងដែរ។ 

របាយការណ៍គម្រោងយុត្តិធម៌ពិភពលោក(World Justice Project) ប្រចាំឆ្នាំ២០២០ បង្ហាញថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា អាក្រក់ជាងគេនៅក្នុងលោក ពោលគឺល្អជាងប្រទេសវេណេហ្សុយអេឡា តែមួយប៉ុណ្ណោះ។

អង្គការនេះបានដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២៧  ក្នុងចំណោម១២៨ប្រទេស។

ទោះបីជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានប្រកាសឱ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់រឿងយុត្តិធម៌សង្គម ព្រោះលោកថាជាបទពិសោធន៍ប្រវត្តិសាស្ត្របង្ហាញថា សង្គមមួយដែលគ្មានយុត្តិធម៌ នឹងនាំឱ្យអន្តរាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស