32.5 C
Phnom Penh

មន្ត្រីបក្សសង្រ្គោះជាតិនៅក្រៅប្រទេសថា ការយកសកម្មជនបក្សប្រឆាំងទៅធ្វើចត្តាឡីសក គឺជារឿងនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា ការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា មិនមែនជាការត្រួតពិនិត្យបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងការឆ្លងវីរុសកូវីដ១៩នោះទេ គឺធ្វើឡើងក្នុងចេតនានយោបាយ និងជាការគម្រាមកំហែងដល់សកម្មជនបក្សប្រឆាំងដទៃទៀតតែប៉ុណ្ណោះ។

សមាជិកសភាអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ខែធ្នូថា ការឃាត់ខ្លួនលោក គង់ រ៉ៃយ៉ា និងភរិយា ស្របពេលលោក រ៉ៃយ៉ា បានត្រឡប់មកពីប្រទេសថៃតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ មានចេតនានយោបាយសុទ្ធសាធ។ ដូច្នេះអ្វីដែលមន្ត្រីសុខាភិបាលត្រូវធ្វើនោះ គឺធ្វើតេស្តរកវីរុសកូវីដ១៩ មិនត្រូវយកសកម្មជនរូបនេះទៅធ្វើ              ចត្តាឡីសកបែបនេះ នោះទេ។

លោកអះអាងថា ចាប់តាំងពីថ្ងៃដែលលោក គង់ រ៉ៃយ៉ា ត្រឡប់មកពីប្រទេសថៃ រហូតមកដល់ថ្ងៃនេះមានរយៈពេលជាង ១ខែហើយ។ ដូច្នេះប្រសិនបើលោកមានផ្ទុកវីរុសកូវីដ១៩ នោះច្បាស់ជាបង្ហាញរោគសញ្ញាមិនខាន មិនមែនលោក អាចមានសុខភាពល្អរហូតដល់ពេលនេះឡើយ។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានសរសេរលើទំព័រហ្វេសប៊ុក របស់លោកថា ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ  លោក គង់ រ៉ៃយ៉ា និងភរិយា ដែលស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ មកធ្វើតេស្តរកវីរុសកូវីដ១៩ និងចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

លោកថា លោក រ៉ៃយ៉ា ទើបតែត្រឡប់មកពីប្រទេសថៃតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្ត៏រកវីរុស កូវីដ-១៩ និងមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ។ ដូច្នេះក្រុមការងារមន្ទីរសុខាភិបាលបានអញ្ជើញគាត់ និងភរិយាទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ប៉ុន្តែ លោកង គង់ រ៉ៃយ៉ា បានសរសេរសារ ត្អូញត្អែរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២១ ខែធ្នូនេះថា សូមទុកជីវិតអោយរូបលោកបានរស់នៅលើទឹកដីប្រទេសកំណើតផង ត្បិតអាជ្ញាធរបានយកលោក និងភរិយា មកធ្វើចត្តាឡីសកក្នុងអាគារជាមួយនឹងអ្នកដែលកំពុងផ្ទុកវីរុសកូវីដ១៩។

លោកថា លោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោក និងភរិយា ដែលអាជ្ញាធរ និងមន្ត្រីសុខាភិបាលចាក់អង្រែបានយករូបលោក និងភរិយាមកដាក់ក្នុងមណ្ឌលចត្តាឡីសកជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ខណៈរូបលោក និងភរិយាមិនមានជំងឺកូវីដ១៩នេះទាល់តែសោះ ហើយក៏មិនធ្លាប់មានអាការៈជំងឺកូវីដ១៩ នេះពីមុនមកដែរ។

លោកបញ្ជាក់ថា លោកមិនបានប៉ះពាល់ជាមួយព្រឹត្តការណ៍សហគមន៍នៅប្រទេសថៃក្នុងខេត្តសាមុតសាខននោះទេ ព្រោះលោកបានត្រឡប់មកកម្ពុជាតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្លេះ។ ដោយឡែក ព្រឹត្តការណ៍សហគមន៍ប្រទេសថៃទើបនឹងផ្ទុះឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះ ប៉ុណ្ណោះ។ លោក ចោទជាសំណួរថា តើរូបលោក និងភរិយា អាចមានជីវិតចេញទៅវិញដែរឬទេ? តើមណ្ឌលសុខភាពចាក់អង្រែក្រោម គឺជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ឬជាកន្លែងចម្លងជំងឺកូវីដ១៩?

ចំណែក ភរិយាលោក គង់ រ៉ៃយ៉ា អ្នកស្រី សុខ ស្រីនិច្ចអះអាងថា ចាប់តាំងពីប្តីអ្នកស្រីមកពីប្រទេសថៃ គាត់បានឃុំខ្លួនឯងរយៈពេល១ខែ មកហើយ។ អ្នកស្រីបន្តថា ស្វាមីអ្នកស្រី មិនដែលចេញជួបនឹងអ្នកណានោះទេ ហើយបើគិតមកទល់ពេលនេះគឺមានរយៈពេលជិត២ខែហើយ។

ដូច្នេះអាចបញ្ជាក់បានថា ពួកគាត់មិនមានបញ្ហសុខភាពអ្វីនោះទេ ប៉ុន្តែពេលនេះ ពួកគាត់ត្រូវគេរើសអើងទាំងដែលពួកគាត់មិនបានកើតអ្វីទាល់តែសោះ។

លោក គង់ រ៉ៃយ៉ា ក្រោយចេញពីពន្ធនាគារលើកទីពីរនៅឆ្នាំ២០២០នេះ លោកបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ និងជនមិនស្គាល់មុខ ដោយទៅរស់នៅប្រទេសថៃមួយរយៈពេល។ លោក អះអាងថា ក្រោយពេលលោក ត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃទី១ ខែវិច្ឆិកា ភ្លាមលោកបានទៅជួបមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដើម្បីឱ្យពួកគេតាមដានពីសុវត្ថិភាពរបស់លោក។

យ៉ាងណាកាលពីថ្ងៃទី១៩ ខែធ្នូ លោក គង់ រ៉ៃយ៉ា ត្រូវបានជនមិនស្គាល់មុខតាមវ៉ៃពីរដងភ្លាមៗ បណ្តាលឱ្យរបួសដៃជើង ភ្នែក និងខ្លួនប្រាណផងដែរ។ លោក រ៉ៃ យ៉ា អះអាងថា ចាប់តាំងពីលោកបានត្រឡប់មកពីប្រទេសថៃវិញ លោកមិនបានធ្វើសកម្មភាពនយោបាយឬសង្គមណាមួយនោះទេ សូម្បីតែការបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុកក៏គ្មានដែរ។ លោក បានចោទជាសំណួរថា ហេតុអ្វីបានជាតាមធ្វើបាបលោកឥតឈប់ឈរបែបនេះ? ដោយលោកគ្រាន់តែចង់រស់នៅជួបជុំគ្រួសារ ចង់ផ្តល់ភាពកក់ក្តៅឱ្យគ្រួសារប៉ុណ្ណោះ។ ហេតុអ្វីបានជាមិនព្រមឱ្យលោករស់នៅក្នុងប្រទេសកម្ពុជាបានសុខនឹងគេ?

យ៉ាងណា លោក រ៉ៃយ៉ា បញ្ជាក់ថាលោកមិនគុំគួនជាមួយអ្នកដែលធ្វើបាបលោកឥតល្ហែរនោះឡើយ ហើយលោកសង្ឃមឹថាខ្មែរអាចរស់នៅជាមួយខ្មែរបាន។ ក្រោយអំពើហិង្សាកើតលើលោក រ៉ៃយ៉ា មួយថ្ងៃ មន្ត្រីជំនាញសុខាភិបាល និងកម្លាំងចម្រុះបានចុះទៅនាំខ្លួនលោក និងភរិយា មកកាន់មណ្ឌលសុខភាពចាក់អង្រែក្រោមតែម្តង។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការប្រើវិធានការរបស់ក្រសួងសុខាភិបាលដើម្បីសុវត្ថិភាពក្នុងអំឡុងវិបត្តិកូវីដ១៩ លើសកម្មជនបក្សប្រឆាំងរូបនេះ គ្រាន់តែជាលេសដើម្បីទប់ស្កាត់ផែនការវិលចូលកម្ពុជានៃសកម្មជនរបស់អតីតបក្សប្រឆាំងក្រោយការប្រកាសយុទ្ធនាការមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស