32.5 C
Phnom Penh

មហាក្សត្រថៃសុំអោយរាស្ត្រស្រឡាញ់ជាតិ ខណៈ នាយករដ្ឋមន្រ្តីសុំចរចាជាមួយក្រុមបាតុករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត ព្រះមហាក្សត្រ Maha Vajiralongkorn បានសម្រេច ចេញសេចក្ដីថ្លែងការណ៍ខ្លីមួយអំពីស្ថានភាពបាតុកម្ម ដែលកំពុងអង្រួនក្រុងបាងកក យ៉ាងធ្លន់ធ្ងរ ក្នុងការរុញច្រានលោក នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាអោយធ្លាក់ពីតំណែង និងទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បី កាត់បន្ថ អំណាចព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យកង ទ័ព។

ព្រះរាជសាររបស់ព្រះហាក្សត្រ ថៃដែលបានចុះផ្សាយ នៅលើគេហទំព័រសារព័ត៌មានថៃ The Nation នៅថ្ងៃទី១៩ ខែតុលានេះបានអោយដឹងថាព្រអង្គមានបន្ទូលថា ប្រទេសជាតិត្រូវការពលរដ្ឋស្រឡាញ់ ប្រទេស ស្រឡាញ់ជាតិ និងស្រឡាញ់របបរាជានិយម។ សាររបស់ព្រះមហាក្សត្រ Vajiralongkorn ក៏បានចាក់ផ្សាយលើ កញ្ញាទូរទស្សន៍របស់ ប្រទេសថៃផងដែរ។  ប៉ុន្តែសាររបស់ព្រះអង្គមិនបានមានបន្ទូលយោង ត្រង់ៗទៅលើ បាតុកម្មដែលកើតឡើង រយៈពេល៣ខែមកនេះទេ។យ៉ាងណាក៏ដោយព្រះអង្គបែរជាមានបន្ទូលទៅដល់ក្រុមមួយនៅភាគខាងជើង ប្រទេស ដែលគេស្គាល់ថា ជាក្រុមអតីតគុម្មុយនិស្ត។

ព្រះអង្គបានទទូចដល់រួមជាតិថា ពលរដ្ឋថៃសុទ្ធតែបានឆ្លងកាត់ អស់ហើយ នូវទុក្ខលំបាក និងការឈឺចាប់ ។ ការឆ្លងកាត់នូវទុក្ខលំបាកនេះ គឺត្រូវយកទៅប្រាប់និងបង្រៀន ដល់ក្មេងជំនាន់ក្រោយ។ នៅពេលដែលព្រះអង្គ បង្ហាញការព្រួយបារម្ភ គឺបាតុកម្មនៅតែបន្តផ្ទុះឡើងនៅពាសពេញក្រុងបាងកក និងបណ្ដាខេត្ត ដែលតាមសេចក្ដីរាយការណ៍បាតុកម្មនៅរាជធានីបាងកក កើតមាន៣ទីតាំង និងនៅខេត្តចំនួន ២០ ។ បាតុករនៅតែទាមទារអោយលោកប្រាយុទ្ធចុះចេញពីតំណែង និងកែទម្រង់ រាជបាល្ល័ង្គ។

បាតុករនៅតែមានះ នឹងសារាចរណ៍របស់អាជ្ញាធរដែលហាមជួបជុំគ្នាចាប់ពី៥នាក់ឡើងទៅ។ អតីតឧត្តមសេនីយ៍ប្រាយុទ្ធមិនទាន់ឃើញ និងលឺថា លោក នឹងចុះចេញពីតំណែងតាមការគាបសង្កត់របស់បាតុករនៅឡើយទេ។ ប៉ុន្តែ លោកទន់ជំហរបន្តិចហើយនៅពេលនេះ ដោយបានស្នើឱ្យសភាជាតិបើកសម័យប្រជុំពិសេសមួយ ដើម្បីពិភាក្សារកដំណោះស្រាយដើម្បី បន្ធូរបន្ថយភាពតានតឹងជាមួយ បាតុករ។

 ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានបញ្ជាក់ថា រូបលោកគាំទ្រឱ្យមានការបើកសម័យប្រជុំវិសាមញ្ញ ដើម្បីដោះស្រាយជម្លោះនៅពេលនេះ ដោយស្នើឱ្យបាតុករទាំងអស់ធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី និងកុំបំពានច្បាប់ហើយ រដ្ឋាភិបាលនឹងការពាររបបរាជានិយម ដែលលោកថានេះគឺជាកាតព្វកិច្ចរបស់ប្រជាជនថៃគ្រប់រូប។

ឈានមកដល់ថ្ងៃចន្ទទី១៩ ខែតុលានេះ  ក្រុមបាតុករបានប្រកាស ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាជាថ្មី ដោយប្រកាសថា ត្រូវធ្វើបាតុកម្ម ច្រើនខែទៅមុខទៀត ប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា មិនព្រមចុះចេញពីតំណែង។ ស្របពេលគ្នានេះ ស្រាប់តែខុទ្ទកាល័យ របស់លោកប្រាយុទ្ធ បានចេញសេចក្ដីប្រកាសព័ត៌មាន តាមរយៈអ្នកនាំពាក្យរបស់ខ្លួនដែលថា លោកប្រាយុទ្ធចង់អោយមានកិច្ចសន្ទនាគារ ជាមួយតំណាងបាតុករ និងភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីឈានទៅរកការបញ្ចប់ការតវ៉ាហើយ ត្រូវមានដំណោះស្រាយ។

ចំណែក ប្រធានរដ្ឋសភា លោក ឈួន លីប៉ៃ បាននិយាយថា គណៈកម្មការនៃរដ្ឋសភា ត្រូវជួបប្រជុំគ្នានៅថ្ងៃនេះអោយបាន ដើម្បីរកពេលវេលាសមស្របមួយ បើកកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា។ ប៉ុន្តែលោកថា កិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភាត្រូវតែមានការអនុម័តពីព្រះមហាក្សត្រ។

ដោយឡែកសមាជិកសភានៃក្រុម គណបក្សប្រឆាំង ក៏បានប្រកាសថា ពួកគេគាំទ្រការកោះប្រជុំសភា វិសាមញ្ញនេះឲ្យបានឆាប់បំផុត ព្រោះស្ថានការណ៍បាតុកម្មកាន់តែធ្ងន់ធ្ងរទៅហើយ។ ក្រុមបក្សប្រឆាំងដែលគេហៅថា ក្រុមរណសិរ្យ ប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃ ក៏បានថ្កោលទោសការវាយបង្រ្កាបបាតុកម្ម ហើយបានទាមទារ      អោយដោះលែងបាតុករដែលត្រូវបានចាប់ខ្លួន។ គិតមកដល់ថ្ងៃច័ន្ទនេះ បាតុករដែលត្រូវបានចាប់ខ្លួនបានកើនឡើង ៧៤នាក់ ប៉ុន្តែតុលាការបានដោះលែង ៨នាក់ហើយ។

រដ្ឋាភិបាលថៃកាលពីចុងសប្ដាហ៍កន្លងមកនេះ បានប្រកាសដាក់ចេញភាពប្រកាសអាសន្ន ដោយហាមឃាត់ការជួបជុំគ្នាចាប់មនុស្សប្រាំនាក់ឡើងទៅ ហើយព័ត៌មានទាំងឡាយណា ដែលមានលក្ខណៈបង្កការភ័យខ្លាច និងបំផ្លាញសន្តិសុខជាតិគឺហាមឃាត់ការចេញផ្សាយ ដោយអាជ្ញាធរត្រូវ ត្រួតពិនិត្យជាប្រចាំ ជុំវិញការចុះផ្សាយអត្ថបទ និងការធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពបាតុកម្ម។

តែបើតាមព័ត៌មានចុងក្រោយបានចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Blogger ការប្រជុំវិសាមញ្ញនៃរដ្ឋសភា នឹងប្រព្រឹត្តទៅថ្ងៃទី១ខែវិច្ឆិកា ហើយកិច្ចប្រជុំនោះ គឺពិភាក្សាចំពោះញត្តិរបស់បាតុករ ដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយពួកយោធា និងអំពីអំណាចរបស់រាជបាល្ល័ង្គ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស