29.6 C
Phnom Penh

លោក ហ៊ុន សែន ថា ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ជាប្រវត្តិសាស្ត្រច្រំដែលសម្រាប់កម្ពុជាតែប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា ការដកហូរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប មកលើកម្ពុជាចំពេលពេលពិភពលោក ព្រមទាំងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលដោយជំងឺកូវីដ១៩ គឺ បង្ហាញពីកង់ប្រវត្តិសាស្ត្រដដែលៗ កើតឡើងនៅកម្ពុជា។

សេចក្តីថ្លែងការណ៍ របស់លោក ហ៊ុន សែន ធ្វើឡើងក្នុងឱកាសកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥  នាថ្ងៃទី២៦ ខែកញ្ញា ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះ បានលើកឡើងថា ប្រទេសមហាអំណាចមួយចំនួនប្រើប្រាស់និន្នាការឯកតោភាគីនិយម និងកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងវិធានពហុភាគីនិយម។

បុរសខ្លាំងនៅកម្ពុជារូបនេះ បន្ថែមថា វាជារឿងគួរឱ្យសោកស្តាយ ដែលជារឿយៗ អាស្រ័យដោយមហិច្ឆតានយោបាយ និងរបៀបវារៈ ឱកាសនិយមលាក់ពុធរបស់ប្រទេសមួយចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទេ្វ ដែលប្រកបដោយកលល្បិច និងការសម្រេចចិត្តដែលមានភាពលម្អៀង និងមានចេតនានយោបាយ ពោលគឺភាពអយុត្តិធម៌។

លោកបន្តថា រឿងអយុត្តិធម៌នោះ បានរំលឹកលោក ពីស្លាកស្នាមប្រវត្តិសាស្ត្រ កាលពីប្រមាណ៤០ឆ្នាំមុន ដែលកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យប្រជាជនស្លាប់យ៉ាងច្រើន។

ដោយឡែកអ្នករស់រានមានជីវិតពីរបបនេះ រស់នៅទាំងបាក់ស្បាត និងសល់តែបាតដៃទទេ គឺជាអ្នកស្តារប្រទេសជាតិពីគំនរផះផង់ ប៉ុន្តែគួរឱ្យសោកស្តាយដែលអ្នករស់រានមានជីវិតទាំងនោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ និងថែមទាំងអនុញ្ញាតឱ្យមេឃាតករខ្មែរក្រហម អាចកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការកំពូលមួយនេះទៅវិញ។

លោក ហ៊ុន សែន ថា រដ្ឋាភិបាលដដែលទាំងនោះហើយ បានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាអ្នករារាំងប្រជាជនកម្ពុជា មិនឱ្យទទួលបានចំណីអាហារ សុខុមាភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេសសន្តិភាពអស់រយៈពេលជាង១២ឆ្នាំ។

ក្នុងសេចក្តីថ្លែងការណ៍របស់កម្ពុជាដដែល លោកហ៊ុន សែន លើកឡើងទៀតថាការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពី      កម្ពុជា នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវី១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។

កាលពីថ្ងៃទី១២ ខែសីហា សភាពាណិជ្ជកម្មអឺរ៉ុប បានសម្រេចអនុវត្តន៍នីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០%ពីកម្ពុជា។ អឺរ៉ុប នឹងយកពន្ធលើមុខទំនិញរបស់កម្ពុជានាំចូលទៅទឹកដីខ្លួនប្រមាណ៤០ប្រភេទ ដែលធ្វើឱ្យកម្ពុជាត្រូវខាតប្រាក់បង់ពន្ធប្រមាណ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ការសម្រេចនេះ បន្ទាប់ពីអឺរ៉ុបមើលឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ ពិសេសស្តារស្ថានភាពនយោយបាយតាមការស្នើសុំរបស់ខ្លួននោះឡើយ។

អឺរ៉ុបព្រមានទៀតថា ការដកហូតEBA ២០% គ្រាន់តែជាចំណុចចាប់ ផ្តើមប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលឯកបក្សនេះអាចនឹងទទួលបានភាពអនុគ្រោះពន្ធពេញលេញឡើងវិញ ប្រសិនបើស្ថានភាពលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ កើតមានពិតប្រាកដនៅក្នុងប្រទេសក្រីក្រមួយនេះ។

យ៉ាងណាក៏ដោយចុះ ចាប់តាំងពីអឺរ៉ុបសម្រេចអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ជាផ្លូវការពីកម្ពុជាមក ស្ថានភាពនយោបាយកាន់តែអាក្រក់ ហើយការរំលោភសិទ្ធិមនុស្សនៅតែកើតមានឥតឈប់។

ជាក់ស្តែងការចាប់ឃុំខ្លួនសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងយុវជនស្រលាញ់បរិស្ថានប្រមាណ២០នាក់ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កាន់តែមានភាពរូបអាក្រក់ និងគួរឱ្យបារម្ភ បើទោះបីជាពួកគេបានអនុវត្តន៍សិទ្ធិស្របច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្តីពីសេរីភាពនៃការបញ្ចេញមតិក្តី។

លើសពីនេះ សំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា ត្រូវបានលោកហ៊ុន សែន បង្ហើបមុនតុលាការថានឹងត្រូវពន្យាពេលរហូតដល់ ឆ្នាំ២០២៤ ពោលគឺក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ទៅទៀត។

ការប្រកាសពន្យារពេលនេះ បានធ្វើឱ្យមានការរិះគន់ចំពោះការរំលោភអំណោចតុលាការពីសំណាក់លោកហ៊ុន សែន និងជាការបន្តបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យថែមទៀត ព្រោះគ្មានវត្តមានបក្សប្រឆាំងធំជាងគេចូលរួមប្រកួតប្រជែង ហើយសំណុំរឿងនេះសហគមន៍អន្តរជាតិ ពិសេសអាមេរិកធ្លាប់អះអាងថា ជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស