32.5 C
Phnom Penh

សង្គមស៊ីវិលជាតិនិងអន្តរជាតិស្នើឱ្យរដ្ឋាភិបាលផ្សព្វផ្សាយនូវសេចក្តីព្រាងច្បាប់ថវិកាជាតិដល់ពលរដ្ឋឱ្យបានទូលំទូលាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០ បានស្នើទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យបើកទូលាយលើកិច្ចពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១ និងផ្សព្វផ្សាយនូវសេចក្តីព្រាងច្បាប់នេះឱ្យបានទូលំទូលាយដល់ពលរដ្ឋ។

ការស្នើនេះ ធ្វើឡើងតាមរយៈលិខិតមួយដែលមានក្រុមអង្គការសង្គមស៊ីវិលចំនួន១១ ដែលបានដាក់លិខិតទៅ រដ្ឋសភាជាតិកាលពីថ្ងៃទី២០ខែវិច្ឆិកា។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានស្នើឱ្យមានកិច្ចពិភាក្សាគ្នារវាងរវាងរដ្ឋសភា ក្រសួង ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលអំពីបញ្ហានេះ ដើម្បីបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាពថវិកាជាតិដែលជាផ្នែកមួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ លើសពីនេះ វាក៏ជាយន្តការសាកល្បងដើម្បីចូលរួមជាសាធារណៈ ក្នុងអំឡុងពេលកសាងផែនការថវិកាទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលគួរបង្កើតវេទិកា ឬយន្តការទៀងទាត់មួយសម្រាប់សាធារណជនចូលរួមវិភាគទានជាបដិមតិ ក្នុងន័យស្ថាបនាក្នុងដំណើរការត្រួតពិនិត្យការអនុវត្តថវិកា ដែលបានអនុម័តរួច។

ការលើកឡើងនេះ ក្រោយពេលសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចកន្លងមក គឺត្រូវបានគេមើលឃើញថាធ្វើឡើងមិនមានការចូលរួម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះឡើយ។

ជាងនេះទៀត រាល់ការចំណាយថវិកាជាតិកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅខ្វះយន្តការតម្លាភាព និងគណនេយ្យភាពសង្គមថែមទៀតផង។

យ៉ាងណាក្នុង អង្គការសង្គមស៊ីវិលតាមរយៈលិខិតរបស់ខ្លួនដដែល បានស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាពិចារណាក្នុងការកាត់បន្ថយចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយគួរតែយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ចនិងវិស័យសង្គមឲ្យបានច្រើន។

ខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានបង្ហាញថា គម្រោងចំណាយសរុបថវិការដ្ឋក្នុងឆ្នាំ២០២១ មានចំនួនជាង ៣២លាន លានរៀល ដែលចំនួននេះមានការថយចុះចំនួន៤% បើធៀបទៅនឹងច្បាប់ថវិកាជាតិកាលពីឆ្នាំ២០២០។ 

ក្នុងនោះ ចំណាយចរន្តថវិកាជាតិគ្រោងមានចំនួន ជាង១៨លានលានរៀល គឺថយចុះជាង៥ ធៀបនឹងច្បាប់ឆ្នាំ២០២០។ ចំណែកឯការចំណាយមូលធនថវិការដ្ឋគម្រោងមានចំនួនជាង១៣លាន លានរៀល ថយចុះជិត២ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២០ដូចគ្នាផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស