32.5 C
Phnom Penh

កាសែតរស្មីកម្ពុជា ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានផ្អាកបោះពុម្ភផ្សាយហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែតរស្មីកម្ពុជា ដែលមាននិន្នាការគាំទ្រ រដ្ឋាភិបាលបក្សកំពុងកាន់អំណាច ឬគាំទ្រគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រកាសរំសាយបុគ្គលិក និងផ្អាកដំណើរការបោះពុម្ភផ្សាយ ឬដួលរលំហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។

ប្រភពពីអតីតបុគ្គលិកបំរើការងារក្នុងការិយាល័យ កាសែតរស្មីកម្ពុជា បានឲ្យ The Cambodia Daily ដឹងនៅរសៀលថ្ងៃនេះថា ការប្រកាសបិទកាសែតរដ្មីកម្ពុជា កាលពីព្រឹកមិញនេះ បានធ្វើឡើងយ៉ាងតក់ក្រហល់បំផុត ដោយមិនប្រកាសឲ្យបុគ្គលិកដឹងខ្លួនមុននោះទេ ពោលគឺថ្នាក់ដឹកនាំស្ថាប័ននេះ បានកោះហៅបុគ្គលិក ឲ្យមកប្រជុំភ្លាមៗ ហើយប្រកាសប្រាប់បុគ្គលិកឲ្យផ្តិតមេដៃបើប្រាក់ខែ រួចប្រកាសបិទភ្លាមៗ តែម្តង។

ប្រភពបន្តថា នឹងមិនមានកាសែតរស្មីកម្ពុជា បោះពុម្ភទៀតឡើយចាប់ពីថ្ងៃស្អែកនេះតទៅ ព្រោះស្ថាប័នកាសែតវ័យចំណាស់ជិត៣០ឆ្នាំ និងជាកាសែតធ្លាប់មានប្រជាប្រិយភាពមួយ នៅកម្ពុជាមួយនេះ ត្រូវបានប្រកាសបិទទ្វារលែងដំណើរការភ្លាមៗ។

ប៉ុន្តែសម្រាប់គេហទំព័រ របស់កាសែតរស្មីកម្ពុជា នៅបើកដំណើរការជាធម្មតា ដោយទុកតែបុគ្គលិកធ្វើការប្រមាណដប់នាក់តែប៉ណ្ណោះ។

អតីតបុគ្គលិកពេញសិទ្ធិមួយចំនួន បង្ហាញការមិនពេញចិត្ត ចំពោះការសម្រេចបិទកាសែតរស្មីកម្ពុជា យ៉ាងតក់ក្រហល់នៅថ្ងៃនេះ។ ប្រភពបន្តថា ការបិទកាសែតរស្មីកម្ពុជា នៅពេលនេះ ស្របពេលតម្លៃហាងឆេងដី នៅជុំវិញបរិវេណការិយាល័យកាសែតរស្មីកម្ពុជា មានតម្លៃខ្ពស់កប់ពពក ដោយមួយម៉ែត្រការ៉េ មានតម្លៃចាប់ពី ១ម៉ឺន ទៅ ២ម៉ឺនដុល្លារអាមេរិកឯណោះ។

ដោយឡែកចំពោះប្រាក់អតីតភាពការងារវិញ ត្រូវបានបុគ្គលិកស្ថាប័នមួយនេះ អះអាងថា នៅមិនទាន់ដោះស្រាយជូនបុគ្គលិកពេញសិទ្ធិ និងបណ្តែត ដែលមានចំនួនសរុបរាប់រយនាក់ ឲ្យស្របតាមច្បាប់ការងារកម្ពុជានៅឡើយទេ។

កាសែតរស្មីកម្ពុជា បានបង្កើតឡើង កាលពីឆ្នាំ១៩៩៣ និងបិទដំណើរការ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស