33.2 C
Phnom Penh

គណបក្សគាំទ្រដោយពួកយោធាភូមាបដិសេធលទ្ធផលបោះឆ្នោតខណៈបក្សប្រជាធិបតេយ្យបន្តឈ្នះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការបោះឆ្នោតសភានៅប្រទេសភូមាកាលពីថ្ងៃអាទិត្យទី៨វិច្ឆិកាបានបិទបញ្ចប់ហើយ បើទោះជាគណៈកម្មការបោះឆ្នោតរបស់ប្រទេសនេះ មិនទានប្រកាសជាផ្លូវការក៏ដោយ។

លទ្ធផលនៃការបោះឆ្នោតត្រូវគេដឹងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា NLD ដែលជាបក្សឈ្នះឆ្នោតនៅក្នុងឆ្នាំ២០១៥ បានឈ្នះភ្លូកទឹកភ្លូកដី ជាថ្មីម្ដងទៀត។ បក្សនេះ ដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងចំណោមអាសនៈសរុបទាំងអស់ គឺបក្ស NLD ដណ្ដើម បាន ជាង៨០% ។ ការបោះឆ្នោតនេះ ទោះជាគេហៅថា ជាការបោះឆ្នោតសភាក៏ដោយ តែត្រូវប្រព្រឹត្តទៅទាំងការបោះឆ្នោត សភាជាន់ទាប សភាជាន់ខ្ពស់សភា តំបន់ និងសភាថ្នាក់ខេត្តនិងស្រុក។

បើទោះជា លទ្ធផលមិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែបក្សប្រឆាំងធំជាងគេ គឺគណបក្សសាមគី្គ អភិវឌ្ឍសហព័ន្ធ មីយ៉ាន់ម៉ា ដែលជាគណបក្សគាំទ្រដោយពួកយោធា បានបដិសេធ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។

គណបក្សនេះ បានទាមទារអោយមានការបោះឆ្នោតឡើងវិញ។ បក្សនៃអតីតរបបសឹកនេះ បានចោទថា ការរាប់សន្លឹកឆ្នោត របស់មន្ត្រីរៀបចំការបោះឆ្នោតថាមានភាពលំអៀង ទៅរកបក្សរបស់លោកស្រីអ៊ុងសានសូជី។

បក្សនេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានប្រកាសថា ការបោះឆ្នោតមិនមានសុចរិតភាព និងមិនសេរីនោះទេ ទាំងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ពេលកំពុងបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត។

បក្សប្រឆាំងនេះបានចោទថា ការបោះឆ្នោតលើកនេះ មានស្ថានភាពដែលគេហៅថាមិនសុក្រិត្យ គឺអន់ជាងការបោះឆ្នោតនៅឆ្នាំ២០១៥ ដែលរដ្ឋាភិបាល កណ្ដាល ស៊ីវិល យោធា បានរៀងចំឡើង។

សម្រាប់បក្ស សាមគី្គ អភិវឌ្ឍសហព័ន្ធ មីយ៉ាន់ម៉ា មិនបានអោយដឹងថា ទទួលបានអាសនៈប៉ុន្មានពិតបា្រកដនោះទេ គឺគ្រាន់តែដឹងថា សម្រាប់ការបោះឆ្នោតលើកនេះ បក្សនេះចុះខ្សោយការគាំទ្រជាខ្លាំង ដោយទទួលបានអាសនៈតិចជាងការបោះឆ្នោតនៅឆ្នាំ២០១៥ ដែលបក្សនេះ ទទួលបានជាង១២០អាសនៈ នៃអាសនៈសរុបដាក់អោយប្រកួតប្រជែង៥២៧អាសនៈ។ អាសនៈទាំង៥២៧ នេះ មានទាំង សភាជាន់ទាប ៣៣០ អាសនៈផងដែរ ។

សភាជាន់ខ្ពស់មានចំនួន ១៦៨អាសនៈ និងសភាតំបន់មានចំនួន ២៩អាសនៈ។ ចំណែកសភាមូលដ្ឋាន ដែលគេហៅថា ក្រុមប្រឹក្សាស្រុក ខេត្ត មាន ៨៦៤ អាសនៈ ក៏ពួកយោធា ទទួលបានចំណែក២៥%ដែរ។ សរុបមក គឺអាសនៈទាំងសភាជាន់ទាប សភាជាន់ខ្ពស់ សភាថា្នក់ខេត្ត និងថ្នាក់ស្រុក សរុបមានចំនួន ១ពាន់ ៥២៧ អាសនៈ គឺពួកយោធាយកបាន ២៥% រួចទៅហើយ។ នេះជាការបែកចែកដោយរដ្ឋធម្មនុញ្ញ ដែលពួកយោធាបានតាក់តែងឡើងមុនការបោះឆ្នោត ឆ្នាំ២០១៥។

តែបែបនេះក្ដី ពួកយោធាដែលធ្លាប់ធ្វើប្រហារ ម្ដងកាលពីឆ្នាំ១៩៩០ ដែលកាលនោះ គណបក្សរបស់អ្នកស្រីសូជីបានឈ្នះភ្លូកទឹកភ្លូកដី ដូចនៅពេលនេះដែរថាតើនឹងមានរដ្ឋប្រហារដែរឬទេ។

ការបោះឆ្នោតសភា នៅភូមា លើកទី២នេះ ត្រូវបានអ្នកសង្កេតការណ៍ មើលឃើញថា ជាការវាស់ស្ទង់ប្រជាប្រិយ៍ភាព របស់អ្នកស្រីអុងសានសូជី និងគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់ អ្នកស្រីដែលបានកាន់អំណាច របស់ប្រទេស ៥ឆ្នាំមកហើយ។  ប៉ុន្តែបើតាម លទ្ធផលបោះឆ្នោត នៅពេលនេះ គឺទាំងអ្នកស្រីសូជី និងបក្សរបស់អ្នកស្រីនៅតែមានការគាំទ្រ ពីប្រជាជនភូមាភ្លូកទឹកភ្លូកដី បើទោះជាបក្សកាន់អំណាចនេះ រងការរិះគន់ថា បានបណ្ដោយអោយ ពួកយោធារំលោភបំពានសិទ្ធិមនុស្ស ជាខ្លាំង នៅខេត្តរ៉ាក់ខើយ ដែលជាតំបន់របស់ពួកអន្តោប្រវេស្ត នៃសហគមន៍ម៉ូស្លិមរ៉ូហីងយ៉ា។

ក្នុងយុទ្ធនាការរបស់ពួកយោធា បង្ក្រាប ក្រុមសហគមន៍ នេះ ចាប់តាំងពីឆ្នាំ២០១៧មក គឺមានអ្នកស្លាប់ជាច្រើនពាន់នាក់ និងរត់ភៀសខ្លួន ទៅនៅ ប្រទេសបង់គ្លេស រាប់ម៉ឺននាក់។

សហគមន័អន្តរជាតិ បានស្ដីបន្ទោស អ្នកស្រីសូជី ជាខ្លាំង ដោយហៅរដ្ឋាភិបាលរបស់អ្នកស្រីថា ឃុបឃិតជាមួយពួកយោធា ក្នុងការរំលោភសិទ្ធិជាតិសាសន៍ និងជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ ប៉ុន្តែការជ្រើសរើសប្រធានាធិបតី គឺកើតចេញពីសភា ទាំងសភាជាន់ទាប សភាជាន់ខ្ពស់ និងសភាតំបន់ បូកនឹងសមាជិកសភា របស់ពួកយោធា ផងដែរ។

ក្នុងស្ថានភាពនេះ អ្នកស្រីអ៊ុងសានសូជីទំនងនឹងមិនអាចឈរឈ្មោះ ជាបេក្ខជន ប្រធានាធិបតីបានឡើយ ព្រោះរដ្ឋធម្មនុញ្ញបានហាមបេក្ខជនណាមានឈាមជ័រជាមួយជនបរទេស គឺមិនអាចឈរជាបេក្ខជនប្រធានាធិបតីបានឡើយ ហើយអ្នកស្រីអ៊ុងសានសូជី មានស្វាមីជាជនជាតិអង់គ្លេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស