38 C
Phnom Penh

ឯកអគ្គរដ្ឋទូតអាមេរិកថា៖ រដ្ឋាភិបាលលោក ហ៊ុន សែន គួរទទួលការរិះគន់ដើម្បីឲ្យកម្ពុជាកាន់តែមានភាពរឹងមាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា កម្ពុជាតែងបើកចំហក្នុងការទទួលយកការរិះគន់ និងការផ្ដល់យោបល់ ប៉ុន្តែកម្ពុជាមិនទទួលយកការវាយប្រហារបែបប្រមាថ និងញុះញង់ ដែលនាំឲ្យកម្ពុជាបាត់បង់នៅសណ្តាប់សាធារណៈក្នុងសង្គមនោះឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលយកសន្តិភាពជាអាទិភាពនៅក្នុងការរក្សាសណ្ដាប់ធ្នាប់សន្តិសុខសង្គម និងការទទួលខុសត្រូរបស់មន្ត្រីរាជការ ព្រមទាំងពលរដ្ឋផងដែរ ដូច្នេះ            រដ្ឋាភិបាលបានរៀបចំឲ្យមានអ្នកនាំពាក្យ ដើម្បីឆ្លើយឆ្លងការរិះគន់ និងទទួលយកការរិះគន់ទាំងនោះ។

លោកបញ្ចាក់ថា រដ្ឋាភិបាលនឹងមិនទទួលយកជាដាច់ខាតចំពោះការញុះញង់ ការធ្វើឱ្យមានចលាចលដល់អសន្តិសុខសង្គម។ លោកបន្តថា កម្ពុជាមិនមែនអត់ធន់ដូចសហរដ្ឋអាមេរិកទេ ក្នុងការឆ្លើយតបនឹងភាពវឹកវរដែលគ្មានសបណ្តាប់ធ្នាប់ទាំងនោះ ត្បិតកម្ពុជាតែងរក្សាអធិបតេយ្យជាតិជានិច្ចទោះក្នុងកាលទេសៈណាក៏ដោយ។

ការអះអាងនេះធ្វើឡើងក្រោយពេល ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អះអាងថា សហរដ្ឋអាមេរិកនៅតែបន្តជំរុញលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិរិះគន់ពីគ្រប់ភាគី ដើម្បីឱ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យបានប្រសើរឡើងវិញ ក្នុងសន្និសីទសារព័ត៌មាន ចំថ្ងៃខួបលើកទី៧០ នៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ជាមួយកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ព្រឹកម៉ិញនេះ។

លោក W.Patrick Murphy ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកចិត្តឱ្យមានលំហ ទូលំទូលាយជាងនេះ សម្រាប់តួអង្គនយោបាយ សម្រាប់សមាជិកសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្ស បើទោះបីជាសំឡេងរបស់ពួកគេ ពេលខ្លះមានការរិះគន់លើរដ្ឋាភិបាលក៏ដោយ។

ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយសង្គម បានប្រាប់ The Cambodia daily នៅរសៀលនេះថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W.Patrick Murphy បង្រៀនរដ្ឋាភិបាលលោក ហ៊ុន សែន អំពីមេរៀនដែលធ្វើឲ្យចម្រើនលទ្ធិប្រជាធិបតេយ្យ ព្រោះការចេះនិយាយគ្នា ការចេះទទួលយកការរិះគន់ និងការចេះផ្សះផ្សារកដំណោះស្រាយ ការខ្វែងគំនិតគ្នាដោយគ្មានអំពើហិង្សា គឺជាមូលដ្ឋាននៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ។

លោក បញ្ជាក់ថា លោក W.Patrick Murphy ក៏ចង់បញ្ជូនសារប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ថា អាមេរិកនៅខាងពលរដ្ឋខ្មែរ ដែលប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យជានិច្ច និងចង់ឃើញរដ្ឋាភិបាល បច្ចុប្បន្ន ពិចារណាស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីបង្កើនទំនាក់ទំនងល្អ រវាងកម្ពុជា-អាមេរិកឲ្យបានយូរអង្វែង និងជៀសវាងងាកទៅរកកុម្មុយនិស្តកាន់តែជ្រៅទៅៗបន្ថែមទៀត។

កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការជាធ្វើទុក្ខបុកម្នេញដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងកំពុងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា បានចេញរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាល កម្ពុជា និងបុគ្គលមានអំណាចមួយចំនួន បានប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងតាមផ្លូវតុលាការ ដើម្បីបំបាត់សំឡេងក្រុមអ្នករិះគន់និងបំបាក់ទឹកចិត្តក្រុមអ្នកអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

សកម្មជនសិទ្ធិមនុស្ស អះអាងថា ត្រឹមរយៈពេល១ឆ្នាំចុងក្រោយនេះ មានបណ្ដឹងផ្លូវច្បាប់ចំនួន១៣២ករណី ដែលប្ដឹងប្រឆាំងនឹងអ្នករិះគន់ដល់ទៅ ៣៧៩ រូប ក្នុងនោះ បណ្ដឹងចំនួន១១៤ ករណី ត្រូវបានប្ដឹងដោយរដ្ឋាភិបាល ឬតុលាការ ហើយបណ្ដឹង១៨ករណីទៀតត្រូវបានប្ដឹងដោយភាគីទី៣ ឬអ្នកមានអំណាច។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែងការគាំទ្រចំពោះការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ត្បិតមតិយោបល់ទាំងអស់នេះជាការឆ្លុះបញ្ចាំងពីការពិតដែលកំពុងកើតមាននៅកម្ពុជា។ ព្រោះពេលដែលមានការរិះគន់ រដ្ឋាភិបាលតែងចោទប្រកាន់ថា ពួកគេកំពុង ញុះញង់ធ្វើឲ្យចលាចលអសន្តិសុខក្នុងសង្គមទៅវិញ ដូច្នេះទង្វើរបស់រដ្ឋាភិបាល មិនបានបង្ហាញពីសង្គមមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស