29.6 C
Phnom Penh

ក្រសួងសុខាភិបាលអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ ៣ វិច្ឆិកា បន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែក គ្រប់១៤ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានអំពាវនាវជាថ្មីទៀតឱ្យអ្នកទាំងអស់ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកគ្រប់រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩នៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែវិច្ឆិកា បានឱ្យដឹងថា ការយកសំណាកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា មកធ្វើតេស្តលើកទី៣ ដែលមានចំនួន ១ពាន់ ៣៥២ វត្ថុសំណាក។ លទ្ធផលបង្ហាញថា អវិជ្ជមាននៃជំងឺកូវីដ១៩ទាំងអស់ ដែលជាលទ្ធផលល្អប្រសើរសម្រាប់កម្ពុជា។

តែយ៉ាងណា ក្រសួងសុខាភិបាលជំរុញឱ្យអ្នកដែលពាក់ព័ន្ធនៃព្រឹត្តិការណ៍នេះ បន្តដាក់ខ្លួនឱ្យដាច់ដោយឡែកឱ្យគ្រប់១៤ថ្ងៃ ឱ្យបានត្រឹមត្រូវនិងហ្មត់ចត់ មុននឹងធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ខែវិច្ឆិកា ខាងមុខ។

គិតថ្ងៃច័ន្ទនេះ អ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដែលជាព្រឹត្តិការណ៍នៃការជួបគ្នារវាងប្រមុខការទូតប្រទេសហុងគ្រី ជាមួយថ្នាក់ដឹកនាំកម្ពុជាកាលពីថ្ងៃទី៣ខែវិច្ឆិកា មានចំនួន១ពាន់ ៧៤១នាក់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្នុងនោះមាន៤នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

ព្រឹត្តិការណ៍នេះ ក្រោយពេលប្រមុខការទូតហុងគ្រីលោក ភីធើ ហ្ស៊ីចាតូ ចាកចេញពីកម្ពុជាទៅដល់ប្រទេសថៃនៅថ្ងៃទី៣ខែវិច្ឆិកា ដដែលនោះ លទ្ធផលធ្វើតេស្តរកកូវីដ១៩ បង្ហាញថាលោកមានជំងឺកូវីដ១៩។

ក្នុងការធ្វើតេស្តចំនួន៣លើករួចមកហើយនេះ លទ្ធផលបង្ហាញថាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា គឺមានមនុស្ស៤នាក់ ដែលរកឃើញថាបានឆ្លងជំងឺកូវីដ១៩។

កាលពីថ្ងៃទី ១៤ខែវិច្ឆិកា នាឱកាសធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថាលទ្ធផលទាំងលោកនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់។

ទោះយ៉ាងណាក៏ដោយ លោកអះអាងថា លោកនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលលោកសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងលោក និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង១ពាន់នាក់ផ្សេងទៀត ដែលកំពុងធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នា ពោលគឺចាប់ពីថ្ងៃទី៤  ខែវិច្ឆិកា២០២០ ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ការកាត់បន្ថយក្តីបារម្ភជុំវិញបញ្ហានេះ នឹងអាចឈានទៅបើកសាលារៀនឡើងវិញ។

គិតមកដល់ថ្ងៃ១៦ ខែវិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០២នាក់ ក្នុងនោះជាសះស្បើយចំនួន២៨៩នាក់ និង១៣នាក់កំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស