38 C
Phnom Penh

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជានឹងត្រូវរងឥទ្ធិពលព្យុះទី ១៧ បន្តទៀត ខណៈទឹកកាន់តែបន្តឡើងឥតឈប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថាព្យុះទី១៧ ឈ្មោះ សូឌែល នឹងមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលនឹងបង្ករឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ពីមធ្យមទៅច្រើននៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃនេះ ថា សម្ពាធទាបសកម្មមួយ កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលទៅជាសម្ពាធទាប នៅពេលចូលមកក្នុងប្រទេសកម្ពុជា។

លោក បញ្ចាក់ថា ប្រព័ន្ធសម្ពាធទាបនេះ កំពុងបន្តអូសបន្លាយពីលើប្រទេសកម្ពុជាដែលនឹងធ្វើឲ្យអាកាសធាតុ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ នឹងបន្តធ្លាក់ភ្លៀងទៅតាមតំបន់មួយចំនួន រួមមាន៖ តំបន់វាលទំនាប តំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន តំបន់មាត់សមុទ្រ ដែលមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន រួមជាមួយខ្យល់បក់បោកខ្លាំងៗ ផងដែរ។

ការអះអាងនេះធ្វើឡើងក្នុងពេលទឹកជំនន់ដ៏អាក្រក់ បានបន្តឡើងជាលំដាប់ដែលបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ ព្រមទាំងបានបំផ្លាញផលដំណាំ ផ្ទះសម្បែង ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាយ៉ាងដំណំ។

អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ក្នុងស្ថានភាពដែលពលរដ្ឋកំពុងជួបគ្រោះអាសន្ននេះ ជាពេលដែលអ្នកនយោបាយថ្មីៗ និងគណបក្សកាន់អំណាចបច្ចុប្បន្ន ត្រូវបង្ហាញគំនិតរបស់ខ្លួនថា ត្រូវដោះស្រាយដូចម្តេចខ្លះ ដើម្បីកាត់បន្ថយសេចក្តីទុក្ខលំបាករបស់ពលរដ្ឋរងគ្រោះ ដែលបណ្តាលមកពីគ្រោះធម្មជាតិនេះ ហើយថាតើ ត្រូវជួសជុល និងសាងសង់ឡើងវិញយ៉ាងដូចម្តេច ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យបានឆាប់រហ័ស និងល្អប្រសើរ ក្រោយគ្រោះមហន្តរាយនេះថមថយទៅវិញ។

នៅថ្ងៃទី១៥ ខែតុលា ព្រឹកម៉ិញនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញរបាយការណ៍របស់ខ្លួនថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឲ្យប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ១៩ ស្មើនឹង ៦៩ ក្រុង/ស្រុក/ខណ្ឌ និង ២៥៨ ឃុំ/សង្កាត់ ក្នុងនោះពលរដ្ឋជិត ២០ម៉ឺន នាក់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបណ្តាលឲ្យស្លាប់មនុស្ស ១៣ នាក់ផងដែរ ខណៈថ្ងៃទី១៤ ម្សិលម៉ិញ អ្នកស្លាប់មានចំនួន ១២ ប៉ុណ្ណោះ ក្នុងនោះមានកុមារ ៥ នាក់ទៀតផង។ របាយការណ៍ដដែលឲ្យដឹងថា ពលរដ្ឋរងផលប៉ះពាល់ប្រមាណជិត ៥ម៉ឺន គ្រួសារ និងជម្លៀសចេញប្រមាណជាង ៣ពាន់ គ្រួសារ ហើយលំនៅឋានជិត ៥ម៉ឺន ខ្នងត្រូវបានជនលិច។

ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ ទឹកជំនន់ដ៏កាចសាហាវនេះ បំផ្លាញអាគារសិក្សាចំនួន ៤២៥ កន្លែង ដំណាំស្រូវ និងដំណាំផ្សេងៗរងការប៉ះពាល់ប្រមាណជិត ២០ម៉ឺនហិកតា ក្នុងនោះខូចខាតទាំងស្រុងប្រមាណជិត ១ ម៉ឺន ហិកតា ចំណែកផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម និងផ្លូវលំ រងការប៉ះពាល់ប្រមាណជិត ២ពាន់គីឡូម៉ែត្រ រីឯស្ពានត្រូវជន់លិចប្រមាណ ២៤ កន្លែង រួមទាំងទំនប់ប្រឡាយតូច ធំ រងការប៉ះពាល់ប្រមាណ ៧៥ គីឡូម៉ែត្រផងដែរ។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាលដែលធ្វេសប្រហេសមិនបានយកចិត្តទុកដាក់លើសុវត្តិភាព និងអាយុជីវិតរបស់ពលរដ្ឋ ចំពោះគ្រោះមហន្តរាយដែលបានកើតឡើងនេះទេ ទោះបីមានការជម្លៀសចេញ និងជួយសង្គ្រោះយ៉ាងណាក៏ដោយ គឺគ្រាន់តែធ្វើឡើងតាមលក្ខណៈទ័លច្រកប៉ុណ្ណោះ ជាពិសេសរដ្ឋាភិបាលមិនមានសូម្បីថវិកាជាតិដើម្បីបម្រុងទុកសម្រាប់ប្រើប្រាស់ពេលមានគ្រោះអាសន្នដូចពេលនេះជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស