33.2 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលព្រំដែនជំទាស់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន បានជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលធ្វើឡើងដោយស្ងាត់ៗ និងអាថ៌កំបាំង។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រកាសនៅគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី ២៧ ខែតុលា នេះថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម ដែលត្រូវបានបញ្ជូនដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា របស់លោក ហេង សំរិន គឺជាការធ្វើឡើងដោយស្ងាត់ៗ និងមានអាថ៌កំបាំង ដូចដែលរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បានធ្វើកន្លងមកដែរ។ តួយ៉ាង ដូចជាឯកសារសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥, សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ និងការធ្វើផែនទីថ្មី ខ្នាត ១/២៥.០០០ ជាដើម។

ការជំទាស់របស់ក្រុមនេះធ្វើឡើង ក្រោយពេលគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា បានបើកកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំសភាពេញអង្គ។

នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិកាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី បានបញ្ជាក់ ក្នុងកិច្ចប្រជុំនោះថា ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ហើយចំណែកខាងរដ្ឋសភាឯកបក្សមាន លោក ហ៊ុន ណេង ដែលប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការទី៥ គណៈកម្មការទី៦ នៃរដ្ឋសភាចូលរួមផងដែរ។

អ្នកស្រី បន្ថែមថា កិច្ចប្រជុំនោះធ្វើឡើង ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៩ ហើយដែលត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២០ កន្លងទៅ ដើម្បីត្រៀមដាក់បញ្ជូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។

លោក ម៉ែន ណាត យល់ថា សេចក្តីព្រាងច្បាប់ស្តីពិធីសារព្រំដែនថ្មីនេះ មានលក្ខណៈដូចគ្នានឹងសន្ធិសញ្ញាព្រំដែនមុនៗ ពោលគឺ «រដ្ឋាភិបាលលោក ហ៊ុន សែន រៀបចំដើម្បីបំពេញតាមមហិច្ចតារបស់វៀតណាម ក្នុងការឈ្លានពានបូរណភាពទឹកដីខ្មែរយ៉ាងពិតប្រាកដ»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ប្រឆាំងដាច់ខាត ចំពោះការអនុម័តយល់ព្រមលើសេចក្តីព្រៀងច្បាប់នោះ ដែលធ្វើឡើងដោយស្ងាត់ៗ និងមានអាថ៌កំបាំងពេលនេះ»។

លោកថា ដើម្បីជៀសផុតពីការចោទប្រកាន់ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបង្ហាញសេចក្តីព្រាងច្បាប់នោះជាសាធារណៈ ដើម្បីឲ្យអ្នកច្បាប់ និងអ្នកជំនាញ ពីគ្រប់ភាគី មានពេលវេលាគ្រប់គ្រាន់ ធ្វើសិក្សាស្រាវជ្រាវពីផលប៉ះពាល់នានាជាមុន ប្រសិនបើរដ្ឋាភិបាលកម្ពុជា មានចិត្តគំនិតចង់កសាងកិត្តិយសខ្លះ ក្នុងប្រវត្តិសាស្រ្តព្រំដែនកម្ពុជា សម្រាប់អ្នកជំនាន់ក្រោយនោះ។

ជាមួយគ្នានេះ លោកក៏អំពាវនាវរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងសកម្មជនព្រំដែន និងអ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាពឡើងវិញ និង ដោយគ្មានលក្ខខណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស