30.4 C
Phnom Penh

រដ្ឋាភិបាលអះអាងថា ខ្លួនបានតាមដានសុខភាពអ្នកជាប់ឃុំយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងវិបត្តិកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលអះអាងថា ខ្លួនបានតាមដាន និងពិនិត្យសុខភាពអ្នកជាប់ឃុំ យ៉ាងយកចិត្តទុកដាក់ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ Amnesty International, អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០  បានសម្តែងការព្រួយបារម្ភចំពោះហានិភ័យ និងភាពប្រឈមរបស់អ្នកជាប់ពន្ធនាគារ ខណៈកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ១៩។

ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការ មួយចំនួន ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ និងទាមទារឱ្យមានការដោះលែងអ្នកទោសមួយចំនួនផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ  ឱ្យដឹងថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» មក អគ្គនាយកដ្ឋានពន្ធនាគារនិងក្រសួង បានស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍នេះនៅពន្ធនគារហើយ។

ក្រៅពីស្រាវជ្រាវក្រសួងថា បើទោះបីជារបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា មិនមានអ្នកប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ឃុំឃាំងក៏ដោយ ក៏ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានពន្ធនាគារ បានយកចិត្តទុកដាក់តាមដានសុខភាពអ្នកជាប់ឃុំឃាំងជាប្រចាំយ៉ាងម៉ត់ចត់  ទាំងស្ថានភាពជំងឺផ្តាសាយធំ និងជំងឺកូវីដ១៩ ដោយមិនរើសអើងអ្នកជាប់ពន្ធនាគារឡើយ។

ក្រសួងសុខាភិបាលនៅថ្ងៃទី១១ ខែធ្នូ នេះ ក៏បានឲ្យដឹងផងដែរថា ក្រសួងបានចាត់ ក្រុមមន្ត្រីឆ្លើយតបបន្ទាន់ ទៅកាន់មណ្ឌលអប់រំកែប្រែទី១ នៅយប់ថ្ងៃទី០៩ និងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ដើម្បីពិនិត្យមើលអ្នកទោសនៅទីនោះក្រោយពេលបានទទួលដំណឹងថា មានការផ្ទុះឡើងនូវជំងឺផ្តាសសាយធំ នៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី០៩ ខែធ្នូ ប៉ុន្តែរកមិនឃើញមានករណីជំងឺផ្តាសាយធំក្នុងចំណោមអ្នកជាប់ឃុំឃាំងនៅទីនោះឡើយ។

ក្រសុខាភិបាលបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានតួលេខអ្នកជំងឺផ្តាសាយធំ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការចម្លងវីរុសកូវីដ-១៩ ទាំងក្នុងចំណោមមន្ត្រីចំនួន ៣៥៤ នាក់  និងអ្នកជាប់ឃុំឃាំងចំនួន ៧ពាន់ នាក់នោះទេ។

លោក ឆែម សាវុធ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩នៅសប្តាហ៍តែមួយ ពេលដែលលោកបានចុះទៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដោយមានថតរូបលោកកំពុងឈរលើកដៃក្បែរជនជាប់ឃុំអង្គុយជាជួរ។ លោកមិនមានពាក់ម៉ាស់មុខនោះទេ ក្នុងរូបថតបង្ហោះលើទំព័រ Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៣ ខែវិច្ឆិកា។

បើតាមក្រសួងសុខាភិបាលឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន ៤០នាក់ ក្នុងនោះ ស្រី១៩នាក់ និងប្រុស២១នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស