39.4 C
Phnom Penh

ញត្តិបាតុករថៃទម្លាក់នាយករដ្ឋមន្ត្រីប្រាយុទ្ធពីតំណែងធ្លាក់ក្នុងប្រអប់សំបុត្រព្រះបរមរាជវាំងហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត ញត្តិរបស់ក្រុមបាតុករប្រឆាំងនាយករដ្ឋមន្ត្រី កើតចេញពីលទ្ធផលនៃរដ្ឋប្រហារឆ្នាំ២០១៤ ត្រូវបានរាយការណ៍មកថា បានធ្លាក់ក្នុងប្រអប់សំបុត្រនៃព្រះបរមរាជវាំងហើយកាលពីរសៀលថ្ងៃអាទិត្យទី៨វិច្ឆិកា ដែលជាព្រឹត្តិការណ៍ចុងក្រោយមួយទៀត នៃការទាមទារអោយ ព្រះមហាក្សត្រ Maha Vajiralongkorn ចេញធ្វើអន្តរាគមន៍  ដោះស្រាយបញ្ហាជាតិ ជាពិសេស ករណីដកហូតលោកបា្រយុទ្ធពីតំណែង។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា បាតុករថៃប្រឆាំងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានប្រមូលផ្ដុំគ្នាជាទ្រង់ទ្រាយធំ ដោយបានបញ្ជូនញត្តិថ្វាយព្រះមហាក្សត្រ Vajiralongkorn បានដូចបំណង បើទោះជា បាតុកម្មត្រូវបានបង្រ្កាបដោយការបាញ់ទឹក របស់បូលិសជាច្រើនឡានក៏ដោយ។

បាតុកម្មរបស់ក្រុមប្រឆាំង បានធ្វើឡើង ជាង៣ខែមកហើយនេះ បានរងនូវការបង្ក្រាបជាញឹកញាប់ និងចាប់ខ្លួនរាប់សិបនាក់មកទល់ពេលនេះ។

 ប្រភពដដែលឲ្យដឹងទៀតថា បាតុករបានទៅដល់សួននៅខាងមុខព្រះបរមរាជវាំង ដោយពុះពារឧបសគ្គជាច្រើន គឺការបង្កា្របពីសំណាក់សមត្ថកិច្ចប៉ូលិស។ តែបែបនេះក្ដី បាតុករមិនបានចុះចាញ់នឹងការបង្រ្កាបនេះទេ ហើយពួកគេ នៅតែដើរក្បួនតវ៉ាទៅកាន់ព្រះបរមរាជវាំង ។  គោលបំណងរបស់បាតុករ គឺដាក់ញត្តិថ្វាយ ព្រះមហាក្សត្រ Vajiralongkorn ។

តែតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia  ដែលបានចុះផ្សាយនៅថ្ងៃទីចន្ទ ទី៩ ខែវិច្ឆិកានេះ គឺញត្តិរបស់បាតុករ ថ្វាយព្រះមហាក្សត្រ មានខ្លឹមសារដូចនេះថា៖ ព្រះរាជាណាចក្រនៃដែនដីនៃការអត់ឱន សេចក្ដីស្រលាញ់ ដែលមិនមែនជាអំណាចផ្ដាច់ការ។ ដោយការយកចិត្តទុកដាក់ គឺមិនមែនភាពឥតធម៌មេត្តា។ ដោយសុំអោយជានានឹងគ្នា គឺមិនមែនសម្អប់នោះទេ។ ដោយក្ដីសង្ឃឹមតែមិនមែនការភ័យខ្លាចនោះទេ។ គឺជាការពិតឥតប្រកែកបានថាមនុស្សមានអ្នកស្រលាញ់ហើយក៏មានអ្នកស្អប់ដែរ។

ឈាមនិងសវតា មិនត្រូវបានវាយតម្លៃថាមនុស្សម្នាក់នោះគួរតែត្រូវស្អប់ឬស្រលាញនោះទេ។ ក្ដីស្រលាញ់និងភាពស្មោះត្រង់គឺកើតចេញពីសកម្មភាពយើងផ្ទាល់។ មនុស្សធម្មតាមានជម្រើសមួយ ដោយមានអ្នកទាំងឡាយស្រលាញ់និងមានភក្ដីភាពចំពោះម្នាក់នោះ។

យ៉ាងណាក៏ដោយ ក៏អាចមានដែរ គឺអ្នកនៅជុំវិញអ្នកម្នាក់នោះដែលពោពេញទៅដោយភាពអសីលធម៌ គ្មានសមត្ថភាព ជាមនុស្សអែបអប តែជាជម្រើសអ្នកចង់បាន។ តែអ្នកជាក្សត្រមិនអាចធ្វើដូចនេះទេគឺមិនអាចជ្រើសរើសរវាងអ្នកស្រលាញ់ និងអ្នកស្អប់នោះឡើយ។

មិនសំខាន់រាស្ត្រស្រលាញ់ម្នាក់នោះឬអត់ទេ សំខាន់ម្នាក់នោះត្រូវស្រលាញ់រាស្ត្រគ្រប់គ្នាៗ។ បើព្រះអង្គមានបន្ទូលទៅអ្នកដែលព្រះអង្គសព្វព្រះរាជហឬទ័យ គឺព្រះអង្គក៏ត្រូវតែមានបន្ទូលទៅអ្នកដែលព្រះអង្គមិនសព្វព្រះរាជហឬទ័យដែរ។

ពេលដែលព្រះអង្គទទួលបាននូវពាក្យកោតសរសើររបស់រាស្រ្តនៃក្រុមណាមួយ ព្រះអង្គក៏ត្រូវយល់ព្រមទទួលរងនូវការិះគន់ដែរ គឺមិនភ័យខ្លាចនឹងរឿងរ៉ាវកើតឡើងដូចគ្នានេះទេ។ បើព្រះអង្គសាទរនឹងប្រជាធិបតេយ្យ គឺរាស្ត្រទាំងអស់នឹងរស់នៅប្រកបដោយសេចក្ដីសុខ។

ការទាមទារបីចំណុច របស់បាតុករ គឺទីមួយសុំអោយលោកប្រាយុទ្ធត្រូវតែចុះចេញពីតំណែង ទី២ការរៀបរាងរដ្ឋធម្មនុញ្ញឡើងវិញ និងទីបីកាត់បន្ថអំណាចរបស់ព្រះមហាក្សត្រ។

ក្រុមបាតុករ បានស្រែកព្រមៗគ្នាថា នៅពេលព្រះមហាក្សត្រ ស្រឡាញ់ និងសាទរអោយមានប្រជាធិបតេយ្យពិតប្រាកដ គឺពលរដ្ឋទាំងអស់ ពិតណាស់នឹងទួលបាននូវសេចក្ដីសុខ  ហើយប្រទេសជាតិក៏មានសន្តិភាពពិតប្រាកដដែរ មិនមែនសន្តិភាពក្លែងក្លាយនោះទេ ។ ក្រុមបាតុករ សុំអោយព្រះមហាក្សត្រចេះទទួលយការរិះគន់ គឺមិនត្រូវទទួលតែពាក្យ សរសើរបែបបញ្ជោរ និងពាក្យអែបអបរបស់ក្រុមមនុស្សចង់បាន លាភសការៈនោះទេ។ 

ទោះជាយ៉ាងណា ញត្តិរបស់បាតុករដែលមើលទៅ មានការដាស់តឿន រិះគន់បែប វាយប្រហារ នៅពុំទាន់មានប្រតិកម្ម ពីខាងព្រះបរមរាជវាំងឬ ក៏ព្រះអង្គផ្ទាល់នោះទេ។

តែបើតាមច្បាប់ប្រឆាំងនឹងការប្រមាថអង្គព្រះមហាក្សត្រថៃ គឺជនណា ដែលប្រមាថនឹងមានទោស ចាប់ដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ កន្លងមកបាតុករជាច្រើន នាក់ត្រូវបានចាប់ខ្លួន ដោយសារការបញ្ចេញមតិ ដែលចោទថាពួកគេប្រមាថអង្គព្រះមហាក្សត្រ។

សាររបស់បាតុករ បានថ្វាយទៅព្រះមហាក្សត្រ ធ្វើឡើង បន្ទាប់ពីព្រះអង្គបានយាងសួរសុខទុក្ខក្នុងហ្វូងបាតុករ ក្រុមអាវលឿន ដែលជាក្រុមមនុស្ស មានស្វាមីភ័ក្រ ជាមួយនឹងរបប រាជានិយម។

ក្នុងក្រុមអាវលឿង ព្រះអង្គមានបន្ទូលនឹងសំណួររបស់ អ្នកសារព័ត៌មាន បរទេស មកពីទូរទស្សន៍អង់គ្លេស Channel 4 ថា៖ យើងស្រឡាញ់រាស្ត្រដូចៗគ្នា ទាំងអស់ហើយ រាជាណាចក្រថៃជាដែនដី សម្របសម្រួលនឹងការអត់ឱន។ ឃ្លាប្រយោគនេះហើយ ដែលក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល បានទទូចអោយព្រះមហាក្សត្រប្រកាន់ខ្ជាប់ដូចគ្នា ចំពោះក្រុមពលរដ្ឋដែលនៅម្ខាងទៀត ពីព្រះអង្គ។

ក្នុងចំណោមបាតុករ គឺមានអ្នកខ្លះ បានទាមទារអោយ ព្រះមហាក្សត្រកុំធ្វើអោយមានព្រឹត្តិការណ៍រដ្ឋប្រហារម្ដងទៀត ដែលបាតុករចោទថា រដ្ឋប្រហារកន្លងមកក៏មានក្រុមប្រឹក្សារាជបល្ល័ងជាប់ពាក់ព័ន្ធដែរ។

ក្រុមបាតុករ ក៏បាន ទាមទារជាថ្មីម្ដងទៀត អោយព្រះមហាក្សត្រ ឆាប់បញ្ចប់ការគ្រប់គ្រងរបស់ លោកប្រាយុទ្ធ ដែលបាតុករ ថ្លែងថា អតីតឧត្តមសេនីយ៍រូបនេះ បានកាន់អំណាចមិនស្របច្បាប់ រយៈពេល៦ឆ្នាំមកហើយ។ នៅពេលដែលបាតុករប្រឆាំងរដ្ឋាភិបាល ដើរក្បួនសំដៅ ទៅព្រះបរមរាជវាំង គឺក្រុមបាតុករអាវលឿងជាច្រើនពាន់នាក់ក៏បានប្រមូលផ្ដុំគ្នានៅសួនប្រជាធិបតេយ្យ ដោយពួកគេលើកផ្ទាំងបដាព្រះឆាយលក្ខ ព្រះមហាក្សត្រ បច្ចុប្បន្ន និងអតីតព្រះមហាក្សត្រភូមិពុលអាឌុលយ៉ាដេ ដែលជាបិតារបស់មហាក្សត្រសព្វថ្ងៃនេះ។

រាជាណាចក្រថៃ បានឆ្លងកាត់ការធ្វើរដ្ឋប្រហារ២០លើកមកហើយ ។ បាតុកម្មទាំងនោះ ច្រើនតែទាមទារ ទម្លាក់នាយករដ្ឋមន្ត្រី ដែលក្រុមបាតុករមិនអាចគាំទ្រនាយករដ្ឋមន្ត្រីរូបនោះ ដោយសារតែការអនុវត្តកិច្ចការរបស់ជាតិដោយបំពាន់គោលការណ៍នីតិរដ្ឋ។ ប៉ុន្តែទោះជារាជាណាចក្រនេះ ឆ្លងកាត់ការធ្វើរដ្ឋប្រហារ ជាញឹកញាប់ក៏ដោយ គឺព្រឹត្តិការណ៍នោះ មិនដែលប៉ះរបបរាជានិយមឡើយ។ ក្រុមអ្នកសង្កេតការណ៍ គិតថា រដ្ឋប្រហារដែលកើតចេញពីមេទ័ព អាចនៅពីក្រោយដោយក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស